រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថៃ​​ត្រូវ​ទាហាន​ចាប់​ខ្លួន​​បន្ទាប់​ពីបាន​ផ្តន្ទាទោស​រដ្ឋប្រហារ

  • Steve Herman

Your browser doesn’t support HTML5

ពួក​ទាហាន​បាន​ចូល​ទៅ​ក្នុង​ក្លិប​ពួក​អ្នក​កាសែត​បរទេស​នៃ​ប្រទេស​ថៃ​ហើយ​បាន​ចាប់​ខ្លួន​លោក​ ឆាធុរ៉ុន​ ឆៃសាង​ (Chaturon​ Chaisang) ​ដែល​​ជា​​អតីត​រដ្ឋមន្រ្តី​ក្រសួង​អប់រំ។​

កាល​ពី​ថ្ងៃ​អង្គារ​ ក្រុម​យោធា​នៃ​ប្រទេស​ថៃ​បាន​បន្ត​ការ​បង្ក្រាបលើ​ពួក​អ្នកប្រឆាំង​ ដោយ​បាន​ចាប់ខ្លួន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​នៃ​រដ្ឋាភិបាល​ដែល​បានត្រូវ​បណ្តេញ​ចេញ​ពី​តំណែង​នៅ​ក្រោយ​លោក​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​សម្រាប់​ពួក​អ្នក​កាសែត​បរទេស​ក្នុង​ក្រុង​បាងកក។​

ពួក​ទាហាន​បាន​ចូល​ទៅ​ក្នុង​ក្លិប​ពួក​អ្នក​កាសែត​បរទេស​នៃ​ប្រទេស​ថៃ​ហើយ​បាន​ចាប់​ខ្លួន​លោក​ ឆាធុរ៉ុន​ ឆៃសាង​ (Chaturon​ Chaisang) ​ដែល​ជា​ជន​ម្នាក់​ក្នុង​បណ្តា​ពួក​រដ្ឋមន្ត្រី​រត់​គេច​ខ្លួន​របស់​គណៈរដ្ឋមន្ត្រី​ត្រូវ​បណ្តេញ​ចេញពី​តំណែង។​

លោក​ Chaturon​ បាន​បំពាន​លើបញ្ជា​របស់​ក្រុម​ប្រឹក្សា​យោធា​ដែល​ឱ្យ​លោក​ប្រគល់​ខ្លួន​តាម​រយៈ​ច្បាប់​អាជ្ញាសឹក។​ ថ្លែង​ទៅ​កាន់​ពួក​អ្នកកាសែត​តែ​ប៉ុន្មាន​នាទី​នៅ​មុន​ពួក​ទាហាន​នាំ​ខ្លួន​លោក​ចេញ​ពី​ទី​នោះ​ លោក​ Chaturon​ បាន​និយាយ​ទទូច​ថា​ជា​ការ​ត្រឹមត្រូវ​តាម​ច្បាប់​សម្រាប់​មនុស្ស​គ្រប់គ្នា​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ ឬ​និយាយ​ប្រឆាំង​នឹង​រដ្ឋប្រហារ​ដែល​ជា​សកម្មភាព​ត្រូវ​ចាត់​ទុក​ថា​ខុស​ច្បាប់​ដោយ​ពួក​អ្នកត្រួតត្រា​ប្រទេស​នៅ​ពេល​នេះ។​

«រដ្ឋប្រហារ​មិនមែន​ជា​ដំណោះស្រាយ​បញ្ហា​ឬ​ជម្លោះ​ក្នុង​សង្គម​ថៃ​ទេ​ ក៏​ប៉ុន្តែ​នឹង​ធ្វើ​ជម្លោះ​ឱ្យ​ធ្ងន់ធ្ងរ​ថែម​ទៀត។​ មាន​កង្វល់​ធំ​មួយ​ថា​ ប្រសិន​បើ​ពួក​អ្នក​កាន់​អំណាច​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ល្អទេ​ ការណ៍​នេះ​អាច​នាំ​ឱ្យមាន​អំពើ​ហិង្សានិង​ការ​ខាត​បង់​ជាង​មុន​ទៅ​ទៀត»។​

