នាថ្ងៃពុធនេះ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សជាតិ និងអន្តរជាតិរិះគន់រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចដែលបានព្រមានវាយសំពងអ្នកតវ៉ាលទ្ធផលឆ្នោតដោយប្រើដំបងឬស្សី។ អ្នការពារសិទ្ធិមនុស្ស ថានេះជាការប្រើពាក្យសម្តីផ្ទុយពីលទ្ធិប្រជាធិបតេយ្យ និងគួរតែត្រូវបានបណ្តេញចេញពីតួនាទីជារដ្ឋមន្រ្តីក្រសួងលើកកម្ពស់សុខុមាលភាពសង្គមមួយនេះ។
ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ចកាលពីថ្ងៃចន្ទ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើកឡើងថា លោកនាយករដ្ឋមន្ត្រីនឹងប្រើកម្លាំងដើម្បីបង្ក្រាបទៅលើបក្សប្រឆាំង និងអ្នកគាំទ្របក្សប្រឆាំងណាដែលប្រឆាំងទៅនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០១៨ ដោយព្រមានសំពងក្បាលដោយគល់ឫស្សី។
លោក វង សូត បញ្ជាក់ថា៖
«បោះឆ្នោតលើកនេះ បើមានបញ្ហាតវ៉ាទៀត ត្រូវក្បាលម៉ាគល់ឫស្សីហើយ។ ច្បាស់អញ្ចឹងហ្មង អត់មានឲ្យបើកសិទ្ធិឲ្យតវ៉ាអីទេ។ តវ៉ា តបាន តតាមផ្លូវច្បាប់ អត់បិទទេ ច្បាប់គេឲ្យយើងតវ៉ាយ៉ាងម៉េច ដាក់ពាក្យប្តឹងអីយ៉ាងម៉េច ដាក់ប្តឹងយ៉ាងម៉េច។ អត់ឲ្យពួកអ្ហែងថាយល់ថាដាក់ប្តឹងយ៉ាងម៉េច បើពួកហ្នឹងសុទ្ធតែគ្នាវា? អើបើអ្ហែងមិនប្តឹងអត់ទៅ អ្ហែងធ្វើខុសច្បាប់ ចាប់ដាក់គុក។ អាហ្នឹងគាត់ចង់និយាយថា យើងប្រើអំណាចស្របច្បាប់ហើយហ្នឹង។ ហើយបើថាចាប់វាមិនបាន អាច្បាប់ហ្នឹងនៅចន្លោះប្រហោង អញបបួលគ្នាធ្វើច្បាប់ទៀត។ ថាម៉េចបានបបួលគ្នា? ចុះបើអញឈ្នះហើយ អញចង់ធ្វើអីក៏បាន»។
លោក វង សូត បានបន្ថែមដោយលើកយកសម្តីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ចប្រជុំផ្ទៃក្នុងបក្សដើម្បីដាក់ចេញយុទ្ធសាស្ត្ររបស់ខ្លួនមុនការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំក្រោយ កាលពីថ្ងៃអាទិត្យថា ប្រសិនបើមន្ត្រីរាជការមិនគាំទ្ររដ្ឋាភិបាលដែលកើតចេញពីគណបក្សកាន់អំណាច គឺត្រូវលាលែងចេញពីការងារ។
លោកបានបន្ថែមថា៖
«មន្ត្រីស៊ីប្រាក់ខែរបស់រដ្ឋឲ្យអព្យាក្រឹត្យ ប៉ុន្តែកុំភ្លេចណាថារដ្ឋនេះវាកើតពីបក្សហ្នឹង អញ្ចឹងហើយខ្ញុំគិតថាមន្ត្រីយើងទាំងអស់ត្រូវតែមានឥរិយាបថមួយច្បាស់លាស់រឿងបក្ស អត់មានញ៉េញ៉ូទេ។ បើថាមិនច្បាស់ទៅណាទៅ បើមិននៅក្នុងបក្សប្រជាជនទេ មិនបាច់នៅទេ ទៅនៅណាទៅៗ គណបក្សនេះក៏អត់ស្វាគមន៍ដែរ បើស្រឡាញ់គណបក្សចាំនៅ បើមិនស្រឡាញ់គណបក្សមិនបាច់នៅចាំស៊ីពែរបស់គណបក្សអីទៀតទេ»។
ការព្រមានរបស់លោក វង សូត រងការរិះគន់យ៉ាងខ្លាំងពី ក្រុមអង្គការជាតិ និងអន្តរជាតិដែលធ្វើការផ្នែកសិទ្ធិមនុស្ស ដោយលើកឡើងថាវាជាការប្រើសម្តីជំរុញឲ្យមានអំពើហិង្សាបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងមិនសាកសមធ្វើជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច។
លោក Phil Robertson នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានឆ្លើយប្រាប់ VOA តាមរយៈសារអេឡិចត្រូវនិក ឬអ៊ីមែលនារសៀលថ្ងៃពុធនេះថា ការនិយាយរបស់រដ្ឋមន្ត្រីលោក វង សូត គឺជាការនិយាយបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដើម្បីយកចិត្តលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ ជាងនេះទៀត លោក វង សូត គួរតែត្រូវបានបណ្តេញចេញពីរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ដែលជាក្រសួងមានតួនាទីលើកកម្ពស់សុខុមាលភាពសង្គម។
