យោងតាមរបាយការណ៍ថ្មីមួយ លុយរាប់លានដុល្លារអាចត្រូវបានសន្សំ ហើយជីវិតមនុស្សរាប់ពាន់នាក់អាចនឹងត្រូវបានជួយសង្រ្គោះ ដោយការកែទម្រង់វិធីផ្តល់ថាមពលអគ្គិសនីនៅជំរុំជនភៀសខ្លួន។ ក្រុមអ្នកស្រាវជ្រាវមានបំណងទាក់ទាញចំណាប់អារម្មណ៍ពីវិស័យឯកជននៅក្នុងនាំយកបច្ចេកវិទ្យាថ្មីៗ ទៅឲ្យមនុស្សដែលត្រូវការចាំបាច់បំផុតនៅលើពិភពលោក។
ការបាត់បង់ទីជម្រករបស់មនុស្សនៅទូទាំងពិភពលោកបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ យោងតាមអង្គការសហប្រជាជាតិ មនុស្សចំនួន៥៩,៥លាននាក់ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។
ជំរុំជនភៀសខ្លួនកំពុងតែកើនឡើង ហើយធនធានដើម្បី រក្សាដំណើរការនៃជំរុំទាំងនោះតែងតែខ្វះខាត។
ស្ថាប័នដែលទើបបង្កើតថ្មីមួយឈ្មោះស្ថាប័នផ្តួចផ្តើមថាមពលចល័ត (Moving Energy Initiative) ដែលជាការសហការរវាងបណ្តាអង្គការមនុស្សធម៌នោះកំពុងអំពាវនាវឲ្យមានការកែទម្រង់លើរបៀបប្រើប្រាស់ និងផ្គត់ផ្គង់ថាមពលនៅក្នុងជំរុំទាំងនោះ។ នាង Glada Lahn មកពីវិទ្យាស្ថានគោលនយោបាយឯករាជ្យឈ្មោះថា Chatham House ដែលជាផ្នែកនៃស្ថាប័នផ្តួចផ្តើមថាមពលនេះ។ នាងបាននិយាយថា៖
«យើងជឿថាមានឱកាសយ៉ាងធំមួយក្នុងការកែប្រែធ្វើឲ្យប្រសើរឡើងទាំងជីវិត និងការរស់នៅរបស់ប្រជាជនងាយរងគ្រោះទាំងនេះ ហើយក៏អាចជួយសន្សំលុយនៅក្នុងរយៈពេលវែងបានផងដែរ»។
ការបង់ថ្លៃអគ្គិសនីនាពេលថ្មីៗនេះ សម្រាប់ជំរុំ Zaatari របស់ប្រទេសហ្ស៊កដានី នៅព្រំដែនប្រទេសស៊ីរីមានចំនួនដល់ទៅ៨,៧លានដុល្លារ ដែលនេះបានធ្វើឲ្យអង្គការសហប្រជាជាតិកាត់ផ្តាច់ជំនួយដែលមិនបានគ្រោងទុក។
ប៉ុន្តែ មនុស្សចំនួន៩០ភាគរយ ដែលរស់នៅក្នុងជំរុំទាំងនោះ មិនមានអគ្គិសនីប្រើប្រាស់ទេ មនុស្ស៨០ភាគរយពឹងផ្អែកលើការប្រើអុសដើម្បីចម្អិនអាហារ។
នាង Glada Lahn និយាយថា៖ «ឧទាហរណ៍ដូចជាការផ្តល់ចង្រ្កានបន្ថែម និងផ្តល់ចង្កៀងប្រើពន្លឺព្រះអាទិត្យ ឲ្យបានគ្រប់គ្រាន់ អាចឲ្យយើងសន្សំបានប្រមាណ៣២៣លានដុល្លារក្នុងមួយឆ្នាំ។ ចំនួននេះអាចទូទាត់នឹងចំនួនវិនិយោគដំបូងបានយ៉ាងរហ័ស។ មានដំណោះស្រាយប្រសើរជាងនេះច្រើនទៀត នៅពេលយើងចាប់ផ្តើមដាក់ប្រើថាមពលពន្លឺព្រះអាទិត្យ ឬប្រព័ន្ធបន្ទះស្រូបពន្លឺព្រះអាទិត្យ (solar hybrid mini-grids) និងប្រភេទថាមពលផ្សេងទៀតដែលអាចប្រើប្រាស់ឡើងវិញបាន»។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានជនភៀសខ្លួនប្រមាណ២០.០០០នាក់បានស្លាប់បាត់បង់ជីវិតរៀងរាល់ឆ្នាំ ដោយសារការបំពុលពីភ្លើងចម្អិនអាហារក្នុងផ្ទះ។
ការរកគ្រឿងចំហេះក៏អាចជាគ្រោះថ្នាក់ផងដែរ ជាពិសេសសម្រាប់ស្ត្រីភេទ។
នាង Glada Lahn បានបន្ថែមថា «ស្ត្រីមិនចង់ចេញពីតង់ជំរុំ ឬខ្ទម នៅពេលយប់ទេ ប្រសិនបើគ្មានភ្លើង។ ប្រសិនបើពួកគេចេញទៅ ពួកគេអាចប្រឈមនឹងគ្រោះថ្នាក់ និងការវាយប្រហារផងដែរ។ យើងបានដឹងថា ករណីស្រដៀងគ្នានេះបានកើតឡើងចំពោះស្រ្តី និងក្មេងស្រីដែលចេញពីជំរុំទៅរកអុស ហើយត្រូវរងគ្រោះថ្នាក់ដោយការចាប់រំលោភ និងហានិភ័យផ្សេងៗទៀត»។
នាង Lahn និយាយថា បណ្តាប្រទេសម្ចាស់ផ្ទះតែងតែស្ទាក់ស្ទើរក្នុងផ្តល់កន្លែងផ្សេងៗដែលមានលក្ខណៈអចិន្ត្រៃយ៍។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការប្រើបច្ចេកវិទ្យាបៃតងអាចជួយសង្រ្គោះជីវិត និងធ្វើឲ្យស្តង់ដាររស់នៅប្រសើរឡើងសម្រាប់ជនដែលងាយរងគ្រោះបំផុតនៅលើពិភពលោក៕
ប្រែសម្រួលដោយ សើ សាយ្យាណា