ពលរដ្ឋ​សហគមន៍​ពង្រ​សែនជ័យ​ជាង​១៥០គ្រួសារ​ស្នើ​អាជ្ញាធរ​ធ្វើ​សៀវភៅ​ស្នាក់​នៅ

ចក្រចូលសហគមន៍ពង្រសែនជ័យ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)

ប្រជា​ពលរដ្ឋ​នៅ​សហគមន៍​ពង្រ​សែនជ័យ​ ក្នុង​រាជធានី​ភ្នំពេញ​ជាង ​១៥០​គ្រួសារ​ ទទូច​ឱ្យ​អាជ្ញាធរ​ធ្វើ​សៀវភៅ​ស្នាក់នៅ​ ក្រោយ​អាជ្ញាធរ​បដិសេធ​ ដោយ​ថា​ តំបន់​ដែល​ពួកគេ​រស់​នៅ​ជា​សំណង់​អាណា​ធិបតេយ្យ។​

អ្នក​ស្រី​ ថៃ ចាន់ណា ​អាយុ​៤៥​ឆ្នាំ ​ជា​តំណាង​សហគមន៍​ពង្រ​សែនជ័យ​ ក្នុង​ភូមិ​ទួល​ពង្រ ​សង្កាត់​ចោមចៅ​១​ ខណ្ឌ​ពោធិ៍សែនជ័យ ​រាជធានី​ភ្នំពេញ​ ប្រាប់​វីអូអេ​ថា ​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​សហគមន៍​នេះ​មាន​ចំនួន​ ១៥៤​គ្រួសារ ​មាន ​១៤៧​ខ្នង​ផ្ទះ​ ដែល​មាន​ទំហំ​ផ្ទៃ​ដី​បណ្តោយ ​៦១០​ម៉ែត្រ ​និង​ទទឹង​ ៧​ម៉ែត្រ​កន្លះ។​

អ្នកស្រី​ថា ​ប្រជា​ពលរដ្ឋ​មក​តាំង​ទីលំនៅ​ក្នុង​សហគមន៍​នេះ​តាំង​ពី​ឆ្នាំ​ ២០០០​មក ដោយ​សារ​ពុំ​មាន​កន្លែង​នៅ ​និង​ថា​ រហូត​មក​ដល់​បច្ចុប្បន្ន​ ពលរដ្ឋ​ពុំ​មាន​សៀវភៅ​ស្នាក់​នៅ​ ដោយសារ​អាជ្ញាធរ​ចាត់​ទុក​តំបន់​ដែល​ពួកគេ​រស់​នៅ​ជា​តំបន់​អាណា​ធិបតេយ្យ។​

អ្នកស្រី​ចាន់ណា​ថ្លែង​ថា៖​ «តាំង​ពី​ឆ្នាំ​ ២០០៧​មក​រហូត​ ការ​ស្នើ​សុំ​របស់​ប្រជា​ពលរដ្ឋ​ទាំង​អស់​គ្នា​ហ្នឹង​ មាន​ធ្វើ​ជា​លិខិត​ស្នើ​សុំ​ស្នាម​មេដៃ​របស់​ប្រជា​ពលរដ្ឋ​ហ្នឹង​ស្នើ​សុំ​សៀវភៅ​ស្នាក់​នៅ។​ យើង​ចេះ​តែ​សុំ​ហើយ​សុំ​ទៀតៗ​ សុំ​រហូត​ទាល់​តែ​សព្វ​ថ្ងៃ​ហ្នឹង។​ ដោយ​សៀវភៅ​ហ្នឹង​សំខាន់​ពេល​ដែល​ត្រូវ​ការ​ចុះ​ធ្វើ​សំបុត្រ​កំណើត​ឱ្យ​កូន​អី​ គេ​ទាមទារ​រក​អាហ្នឹង។ ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក៏​ទាមទារ​រក​អាហ្នឹង​ ធ្វើ​សំបុត្រ​អាពាហ៍​ពិពាហ៍​ គ្រប់​ឯកសារ​ទាំងអស់​គឺ​គេ​ទាមទារ​រក​សៀវភៅ​ស្នាក់នៅ។​ តែ​ពួក​យើង​អត់​មាន​សៀវភៅ​ស្នាក់​នៅ។ ​គេ​មិន​ធ្វើ​សៀវភៅ​ស្នាក់​នៅ​ឱ្យ​យើង​ដោយសារ​គេ​ថា​ យើង​គឺ​ជា​សំណង់​អាណា​ធិបតេយ្យ»។​

ផ្ទះរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ពង្រសែនជ័យ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)