លោក Phil Robertson បានសរសេរក្នុងន័យដើមថា៖
«គាត់ [វង សូត] មិនសាកសមនឹងការងារដែលលើកកម្ពស់សុខុមាលភាពសង្គមនៅពេលគាត់គិតថា ការវាយសំពងប្រជាជនដោយប្រើដំបងឬស្សី គឺជាវិធីសាស្រ្តត្រឹមត្រូវ ប្រសិនបើ ពួកគេហ៊ានបញ្ចេញមតិយោបល់ខុសគ្នាពីរដ្ឋាភិបាល ឬការតវ៉ាដោយសន្តិវិធីដើម្បីបង្ហាញពីការមិនសប្បាយចិត្តរបស់ពួកគេ។ ហើយគាត់បានបង្ហាញពីការមិនអើពើ ចំពោះគោលការណ៍លទ្ធិប្រជាធិបតេយ្យទំនើប នៅពេលដែលគាត់បរាជ័យក្នុងការទទួលស្គាល់ថា នៅក្នុងលទ្ធិប្រជាធិបតេយ្យ អ្នកនយោបាយត្រូវបានជ្រើសរើសឲ្យធ្វើការសម្រេចចិត្តលើច្បាប់ និងគោលនយោបាយ ប៉ុន្តែមន្ត្រីរាជការស៊ីវិលមានភារកិច្ចខុសៗគ្នា ដូចជាអនុវត្តមុខងារប្រចាំថ្ងៃរបស់រដ្ឋាភិបាលតាមរបៀបមិនលំអៀង និងមានវិជ្ជាជីវៈ»។
កាលពីចុងខែឧសភា ពោលគឺ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ក៏បានព្រមានវាយបំបែកធ្មេញអ្នកដែលហ៊ានតវ៉ាក្រោយការបោះឆ្នោតផងដែរ។ ចំណែកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏សកម្មក្នុងការព្រមានថា ប្រទេសនឹងធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ប្រសិនបើគណបក្សកាន់អំណាចចាញ់ឆ្នោត។
លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លើកឡើងថា ការព្រមានរបស់លោក វង សូត ជាការជំរុញឲ្យកើតមានអំពើហិង្សានៅកម្ពុជា និងជាការគំរាមកំហែងលើការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ។ លោកបន្ថែមថា ការបន្តប្រើប្រាស់សារព្រមានរបស់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលទាំងនោះ ដោយមិនមានចំណាត់ការដាក់វិន័យណាមួយ នឹងធ្វើឲ្យជះឥទ្ធិពលអវិជ្ជមានក្នុងការអនុវត្តការងារនៅក្នុងសង្គម។
លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា៖
«កន្លងមកមានមន្រ្តីសមត្ថកិច្ចប្រដាប់អាវុធមួយចំនួនបានប្រើប្រាស់ហិង្សាលើអ្នកតំណាងរាស្រ្ត អីជាដើមហ្នឹង ត្រូវបានលើកទឹកចិត្ត ហើយឡើងឋានៈទៅទៀត។ រួមទាំងមានការលើកឡើងពីរឿងមុនៗ ដែលរដ្ឋមន្រ្តីមុនមកមិនមានចាត់វិធានការព្រមានដើម្បីកុំឲ្យមានការប្រើកាយវិការ ឬពាក្យសម្តីបែបនេះ ដាក់ប្រជាពលរដ្ឋ ឬអ្នកគាំទ្រសកម្មជននយោបាយណា បក្សណាមួយ គឺមិនឃើញមានចំណាត់ការ»។
ក្រោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិរាប់ម៉ឺននាក់ បានចូលរួមដង្ហែក្បួនធ្វើបាតុកម្មទ្រង់ទ្រាយធំជាច្រើនថ្ងៃ តវ៉ាមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះ និងទាមទារឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះចេញពីតំណែង។
ស្របពេលជាមួយគ្នានោះ បាតុកម្មទាមទារប្រាក់ខែជាច្រើនកន្លែងបានកើតឡើងជាបន្តបន្ទាប់។ កងទ័ពពិសេសនៃកងពល៩១១ ដែលគេស្គាល់ថាជាជំនិតលោក ហ៊ុន សែន បានបើកការបង្ក្រាបយ៉ាងហិង្សាលើក្រុមបាតុករទាំងនោះនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៤។ មួយថ្ងៃក្រោយមក គឺថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ មានមនុស្សបួននាក់បានស្លាប់ ម្នាក់បាត់ខ្លួន ហើយ២៤នាក់ផ្សេងទៀត បានរងរបួសនៅក្នុងព្រឹត្តិការណ៍បង្ក្រាបបាតុកម្មនោះ ដោយក្នុងថ្ងៃនោះ មានការបាញ់រះមួយបានកើតឡើងពីក្រុមសមត្ថកិច្ចនៅតំបន់សួនឧស្សាហកម្មកាត់ដេរ កាណាឌីយ៉ា ក្នុងរាជធានីភ្នំពេញ លើកំណាត់ផ្លូវវេងស្រេង៕