អាជ្ញាធរមានសមត្ថកិច្ចខេត្តស្ទឹងត្រែងបានឃាត់ខ្លួនសកម្មជនការពារបរិស្ថានចំនួន ៦ នាក់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឃ្លាំមើលករណីកាប់ព្រៃឈើដោយខុសច្បាប់ នៅក្នុងខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសឡាវមួយនេះ។ នេះបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុក និងសកម្មជនបរិស្ថាន។
បន្ទាប់ពីត្រូវបានសាកសួរតុលាការខេត្តស្ទឹងត្រែងរយៈពេលជិត ២ ថ្ងៃរួចមក សកម្មជនទាំងនោះត្រូវបានដោះលែងវិញ។ សកម្មបរិស្ថានទាំង ៦ រូបនោះរួមមាន លោក អ៊ូច ឡេង លោក ហេង ស្រស់ លោក តាត ឧត្តម លោក អូត ឡាទីន លោក មេន ម៉ាត់ និងលោក ព្រំ ម៉ៅ។ ពួកគេត្រូវបានចាប់ខ្លួនដោយកងកម្លាំងចម្រុះកាលពីព្រឹកថ្ងៃសៅរ៍ នៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោយពីបាត់ដំណឹង និងទីតាំងរបស់ពួកគេក្នុងរយៈពេល ១២ ម៉ោង។ នេះបើតាមអង្គការការពារសិទ្ធិមនុស្សលីកាដូ។
ជាមួយនឹងករណីចុងក្រោយនេះនៃការឃាត់ខ្លួននិងសាកសួរសកម្មជនបរិស្ថាននៅកម្ពុជា នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត យល់ឃើញថា កិច្ចការពារធនធានធម្មជាតិ និងបរិស្ថាន តម្រូវឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋាភិបាល មន្ត្រីជំនាញ ប្រជាពលរដ្ឋ សកម្មជន សហគមន៍ ក៏ដូចជាអង្គការសង្គមស៊ីវិល ដើម្បីឲ្យការងារនោះមានប្រសិទ្ធភាព។ លោកថ្លែងបន្ថែមថា អ្នកដែលត្រូវបានឃាត់ខ្លួនកាលពីពេលថ្មីៗនេះគួរតែត្រូវបានលើកទឹកចិត្តចំពោះការលះបង់ពេលវេលា នៅក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនៅកម្ពុជា ជាជាងការចាប់ខ្លួនមកផ្តន្ទាទោស។
លោកថ្លែងថា៖ «ខ្ញុំយល់ថា ពួកគាត់ បើសិនជាពួកគាត់មានឆន្ទៈ និងមានចិត្ដចូលរួមក្នុងកិច្ចការពារព្រៃឈើ បរិស្ថាន និងធនធានធម្មជាតិហើយ មិនគួរត្រូវបានចាប់ខ្លួន ឃាត់ខ្លួន ចោទប្រកាន់ ឬឃុំខ្លួនទេ។ ផ្ទុយទៅវិញ គឺត្រូវមានការជជែកគ្នាដើម្បីរកយន្ដការបន្តទៀត ចូលរួមនៅក្នុងកិច្ចការពារព្រៃឈើ បរិស្ថាន និងធនធានធម្មជាតិនេះ វាជារឿងល្អ»។
ក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួនទាំង ៦ នាក់នោះ រួមមានលោក អ៊ូច ឡេងដែលជាអ្នកការពារព្រៃឈើដ៏លេចធ្លោមួយរូបដែលបានឈ្នះពានរង្វាន់ឆ្នើមផ្នែកការពារបរិស្ថាន The Goldman Environmental Prize កាលពីឆ្នាំ ២០១៦។ រីឯសកម្មជនម្នាក់ទៀត គឺលោក តាត ឧត្តម ត្រូវបានគេស្គាល់ថា ជាអ្នកកាសែតឯករាជ្យមួយរូបផងដែរ។