អ្នកស្រី ថៃ ចាន់ណា តំណាងសហគមន៍ពង្រសែនជ័យ អង្គុយផ្តល់បទសម្ភាស៍ជាមួយអ្នកសារព័ត៌មានវីអូអេ នាព្រឹកថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២៤។ (មាស ដា/វីអូអេ)

ពលរដ្ឋ​រស់​នៅ​ក្នុង​សហគមន៍​ពង្រ​សែនជ័យ​ម្នាក់​ទៀត​ អ្នក​ស្រី ​កែវ វុទ្ធី​ អាយុ​៦០​ឆ្នាំ ​ប្រាប់​វីអូអេ​ដែរ​ថា ​អ្នកស្រី​ទទួល​ស្គាល់​ថា​ ផ្ទះ​ដែល​អ្នកស្រី​រស់​នៅ​សព្វ​ថ្ងៃ​ក្នុង​សហគមន៍​ពង្រ​សែនជ័យ​នេះ​ គឺ​ជា​ដី​របស់​រដ្ឋ។ ​អ្នក​ស្រី​ថា ​ក្នុង​ករណី​រដ្ឋ​មិន​បាន​ហាម​ប្រាម​មិន​ឱ្យ​រស់​នៅ​ទីតាំង​នេះ​ នោះ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ធ្វើ​ឯកសារ​សំខាន់ៗ​ដល់​ពលរដ្ឋ​ ដើម្បី​បញ្ជាក់​ពី​ការ​ស្នាក់នៅ​ដល់​ពួកគេ​ដូច​ពលរដ្ឋ​ទូទៅ។​

អ្នកស្រី​ថ្លែង​ថា៖ ​«តែ​បើ​ឱ្យ​ខ្ញុំ​នៅ​កន្លែង​នេះ​តែ​ម្តង​ ខ្ញុំ​សុំ​ធ្វើ​ឯកសារ​ឱ្យ​បាន​គ្រប់​គ្រាន់​ដូច​ជា ​ទី១ ​សៀវភៅ​ស្នាក់នៅ​ ទី២ ​អត្ត​សញ្ញាណ​បណ្ណ។​ ខ្ញុំសុំ​ឱ្យ​មាន​អា​អស់​ហ្នឹង​ដូច​ពលរដ្ឋ​ទូទៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ​ហ្នឹង​ដែរ ​ព្រោះ​រាល់​ថ្ងៃ​ខ្ញុំ​រស់​នៅ​ វា​ខ្វះខាត​គ្រប់​បែប​យ៉ាង ​ធ្វើ​អី​គេ​មិន​ទទួល​យក ​ មិន​ទទួល​ស្គាល់ ហើយ​ថា​ យើង​នៅ​កន្លែង​សំណង់​អាណា​ធិបតេយ្យ»។​

ដៃ​កាន់​កូន​កាំបិត​កាត់​ដើម​កំប្លោក​ទុក​ចង​យក​ទៅ​លក់​នៅ​មុខ​ផ្ទះ ​លោក​ ឆាយ សុជា​ អាយុ​ ៦១​ឆ្នាំ​ ពលរដ្ឋ​រស់​នៅ​សហគមន៍​ពង្រ​សែនជ័យ​ម្នាក់​ទៀត ​ប្រាប់​វីអូអេ​ដែរ​ថា ​អាជ្ញាធរ​បដិសេធ​មិន​ធ្វើ​សំបុត្រ​កំណើត​ដល់​ចៅ​របស់​លោក ដោយ​សារ​មិន​មាន​សៀវភៅ​ស្នាក់​នៅ។​

លោក​ប្រាប់​វីអូអេ​ថា៖​ «ខ្ញុំ​កាល​មុន​ ខ្ញុំ​ទៅ​ធ្វើ​សំបុត្រ​កំណើត​ចៅ​ ដល់​ពេល​ទៅ​ធ្វើ​ទៅ​គេ​សួរ​រក​សៀវភៅ​ស្នាក់​នៅ​ ​… អត់​មាន​ទាន់​ធ្វើ​ទេ​នៅ​នេះ។​ គេ​សួរ​យើង​ទាល់​តែ​មាន​សៀវភៅ​ស្នាក់​នៅ​ តែ​ខ្ញុំ​ថា ​មាន​តែ​សៀវភៅ​គ្រួសារ​ ឯកសារ​មាន​ត្រឹមត្រូវ​អស់​ហើយ​ សៀវភៅ​គ្រួសារ​ក៏​មាន។ [ចៅ​សង្កាត់]​ រក​អាហ្នឹង​ ដល់​ខ្ញុំ​យក​ក្រដាស​ហ្វូតូ​ទៅ​ឱ្យ​ គេ​សួរ​រក​អាហ្ស៊ីន។​ ពេល​យក​អាហ្ស៊ីន​ គេ​ថា​ ហៅ​មេភូមិ​ផង។​ ទំនង​ថា​ ​ធ្វើ​ឱ្យ​ ដល់​ពេល​អ៊ីចឹងៗ​ និយាយ​ត្រឡប់​បក​មុខ​បក​ក្រោយ។​ ខ្ញុំ​មិន​ដឹង​ដែរ។​ ឥឡូវ​នៅ​ហើយ​ក៏​មិន​ទាន់​បាន​ចូល​រៀន​ដែរ»។​

