ការនាំចេញអង្ករពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិចម្បងៗពីរ គឺសហភាពអឺរ៉ុប និងអាស៊ាន បានថយចុះ៤០ភាគរយដោយតាមអ្វីដែលរដ្ឋាភិបាលថា មកពីកង្វះសម្ភារៈដើម្បីផ្ទុកអង្ករនាំចេញ ស្របពេលតម្លៃនៃមធ្យោបាយដឹកជញ្ជូនកើនឡើង។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលវីអូអេបានទទួល កាលពីពេលថ្មីៗនេះ។
បើតាមរបាយការណ៍ដែលអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផ្តល់ឲ្យវីអូអេផ្សាយជាខេមរៈភាសានៅសប្តាហ៍នេះបានបង្ហាញថា បរិមាណអង្ករនាំចេញជារួមក្នុងរយៈពេល៨ខែឆ្នាំ២០២១ មានចំនួនជាង៣៤ម៉ឺនតោន ដែលថយចុះជាង១០ម៉ឺនតោន ឬស្មើនឹង ២៣,៣៧ ភាគរយ បើធៀបនឹងអង្ករនាំចេញចំនួន៤៤ម៉ឺនតោនក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ទិន្នន័យនៃការនាំអង្ករចេញបានបង្ហាញថា អង្ករដែលបាននាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុបចំនួន២២ប្រទេស គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២១ នេះ មានសរុបចំនួន៨៨. ២៧១តោន ថយចុះចំនួន៦១.៥៧៧តោន ស្មើនឹង៤១,០៩ភាគរយ ខណៈអង្ករដែលបាននាំចេញទៅទីផ្សារអាស៊ាន ៧ ប្រទេសមានសរុប ចំនួន ៣៥.៥៥៣តោនថយចុះ២៥.៣៨០ តោន ស្មើនឹង៤១,៦៥ ភាគរយ។ ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារនៃប្រទេសចំនួន២២ផ្សេងទៀត បានថយចុះ ៣០,៩០ ភាគរយ ពោលគឺអង្ករដែលបាននាំចេញទៅប្រទេសទាំងនោះ មានសរុបចំនួន៥៤.០១១តោន ថយចុះ២៤.១៥៨តោន។
ដោយឡែកអង្ករដែលបាននាំចេញទៅទីផ្សារចិន មានបរិមាណសរុបចំនួនជាង១៦ម៉ឺនតោន កើនឡើងចំនួន ៦.៣៥៩តោន ស្មើនឹង ៣,៩៩ ភាគរយ។
របាយការណ៍ក្រសួងកសិកម្មបានបង្ហាញទៀតថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ នេះ ស្រូវដែលត្រូវបាននាំទៅកាន់ប្រទេសវៀតណាម មានចំនួនជាង២លាន ៣សែនតោន កើនឡើងចំនួនជាង១លាន ១សែនតោន ឬស្មើនឹង៨៥,៩៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួនជាង១លាន ២សែនតោន។
ក្រសួងកសិកម្មបានផ្តល់សេចក្តីពន្យល់សង្ខេបស្ថិតនៅពីក្រោយការថយចុះនៃការនាំចេញអង្ករតាមន័យដើមថា៖ «ការនាំចេញអង្ករមានការថយចុះចំនួន ២៣,៣៧ភាគរយ ដោយសារកង្វះទូរកុងតឺន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង»។
វីអូអេព្យាយាមសុំការអធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងកសិកម្មលោក ស្រី វុឌ្ឍី នៅថ្ងៃសុក្រនេះ ក៏ប៉ុន្តែលោកមិនឆ្លើយតបសំណួរដែលបានផ្ញើតាមសារឆ្លើយឆ្លងតេឡេក្រាម។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាយល់ស្របនឹងការវាយតម្លៃរបស់ក្រសួងកសិកម្មពាក់ព័ន្ធនឹងកង្វះទូរកុងតឺន័រសម្រាប់ផ្ទុកអង្ករនាំចេញ និងការកើនឡើងថ្លៃសេវាដឹកជញ្ជូនតាមផ្លូវទឹក។
