ក្រុមអង្គការ​សិទ្ធិមនុស្ស​អំពាវនាវ​ឲ្យ​បញ្ឈប់​ផែនការ​បញ្ជូន​ជនជាតិ​រ៉ូហ៊ីងយ៉ា​ទៅ​មីយ៉ាន់ម៉ា​វិញ

រូបឯកសារ៖​ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅ​ក្រុង Cox's Bazar ប្រទេស​បង់ក្លាដេស។ 

អង្គការសិទ្ធិមនុស្ស Amnesty បាន​ឲ្យ​ដឹងថា ​ការ​រៀបចំ​បញ្ជូន​ជនជាតិ​រ៉ូហ៊ីងយ៉ា​ឲ្យ​ត្រឡប់​ទៅវិញ​ត្រូវ​បាន​កំណត់​​ចាប់ផ្តើម​ពី​ថ្ងៃ១៥ ខែវិចិ្ឆកា​នេះ​តទៅ។

អង្គការ​សិទ្ធិមនុស្ស Amnesty International កំពុង​អំពាវនាវ​ដល់​ប្រទេសមីយ៉ាន់ម៉ា និង​បង់ក្លាដេស​ឲ្យ​បញ្ចប់​គម្រោង​បញ្ជូន​ជនជាតិរ៉ូហ៊ីងយ៉ា​កាន់សាសនា​ឥស្លាម​ទៅ​រដ្ឋ Rakhineវិញ​ ជា​ទីកន្លែង​ដែល​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​និយាយ​ថា​ ពួកជនជាតិ​រ៉ូហ៊ីងយ៉ា​ទាំងនោះ​ត្រូវ​បាន​សម្លាប់ ​និង​ទទួលរង​អំពើ​ឃោឃៅ​ពី​សំណាក់​កងសន្តិសុខ​មីយ៉ាន់ម៉ា។

អង្គការសិទ្ធិមនុស្ស Amnesty បាន​ឲ្យ​ដឹងថា ​ការ​រៀបចំ​បញ្ជូន​ជនជាតិ​រ៉ូហ៊ីងយ៉ា​ឲ្យ​ត្រឡប់​ទៅវិញ​ត្រូវ​បាន​កំណត់ចាប់ផ្តើម​ពី​ថ្ងៃ១៥ ខែវិចិ្ឆកា​នេះ​តទៅ។ ការបញ្ជូននេះ​គឺ​ជា​ចំណាត់ការ​ធ្វេសប្រហែស​មួយ​ ដែល​ដាក់​ជីវិត​ពួកគេ​ទាំងនោះ​ឲ្យ​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់។

លោក Nicholas Bequelin នាយក​អង្គការ Amnesty ប្រចាំ​តំបន់​អាស៊ី​ខាងកើត​និង​អាស៊ីអាគ្នេយ៍​បាន​ថ្លែង​ថា «ស្ត្រី​ បុរស ​និង​កូនក្មេង​ទាំងនេះ​នឹង​ត្រូវ​គេ​បញ្ជូន​ត្រឡប់​ទៅ​ឲ្យ​ទាហាន​មីយ៉ាន់ម៉ា​វិញ​ គ្មាន​ការធានា​ការពារ​ពួកគេ​ ទៅ​រស់​នៅ​ជាមួយ​អ្នក​ដែល​ធ្វើ​បាប​ពួកគេ​វិញ​ ត្រឡប់​ទៅ​រស់នៅ​កន្លែង​ ដែល​ពួកគេ​ធ្លាប់​ភៀសខ្លួន​ចេញ​ពី​គ្រាប់​កាំភ្លើង»។

ប្រទេសបង់ក្លាដេស​បាន​ប្រកាស​ថា​ ខ្លួន​រៀបចំ​រួចរាល់​ហើយ​ក្នុង​ការចាប់ផ្តើម​បញ្ជូន​ជនជាតិ​រ៉ូហ៊ីងយ៉ា​ជាង៧សែននាក់​ដែល​បាន​ភៀសខ្លួន​ចូល​ក្នុង​ប្រទេសបង់ក្លាដេស​ចាប់តាំង​ពី​ខែសីហា ឆ្នាំ២០១៧ មក​ឲ្យត្រឡប់​ទៅ​ប្រទេស​មីយ៉ាន់ម៉ាវិញ។ ពួកគេ​ទាំងនោះ​បាន​ភៀស​ខ្លួន​គេច​ចេញ​ពី​ការបង្ក្រាប​របស់​ទាហាន​មីយ៉ាន់ម៉ា​ ដែល​បាន​វាយ​បក​ទៅ​លើការ​វាយប្រហារ​នានា​ដោយ​ពួកសកម្ម​ប្រយុទ្ធ​រ៉ូហ៊ីងយ៉ា។ ប្រទេសមីយ៉ាន់ម៉ា​ក៏​បាន​ប្រកាស​ផងដែរ​ថា​ ខ្លួន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ទទួល​យក​ជនជាតិ​រ៉ូហ៊ីងយ៉ា​ទាំងនោះ​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​វិញ។

ក៏ប៉ុន្តែលោកស្រី Michelle Bachelet ស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ធ្លាប់​បាន​បង្ហាញ​ក្តីបារម្ភ​របស់​លោកស្រី​អំពី​សុវត្ថិភាព​នៃ​ការ​វិលត្រឡប់​របស់​ជនជាតិរ៉ូហ៊ីងយ៉ា​ទាំងនោះ​ទៅ​រដ្ឋ Rakhineវិញ ​ហើយ​អង្គការ​សិទ្ធិមនុស្ស​ Amnestyបាន​ឲ្យ​ដឹង​ថា ​គេ​នៅ​មិនទាន់​ដឹងទេ​ថាតើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ ដែល​អាជ្ញាធរ​បង់ក្លាដេស​នឹង​បញ្ជូន​ត្រឡប់​មក​មីយ៉ាន់ម៉ា​វិញ​នោះ​ស័្មគ្រចិត្ត​ត្រឡប់​មក​ផ្ទះ​របស់​ពួកគេវិញ​ដែរយ៉ាងណា៕