ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានបង្ហាញមតិចម្រុះជុំវិញការបដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប មិនឱ្យគណបក្សភ្លើងទៀន ចូលរួមការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។ ពួកគេខ្លះយល់ស្របនឹងការសម្រេចរបស់ស្ថាប័នរៀបចំការបោះឆ្នោត។ ចំណែកអ្នកខ្លះទៀតអះអាងថាស្ថាប័នគ.ជ.ប គួរតែអនុញ្ញាតឱ្យគណបក្សភ្លើងទៀនបានចូលរួមការបោះឆ្នោត។
លោក ឈន់ ម៉េងហេង អាយុ២២ឆ្នាំ លើកឡើងថា នៅក្នុងការចុះឈ្មោះបោះឆ្នោត គណបក្សគួរតែមានឯកសារ និងបំពេញលក្ខខណ្ឌត្រឹមត្រូវតាមច្បាប់។ លោកយល់ថា ការសម្រេចរបស់ គ.ជ.ប បដិសេធចុះបញ្ជីគណបក្សភ្លើងទៀនជារឿងត្រឹមត្រូវ។

លោក ឈន់ ម៉េងហេង អាយុ២២ ឆ្នាំ និស្សិតឆ្នាំទី៤ ជំនាញនីតិសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ផ្តល់កិច្ចសម្ភាសន៍ដល់វីអូអេ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
លោកថ្លែងថា៖ «ដើម្បីចុះឈ្មោះបោះឆ្នោតមួយត្រូវមានលក្ខខណ្ឌតាមច្បាប់ គ្រប់គ្រាន់តាមច្បាប់ អ៊ីចឹងបើគណបក្សភ្លើងទៀនគាត់អត់មានឯកសារគ្រប់គ្រាន់តាមផ្លូវច្បាប់ទេ គ.ជ.ប អាចបដិសេធចោលហ្នឹងជាការត្រឹមត្រូវ»។
និស្សិតឆ្នាំទី៤ ជំនាញនីតិសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចរូបនេះបន្តថា ការបដិសេធមិនឱ្យគណបក្សភ្លើងទៀនឈរឈ្មោះបោះឆ្នោតមិនមានប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជានោះទេ ដោយសារច្បាប់បានផ្តល់អំណាចឱ្យគ.ជ.ប ក្នុងការបដិសេធគណបក្សនយោបាយណាដែលមិនផ្តល់ឯកសារគ្រប់គ្រាន់សម្រាប់ចុះបញ្ជីឈរឈ្មោះបោះឆ្នោត។
លោកបន្តថា៖ «ចំពោះលទ្ធិប្រជាធិបតេយ្យ វាមិនប៉ះពាល់ទាំងស្រុងទេចំពោះគណបក្សមួយ។ យើងដឹងថា គណបក្សយើងត្រូវឈរឈ្មោះបោះឆ្នោតហើយ តែគាត់អត់មានយកឯកសារគ្រប់គ្រាន់ទៅដាក់ឱ្យ គ.ជ.ប ទេ។ អ៊ីចឹង គ.ជ.ប គាត់មានសិទ្ធិ ច្បាប់មានផ្តល់អំណាចឱ្យគាត់ដើម្បីបដិសេធគណបក្សណាមួយមិនឱ្យឈរឈ្មោះបោះឆ្នោតបាន»។
កំពុងអង្គុយចាំភ្ញៀវលើ Passapp មួយ លោក ថាប់ សុគន្ធា មានមតិផ្ទុយនឹងនិស្សិតខាងលើ។ លោកថ្លែងថា គណបក្សភ្លើងទៀនធ្លាប់ឈរឈ្មោះបោះឆ្នោតម្តងរួចទៅហើយ កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កន្លងទៅ ដូចេ្នះហើយលោកមានចម្ងល់ទៅលើការបដិសេធរបស់ស្ថាប័ន គ.ជ.ប ដែលមិនអនុញ្ញាតឲ្យ គណបក្សភ្លើងទៀនចុះបញ្ជី។
លោក ថាប់ សុគន្ធា អាយុ៥០ឆ្នាំ ជាអ្នកបើកបរ Passapp នៅផ្សារកណ្តាលក្នុងរាជធានីភ្នំពេញ ផ្តល់កិច្ចសម្ភាសន៍ដល់វីអូអេ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
