ក្រុមសិទ្ធិមនុស្សអន្តរជាតិមួយ កំពុងសម្តែងការព្រួយបារម្ភអំពីការកាត់ទោសជាលើក ដំបូងរបស់ប្រទេស អ៊ុយហ្គាន់ដា (Uganda) ទៅលើអតីតមេដឹកនាំមួយរូបនៃក្រុមឧទ្ទាម ដែលត្រូវបានស្គាល់ថាជា កងទ័ពចលនាតស៊ូរបស់ព្រះជាម្ចាស់ (Lord’s Resistance Army) ឬហៅកាត់ជាភាសាអង់គ្លេសថា LRA។
នៅក្នុងរបាយការណ៍មួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃច័ន្ទ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានឲ្យដឹងថា បញ្ហាផ្លូវច្បាប់និងគ្រប់គ្រងទាំងឡាយ បានបង្កការបំផ្លាញដល់ការស្វែងរកយុត្តិធម៌ នៅក្នុងការកាត់ទោស លោក ថំម៉ាស ក្វូយែឡូ (Thomas Kwoyelo)។
ជនជាប់ចោទ ត្រូវបានចាប់ឃុំឃាំង កាលពីឆ្នាំ២០០៩ បន្ទាប់ពីបានប្រយុទ្ធដើម្បីកងទ័ព LRA។ ក្រុមនេះ មានភាពល្បីល្បាញខាងប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្ស ក្នុងពេលកើតមានជម្លោះរយៈពេលពីរទសវត្សរ៍ នៅភាគខាងជើងប្រទេស អ៊ុយហ្គាន់ដា។ មេដឹកនាំមួយចំនួនរបស់ក្រុមនេះ ត្រូវបានស្វែងរកចាប់ខ្លួនពីសំណាក់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (International Criminal Court)។
ប៉ុន្តែ លោក ក្វូយែឡូ កំពុងត្រូវបានកាត់ទោសដោយតុលាការអ៊ុយហ្គាន់ដា ដែលត្រូវបានស្គាល់ថា អង្គភាពឧក្រិដ្ឋកម្មអន្តរជាតិ ឬហៅកាត់ជាភាសាអង់គ្លេសថា ICD។ ការកាត់ទោសរូបលោក គឺជារឿងក្តីដំបូងបង្អស់ ដែលតុលាការ ICD កំពុងដោះស្រាយ។
លោកស្រី អែលីស ខែពប្ល័រ (Elise Keppler) នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស មានប្រសាសន៍ថា វាមានសារសំខាន់ណាស់ ដែលការកាត់ទោសភាគច្រើនបំផុតតាមតែអាចធ្វើទៅបាន ត្រូវបានធ្វើឡើងនៅត្រឹមថ្នាក់ជាតិ ដែលអាចជំនួសឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។
«ជាការប្រសើរ ការកាត់ទោសលើបទឧក្រិដ្ឋកម្មទាំងអស់ ដែលរួមទាំងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត គួរត្រូវបានធ្វើឡើងនៅថ្នាក់ជាតិ។ នេះជាវិធីដ៏ល្អបំផុត ដើម្បីធានាឱ្យប្រាកដថា ការកាត់ទោសទាំងនេះមានអត្ថន័យសម្រាប់សហគមន៍ទាំងឡាយ ដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុតពីឧក្រិដ្ឋកម្មទាំងនេះ ហើយថាការកាត់ទោសទាំងនេះអាចជួយកសាងការគោរពនីតិរដ្ឋនៅក្នុងប្រទេស។ វាមានសារសំខាន់សម្រាប់តុលាការជាតិ ដែលអាចដោះស្រាយរឿងក្តីទាំងនេះ នៅទីបំផុត។»
ប៉ុន្តែ នៅក្នុងរឿងក្តីរបស់លោក ក្វូយែឡូ ក្រុមឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានចង្អុលបង្ហាញបញ្ហាជាច្រើន។ បញ្ហាមួយគឺច្បាប់ស្តីពីការលើកលែងទោស (Amnesty Act) របស់ប្រទេស អ៊ុយហ្គាន់ដា ដែលត្រូវបានអនុវត្តទៅលើពួកអ្នកប្រយុទ្ធរបស់កងយោធា LRA មួយចំនួន។ លោកស្រី ខែពប្ល័រ និយាយថា មិនមានអ្នកណាម្នាក់ គួរត្រូវបានផ្តល់ការលើកលែងទោស ចំពោះបទឧក្រិដ្ឋកម្ម ដែលលោក ក្វូយែឡូ ត្រូវបានចោទប្រកាន់នោះទេ។
