ពលរដ្ឋ​រងគ្រោះ​នៅ​ជាប់​ស្ទឹង​ព្រែកត្នោត​ថា កម្រិត​ទឹក​ជំនន់​ខ្ពស់​ជាង​ឆ្នាំមុន

ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ជន់លិច​ដោយសារ​ការឡើង​ខ្ពស់​នៃ​កម្ពស់​ទឹក​ស្ទឹង​ព្រែកត្នោត នៅក្នុង​ភូមិពាម សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)

ដូច​ឆ្នាំ​មុន​ដែរ ប្រជា​ពល​រដ្ឋ​រស់​នៅក្នុង​ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ក្បែរ​ស្ទឹង​ព្រែក​ត្នោត កំពុង​ប្រឈម​នឹង​ទឹក​ជំនន់​លិច​ផ្ទះ​សម្បែង និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ។ អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ​កម្រិត​ទឹក​ជំនន់​ឆ្នាំ​នេះ​ បាន​ហក់​ឡើង​លឿន និ​ង​ខ្ពស់​ជាងឆ្នាំមុន​ទៅ​ទៀត ។

អ្នក​ស្រី ស ពៅ អាយុ​៦០​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ពាម​ សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ ដែល​ផ្ទះ​កំពុង​តែ​រង​ការ​លិច​ទាំងស្រុង ​បាន​ប្រាប់​វីអូអេ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ ទី​២៦ ខែ​តុលា​ថា ​ទឹក​ឆ្នាំ​នេះ​ហក់​ឡើង​ខ្លាំង​ជាង​ឆ្នាំ​២០​២០ ដែល​កាល​ពី​ឆ្នាំ​មុន កម្រិត​ទឹក​ស្មើ​ត្រឹម​ទ្រូង​របស់​អ្នកស្រី ឬ​ស្មើ​ជាង​១​ម៉ែត្រ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ឆ្នាំ​នេះ​ ទឹក​ឡើង​ជាង​២​ម៉ែត្រ បណ្តាល​ឲ្យលិច​ផ្ទះ និង​ខូច​ខាត​ទ្រព្យ​សម្បត្តិ​មួ​យ​ចំនួន​របស់​អ្នកស្រី​និង​អ្នក​ភូមិ​ផ្សេង​ទៀត។

នៅ​ពេល​ផ្តល់​បទ​សម្ភាសន៍​ដល់​វីអូអេ អ្នកស្រី​កំពុង​ឡើង​ជិះ​រ៉ឺម៉ក​កង់​បី ដើម្បី​ទៅស្នាក់​នៅ​ផ្ទះ​កូន​នៅ​ម្តុំ​ផ្សារ​អូរឬ​ស្សី​មួយ​រយៈ ទម្រាំ​ទឹក​ស្រក​ចុះ​អស់​វិញ។

អ្នកស្រី​រៀបរាប់​ថា​៖ «​ឆ្នាំ​ទៅ​មិញ ក៏​លិច​ដែរ [ប៉ុន្តែ​]​ទឹក​វា​មិន​ខ្លាំង​ដល់​អ៊ីចឹង​ពេក​ទេ។ យ៉ាង​ច្រើន​ត្រឹម​នេះ​ទេ [​ទ្រូង] តែ​ឥឡូវ​លិច​ក្បាល។ ហ្នឹង​ហើយ​[ទឹក​លិច​]ខ្លាំង​ជាង​ឆ្នាំ​មុន ពីព្រោះ​គេ​ទប់​ទំនប់​ខាង​នោះ ស្ទឹង​ខាង​នោះ ទប់​ទំនប់​អ៊ីចឹងហើយវា​ច្រាល​មក​ខាង​នេះ»។