លោក​ Chaturon ដែល​ជា​សម្ព័ន្ធ​មិត្ត​ម្នាក់​របស់​លោក​ ថាក់ស៊ីន​ ស៊ីណាវ៉ាត់​ (Thaksin​ Shinawatra)​ ដែល​បាន​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែងក្នុង​រដ្ឋប្រហារ​មួយ​កាល​ពី​ឆ្នាំ​២០០៦​មិន​ជឿ​ថា​ក្រុម​យោធា​មាន​បំណង​ធ្វើ​ការ​កែ​ទម្រង់​នយោបាយ​ពិត​ប្រាកដ​ទេ។​ លោក​បាន​និយាយ​ថា​ ក្រុម​យោធា​មាន​បំណង​ដាក់​ឱ្យ​មាន​ប្រព័ន្ធ​មួយ​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​ មាន​តែ​ពួក​ជន​មាន​ការ​គាំទ្រ​ពី​ពួក​វរជន​ ក្រុម​យោធា​និង​ពួក​រាជានិយម​ទេ​ ដែល​នឹង​អាច​គ្រប់គ្រង​ព្រះរាជាណាចក្រ​ថៃ​បាន។​

លោក​វរសនិយឯក​ វេរ៉ាឆុន​ ស៊ីគន់ដាប៉ាទីប៉ាក់​ (Werachon​ Sukondhapatipak)​ នៃ​កងទ័ព​ជើង​គោក​ថៃ​ ដែល​ជា​អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សា​ជាតិ​សម្រាប់​សន្តិភាព​និងរបៀបរៀបរយ​ បាន​ត្រូវ​សួរ​នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជា​មួយ​វីអូអេ​ក្នុង​រយៈពេល​ខ្លី​នៅ​ក្រោយ​សេចក្តី​ថ្លែង​របស់​លោក​ Chaturon​ ដែល​ថា​តើ​ក្រុមប្រឹក្សា​យោធា​មាន​ជំនឿ​ថា​ឥទ្ធិពល​របស់​អតីត​នាយក​រដ្ឋមន្ត្រី​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ជា​បុព្វហេតុ​ឬសគល់​នៃ​វិបត្តិ​ក្នុង​ប្រទេស​ថៃ​ឬ​ទេ?​

«នេះ​ជា​ហេតុផល​ធំ​បំផុត​ដែល​បាន​បណ្តាល​ឱ្យ​មាន​បញ្ហា​ជា​មូលដ្ឋាន​ក្នុង​ប្រទេស​ថៃ»។​

នៅ​ពេល​នេះ​ មេ​ដឹកនាំ​រដ្ឋប្រហារ​គឺ​លោក​ ប្រាយុទ្ធ​ ចន្ទអូចា​ (Prayuth​ Chan-ocha)​ អគ្គ​មេ​បញ្ជាការ​នៃ​កងទ័ព​ថៃ​មិន​គ្រាន់​តែ​គ្រប់គ្រង​ក្រុម​យោធា​របស់​ប្រទេស​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​លោក​ត្រូតត្រា​ផ្នែក​ទាំង​អស់​របស់​រដ្ឋាភិបាល​ផង​ដែរ។​

លោក​វរសេនិយ​ឯក​ Werachon​ និយាយ​ថា​ ក្រុម​យោធា​គ្មាន​កាលវិភាគ​ដើម្បី​ធ្វើ​ឱ្យមាន​ការ​គ្រប់គ្រង​ស៊ីវិល​និង​ការបោះឆ្នោត​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ទ្បើយ​ទេ។​

«ប្រសិន​បើ​យើង​មាន​ឱសថ​ស័ក្តិសិទ្ធ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​អស់​ក្នុង​ប្រទេស​ថៃ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ យើង​សប្បាយ​ចិត្ត​ណាស់​ក្នុង​ការ​ធ្វើឱ្យ​មាន​សន្តិភាព​និង​របៀប​រៀបរយ​ទ្បើង​វិញ​ គឺ​នាំ​យក​ប្រព័ន្ធដដែលមក​កាន់​ប្រទេស​ថៃ​វិញ​ក្នុង​ពេល​មួយ​អាទិត្យ។​ការណ៍​នេះ​អាស្រ័យ​លើភាគី​មាន​ជម្លោះ​ទាំងអស់​ ប្រសិន​បើ​ពួក​គេ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ ប្រសិន​បើ​ពួក​គេ​យល់ស្រប​គ្នា​ ការណ៍​នេះ​អាច​ធ្វើ​បាន»។​

លោក​ស្រី​អតីត​នាយករដ្ឋមន្ត្រី​ យីងឡាក់​ ស៊ីណាវ៉ាត់​ (Yingluck​ Shinawatra)​ ប្អូន​ស្រី​លោក​ Thaksin​ ដែល​បាន​ទ្បើង​មក​កាន់​អំណាចនៅ​ក្រោយ​គណបក្ស​លោក​ស្រី​ឈ្នះ​ឆ្នោត​ ទទួល​បាន​កៅអី​ភាគ​ច្រើន​នៅ​ក្នុង​អង្គការ​នីតិបញ្ញ័ត្តិ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​ ២០១១​ បាន​ត្រូវ​បង្ខំ​ឱ្យ​លាលែង​ចេញ​ពី​តំណែង​កាល​ពីថ្ងៃ​ទី​៧​ខែ​ឧសភា​ ចេញ​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​នៅ​ពេល​តុលាការ​មួយ​បាន​សម្រេច​ថា​លោក​ស្រី​និង​សមាជិក​៩​នាក់​នៃ​គណៈរដ្ឋមន្ត្រី​លោក​ស្រី​បាន​រំលោភ​អំណាច។​