សេចក្តី​ណែនាំ​ស្តីពី​បែប​បទ ​និង​នីតិវិធី​នៃ​ការងារ​ចុះ​បញ្ជី​ និង​គ្រប់គ្រង​ការស្នាក់​នៅ​ ចេញ​ដោយ​អគ្គ​នាយកដ្ឋាន​អត្ត​សញ្ញាណ​កម្ម​កាលពី​ថ្ងៃទី ​២២ ​ខែ​កក្កដា​ ឆ្នាំ​ ២០២០​ បញ្ជាក់​ថា ​សៀវភៅ​ស្នាក់​នៅ​ជា​សៀវភៅ​ប្រើប្រាស់​សម្រាប់​ជា​វិធាន​នគរបាល​ដើម្បី​ស្រង់​ព័ត៌មាន​អំពី​ចំនួន​មនុស្ស​ដែល​ស្នាក់​នៅ​ក្នុង​លំនៅឋាន​នីមួយៗ ​រួមទាំង​លំនៅឋាន​នៃ​ទីតាំង​ប្រមូល​ផ្តុំ។ ​បុគ្គល​ដែល​ត្រូវ​ចុះបញ្ជី​ស្នាក់​នៅ ​និង​ផ្តល់​សៀវភៅ​ស្នាក់នៅ​គឺ​ជា​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ រួម​ទាំង​ជន​បរទេសអន្តោ​ប្រវេសន៍​ដែល​កំពុង​រស់​នៅ​លើ​ទឹកដី​កម្ពុជា​ជា​អចិន្ត្រៃយ៍។​

សេចក្តី​ណែនាំ​នោះ​បន្ថែម​ថា បុគ្គល​ដែល​មិន​ត្រូវ​ចុះ​បញ្ជី​ស្នាក់​នៅ​ និង​ផ្តល់​សៀវភៅ​ស្នាក់​នៅ ​គឺ​មាន​ជន​បរទេស​មិន​មែន​អន្តោ​ប្រវេសន៍ ​ជន​បរទេស​ដែល​ចូល ​និង​ស្នាក់នៅ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។​

លោក ​ទង វ៉ង​ ចៅ​សង្កាត់​ចោម​ចៅ​ ១ ​ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​ ប្រាប់​វីអូអេ​ថា ​ខាង​សង្កាត់​បាន​រាយ​ការណ៍​ទៅ​ក្រសួង​មហាផ្ទៃ​ជុំវិញ​ការ​ស្នើ​សុំ​ធ្វើ​សៀវភៅ​ស្នាក់​នៅ​របស់​ប្រជា​ពលរដ្ឋ​រស់​នៅ​សហគមន៍​ពង្រ​សែនជ័យ​រួច​ហើយ។​

លោក​ថ្លែង​ថា៖ ​«ពាក់ព័ន្ធ​ការងារ​ហ្នឹង​ ខាង​អាជ្ញាធរ​ចៅ​សង្កាត់​យើង​បាន​រាយ​ការណ៍​ទៅ​ក្រសួង​ហើយ។ ​ទាក់ទង​ទៅ​ក្រសួង​បាន​គាត់​មាន​សិទ្ធិ។​ ខាង​អាជ្ញាធរ​ចៅ​សង្កាត់​យើង​អត់​មាន​សិទ្ធិ​ចេញ​សៀវភៅ​ស្នាក់នៅ​ហ្នឹង​ទេ»។​

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ លោក​ ទូច សុខៈ​ ប្រាប់​វីអូអេ​ថា ​លោក​កំពុង​ជាប់​រវល់​ និង​ថា​ លោក​នឹង​ពិនិត្យ​មើល​ករណី​នេះ។

