Nancy Palus
ប្រែសម្រួលដោយ ឌី ខាំបូលី
អ្នករស់រានមានជីវិតពីអំពើសម្លាប់រង្គាលនៅឯពហុកីឡាដ្ឋានក្នុងឆ្នាំ២០០៩ នៅក្នុងប្រទេស ហ្គីណេ (Guinea) ដែលស្ថិតនៅភាគខាងលិចនៃទ្វីបអាហ្រ្វិក (West Africa) មិនទាន់បានឃើញក្រុមអ្នកវាយប្រហារណាម្នាក់តាមការចោទប្រកាន់ ត្រូវបាននាំយកមកកាត់ទោសនៅឡើយ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និយាយថា សហគមអន្តរជាតិអាចធ្វើកិច្ចការបន្ថែមទៀត ដើម្បីធានាឱ្យបានថា ប្រទេស ហ្គីណេ នឹងគោរពតាមការប្តេជ្ញាចិត្តដែលខ្លួនបានធ្វើកន្លងមក ដើម្បីកាត់ទោសជនទាំងឡាយ ដែលទទួលខុសត្រូវចំពោះការចាប់រំលោភនិងការសម្លាប់រាប់រយនាក់នៅថ្ងៃនោះ។
ពីរបីសប្តាហ៍មុនពេលលោកស្រីទទួលមរណៈភាព កាលពីខែតុលាឆ្នាំនេះ លោកស្រី អៃសាទូ បៃឡូឌីអាឡូ (Aissatou Bailo Diallo) ដែលត្រូវបានចាប់រំលោភ នៅក្នុងកំឡុងពេលនៃការវាយប្រហារនៅឯពហុកីឡាដ្ឋានក្នុងឆ្នាំ២០០៩ បាននិយាយថា ការអំពាវនាវរបស់លោកស្រីទៅកាន់សហគមអន្តរជាតិ គឺ«យុត្តិធម៌និងការពិត»តែប៉ុណ្ណោះ។
លោកស្រីស្ថិតនៅក្នុងចំណោមមនុស្សជាច្រើន ដែលនៅតែទទួលរងគ្រោះពីបញ្ហាសុខភាព ដោយសារតែការចាប់រំលោភនិងការវាយដំ ដែលបានកើតឡើង នៅពេលដែលក្រុមទាហានបានបង្ក្រាបទៅលើក្រុមបាតុករ នៅឯពហុកីឡាដ្ឋានមួយនៅក្នុងរដ្ឋធានី កូណាគ្រី (Conakry) នៅថ្ងៃទី២៨ ខែកញ្ញា។ អ្នករស់រានមានជីវិត បន្តកំពុងរង់ចាំយុត្តិធម៌នៅឡើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស កំពុងស្រាវជ្រាវស្ថានភាពនៃដំណើរការតុលាការនៅហ្គីណេ ហើយកាលពីថ្ងៃពុធ បានចេញរបាយការចុងក្រោយរបស់ខ្លួននៅក្នុងទីក្រុង កូណាគ្រី។
បន្ទាប់ពីការវាយប្រហារនៅឯពហុកីឡាដ្ឋាន តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានឲ្យដឹងថា តុលាការនេះនឹងធ្វើអន្តរាគមន៍ ប្រសិនបើ ប្រទេស ហ្គីណេ មិនស៊ើបអង្កេតនិងចោទប្រកាន់បទឧក្រិដ្ឋកម្មនៅក្នុងពហុកីឡាដ្ឋាននោះទេ។ ក្រោយមក រដ្ឋាភិបាល ហ្គីណេ បានបង្កើតអង្គចៅក្រមមួយ ហើយបានប្តេជ្ញាចិត្តធ្វើកិច្ចការនេះ។ ប៉ុន្តែ បន្ទាប់ពីរយៈពេលបីឆ្នាំមក ជនរងគ្រោះជាច្រើនមិនត្រូវបានក្រុមចៅក្រមអញ្ជើញទៅផ្តល់សក្ខីកម្ម ហើយគ្មាននរណាម្នាក់ត្រូវបានកាត់ទោសនៅឡើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សនិយាយថា ប្រទេសដែលជាភាគីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កំពុងតែបង្កើនការពិនិត្យមើលទៅលើមធ្យោបាយទាំងឡាយ ដើម្បីធានាឱ្យបានថា យុត្តិធម៌នឹងត្រូវបានធ្វើឡើងនៅថ្នាក់ជាតិ។ ប្រទេស ហ្គីណេ គឺជាចំណុចសាកល្បងមួយ។
លោកស្រី អែលីស គីពប្ល័រ (Elise Keppler) គឺជាទីប្រឹក្សាជាន់ខ្ពស់ នៃកម្មវិធីយុត្តិធម៌អន្តរជាតិរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស។