បើតាមអង្គការលីកាដូ លោក ឡេង និងលោក ស្រស់ ធ្លាប់ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០២១ និង ២០២០ ក្នុងខេត្តក្រចេះនៅក្នុងករណីឃ្លាំមើលសកម្មភាពចូលកាប់ព្រៃឈើដោយខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់។
លោក អំ សំអាត នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងទៀតថា សកម្មជនទាំង ៦ នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទពីបទចូលក្នុងតំបន់ហាមឃាត់ ដោយមានការប្រើប្រាស់ម៉ាស៊ីនដ្រូន ឬឧបករណ៍ផ្តិតយករូបភាពពីលើអាកាស។
លោកបន្ថែមថា ការប្រើប្រាស់ឧបករណ៍ដ្រូននេះ ជាផ្នែកមួយនៃការបំពេញការងាររបស់ពួកគេ ហើយក៏មិនបានបង្កផលប៉ះពាល់ដល់សន្តិសុខជាតិនោះដែរ។ បើទោះជាត្រូវបានដោះលែងនាល្ងាចថ្ងៃចន្ទនេះក្តី ក៏លោក អំ សំអាត បានលើកឡើងថា នៅមិនទាន់មានព័ត៌មានលម្អិតស្តីអំពីកិច្ចសន្យាដែលសកម្មជនបរិស្ថានទាំង ៦ នាក់ បានធ្វើក្រោមការណែនាំរបស់អាជ្ញាធរ ដើម្បីជាថ្នូរនឹងការទទួលបានសេរីភាពមកវិញនៅឡើយទេ។
លោក លឿម ព្រំយើយ ដែលត្រូវជាប្អូនប្រុសលោក ព្រំ ម៉ៅ ចាត់ទុកថា ការចាប់ខ្លួនបងប្រុសរបស់លោកថា ជារឿងអយុត្តិធម៌មួយ ចំពោះការចូលរួមចំណែកការពារសម្បត្តិធម្មជាតិក្នុងប្រទេស។
លោកថ្លែងថា៖ «ការចាប់ខ្លួនរបស់បងប្រុសរបស់ខ្ញុំ ហើយជាមួយសកម្មជនការពារព្រៃឈើប្រាំរូបទៀត មើលទៅអយុត្តិធម៌សម្រាប់ពួកគាត់ ដែលពួកគាត់ស្រឡាញ់បរិស្ថាន គាត់ខំចុះធ្វើការល្បាត មើលព្រៃឈើ ហេតុ[អី] ត្រូវសមត្ថកិច្ចកងកម្លាំងអាវុធហត្ថឃាត់ខ្លួន»។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក អេង ហ៊ី បដិសេធផ្តល់ការអត្ថាធិប្បាយដោយបានបង្វែរសំណួរទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។
លោកថ្លែងថា៖ «សូមបញ្ជាក់ហើយ ខ្ញុំការបញ្ជាក់ ដោយសារផ្លូវច្បាប់របស់យើងពាក់ព័ន្ធនឹងការស៊ើបអង្កេត ការឃាត់ខ្លូននេះគឺសុំឲ្យសួរទៅអយ្យការផ្ទាល់។ អ៊ីចឹង ខេត្ដណាក៏ដោយ សូមសួរទៅអ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងនោះ គាត់មានអ្នកនាំពាក្យដែរ។ ឲ្យខ្ញុំឆ្លើយ គឺខ្ញុំឆ្លើយ អត់បានទេរឿងហ្នឹង»។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីព្រះរាអាជ្ញារងសាលាដំបូងខេត្តស្ទឹងត្រែងលោក ជា សុភ័ក្ត្រ បាននៅឡើយទេ គិតត្រឹមពេលបញ្ចប់សេចក្តីរាយការណ៍នេះ។
អង្គការលីកាដូ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សកម្មជន និងអ្នកសារព័ត៌មានបានចងក្រងពីសកម្មភាពបំផ្លាញព្រៃឈើក្នុងឧទ្យានជាតិ វើនសៃ សៀមប៉ាង ជាទីដែលសកម្មជនទាំង ៦ រូបនោះ ត្រូវបានឃាត់ខ្លួន និងកន្លែងដែលរាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឈ្មោះ ធី.អេស.អិម.ដាប់បែលយូ ឯ.ក (T.S.M.W) កាលពីឆ្នាំ ២០២៣ និងបានផ្តល់អាជ្ញាបណ្ណជីកយករ៉ែទៅក្រុមហ៊ុនឈ្មោះ ហ្រ្គីន វូដ ឌីវេលឡូបមេន (Green Wood Development)។
