អង្គការ​សិទ្ធិ​មនុស្ស៖ការ​ចាប់​ខ្លួន​សកម្មជន​ច្រើនដង​នាំឱ្យមាន​ក្តីបារម្ភ​ខ្លាំង​រឿង​លំហ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

រូបផ្គុំសកម្មជន​ដែលត្រូវបាន​ចាប់ខ្លួនលោកលី ចាន់ដារ៉ា​វុត (ឆ្វេង) កញ្ញា ឈ៊ឹម ស៊ីថរ(ឆ្វេងទីពីរ) លោក កើត​​ សារ៉ាយ​ និង​លោក​ នី ណាក់(ស្តាំ)

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស ឬ​ហៅកាត់​ថា​លីកាដូ​ (Licadho) បាន​កត់​សម្គាល់​ថា​ អាជ្ញាធរ​ចាប់​ខ្លួន​សកម្មជន​សង្គម និង​នយោបាយ​ម្តង​ហើយ​ម្តង​ទៀត​ដាក់​ពន្ធនាគារ​ ក្រោយ​ពេល​ដែល​ពួក​គេ​ទាំង​នោះ​នៅតែ​បន្ត​ភាពសកម្ម​និយម​ និងអហិង្សា​របស់​ពួកគេ ដើម្បី​ទាមទារ​ឱ្យ​មាន​យុត្តិធម៌ និង​សេរីភាព​នៅ​ក្នុង​សង្គម។

សកម្មជន​សិទ្ធិ​មនុស្ស និង​នយោបាយ​ដែល​អង្គការ​លីកាដូ​បាន​រៀបរាប់​នៅ​ក្នុង​អត្ថបទ​មួយ​អំពី​ស្ថានភាព​សកម្មជន​សង្គម និង​នយោបាយ​ ​ដែល​បាន​ចេញ​ផ្សាយ​នាពេល​ថ្មីៗនេះ​ រួមមាន​ កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណា​ហ្គាវើ​ល​ដ៍ លោក កើត សារ៉ាយ​ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញាវ័ន្ត​ខ្មែរ ​លោក នី ណាក់ អ្នក​អធិប្បាយ​ពី​បញ្ហា​សង្គម លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​កាល​ពី​ឆ្នាំ​២០១៧ និង​សកម្មជន​ដទៃ​ផ្សេងៗ​ទៀត។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គ​ការ​ការ​ពារ​សិទ្ធិមនុស្ស​លីកា​ដូលោក អំ សំអាត ប្រាប់​វីអូអេ​ថា អត្ថបទ​ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​អង្គការ​លីកាដូ​នេះ ​បាន​រំឭក​អំពី​សកម្មជន​បរិស្ថាន សកម្មជន​ការពារ​សិទ្ធិ​ការងារ និង​សកម្មជន​នយោបាយ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​បន្ត​ដាក់​ឱ្យ​ជាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​មួយ​លើក​ជាពីរលើក​ ​នៅ​ពេល​ដែល​ពួកគេ​បាន​ចូលរួម​សកម្មភាព​ការងារ​សង្គម​របស់​ពួកគេ។ លោក​បន្ថែម​ថា ភាព​សកម្ម​តាមរយៈ​ការងារ​របស់​សកម្មជន​ទាំង​នោះ​គឺ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ក្នុង​មាត្រា៣៥ ដែល​ចែង​ថា​ពលរដ្ឋ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​សកម្មភាព​នយោបាយ​ សង្គម​ និង​វប្បធម៌។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូផ្តល់បទសម្ភាសន៍ក្នុងរាជធានីភ្នំពេញនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

លោក​ថ្លែង​ថា៖«ពីព្រោះ​យើង​មើល​ទៅ​លើ​សកម្មភាព​សកម្ម​និយម​របស់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ សកម្ម​ជន​ការពារ​បរិស្ថាន​ ក៏​ដូចជា​សកម្មជន​គណបក្ស​នយោបាយ​ហ្នឹង​គឺ​ជា​ការ​អនុវត្ត​សិទ្ធិ ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​គាត់​ តែ​ផ្ទុយ​ទៅ​វិញ​ត្រូវ​បាន​ចាប់ និង​ធ្វើ​ការ​ឃុំ​ខ្លួន​ និង​ធ្វើការ​ចោទ​ប្រកាន់​»។

