មុនពេលយុទ្ធនាការត្រួតពិនិត្យរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះចំពោះវត្តសាមគ្គីរង្សីក្នុងរាជធានីភ្នំពេញ ព្រះសង្ឃនៅទីនោះ និងអាជ្ញាធរធ្លាប់មានប្រវត្តិទំនាក់ទំនងផុយស្រួយយូរមកហើយ។
វត្តនេះបានផ្តល់ជម្រកដល់ព្រះសង្ឃពីសហគមន៍ជនជាតិខ្មែរភាគតិចដែលមកពីកម្ពុជាក្រោមដែលជាក្រុមជនជាតិភាគតិចរស់នៅតាមតំបន់ដីសណ្តទន្លេមេគង្គដែលសព្វថ្ងៃជាទឹកដីរបស់ប្រទេសវៀតណាម ហើយដែលជាក្រុមដែលបានអះអាងថា បានទទួលការរំលោភបំពានពីអាជ្ញាធរវៀតណាម។
វត្តនេះក៏បានផ្តល់ជម្រកដល់ក្រុមអ្នកតវ៉ា និងជាជនរងគ្រោះ មានតាំងពីជនរងគ្រោះនៅក្នុងជម្លោះដីធ្លីរហូតដល់អ្នកតវ៉ាដំឡើងប្រាក់ខែគោលសម្រាប់កម្មកររោងចក្រច្រើននាក់ដែលមកពីកន្លែងផ្សេងៗគ្នា។
កាលពីឆ្នាំ២០០៧ ព្រះសង្ឈជាច្រើនអង្គមកពីវត្តនេះបានធ្វើការតវ៉ានៅមុខស្ថានទូតវៀតណាមចំពោះការចាប់ខ្លួនរបស់ព្រះសង្ឃទឹម សាខន ដែលបានតស៊ូមតិដើម្បីសិទ្ធិកម្ពុជាក្រោម ហើយត្រូវបានអាជ្ញាធរចាប់ផ្សឹក។ ប៉ូលិសបានប្រើអំពើហិង្សាបង្ក្រាបបាតុកម្មទាំងនោះ។
កាលពីខែមុន ក្រុមមន្ត្រីមកពីសាលាក្រុងភ្នំពេញ និងក្រសួងធម្មការ និងកិច្ចការសាសនាអមជាមួយនគរបាល និងមន្រ្តីយោធាប្រមាណ១៥០នាក់បានធ្វើការ«ត្រួតពិនិត្យ»វត្តនេះ។ ទង្វើនេះបណ្តាលឲ្យមានការរិះគន់ពីសកម្មជនសិទ្ធិមនុស្សជាច្រើន។
លោកអំ សំអាត មន្ត្រីជាន់ខ្ពស់របស់អង្គការការពារសិទ្ធិមនុស្ស Licadho បាននិយាយថា ការត្រួតពិនិត្យដែលត្រូវបានធ្វើឡើងដោយមានកម្លាំងជាច្រើននាក់នេះ ទំនងជាការ«គំរាមកំហែងនិងការបំភិតបំភ័យដល់ព្រះសង្ឃកម្ពុជាក្រោម»។
លោកបាននិយាយថា៖«វត្តនេះគួរតែជាកន្លែងដែលមនុស្សអាចស្នាក់នៅ»។
គាត់បានបន្ថែមថា៖«ពួកគេធ្វើការត្រួតពិនិត្យផ្នែករដ្ឋបាលដើម្បីបន្លាចប្រជាជននិងព្រះសង្ឃ»។
លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបដិសេធថា ការត្រួតពិនិត្យនេះមិនមែនជាការបំភិតបំភ័យទេ តែជាការធ្វើឲ្យមានការធានានូវសន្តិសុខនិងសណ្តាប់ធ្នាប់។
លោកបានមាននិយាយថា៖«វាមិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ»។
លោកបានបន្ថែមថា៖«វាទាក់ទងនឹងសន្ដិភាព និងសណ្តាប់ធ្នាប់»។
លោកឡុង ឌីម៉ង់ បាននិយាយថា វត្តនេះមិនបានសហការជាមួយអាជ្ញាធរក្រុងនោះឡើយពាក់ព័ន្ធទៅនឹងការផ្តល់ព័ត៌មានរបស់អ្នកដែលស្នាក់នៅក្នុងវត្ត។
លោកបានបន្ថែមថា៖ «នៅពេលដែលមនុស្សចូលទៅស្នាក់នៅទីនោះ ពួកគេមិនដែលប្រាប់យើង។ មានបទល្មើសមួយចំនួនកើតមានឡើង។ មានការសម្លាប់គ្នារវាងព្រះសង្ឃនិងជាព្រះសង្ឃ»។
ប៉ុន្តែមនុស្សជាច្រើនមើលឃើញថា ការត្រួតពិនិត្យកាលពីខែមុនគឺជារឿងនយោបាយ។
លោកអ៊ូ វីរៈ ប្រធានរបស់វេទិកាអនាគត បាននិយាយថា ពេលខ្លះព្រះសង្ឃ ដែលចូលរួមធ្វើបាតុកម្មធ្វើសកម្មភាពហិង្សានៅក្នុងការធ្វើបាតុកម្ម ជាសកម្មភាពដែលជំរុញដោយការជះឥទ្ធិពលពីនយោបាយ។
លោកបាននិយាយថា ភាគច្រើននៃសាសនារបស់ប្រទេសឥឡូវនេះត្រូវបានធ្វើឲ្យមានការពាក់ព័ន្ធជាមួយនយោបាយ។
គាត់បាននិយាយថា៖ «វត្តជាឧបករណ៍សម្រាប់អ្នកកាន់អំណាចនៅក្នុងពេលកន្លងមក»។
លោកបានបន្ថែមថា៖ «វាជារឿងអាក្រក់ ដែលថា សាសនាគឺជាកន្លែងសម្រាប់នយោបាយ។ ខ្ញុំមិនគាំទ្រសកម្មភាពលម្អៀងទេ»។
តែបើទោះជាយ៉ាងនេះក្តី លោកបាននិយាយថា ការត្រួតពិនិត្យវត្តនេះគួរតែត្រូវបានអនុវត្តដោយប៉ូលិសជាជាងមន្ត្រីសាលាក្រុង។
ថាច់ ហាសំអាង ប្រធានស្តីទីវត្តនេះ បាននិយាយថា ព្រះសង្ឃមិនប្រឆាំងនឹងរដ្ឋាភិបាល ហើយក៏មិននៅជាមួយគណបក្សប្រឆាំងនោះដែរ។ ប៉ុន្តែលោកបាននិយាយថា ពួកគេនឹងបន្តការតវ៉ា«សម្រាប់យុត្តិធម៌»៕