«តាមទស្សនៈមួយនោះគឺថា ហ្គីណេ អាចជាការសាកល្បងមួយសម្រាប់លទ្ធភាពបែបនេះ។ ហើយវាគឺជាពេលវេលាដ៏មានសារសំខាន់ដែរ ដែលដៃគូរអន្តរជាតិ អាចសម្លឹងមើលអ្វីដែលពួកគេអាចធ្វើបាន ដើម្បីជួយធានាឱ្យបានការកាត់ទោសប្រកបដោយការជឿទុកចិត្តនិងយុត្តិធម៌ នៅក្នុងប្រទេស ចំពោះបទឧក្រិដ្ឋកម្មទាំងនេះ»។
លោកស្រីបានលើកឡើងអំពីសហរដ្ឋអាមេរិក (the United Sates) បារាំង (France) សហគមអឺរ៉ុប (European Union) អង្គការសហប្រជាជាតិ (United Nations) និងតួអង្គអន្តរជាតិដទៃទៀត ដែលកំពុងធ្វើការយ៉ាងជិតស្និទជាមួយនឹងប្រទេស ហ្គីណេ ខណៈដែលប្រទេសនេះកំពុងធ្វើអន្តរកាលពីរយៈកាលជាច្រើនឆ្នាំនៃការគ្រប់គ្រងបែបផ្តាច់ការ ទៅកាន់លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។ អ្នកស្រី គីពប្ល័រ បាននិយាយថា ប្រទេស ហ្គីណេ ផ្តល់ជូននូវឱកាសមួយ ដើម្បីលើកកម្ពស់គោលការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលតុលាការជាតិនេះ គួរតែជាខ្សែបន្ទាត់ទីមួយនៃការការពារប្រឆាំងនឹងនិទណ្ឌភាព។
អង្គការឃ្លាំមើលសិទ្ធិមនុស្សនិយាយថា ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលឥឡូវនេះមានតំណាងមួយរូបនៅហ្គីណេ គួរប្រកាន់យកនូវតួនាទីដ៏សកម្មជាងមុន ក្នុងជម្រុញរដ្ឋាភិបាលធានាឱ្យបានថា ក្រុមអ្នកស៊ើបអង្កេតជាតិអាចដំណើរការប្រកបដោយប្រសិទ្ធិភាព។ អង្គការនេះក៏បាននិយាយផងដែរថា តួអង្គអន្តរជាតិផ្សេងៗទៀត «គួរតែបង្កើនទំនាក់ទំនងការទូតជាឯកជននិងជាសាធារណឱ្យបានច្រើន ជាមួយក្រុមមន្រ្តីហ្គីណេ ដើម្បីជម្រុញឲ្យមានយុត្តិធម៌»។
កន្លងមក ចៅក្រមបានស្តាប់សក្ខីកម្មពីជនរងគ្រោះចំនួន២៧៨នាក់ នេះបើយោងតាមលោក ហាមីឌូ បារី (Hamidou Barry) ដែលជាមេធាវី ហ្គីណេមួយរូប ដែលធ្វើការជាមួយអង្គការសិទ្ធិមនុស្សហ្គីណេ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សនិយាយថា យ៉ាងហោចណាស់មនុស្សប្រមាណ១០០នាក់ កំពុងរង់ចាំឱកាសដើម្បីធ្វើសក្ខីកម្ម។
អង្គការឃ្លាំមើលសិទ្ធិមនុស្សនិយាយថា ឧបសគ្គជាច្រើននៅបន្តកើតមាន ដែលរួមទាំងការខ្វះខាតឯករាជ្យភាពនៅក្នុងវិស័យយុត្តិធម៌របស់ប្រទេសហ្គីណេ ធនធានមិនគ្រប់គ្រាន់សម្រាប់ចៅក្រម និងការខ្វះខាតក្នុងការការពារជនរងគ្រោះនិងសាក្សី។
ទោះបីជាដំណើរការនេះត្រូវចំណាយពេលយូរប៉ុនណាក៏ដោយ ប្រជាពលរដ្ឋហ្គីណេមួយចំនួននិយាយថា ពួកគេចង់ឃើញតុលាការ ICC ចូលធ្វើអន្តរគមន៍។ មេធាវីជាតិ ហ្គីណេ លោក បារី និយាយថា វានឹងមានភាពប្រសើរជាងចំពោះអ្នកដែលពាក់ព័ន្ធទាំងអស់នេះ ប្រសិនបើយុត្តិធម៌ត្រូវបានដំណើរការនៅថ្នាក់ជាតិ។
លោកនិយាយថា ជនរងគ្រោះចង់ឃើញយុត្តិធម៌ត្រូវបានអនុវត្តនៅក្នុងប្រទេស ហ្គីណេ។ លោកនិយាយថា ការនាំយកជនដៃដល់ទៅកាត់ទោសនៅក្នុងប្រទេសហ្គីណេ នឹងជាការវាយសំពងមួយទៅលើនិទណ្ឌភាព ហើយនឹងផ្តល់ភាពជឿទុកចិត្តដល់ប្រព័ន្ធយុត្តិធម៌ថ្នាក់ជាតិ៕