អ្នកស្រី​បន្ថែម​ថា​៖ «លិច​ទូ លិច​អី​អស់​ហើយ ខូច​ទូ ខូច​អី​ខ្ទេច​ខ្ទី​អស់​ហើយ​។ [ចំណែក​]​គ្រែ​អី​អណ្តែត​ពេញ​ផ្ទះ​ទាំង​អស់។ អា​ហ្នឹង​ត្រូវ​ទិញ​គ្រែ​ថ្មីៗ​ដេក​ហើយ​ បើ​វា​អណ្តែត​អស់​ហើយ​ទូ​អី​ខូច​ អស់​រលីង​ហើយ​ទូ​២ [ឬ​] ៣។ ​ម៉ូតូ​ឡើង​មក​លើ​ ឥឡូវ​ខូច កំពុង​យក​ទៅ​ធ្វើ​មិន​ដឹង​ឆេះ ឬ​មិន​ឆេះ​ផង​។ ម៉ូតូ​២​ហ៏!​ ម៉ូតូ​ប្តី​ខ្ញុំ​រត់​រ៉ឺម៉ក​ហ្នឹង​មួយ ​[ហើយ]​ម៉ូតូ​កូន​យក​ទៅ​ធ្វើ​ហ្នឹង។ ម៉ូតូរ៉ឺម៉ក​ចេញអត់​រួច​ទេ​ [ម៉ូតូ​]រ៉ឺម៉ក​នៅ​ជាប់​នឹង​ទឹក​ហ្នឹង​ហ្មង ចេញ​អត់​រួច​ផង​ហ្នឹង»​។

ចំណែក​លោក រុន ចំរើន អាយុ​៣៦​ឆ្នាំ ជា​ពលរដ្ឋ​ម្នាក់​ទៀត ដែល​រស់​នៅ​ក្នុង​ភូមិ​ពាម សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ​ដែរ បាន​ប្រាប់​វីអូអេ​ថា ​ក្នុង​រយៈ​ពេល​២ឆ្នាំ​នេះ ទឹក​ឡើង​ខ្ពស់ ប៉ុន្តែ​ឆ្នាំ​នេះ ​ទឹកឡើង​លឿន​ជាង​ឆ្នាំ​មុន​ទៅ​ទៀត។ លោក​សង្កេត​ឃើញ​ថា​ ការ​កើន​ឡើង​កម្ពស់​ទឹក​នេះ ដោយ​សារ​តែ​អាជ្ញាធរ​បាន​ធ្វើ​ទំនប់​ទប់​សង​ខាង​ស្ទឹង​ ដែល​បណ្តាល​ឲ្យ​តំបន់​របស់​លោក​ដែល​ជាប់​ស្ទឹង រង​ផល​ប៉ះ​ពាល់​ខ្លាំង​បែប​នេះ។

លោក​ថ្លែង​ថា៖ «ទឹក​ស្ទឹង​វា​តូច ​ហើយ​ដល់​គេ​ទប់​[ទំនប់​]​ជាប់​សង​ខាង​ទៅ ធ្វើ​ឲ្យ​ទឹក​ចាល់​ [ហើយ​]​ពី​ដើម​មក​ បើ​មិន​ធ្លាយ​ទៅ​ខាង​ជើង​ ធ្លាយ​ទៅ​ខាង​ត្បូង​។ ដល់​បុរី​គេ​ទប់​ខាង​នោះ​[ខាង​ត្បូង​]​ ទៅ​ខាង​នោះ​ ក៏​ប៉ះ​ពាល់ ខាង​ជើង​ក៏​ប៉ះ​ពាល់​ ដូច្នេះ​ទឹក​គេ​ឲ្យ​នៅ​ក្នុង​ស្ទឹង អ្នក​ដែល[​រស់​]​នៅ ដូច​ខ្ញុំ​អ៊ីចឹង​វា​ប៉ះ​ពាល់​អ្នក​នៅ​ខាង​ស្ទឹង»។

លោក​បន្ថែម​ថា៖ «បែប​នេះ​ដោយ​សារ​ធម្មជាតិ​តែ​ម្តង​ ដោយ​សារ​ភ្លៀង​មួយ​គំហុក​ហើយ​ [និង]​គ្រោះ​ថ្នាក់​ធម្ម​ជាតិ​នេះ និយាយ​ចំ​វា​ប៉ះ​ពាល់​ដែរ [គឺ]​ប៉ះ​ពាល់​ប្រែ​ប្រួល​អាកាស​ធាតុ»។

បើ​តាម​លោក រុន ចំរើន ក្នុង​រយៈ​ពេល​មិន​ដល់​២៤​ម៉ោង​ផង ទឹក​ហក់​ឡើង​ប្រមាណ​ជាង​២​ម៉ែត្រ ដែល​បណ្តាល​ឲ្យ​លិច​ផ្ទះ និ​ងខូច​ខាត​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ផង​ដែរ។