បើតាមអង្គការលីកាដូ ដីសម្បទានសេដ្ឋកិច្ចដែលត្រូវបានផ្តល់ឲ្យក្រុមហ៊ុន T.S.M.W បានរំលោភដល់សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំ ២០១២ ស្តីពីការផ្អាកផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មី ដោយសារតែជាប់ទាក់ទងទៅនឹងការបណ្តេញពលរដ្ឋចេញដ៏ច្រើនសន្ធឹកសន្ធាប់ ការបំផ្លិចបំផ្លាញព្រៃឈើ និងការបាត់បង់ធនធានធម្មជាតិផ្សេងៗជាច្រើនទៀតផងដែរ។
ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជាលោក ហេង គឹមហុង ប្រាប់វីអូអេថាមុនពេលសកម្មជនត្រូវបានដោះលែងថា អាជ្ញាធរខេត្តស្ទឹងត្រែងគួរពិចារណាដោះលែងអ្នកទាំង ៦ នាក់នោះមកវិញ ព្រោះពួកគេគ្រាន់តែប្រឹងប្រែងការពារសម្បត្តិព្រៃឈើតែប៉ុណ្ណោះ ហើយអ្វីដែលពួកគេបានធ្វើនោះគឺស្របតាមក្រមបរិស្ថាន និងរដ្ឋធម្មនុញ្ញរបស់ប្រទេស។
លោកថ្លែងថា៖ «យើងឃើញថា ការធ្វើការងារផ្នែកបរិស្ថាន និងធនធានធម្មជាតិមិនគួរត្រូវបានក្លាយទៅជាចំណុចដ៏គួរឲ្យរសើប និងការចាប់ខ្លួនបែបនេះនោះទេ ពីព្រោះអីបើសិនជាសាកសួរមួយម៉ាត់ ពីរម៉ាត់ទៅ ហើយដោះលែងពួកគេ ខ្ញុំគិតថា ជារឿងល្អ។ ប៉ុន្តែនេះ គឺជាការសាកសួរដែលហាក់បីដូចជាធ្វើឱ្យពួកគេនេះកាន់តែស្ថិតនៅក្នុងការព្រួយបារម្ភ ហើយអ្វីដែលកាន់តែព្រួយបារម្ភទៀតសោតគឺការរំលោភទៅដល់សិទ្ធិប្រជាពលរដ្ឋ និងសិទ្ធិក្នុងការចូលរួមកាពារធនធានធម្មជាតិ ដែលមាននៅក្នុងក្រមស្តីពីបរិស្ថាន និងធនធានធម្មជាតិព្រមទាំងសិទ្ធិដែលបានកំណត់ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារបស់ពួកយើង»។
លោកបន្ថែមថា ករណីដែលកើតឡើងចំពោះសកម្មជនទាំង ៦ នាក់នោះ មិនមែនជារឿងថ្មីទេ គឺរាល់ពេលដែលសកម្មជន ឬក៏ពលរដ្ឋចុះប្រមូលទិន្នន័យដើម្បីវាយតម្លៃផលប៉ះពាល់បរិស្ថាន អាជ្ញាធរមូលដ្ឋានជាញឹកញាប់បានចាត់វិធានការ ដោយការចាប់ខ្លួនសកម្មជនមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដែលបង្កឲ្យមានក្តីបារម្ភចំពោះសកម្មភាពបរិស្ថាននិយម។
បើតាមលោក ហេង គឹមហុង សកម្មភាពយាយីសកម្មជនការពារបរិស្ថាននេះ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញថា រដ្ឋាភិបាលខកខានមិនបានគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងការលើកកម្ពស់សិទ្ធិសហគមន៍ និងពលរដ្ឋមូលដ្ឋាន ដែលមានតួនាទីសំខាន់នៅក្នុងការការពារធនធានព្រៃឈើ ដែលស្ថាប័នរដ្ឋាភិបាលមួយឬពីរមិនអាចទទួលខុសត្រូវតែឯកឯងបានទេ នៅក្នុងកិច្ចការនេះ៕