សហគមន៍​ពង្រ​សែនជ័យ​ស្ថិត​ក្នុង​ចំណោម​សហគមន៍​ក្រីក្រ​ចំនួន​ ១១​កន្លែង​នៅ​រាជធានី​ភ្នំពេញ ​ដែល​កំពុង​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ទាក់ទង​ទៅ​នឹង​សិទ្ធិ​ដីធ្លី ​និង​សិទ្ធិ​លំនៅឋាន ​ដោយ​សារ​កង្វះ​ព័ត៌មាន ​និង​ការ​មិន​ដាក់​បញ្ចូល​សហគមន៍​ក្រីក្រ​ទាំង​នោះ​ក្នុង​ដំណើរ​ការ​ពិភាក្សា ​និង​ស្វែងរក​ដំណោះ​ស្រាយ​សម្រាប់​កិច្ចការ​អភិវឌ្ឍន៍​ បណ្តាល​ឱ្យ​ពួកគេ​មិន​ទទួល​បាន​ឯកសារ​ដែល​អាច​គាំទ្រ​ដល់​ការ​កាន់កាប់​ដីធ្លី​របស់​ពួកគេ។​ នេះ​បើ​តាម​របាយ​ការណ៍​របស់​សមាគម​ធាង​ត្នោត​ ចេញ​នៅ​ថ្ងៃទី ​១៥​ ខែ​ឧសភា​ ឆ្នាំ ​២០២៤។​

ប្រធាន​កម្មវិធី​សិទ្ធិ​ក្នុង​ទីក្រុង​នៃ​អង្គការ​សមាគម​ធាងត្នោត ​លោក ​ស៊ាង ​មួយឡៃ ​យល់​ថា ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​មិន​រៀបរយ ​តែង​មាន​ឧបសគ្គ​ក្នុង​ការ​ស្នើ​សុំ​ធ្វើ​លិខិត​ស្នាក់​នៅ។ ​លោក​ថា​ រដ្ឋាភិបាល​គួរ​ធ្វើ​យ៉ាង​ណា​ឱ្យ​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​មិន​រៀបរយ​ទាំង​នោះ​ អាច​ធ្វើ​សៀវភៅ​ស្នាក់​នៅ​បាន​ ដើម្បី​សម្រួល​ដល់​ការ​រស់​នៅ ​និង​ការ​ប្រើប្រាស់​សេវា​តាម​មូលដ្ឋាន។

លោក​បញ្ជាក់​ថា៖​ «ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​មហាផ្ទៃ​ហ្នឹង​ អាច​ចេញ​ប្រកាស​ ឬ​ក៏​ការ​ណែនាំ​ណា​មួយ​ដើម្បី​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង​គាត់​អាច​ដំណើរ​ការ​នីតិវិធី​ធ្វើ​សៀវភៅ​ស្នាក់​នៅ​ ឬ​សៀវភៅ​គ្រួសារ​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រ​ដែល​រស់នៅ​តំបន់​មិន​ទាន់​រៀបរយ​ហ្នឹង។​ ខ្ញុំ​គិត​ថា​ វា​ជា​រឿង​មួយ​ល្អ​មែន​ទែន»។​

លោក​បន្ថែម​ថា ​ការ​ធ្វើ​សៀវភៅ​ស្នាក់​នៅ​ដល់​ពលរដ្ឋ​ទាំង​នោះ​ ក៏​ជួយ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​ទិន្នន័យ​ប្រជា​ពលរដ្ឋ​តាម​មូលដ្ឋាន​ និង​ការ​ចូល​រួម​សហការ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ចុះ​បញ្ជី​ថ្នាក់​មូលដ្ឋាន​ ហើយ​ក៏​ជួយ​ដល់​ពួកគេ​បាន​ទាន់​ពេលនៅ​ពេល​មាន​បញ្ហា​ផ្សេងៗ​កើត​ឡើង។​

បើ​តាម​ការ​ផ្សាយ​លើ​គេហ​ទំព័រ​អគ្គ​នាយកដ្ឋាន​អត្ត​សញ្ញាណ​កម្ម​ កាល​ពី​ថ្ងៃ​ទី ១៨ ​ខែ​សីហា​ ឆ្នាំ​ ២០២៤​ អគ្គ​នាយកដ្ឋាន​អត្ត​សញ្ញាណ​កម្ម​ក្រសួង​មហាផ្ទៃ​ បាន​ផ្ដល់​សៀវភៅ​ស្នាក់នៅ​ជូន​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ចំនួន​ជាង​៣​លាន​ក្បាល ​(៣.៣៩៨.៨៥៧​ក្បាល)​ ធ្វើ​ទុតិយតា​ចំនួន​ជាង​ ៧​សែន​ក្បាល (៧០៩.៦៣៧​ក្បាល)៕​