«បញ្ហាធំ គឺរឿងខ្វះកុងតេន័រហ្នឹងហើយ...គឺយើងហៅទាក់ទងនឹង logistics [ថ្លៃសេវាប្រតិបត្តិការ]នៃការដឹកជញ្ជូនជារួមធំ គឺជាពិសេស គឺការដឹកទៅអឺរ៉ុបហ្នឹងតម្លៃ ទៅអឺរ៉ុប និងទៅអាមេរិកហ្នឹង គឺកើនដល់ទៅប្រាំមួយដង មានន័យថា ៦០០ភាគរយតម្លៃរបស់ការដឹកជញ្ជូនហ្នឹងដែលយើងធ្លាប់ដឹកតែមួយទូរ១.០០០ដុល្លារជាងនៅឆ្នាំ២០១៩ ដើមឆ្នាំ២០២០ហ្នឹង វាកើនដល់៨.០០០ ឬក៏ដល់១ម៉ឺនដុល្លារក្នុងមួយទូរមានន័យថា សឹងតែតម្លៃដឹកជញ្ជូនហ្នឹង ស្មើនឹងតម្លៃអង្ករនៅក្នុងទូរហ្នឹងបាត់ហើយ»។
លោករំពឹងថា ក្នុងរយៈពេល៤ខែទៅមុខទៀត សេវាដឹកជញ្ជូនអាចទំនងជាធូរស្រាលឡើងវិញ នៅពេលអ្នកធ្វើធុរកិច្ច ក្នុងវិស័យពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញចាប់មានភាពបន្សាំកាន់តែច្រើនឡើងជាមួយនឹងជំងឺកូវីដ១៩។
យោងតាមទិន្នន័យដដែលរបស់ក្រសួងកសិកម្ម គិតត្រឹមខែសីហា ឆ្នាំ២០២១ ការនាំចេញអង្ករ មានចំនួន៣៣.៥៨២តោន កើនឡើងចំនួន១១.៤៥២តោន ឬស្មើនឹង៥១,៧៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលមានចំនួន២២.១៣០តោន។
អ្នកជំនាញកសិកម្ម និងជាទីប្រឹក្សាមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CDAC)លោក យ៉ង សាំងកុមារ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការលើកឡើងរបស់ក្រសួងកសិកម្មពីកង្វះទូរកុងតឺន័រ ថាជាមូលហេតុដែលនាំឲ្យការចេញអង្ករកម្ពុជាទៅសហភាពអឺរ៉ុបថយចុះ អាចត្រូវខ្លះ តែហេតុផលសំខាន់ផ្សេងទៀតនោះ គឺកម្ពុជាបានបាត់បង់នូវការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ដោយសារតែការប្តឹងផ្តល់របស់កសិករប្រទេសអ៊ីតាលី កាលពីប៉ុន្មានឆ្នាំមុន។
លោកអធិប្បាយបន្ថែមថា កម្ពុជាអាចមានលទ្ធភាពនាំអង្ករគុណភាពខ្ពស់ ទៅសហភាពអឺរ៉ុប បានច្រើនជាងមុន ប្រសិនបើសហភាពអឺរ៉ុបផ្តល់ឲ្យកម្ពុជានូវការអនុគ្រោះពន្ធ១០០ភាគរយលើការនាំចូលអង្ករកម្ពុជាទៅក្នុងទីផ្សារសហគមន៍មួយនេះ។
«វាទាក់ទងរឿងការតវ៉ាការ lobby [ការបញ្ចុះបញ្ចូល]របស់កសិករអ៊ីតាលី។ ប៉ុន្តែអាហ្នឹង គេមិនមាន មានវិធានការបីឆ្នាំ អញ្ចឹង វាចូលនេះ ចូលឆ្នាំទីពីរ មិនអញ្ចឹង ឆ្នាំទីបី អញ្ចឹងសល់ពេល មួយឆ្នាំជាងទៀត ដែលយើងអាចត្រឡប់មកការអនុគ្រោះពន្ធ១០០ភាគរយបានវិញ។ ក៏ប៉ុន្តែ វាមិនមែនទាំងអស់ទេ វាមានអង្ករដែលមិនទាន់កែច្នៃហើយអស់ហ្នឹង ដូចជាអង្ករសម្រូប អង្ករអញ្ចឹង វាអាចនាំចូលបានដោយអនុគ្រោះពន្ធ»។
ចាប់តាំងពីខែមករា ឆ្នាំ ២០១៩ មក សហភាពអឺរ៉ុបបានកំណត់ពន្ធរយៈពេល ៣ ឆ្នាំ លើអង្ករនាំចូលពីកម្ពុជា និងមីយ៉ាន់ម៉ាក្នុងគោលបំណងការពារអ្នកផលិតអង្ករក្នុងសហភាពអឺរ៉ុប ដូចជាអ៊ីតាលី បន្ទាប់ពីមានការកើនឡើងនៃការនាំអង្ករពីប្រទេសនៅអាស៊ីទាំងពីរនេះ ចូលទីផ្សារសហភាពអឺរ៉ុប។ ពន្ធនេះនឹងថយចុះបន្តិចពីមួយឆ្នាំទៅមួយឆ្នាំ។
