វិទ្យុ​អាស៊ី​សេរី​បដិសេធ​ពី​ទំនាក់​ទំនង​ជាមួយ​នឹង​អតីត​អ្នក​យក​ព័ត៌មាន​ពីរ​រូប

អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូប ដែល​ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន​ (រូបថត​ទាញ​ពី​ទំព័រ​ហ្វេសប៊ុក COMFREL)

ស្ថានីយ៍​វិទ្យុ​អាស៊ី​សេរី​បាន​បដិសេធ​ថា ​ខ្លួន​មិន​មាន​ទំនាក់​ទំនង​អ្វី​ជាមួយ​នឹង​អតីត​អ្នកសារព័ត៌មាន​ពីរ​នាក់​ដែល​ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួននោះទេ។

អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ ២នាក់គឺឈ្មោះ​ អ៊ួន ឈិន និង​លោក​យាង សុធារិន ហៅ​យាង​ សុជា​មេត្តា ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​អង្គារ​នៅ​រាជធានីភ្នំពេញ ដោយ​សង្ស័យ​ថា​ បានរាយការណ៍​ព័ត៌មាន​បញ្ជូន​ទៅ​ស្នាក់​ការ​កណ្តាល​វិទ្យុអាស៊ី​សេរីនៅ​សហរដ្ឋ​អាមេរិក​។​

លោក​ រ៉ូហ៊ីត មាហាចាន់ អ្នកនាំពាក្យ​វិទ្យុ​អាស៊ី​សេរី​ប្រចាំ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​បាន​បញ្ជាក់​ប្រាប់​VOAថា៖

«សូម​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ [ពួកគេ​]មិនមាន​ទំនាក់​ទំនង​អ្វី​ជា​កិច្ចសន្យា​ ឬអ្វី​ដទៃ​ទៀ​ត​ជាមួយ​នឹង​វិទ្យុ​អាស៊ី​សេរី​ក្នុង​ការផ្តល់​សេវា​ព័ត៌មាន ​ឬ​សេវា​អ្វី​ផ្សេង​ទៀត​ឡើយ‍»។

លោក​ អ៊ួន​ ឈិន​ ​បុគ្គលិក​វិទ្យុអាស៊ី​សេរី​ ​ត្រូវបានត្រូវបាន​បញ្ជូន​ទៅ​អគ្គ​ស្នងការ​នគរបាលជាតិ​ នៅរាជធានីភ្នំពេញ​ ​នៅ​ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​ (ខាន់​ សុគុំមនោ​/VOA)

អតីត​អ្នកសារព័ត៌មាន​ទាំងពីរ​នាក់​ក៏​បាន​បដិសេធ​ថា​ ពួក​គេ​មិនបាន​បញ្ជូន​ព័ត៌មាន​ទៅ​ឲ្យ​វិទ្យុ​អាស៊ី​សេរី​នោះ​ទេ។​ ការណ៍​ដែល​ពួកគេដំឡើងស្ទូឌីយោ​នៅក្នុង​បន្ទប់​សណ្ឋាគារមួយ​គឺ ​សម្រាប់បង្កើត​អាជីវកម្មផលិត​ចម្រៀង​ខារ៉ា​អូខេ​តែ​ប៉ុណ្ណោះ។​

លោក រ៉ូហ៊ីត មាហាចាន់ ​បាន​បន្ថែម​ថា​ វិទ្យុ​អាស៊ី​សេរី​នៅ​មិនទាន់​ទទួល​បាន​ការ​ចោទ​ប្រកាន់​ណា​ជាក់លាក់​ពី​រដ្ឋាភិបាល​កម្ពុជា​នៅឡើយ​ទេ ​ហើយ​បន្ថែម​ថា ​ស្ថានីយ៍​វិទ្យុ​នេះកំពុង​តែ​តាម​ដាន​មើល​ការ​វិវត្ត​សភាពការណ៍​នេះ «ប្រកបដោយ​ការព្រួយ​បារម្ភ‍»។

លោក​ យាង​ សុជា​មេត្តា​ បុគ្គលិក​វិទ្យុអាស៊ី​សេរី​ ត្រូវបាន​បញ្ជូន​ទៅ​អគ្គ​ស្នងការ​នគរបាលជាតិ​ នៅរាជធានីភ្នំពេញ​ ​នៅ​ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​ (ខាន់​ សុគុំមនោ​/VOA)

​លោក​ ​ស៊ឹម វុទ្ធី​ ​ស្នងការ​រង​នគរ​បាល​រាជធានី​ភ្នំពេញ​ទទួល​ផែន​សន្តិសុខ​ ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ សមត្ថកិច្ច​បាន​រក​ឃើញ​សម្ភារៈ​មួយចំនួន​ ដែល​បង្ហាញ​ថា អ្នកទាំង​ពី​រ​នោះ​បានរាយ​ការណ៍​ព័ត៌មាន​ទៅ​ឲ្យ​វិទ្យុ​អាស៊ីសេរីនៅសហរដ្ឋ​អាមេរិក​ពិត​មែន ​ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​នោះ​ទេ។

វិទ្យុ​អាស៊ី​សេរី​បាន​ប្រកាស​កាលពី​ដើម​ខែ​កញ្ញា​ថា ​ខ្លួនផ្អាក​ដំណើរ​ការ​ការិយា​ល័យ​ព័ត៌មាន​នៅ​រាជធានី​ភ្នំពេញ​មួយ​រយៈ​ទាំង​បង្ខំ ហើយ​បាន​ចោទថា រដ្ឋាភិបាល​កម្ពុជា​ថា​ កំពុង​ធ្វើ​ទុក្ខ​បុក​ម្នេញ​បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ​ និង​គូ​បដិបក្ខ​នៅ​មុន​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨។​

ក្រោយ​ការ​ប្រកាស​ផ្អាក​ដំណើរ​ការ​ការិយាល័យ​នៅ​ភ្នំពេញ​ ​ក្រសួង​ព័ត៌មាន​ក៏​បាន​ប្រកាស​ថា អ្នក​សារ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ទាំង​អស់​នឹង​ត្រូវ​ចាប់​ខ្លួន​ ​ប្រសិន​បើ​ពួក​គេ​នៅ​បន្ត​ចុះ​យក​ព័ត៌មាន​ និង​រាយ​ការណ៍​ពីប្រទេស​កម្ពុជា។