លោក​បន្ថែម​ថា៖ «ឡើង​មិន​ដល់​២៤​ម៉ោង​ផង​ហ្នឹង​ ផ្ទះ​ខ្ញុំ​កម្ពស់​ទឹក​ប្រ​ហែល​២​ម៉ែត្រ​កន្លះ​ ផ្ទះ​បាយ​ខ្ពស់ គឺ​ត្រឹម​ផ្ទះ​បាយ​ហ្មង»។

ពលរដ្ឋ​ដែល​ផ្ទះ​ត្រូវបាន​ជន់លិច ផ្លាស់ទី​មក​រស់នៅ​លើ​ផ្លូវ​ដែល​ជា​កន្លែង​ទីទួល​សុវត្ថិភាព​ជា​បណ្តោះ​អាសន្ន នៅ​សង្កាត់​សាក់សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)

អ្នកស្រី អឿ វណ្ណនី អាយុ៣១​ឆ្នាំ ជា​អ្នក​រង​គ្រោះ​ម្នាក់​ទៀត ដែល​រស់​នៅ​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌ​ដង្កោ បាន​រៀបរាប់​ថា​ផ្ទះ​របស់​អ្នកស្រីត្រូវ​ទឹក​លិច​ផ្ទះ ហើយ​អ្នកស្រី និង​ក្រុម​គ្រួសារ​កំពុង​ចល័តមក​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្រោម​ដំបូល​តង់​កៅ​ស៊ូ ​នៅ​តាម​បណ្តោយ​ផ្លូវដែល​មាន​សុវត្ថិ​ភាព។ អ្នកស្រី​ដែល​មាន​កូន​តូច​២​នាក់ បាន​ប្រាប់​វីអូអេ​ថា ​ទឹក​ឆ្នាំ​នេះ ឡើង​ខ្លាំង​ជាង​ឆ្នាំ​មុន។ អ្នក​ស្រី​បញ្ជាក់​ថា​ ដោយ​សារ​ភូមិ​របស់​អ្នកស្រី​ទាប​ជាងផ្លូវ​ថ្នល់ ទើប​ធ្វើ​ឲ្យ​តំបន់​របស់​អ្នកស្រី​រង​គ្រោះ​បែប​នេះ។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «​ទឹក​នេះ​ធ្វើ​ម៉េច​ចេញ​បើ​បិទ​ជិត​អស់ ថ្នល់​លើ​ព័ទ្ធ​ជុំ​វិញ​អស់​ហើយ​ហ្នឹង មាន​កន្លែង​ណា​ចេញ​ទៅ​រួច​ទៀត​ ទាល់​តែ​វា​ស្រក។ បើ​ខាងលើៗ​គេ​បាក់​ដូច​រាល់​ឆ្នាំ​អ៊ីចឹង [​នៅ]​នេះ ​ស្រក​លឿន»។

អាជ្ញាធរ​ខណ្ឌដង្កោ​ ក៏​បាន​ប្រកាស​អំពី​ទឹក​ហក់​ឡើង​ជា​បន្ត​បន្ទាប់​នៃ​ស្ទឹង​ព្រែក​ត្នោត​ ដែល​ឈាន​ដល់​កម្រិតកម្ពស់​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់។ បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​ដង្កោ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ស្ថាន​ភាព​ទឹក​ស្ទឹង​ព្រែក​ត្នោត​បាន​ហក់​ឡើង​ជា​បន្ត​បន្ទាប់ បណ្តាល​មក​ពី​ជំ​នន់​ផ្នែក​ខាង​លើ​ ធ្វើ​ឲ្យ​ស្ទឹង​ព្រែក​ត្នោត​ក្នុង​ភូមិសាស្រ្ត​ខណ្ឌ​ដង្កោ មាន​កម្ពស់​ដល់​កម្រិត​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់។

អាជ្ញាធរ​ខណ្ឌ​ ក៏​បាន​អំពាវ​នាវ​ដល់ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ជាប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត​ ដែល​រួម​មាន​សង្កាត់​ដង្កោ​ សង្កាត់​ព្រៃ​ស សង្កាត់​ព្រៃ​វែង​ សង្កាត់​ក្រាំង​ពង្រ សង្កាត់​ស្ពាន​ថ្ម សង្កាត់​ទៀន សង្កាត់​សាក់​សំពៅ សង្កាត់​ជើង​ឯក សង្កាត់​ព្រែ​កកំពឹស និង​សង្កាត់​គង​នយ ឲ្យ​ត្រៀម និងបន្ត​តាម​ដាន​ស្ថាន​ភាព​ទឹក​ជា​ប្រចាំ។

បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធន​ធាន​ទឹក និ​ង​ឧតុ​និយម កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​តុលា កម្ពស់​ទឹក​នៅ​ទ្វារ​ទឹក​ទំនប់​៧​មករា ​នា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី២៥ ខែ​តុលា​ គឺ​មាន​កម្ពស់​៩,១២ ​ម៉ែត្រ បើ​ធៀប​នឹង​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​តុលា គឺ​បាន​ហក់​ឡើង​បន្ថែម​០,៤៨​ម៉ែត្រ លើស​កម្ពស់​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន ដែល​មាន​កម្រិត៧,០០​ម៉ែត្រ។

អ្នកស្រី គឹម ញឹប អភិបាល​ខណ្ឌដង្កោ មាន​ប្រសាសន៍​ថា​ ស្ថានភាព​ទឹក​នៅ​ក្នុង​តំបន់ នៅ​អាច​គ្រប់​គ្រង​បាន​នៅ​ឡើយ ប៉ុន្តែ​អ្នក​ស្រី​បារម្ភ​ថា​ថ្ងៃ​ខាង​មុខ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន និង​ការ​ជន់​ទឹក​ពី​តំបន់​ផ្សេង​ៗ ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ។

អ្នក​ស្រី​ថ្លែង​ថា​៖ «ឥឡូវ​ជម្រាប​ទាក់​ទង​នៅ​ក្នុង​ខណ្ឌ​នេះ​ យើង​គ្រប់​គ្រង​ស្ថាន​ការណ៍​បាន​ទេ​។ អត់​អី​ទេ ប៉ុន្តែ​កុំ​ឲ្យ​តែ​មាន​ធ្លាក់​ភ្លៀង​ពី​ខាង​ផ្នែក​ខាង​លើ​ខេត្ត​កំពង់​ស្ពឺ ឬ​ក៏​មក​ពី​ឱរ៉ាល់​ ឬ​ចូល​ពី​កោះ​កុង»។

លោក ម៉ុក ពុទ្ធា នាយក​រដ្ឋ​បាលខណ្ឌ​ដង្កោ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា មក​ទល់​ពេល​នេះ ស្ថាន​ភាព​ទឹក​ស្ថិត​នៅ​ខណ្ឌ​ដង្កោ នៅ​តែ​បន្ត​កើន​ឡើងម្តង​បន្តិច​ៗ​នៅ​ឡើយ​ទេ។ លោក​បន្ថែម​ថា ​វិធី​សាស្រ្ត​ក្នុង​ការ​ជួយ​រំដោះ​ទឹក​បាន គឺ​មាន​តែ​ស្ទឹង​ព្រែក​ត្នោត​តែ​ប៉ុណ្ណោះ។

លោក​ថ្លែងថា៖ «ការ​រំដោះ​ទឹ​ក​ គឺ​យើង​មាន​តែ​ស្ទឹង​ព្រែក​ត្នោត​មួយ​គត់ទេ ដែលទឹក​ហូរ​ចូល​ចាក់​ទៅ​ទន្លេ ​វា​[មិន]​មានកន្លែង​ណា​មួយ​ដែល​រំដោះ​ទឹក​ទេ​ ក្នុង​ភូមិ​សាស្រ្ត[ខណ្ឌ​ដង្កោ​]របស់​ខ្ញុំ​» ។

ក្មេងៗលេង​នៅ​តាម​ផ្លូវ​ដែល​ជន់លិច ដោយសារ​ទឹកជំនន់​ពី​ស្ទឹង​ព្រែកត្នោត នៅក្នុង​ភូមិពាម សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)

ចំណែក​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​កណ្តាល ​ដែល​មានភូមិ​សាស្រ្ត​ជាប់​ស្ទឹង​ព្រែក​ត្នោត ក៏​ទទួល​រង​ការ​ជន់​លិច​នេះ​មួយ​ចំនួន​ដែរ ប៉ុន្តែ​ការ​លិច​នេះ ​មិន​ទាន់​ឈាន​ដល់​កម្រិត​ក្នុង​ការ​ប្រកាស​អាសន្ន​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​ខេត្ត​កណ្តាល។