«ជាមូលដ្ឋាន អ៊ុយហ្គាន់ដា ផ្តល់ការលើកលែងទោសទាំងស្រុងសម្រាប់ជនទាំងឡាយណា ដែលបានបោះបង់ចោលការប្រឆាំងបះបោនៅ អ៊ុយហ្គាន់ដា។ ហើយជាការពិតណាស់ ការលើកលែងទោសចំពោះឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរបំផុត ដូចជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងអំពើប្រល័យពូជសាសន៍ មិនសមស្របជាមួយនឹងច្បាប់អន្តរជាតិទាល់តែសោះ។ ការលើកលែងទោសនេះ ពិតជាបញ្ហាប្រឈមយ៉ាងធំធេងចំពោះការងាររបស់អង្គភាពឧក្រិដ្ឋកម្មអន្តរជាតិ។ តើតុលាការនេះអាចធ្វើដំណើរទៅមុខ តាមរយៈការព្យាយាមស្វែងរកយុត្តិធម៌សម្រាប់ឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរបំផុត នៅចំពោះមុខនៃការលើកលែងទោសក្នុងស្រុកនេះដោយរបៀបណា។»
លោក ស្ទីវហ្វិន អូឡា (Stephen Oola) អ្នកច្បាប់មួយរូបនៃអង្គការគម្រោងច្បាប់ជនភៀសខ្លួន ដែលមានមូលដ្ឋាននៅក្នុងទីក្រុង កាមប៉ាឡា និយាយថា ដោយសារកងយោធា LRA នៅតែមានសកម្មភាពនៅឡើយ មានឱកាសតិចតួចណាស់នៅក្នុងការផ្លាស់ប្តូរច្បាប់ស្តីពីការលើកលែងទោសនៅក្នុងពេលនេះ។
«ក្រុមអ្នកនយោបាយ ស្ថិតនៅក្នុងស្ថានភាពដែលមិនអាចសម្រេចបាន។ ពួកគេមិនបានដឹងច្បាស់ថាតើពួកគេអាចទាក់ទាញមនុស្សសំខាន់ៗនៅក្នុងកងទ័ព LRA បានដែរឬទេ។ ប្រសិនបើមិនអាច តើពួកគេត្រូវចរចាជាមួយមេដឹកនាំទាំងនោះដែរឬទេ? ប្រសិនបើដូច្នោះ តើការផ្លាស់ប្តូរច្បាប់ស្តីពីការលើកលែងទោស នឹងធ្វើឲ្យបាត់បង់កម្លាំងចិត្តក្នុងការចរចារដែរឬទេ? គ្មាននរណាម្នាក់ វិលត្រឡប់មកផ្ទះវិញទេ ប្រសិនបើពួកគេដឹងថា ពួកគេ ត្រូវប្រឈមមុខទៅនឹងកាត់ទោស នៅថ្ងៃក្រោយ។»
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានឲ្យដឹងថា បញ្ហាផ្សេងៗទៀតសម្រាប់ការកាត់ទោស រួមមានធនធានមិនគ្រប់គ្រាន់សម្រាប់ក្រុមការពារក្តី ភាពខ្វះខាតកម្មវិធីការការពារសាក្សី និងការផ្សព្វផ្សាយព័ត៌មានមិនគ្រប់គ្រាន់ ដើម្បីពន្យល់អំពីការជំនុំជម្រះទៅកាន់សហគមន៍នៅតាមមូលដ្ឋាន។
ក្រុមសិទ្ធិមនុស្ស ថ្លែងថា វាក៏មានសារសំខាន់ផងដែរដែលតុលាការត្រូវបានអនុញ្ញាតឱ្យធ្វើការកាត់ទោសសមាជិកនៃកងទ័ពអ៊ុយហ្គាន់ដា (Ugandan Army) ដែលពួកគេមួយចំនួនត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ក្នុងកំឡុងពេលមានជម្លោះនៅភាគខាងជើងប្រទេស អ៊ុយហ្គាន់ដា។
អ្នកច្បាប់ អូឡា (Oola) យល់ស្របថា ការកាត់ទោសមន្ត្រីយោធា មានសារសំខាន់ខ្លាំងណាស់ ដើម្បីបង្ហាញការប្តេជ្ញាចិត្តដើម្បីឲ្យមានការទទួលខុសត្រូវ។ ប៉ុន្តែ លោក និយាយថា ការជំនុំជម្រះបែបនោះ ប្រហែលជាមិនអាចកើតឡើងទេ នៅក្នុងប្រទេស អ៊ុយហ្គាន់ដា នៅក្រោមរដ្ឋបាលបច្ចុប្បន្ននេះ។