លោក​ នីវ៉ាត់តាំរ៉ុង​ ប៊ុនសុងផៃសាន​ (Niwattamrong​ Boonsongpaisan)​ អ្នក​កាន់​តំណែង​បន្ត​ពី​លោក​ស្រី​ជា​នាយក​រដ្ឋមន្ត្រី​ស្តីទី​ បាន​បាត់បង់​តំណែង​នៅ​ក្នុង​រដ្ឋប្រហារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

លោក​ ម៉ាក​ ថមសុន​ (Mark​ Thompson)​ នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អំពី​អាស៊ី​អាគ្នេយ៍​នៃសាកលវិទ្យាល័យ​ក្រុងហុង​កុង​ និយាយ​ថា​ កងទ័ព​នៃ​ប្រទេស​ថៃ​ប្រាកដ​ជា​មាន​រៀបវារៈ​មួយ។​

«ក្រុម​យោធា​បាន​បង្ហាញ​ថា​ពួក​គេ​នៅ​ខាង​ក្រុម​ដែល​ហៅ​ថា​«ក្រុម​អាវ​លឿង»​ ដែល​ជា​ពួកវរជនតាម​ប្រពៃណី​ដែល​ប្រឆាំង​នឹង​ Thaksin​ ហើយ​ពួក​គេ​មាន​មូលដ្ឋាន​ក្នុង​វិស័យ​ជំនួញ​ធំៗ​ ការិយាធិបតេយ្យ​, តុលាការ​និង​មាន​ការ​គាំទ្រ​ពី​រាជាធិបតេយ្យ​ផង​ដែរ»។​

លោក​ Thaksin​ បាន​រស់​នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​ជា​ច្រើន​ឆ្នាំ​ពី​ព្រោះ​លោកប្រឈមមុខ​នឹង​ទោស​ជាប់គុក​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ បើ​លោក​វិល​មកប្រទេស​ថៃ​វិញ។​លោក​នៅ​តែ​ជា​ឥស្សរជន​នយោបាយ​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ក្នុង​ប្រទេ​ស​ថៃ​ ដែល​នាំ​ឱ្យ​មាន​ការ​បែកបាក់​គ្នា។​ លោក​និង​ពួក​សម្ព័ន្ធ​មិត្ត​លោក​បាន​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ទាំង​អស់​ចាប់​តាំង​ពី​ឆ្នាំ​ ២០០១​ មក​ ដោយ​មាន​ការគាំទ្រ​ពី​ក្រុម​ជន​ក្រីក្រ​ក្នុង​តំបន់​ជនបទ។​

ក្រុម​យោធា​ថៃ​បាន​ធ្វើ​រដ្ឋប្រហារ​ឬ​បាន​ប៉ុនប៉ង​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ ១៩​ ដង​មក​ហើយ​ចាប់​តាំង​ពី​ការ​បញ្ចប់​របប​រាជាធិបតេយ្យ​ផ្តាច់ការ​ក្នុង​ឆ្នាំ​ ១៩៣២។​

ព្រះមហាក្សត្រ​នៃ​ប្រទេស​ថៃ​ដែល​មាន​ព្រះជន្ម​ ៨៦​ ព្រះវស្សា​ មាន​ព្រះ​សុខភាព​មិន​ល្អ​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ក៏​ប៉ុន្តែ​ព្រះអង្គ​នៅ​តែ​ជា​ឥស្សរជន​មាន​ការ​គោរព​ខ្លាំង​បំផុត​ពី​ប្រជារាស្ត្រ​ថៃ។​

ព្រះ​រាជបញ្ជា​មួយ​បាន​ត្រូវ​ចេញ​ក្នុង​ព្រះនាម​ព្រះអង្គ​កាលពី​ថ្ងៃ​ចន្ទ​ ដោយ​ដាក់​ឱ្យ​លោក​ឧត្តមសេនិយ​ Prayuth​ ត្រួតត្រា​ក្រុម​ប្រឹក្សា​គ្រប់គ្រង​ប្រទេស​ដឹកនាំ​ដោយ​ក្រុម​យោធា៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