លោក គង់ សោភ័ណ្ឌ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា ​ស្ថាន​ភាព​សម្ពាធ​ទឹក​នៅ​ទំនប់​វិហារ ទំនប់​៧​មករា​ ស្ថិត​នៅ​ស្រុក​កណ្តាល​ស្ទឹង ជាប់​ខណ្ឌ​ដង្កោ នៅ​អាច​គ្រប់​គ្រង​បាន។ លោក​យល់​ថា​ ការ​លិច​ទំនប់​ទាំង​នេះ មិន​ទាន់​ស្ថិត​ក្នុងទ្រង់​ទ្រាយ​ធំ ដូច​ឆ្នាំ​២០២០​ទេ។

លោក​បញ្ជាក់​ថា៖ «និយាយ​ជា​រួម​ស្ថាន​ភាព​ទឹក​ វា​ឡើង​កម្រិត​ទាប​ ក្នុង​កម្រិតពី​២ទៅ​៣​តឹក​ ជា​វិសាល​ភាព​ទូទៅ​នៅ​ក្នុង​ពាក់​ព័ន្ធ​នឹង​ក្រុង​តាខ្មៅ​។ ហើយ​នៅ​កណ្តាល​ស្ទឹង​នោះ​ កម្រិត​ប្រហាក់​ប្រហែល​គ្នា​ដែរ​ទេ។ អញ្ចឹងលិច​តែ​បងប្អូន​យើង​នៅ​តាម​ដង​ទំនប់៩៤ គឺ​ថា​លិចចូលក្នុង​ទំនប់​ហ្នឹង​មួយ​ចំនួន។ បង​ប្អូន​យើង​ប្រហែល​ជា​ជាង​១០០​គ្រួសារ​ហ្នឹង វា​ពាក់​ព័ន្ធ​នឹង​លិច​ចូល​ផ្ទះ​របស់​ពួ​ក​គាត់​នឹង​ប្រហែលជាជាង២០​គ្រួសារ។ ហើយ​ស្ថាន​ភាព​អ្នក​ស្រុក​នៅ​តាម​សង្កាត់ តាម​ស្រុក​ភូមិ​ទៅ​តាម​ហ្នឹង​ គឺ​ថា​ធម្មតា។ អត់​មាន​អី​ដែល​គ្រោះ​ថ្នាក់​ទេ»។

ចំណែក​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់​ស្ពឺ​វិញ ក្នុង​រយៈ​ពេល​ប៉ុន្មានថ្ងៃ​ចុង​ក្រោយនេះ ទឹក​ជំនន់​បាន​ធ្វើ​ឲ្យជន់​លិច​ផ្ទះ​ប្រជា​ពលរដ្ឋ។ នេះ​បើ​តាម​លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់​ស្ពឺ។

លោក​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ជា​ធម្មតា​នៅ​ខេត្ត​កំពង់​ស្ពឺ​តែង​មាន​ភាព​រាំង​ស្ងួត​ខ្លាំង ហើយ​ទឹក​ជំនន់​ដែល​ជន់​លិច​ផ្ទះ​ប្រជា​ពលរដ្ឋ​ក្នុង​រយៈ​ពេល​ប៉ុន្មានថ្ងៃ​ចុង​ក្រោយនេះ គឺ​បង្ក​ឡើងដោយ​ខ្យល់​ព្យុះ​ទឹក​ភ្លៀង​ ដែល​កើត​ចេញ​ពី​កត្តាបម្រែ​បម្រួល​អាកាស​ធាតុ។ លោក​បន្ថែម​ថា ​ការ​ជន់​លិច​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​កំពង់​ស្ពឺ គឺ​ប៉ះ​ពាល់​ប្រជា​ពល​រដ្ឋ ដែល​រស់​នៅ​តាម​តំបន់​ជាប់មាត់​ស្ទឹង ឬ​តាម​សណ្ត​មាត់ស្ទឹង​តែ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា៖ «បើ​សិន​ជា​មិន​មាន​ភ្លៀ​ងទេ​ ពីរ​ បី​ថ្ងៃ​ទៀត​ វា​អាច​នឹង​វិល​ទៅ​រក​ស្ថាន​ភាព​ដើម​ បាន​ន័យ​ថា​ទឹក​នឹង​ស្រក​អស់...»។