បើតាម​លោក​អំ សំអាត​ ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ​រួមទាំង​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ​នោះ បាន​កត់​សម្គាល់​ថា​បញ្ហា​សេរីភាព​ជាមូលដ្ឋាន និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ និង​កាន់​តែ​អាក្រក់​ទៅ​ដោយ​សារ​តែ​ការ​បន្ត​ចាប់​ខ្លួន​សកម្មជន​ដែល​សកម្ម​ក្នុង​កិច្ចការពារ​បរិស្ថាន​ និងកិច្ចការ​សង្គមផ្សេង​ទៀត។

អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា «សកម្មជន​មិន​រាង​ចាល» របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​១ ខែ​កក្កដា​សរសេរ​ថា​ ទោះបីជា​ពន្ធនាគារ​គឺ​ជា​កន្លែង​ដែល​មាន​ស្ថានភាព​មិន​ល្អ​ខ្លាំង​ក៏ដោយ ក៏​សកម្មជន​នយោបាយ និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ដែល​បន្ត​តស៊ូ​ដើម្បី​យុត្តិធម៌​សង្គម​នៅតែ​មាន​ចំនួន​ច្រើន ទោះបីជា​ពួក​គេ​ទាំង​នោះ​ធ្លាប់​បាន​ជាប់​ក្នុង​ពន្ធនាគារ​ដោយ​មិន​ត្រឹមត្រូវ​ម្តង​រួច​មក​ហើយ​ក្តី។ «សកម្មជន​មិនរាង​ចាល» ទាំង​នោះ​មាន​ច្រើន​ប្រភេទ ហើយ​មាន​ប្រវត្តិ​រូប អាយុ និង​បុព្វហេតុ​ខុសៗ​ពី​គ្នា។

បើ​តាម​អត្ថបទ​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ដដែល​បញ្ជាក់​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​សម្រាប់​សកម្មជន​សង្គម​និង​នយោបាយ​កាន់​តែ​អាក្រក់​ទៅ​នៅ​ក្នុង​ឆ្នាំ​នេះ ហើយ​សកម្មជន​សរុប​ចំនួន​២៤​នាក់​ត្រូវបាន​ចាប់​ខ្លួន​នៅ​ក្នុង​រយៈ​ពេល​៦​ខែ​នៅ​ឆ្នាំ​២០២៤​នេះ។ លីកាដូ​បន្ត​ថា ចំនួន​នេះ​បាន​កើន​ឡើង​បើ​ធៀប​នឹងឆ្នាំ​២០២៣ ដែល​បាន​កើន​ឡើង​ចំនួន​សកម្មជន​ជាប់​ពន្ធនាគារ​ដោយសារ​តែ​អំឡុង​ពេល​បោះ​ឆ្នោត​ថ្នាក់​ជាតិ។ ស្ថានភាព​នេះ​ឆ្លុះបញ្ចាំង​ពី​អត្រា​មួយ​ដ៏គួរ​ឱ្យ​ព្រួយ​បារម្ភ ដោយ​សារ​ចំនួន​នេះ​ស្មើ​នឹង​សកម្មជន​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​មួយ​សប្តាហ៍។

អង្គការ​លីកាដូ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «ស្ថានភាព​នេះ​បាន​កើត​ឡើង នៅ​ក្នុង​ពេល​ដែល​ស្ថាប័ន​ប្រជាធិប​តេយ្យ​មួយ​ចំនួន​កំពុង​មាន​ភាព​ទន់ខ្សោយ​បំផុត​មិន​ធ្លាប់​មាន​។ គណបក្ស​ជំទាស់​បាន​រង​គ្រោះ​ពី​ការ​បង្ក្រាប​យ៉ាង​ធ្ងន់ធ្ងរ រយៈ​ពេល​មួយ​ទសវត្សរ៍​មក​ហើយ។ អង្គការ​មិន​មែន​រដ្ឋាភិបាល​ជា​ច្រើន​កំពុង​ដំណើរការ​ក្រោម​ការ​គំរាម​កំហែង និង​ភ័យ​ខ្លាច​ពី​ការ​ចាប់ខ្លួន ហើយ​អង្គការ​មួយ​ចំនួន​ទៀត​ព្យាយាម​ធ្វើការ​ត្រួត​ពិនិត្យ​ចាប់​ពិរុទ្ធ​ដោយ​ខ្លួនឯង ដើម្បី​ចៀសផុត​ពី​ការគំរាម​កំហែង​ទាំងនោះ »​។