អ្នកជំនាញកសិកម្ម និងជាអ្នកនយោបាយមួយរូបមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកយ៉ង សាំងកុមារបន្ថែមថា ដំណាលគ្នានឹងការធ្លាក់ចុះនៃការនាំចេញអង្ករកម្ពុជាទៅកាន់សហគមន៍អឺរ៉ុប ឬបណ្តាប្រទេសមួយចំនួននៅក្នុងសហគមន៍អាស៊ាននោះ ក្រសួងពាក់ព័ន្ធរដ្ឋរបស់កម្ពុជា ក៏គួរបន្តរកវិធីសាស្ត្របន្ថយថ្លៃដើមក្នុងសង្វាក់ផលិតកម្មរបស់រោងម៉ាស៊ីនកិនស្រូវ និងសម្រួលការបញ្ចុះថ្លៃដឹកជញ្ជូន ដែលនឹងអនុញ្ញាតឲ្យកម្ពុជាមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសក្បែរខាង តួយ៉ាងដូចជាវៀតណាមដែលទិញអង្ករពីកម្ពុជារួចនាំចេញទៅក្រៅប្រទេស។
«តាមខ្ញុំដឹង គឺវៀតណាម គាត់ទិញស្រូវពីយើង។ អីចឹង យើងនាំស្រូវទៅវៀតណាមហ្នឹង គឺកាន់តែកើនឡើង។ គាត់កែច្នៃ គាត់លក់ចេញបន្តទៀតទៅ។ អីចឹង អាសមត្ថភាពគាត់ក្នុងការប្រមូលស្រូវទិញស្តុកទុក សម្ងួតកែច្នៃនាំចេញហ្នឹង គាត់ល្អ គាត់ប្រសើរជាងយើង ដែលមួយទៀត គាត់បានចំណូលខ្ពស់ ពីការកែច្នៃអង្កាម។ អីចឹង គាត់អាចរកបាន ហើយតម្លៃអគ្គិសនីគាត់ ក៏ថោក...ហើយកំពង់ផែរបស់គាត់វាអាច[ទៅ]ផ្ទាល់ហ្មង...ខ្មែរយើងត្រូវឆ្លង ត្រូវប្តូរកប៉ាល់»។
បើតាមលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជារដ្ឋាភិបាលបានរួមចំណែកច្រើនក្នុងការទ្រទ្រង់ឧស្សាហកម្មស្រូវអង្ករកម្ពុជា ទាំងថ្លៃដើមផលិត និងការអនុគ្រោះពន្ធផ្សេងៗ ក្នុងប្រទេសប្រឈមនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។
«បើយើងប្រៀបទៅលើអាជីវកម្មផ្សេងៗនៅកម្ពុជា អង្ករត្រូវបានទទួលការលើកទឹកចិត្ត និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលខ្ពស់ណាស់ ព្រោះក្រុមហ៊ុនអង្ករទាំងអស់ឥតមាននរណាជាប់ពន្ធទេសម្រាប់ ជាពិសេសការនាំចេញ។ ហើយសូម្បីតែការនាំស្រូវ នាំអីហ្នឹង គឺអត់មានការរំខានទេ ថាស៊ឹងថាឲ្យបំពេញឯកសារបែបបទទិញបំផុត ដើម្បីធ្វើម៉េចសម្រួលឲ្យ... កាន់តែលឿនកុំឲ្យមានការរាំងស្ទះ »។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោកប៉ែន សុវិជាតិប្រាប់វីអូអេនៅថ្ងៃសុក្រនេះ ក្រសួងពាក់ព័ន្ធ ក្នុងនោះមានក្រសួងពាណិជ្ជកម្ម កសិកម្មជាដើម បានចាត់វិធានការជាកញ្ចប់ផ្សេងៗ និងអនុញ្ញាតដោយច្បាប់ ដើម្បីជួយដល់ប្រជាកសិករ និងរោងម៉ាស៊ីនកិនស្រូវ នៅក្រោមបរិយាកាសដែលមានការគំរាមកំហែងពីជំងឺកូវីដ១៩។ ក៏ប៉ុន្តែដោយឡែក រដ្ឋាភិបាលមិនអាចអន្តរាគមន៍ សម្រួលបន្ទុកនៃការនាំចេញអង្ករបានទេ ព្រោះកម្ពុជាត្រូវអនុលោមទៅតាមការព្រមព្រៀងជាមួយវិធាននានាដែលបានចែងដោយអង្គការពាណិជ្ជកម្មពិភពលោក។
«យើងនាំចេញអង្ករ ជាការនាំចេញក្នុងវិធីសាស្ត្រប្រកួតប្រជែងសុទ្ធសាធ របស់វិស័យឯកជន។ អញ្ចឹងហើយរដ្ឋមិនអាចនឹងលូកដៃចូលធ្វើការឧបត្ថម្ភទុន ចំពោះការនាំចេញបានឡើយ»។
កាលពីឆ្នាំ ២០១៥ កម្ពុជាមិនបានសម្រេចគោលដៅនាំអង្ករចេញឲ្យបាន ១ លានតោនទេ គឺបានត្រឹមតែជាងពាក់កណ្តាលតែប៉ុណ្ណោះ។ កាលពីឆ្នាំ ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ការមិនសម្រេចគោលដៅនេះ បណ្ដាលមកពីកង្វះខាតទុនក្នុងការទិញស្រូវពីប្រជាកសិករ និងរោងចក្រសម្រាប់កែច្នៃ ក៏ដូចជាសម្ពាធនៃការប្រកួតប្រជែងពីក្រៅប្រទេស៕