នៅ​ថ្ងៃ​អង្គារ​នេះ ក្រសួង​ធន​ធាន​ទឹកនិ​ង​ឧតុ​និយម បាន​ឲ្យ​ដឹង​ដែរ​ថា​ កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិ​ពល​ជា​បន្ត​បន្ទាប់​ ដែល​នៅ​ថ្ងៃទី​២៧ និ​ង២៨ ខែ​តុលា នឹង​ទទួល​រង​សម្ពាធ​ទាប។ ចំណែក​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ដល់​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា នឹង​ទទួល​រង​ឥទ្ធិ​ពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ ដែល​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​បង្គួរ​ទៅ​ខ្លាំង​ លាយ​ឡំ​ខ្យល់​កន្ត្រាក់ ដែល​អាច​បង្ក​ជា​ជំនន់​ទឹក​ភ្លៀង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក ចាន់​ យុត្ថា រដ្ឋលេខា​ធិការ​ក្រសួង​ធនធានទឹក និង​លោក​ អ៊ុំ រីណា ប្រធាន​នាយកដ្ឋាន​ឧតុនិយម ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​នៅ​ឡើយ​ទេ។

លោក ហេង គឹមហុង ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា ​(Cambodian Youth Network)​ ហៅ​កាត់​ថា CYN បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ការ​វិវឌ្ឍ​នៃ​ទឹក​ជំនន់ នា​ពេលបច្ចុប្បន្ននេះ ខណៈ​លោក​យល់​ថា​ ទឹក​ជំនន់​នេះ ​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្លា​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរ​ដ្ឋ ជា​ពិសេស​លំនៅដ្ឋាន សេដ្ឋ​កិច្ច​ ការងារ ទ្រព្យ​សម្បត្តិ និង​អាច​បង្ក​ឲ្យ​មាន​ជំងឺ​រាត​ត្បាត​បាន​ទៀតផង។ លោក​សង្កេត​ឃើញ​ថា ​តំបន់​ដែល​កំពុង​រង​ទឹក​ជំនន់​នេះ​ ជា​តំបន់​ដែល​ធ្លាប់​លុប​បឹង ហើយ​ដែល​កំពុង​នឹង​រៀប​ចំ​ក្នុង​ការ​អភិវឌ្ឍ​ពី​តំបន់​ផ្ទៃ​បឹង​ទំនាបដែល​អាច​ស្តុក​ទឹក​បាន ទៅជា​តំបន់​អភិវឌ្ឍ ដោយ​មាន​ការ​ចាក់​បំពេញ​ដី ដើម្បី​សាង​សង់​លំនៅ​ដ្ឋាន ​បុរី និង​អគារ​ជា​ដើម។

លោក​បញ្ជាក់​ថា​៖ «​ការ​អភិវឌ្ឍ​មួយ​ចំនួន​ ប្រសិន​បើ​យើង​អត់​មាន​ការ​រៀប​ចំ​ប្រព័ន្ធ​រំដោះ​ទឹក​ធម្មជាតិ​ ឬ​ក៏​រៀប​ចំ​ប្រព័ន្ធ​ធរណី​មាត្រ ​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​គ្រោះ​ធម្មជាតិ​ទេ​ នៅ​ពេល​ដែល​ទឹក​មាន​កំណើន​ខ្ពស់​ វា​លំបាក​ក្នុ​ងការ​រំដោះ​ចេញ​ទៅ​កន្លែង​ផ្សេង​ ដូច្នេះ​ហើយ​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ចាស់​ៗ បាន​ន័យ​ថា​តំបន់​ពី​មុន​ៗ​មក​ដែល​ធ្លាប់​ជា​ទី​ទួល​អាច​ក្លាយ​ជា​តំបន់​ទាប​ ហើយ​អាច​រង​ផល​ប៉ះពាល់​ក្លាយ​ទៅជា​ទឹក​ជំនន់​អី​ជា​ដើម»។

លោក ហេង គឹមហុង ​បញ្ជាក់​បន្ថែម​ថា​ ការ​អភិវឌ្ឍ​គួរ​តែ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់​ពី​ការ​បង្កើត​ប្រព័ន្ធ​រំដោះ​ទឹក ជា​ពិសេស​នៅ​តាម​តំបន់​ដែល​មា​ន​ទឹក​ទាប និងតំបន់​បឹង​ជា​ដើម៕