ទោះយ៉ាងណា​ រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​លោក ​ជិន ម៉ាលីន ​ប្រាប់​វីអូអេ​ថា ការ​ដាក់​វិធានការច្បាប់​ទៅ​លើ​បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស​គឺ​មិន​មែន​ជា​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ ឬ​រំលោភ​បំពាន​លើ​សិទ្ធិ​សេរីភាព​នោះ​ទេ ប៉ុន្តែ​វា​ចាំបាច់​ក្នុង​ការ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបេតយ្យ និង​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស។

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ ផ្តល់​សម្ភាសន៍​ដល់ VOA ក្រោយពី​ចូល​រួមកម្មវិធីផ្សាយ​ផ្ទាល់​ «តុមូល​វីអូឌី» អំពី​ប្រធានបទ​«​វិធានការ​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ក្នុងប្រព័ន្ធ​យុត្តិធម៌» នៅ​បន្ទប់​ផ្សាយ​វីអូឌី​ក្នុង​រាជធានី​ភ្នំពេ

លោក​ថ្លែង​ថា៖ «ហើយ​សកម្មជន​មួយ​ក្តាប់​តូច​ដែល​បាន​លើក​ឡើង​មក​នេះ ហើយ​ប្រឈម​មុខ​ផ្លូវ​ច្បាប់​មិន​មាន​ដោយ​សារ​តែ​ការ​ធ្វើ​សកម្មភាព​ ឬ​ក៏​អនុវត្ត​សិទ្ធិ​សេរីភាព​តាម​ផ្លូវ​ច្បាប់​ទេ ប៉ុន្តែ​ដោយ​សារ​តែ​ពួកគេ​បាន​ធ្វើ​សកម្ម​ភាព​មួយ​ចំនួន​ដែល​ជា​អំពើ​ល្មើស​នឹង​ច្បាប់ អ្នក​ខ្លះ​ដោយ​សារ​តែ​បញ្ហា​បុគ្គល​ផ្ទាល់​ខ្លួន ហើយ​អ្នកខ្លះ​ទៀត​ធ្វើ​សកម្មភាព​នយោបាយ​ហួស​ព្រំដែន​ច្បាប់​ឈាន​ទៅ​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​អ្នកដទៃ ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ សណ្នាប់​ធ្នាប់​សង្គម​សាធារណៈ​អី​ជាដើម​»​។

ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ លោក ហេង គឹមហុង លើក​ឡើង​ថា លោក​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ទៅ​លើ​សកម្មជន​សង្គម​ សកម្មជន​បរិស្ថាន និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បង្ក​ឱ្យ​មាន​ការ​កើន​ឡើង​ទំហំ​នៃ​ការ​រឹត​ត្បិត​ចូលរួម​ការងារ​សង្គម​ និង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ពី​ប្រជា​ពលរដ្ឋ​ទូទៅ​បន្ថែម​ទៀត​។

លោក​ថ្លែង​ថា៖ «ដូច្នេះ​ខ្ញុំ​សូម​អំពាវ​នាវ និង​សូម​ឱ្យ​មាន​ការ​បើក​លំហ​សិទ្ធិ​សេរីភាព​និង​លើក​កម្ពស់​ការ​ចូលរួម​របស់​ពលរដ្ឋ ជាពិសេស​ការ​ចូលរួម​ប្រកប​ដោយ​បរិយាប័ន្ន​ ហើយ​បើ​ចង់​ឱ្យ​មាន​ពលរដ្ឋ​កាន់​តែ​សកម្ម​ក្នុង​ការ​ចូលរួម​ដោយ​បរិយាប័ន្ន​ទាល់​តែ​មិនមាន​ការ​ប្រើប្រាស់​យន្តការ​ណាមួយ​ឬ​ក៏​មាន​ការ​ឃាត់​ខ្លួន​ចាប់​ខ្លួន​សកម្មជន​សង្គម​និង​ពលរដ្ឋ​សកម្ម​ទាំង​អស់​នោះ​ ទើប​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​របស់​យើង​កាន់[តែ]​មាន​ភាព​សកម្ម​ និង​ចូល​រួម​អភិវឌ្ឍ​ប្រទេស​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ និង​ជំរុញ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ល្អ​ប្រសើរ»។

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ឱ្យដឹង​ទៀត​ថា«សកម្មជន​មិនរាង​ចាល»​ទាំង​នោះ​គឺជា​សាក្សី​យ៉ាង​សំខាន់​នៃ​សេចក្តី​ប្រាថ្នា​សម្រាប់​មនុស្ស​គ្រប់រូប​ចំពោះ​ការ​បន្ត​មាន​សន្តិភាព​ពិត​ប្រាកដ​ ដែល​ជាយុត្តិធម៌​សង្គម ​សិទិ្ធ​សេរី​ភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