«វិធីតែមួយគត់ដែលអ្នកអាចដឹងបាន ថាតើរដ្ឋាភិបាលមានឆន្ទៈនយោបាយដែរឬទេ គឺថា ប្រសិនបើរដ្ឋាភិបាលអនុញ្ញាតឱ្យអង្គភាពឧក្រិដ្ឋកម្មសង្រ្គាម កាត់ទោសភ្នាក់ងាររបស់ខ្លួន។ ខ្ញុំមិនយល់ឃើញការកាត់ទោសនោះ ត្រូវធ្វើឡើងនៅក្រោមរដ្ឋាភិបាលនេះទេ។ ឆន្ទៈបែបនេះ នៅតែមានភាពខ្វះខាតនៅឡើយ ហើយក៏មិនមានការផ្លាស់ប្តូរដែរ។»
ទោះបីជាលោក ក្វូយែឡូ ជាមនុស្សទីមួយដែលនឹងត្រូវបានកាត់ទោសដោយតុលាការ ICD លោក អូឡា និយាយថា ប្រជាពលរដ្ឋជាច្រើននៅអ៊ុយហ្គាន់ដា មានចំណាប់អារម្មណ៍ថា តុលាការនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីកាត់ទោសអ្នកទាំងឡាយ ដែលប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលតែប៉ុណ្ណោះ។ លោក និយាយថា តាមពិត ការកាត់ទោសនៅថ្នាក់ជាតិ មានសារសំខាន់ ប៉ុន្តែអាចធ្វើបានស្របទៅតាមលក្ខខណ្ឌដ៏ត្រឹមត្រូវតែប៉ុណ្ណោះ។
«ប្រសិនបើគ្រប់គ្រងបានល្អ ការជំនុំជម្រះ នឹងមានឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើប្រជាពលរដ្ឋ។ ប៉ុន្តែ ប្រសិនបើគ្រប់គ្រងមិនបានល្អវិញ លទ្ធផលនឹងមានភាពផ្ទុយ។ ពីដំបូង ខ្ញុំគិតថា មានការពេញចិត្តយ៉ាងខ្លាំង ទាក់ទងនឹងការកាត់ទោសលោក ក្វូយែឡូ ប៉ុន្តែ ខ្ញុំមិនច្បាស់ទេថា ការពេញចិត្តបែបនេះ បញ្ជាក់ពីអារម្មណ៍ នាពេលឥឡូវនេះ។ ពីដំបូង ការកាត់ទោសនេះត្រូវបានចាត់ទុកថាជាជំហានសំខាន់ៗមួយចំនួនឆ្ពោះទៅរកការទទួលខុសត្រូវ។ ថ្មីៗនេះ ប្រជាពលរដ្ឋជាច្រើន គិតថា តាមគោលការណ៍ វាជាទម្លាប់ធម្មតាសម្រាប់យុត្តិធម៌របស់អ្នកឈ្នះ។ យុត្តិធម៌បែបនោះ បានធ្វើឱ្យយុត្តិធម៌បាត់បង់តម្លៃរបស់វា។»
លោក អ៊ីរៀស គីសាវុហ្សី (Erias Kisawuzi) អ្នកនាំពាក្យរបស់ស្ថាប័នតុលាការរបស់ប្រទេស អ៊ុយហ្គាន់ដា និយាយថា របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស លើកឡើងចំណុចប្រកបដោយសុពលភាពជាច្រើន ហើយ លោក ស្វាគមន៍អនុសាសន៍របស់របាយការណ៍នេះ។
«ជារួម របាយការណ៍នេះ ជាការឆ្លុះបញ្ចាំងទៅលើអ្វីដែលជាចំណុចសំខាន់ៗ ហើយរបាយការណ៍នេះក៏បានស្នើរឱ្យមានកំណែទម្រង់មួយចំនួន ដែលខ្ញុំគិតថាត្រូវចំណាយពេលច្រើនណាស់។ ប្រសិនបើកំណែទម្រង់ទាំងនោះ ត្រូវបានដោះស្រាយ ខ្ញុំគិតថា វានឹងក្លាយជាមាគ៌ាដ៏វែងឆ្ងាយ ក្នុងការនាំយកជនសង្ស័យឬមនុស្សផ្សេងទៀត មកកាត់ទោសប្រកបដោយយុត្តិធម៌និងឥតលម្អៀង។»
លោកស្រី ខែពប្ល័រ នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស និយាយថា កំណែទម្រង់ ត្រូវការការគាំទ្រខាងនយោបាយយ៉ាងម៉ឺងម៉ាត់ពីសំណាក់រដ្ឋាភិបាល អ៊ុយហ្គាន់ដា ដើម្បីឲ្យយុត្តិធម៌ ត្រូវបានផ្តល់ជូនលោក ថំម៉ាស ក្វូយែឡូ (Thomas Kwoyelo)។ អ្នកស្រីបាន បន្ថែមថា ទោះបីជាមានបញ្ហា មួយចំនួនក៏ដោយ ការកាត់ទោសនេះ ផ្តល់មេរៀនដ៏សំខាន់សម្រាប់ប្រទេសផ្សេងៗទៀត ទាក់ទងទៅនឹងការកាត់ទោសឧក្រិដ្ឋកម្មធ្ងន់ធ្ងរនៅក្នុងប្រទេសរបស់ខ្លួន៕
ប្រែសម្រួលដោយ ឌី ខាំបូលី