លោកប្រាប់វីអូអេនៅថ្ងៃអង្គារថា៖ «សម្រាប់ពូជាពលរដ្ឋសាមញ្ញ ពូមិនទៅជំទាស់ផ្លូវច្បាប់ទេ ប៉ុន្តែគ្រាន់តែយើងក្រឡេកក្រោយថា ការបោះឆ្នោត ២ដងកន្លងទៅ ម៉េចក៏អនុញ្ញាត លើកហ្នឹងហេតុអីមិនអនុញ្ញាត គ្រាន់តែប៉ុណ្ណឹងពូអត់មានចម្ងល់អីទេ។ បើថាច្បាប់គេបដិសេធហើយ ពូគ្រាន់តែហួសចិត្តតែប៉ុណ្ណឹងទេ»។
បុរសវ័យ ៥០ឆ្នាំរូបនេះបន្ថែមថា ប្រទេសកម្ពុជាជាប្រទេសដែលប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចបានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយលោកធ្លាប់បានរំពឹងថា ការបោះឆ្នោតថ្នាក់ជាតិខាងមុខនឹងមានគណបក្សប្រឆាំងមួយ ដែលអាចតទល់ជាមួយនឹងគណបក្សកាន់អំណាច ប៉ុន្តែបែរជាត្រូវសោកស្តាយ ក្រោយគណបក្សភ្លើងទៀនត្រូវបានបដិសេធចុះឈ្មោះដោយ គ.ជ.ប។
លោកថ្លែងថា៖ «ពីមុនពូរំពឹងដោយសារតែមានគណបក្សប្រឆាំងមួយពិតប្រាកដ ដែលពូគិតថាវាមិនសេរីពហុបក្ស ១០០ភាគរយមែន ប៉ុន្តែយើងអាចមានគណបក្សប្រឆាំងពិតប្រាកដ។ ហើយក្រៅពីនោះជាគណបក្ស គេឱ្យធ្វើម៉េចនោះជារឿងរបស់គេ។ សម្រាប់ពូវាសោកស្តាយ គ្រាន់តែចូលរួមសោកស្តាយតែប៉ុណ្ណឹងទេ»។
លោកក៏បញ្ជាក់ដែរថា សម្រាប់ការបោះឆ្នោតខាងមុខនេះ លោកនឹងមិនទៅបោះឆ្នោតទេ ដោយសារតែលោកយល់ថាមិនមានសេរីពហុបក្សត្រឹមត្រូវ។
លោក ជុន ណារ៉ូ អាយុ ២៦ ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនមួយក្នុងរាជធានីភ្នំពេញ ផ្តល់កិច្ចសម្ភាសន៍ដល់វីអូអេ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ចំណែក លោក ជុន ណារ៉ូ អាយុ ២៦ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនមួយក្នុងរាជធានីភ្នំពេញ បានលើកឡើងថា ការបដិសេធមិនឱ្យគណបក្សភ្លើងទៀនឈរឈ្មោះបោះឆ្នោតអាណត្តិទី៧ ឆ្នាំ២០២៣នេះ បង្ហាញពីភាពចុះខ្សោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយការបោះឆ្នោតនាខាងមុខនេះ និងមិនមានភាពប្រសើរឡើយ។
លោកថ្លែងថា៖ «ខ្ញុំគិតថាមិនល្អសម្រាប់ប្រជាជនយើងដែលមានសិទ្ធិបោះឆ្នោត ហើយបែរជាអត់មានគណបក្សមួយដែលអាចប្រកួតប្រជែងជាមួយគ្នាបាន»។
អ្នកស្រី សែម សុភី អាយុ ៤៤ ឆ្នាំ ជាជាងកាត់ដេរម្នាក់នៅផ្សារទួលគោកក្នុងរាជធានីភ្នំពេញ ផ្តល់កិច្ចសម្ភាសន៍ដល់វីអូអេ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ពលរដ្ឋម្នាក់ទៀត អ្នកស្រី សែម សូភី អាយុ៤៤ឆ្នាំ ប្រាប់វីអូអេថា ប្រជាពលរដ្ឋមានសិទ្ធិ និងកាតព្វកិច្ចបោះឆ្នោតឱ្យគណបក្សណាមួយដែលខ្លួនពេញចិត្ត បើទោះបីជាមិនមានគណបក្សភ្លើងទៀនក្ដី។
អ្នកស្រីថ្លែងថា៖ «បងបោះគ្រប់អាណត្តិ ព្រោះបងបំពេញតួនាទីជាប្រជាពលរដ្ឋល្អ បងស្រឡាញ់ខាងណាបងបោះឱ្យខាងហ្នឹង បងអត់ដែលខានទេ សូម្បីភូមិឃុំសង្កាត់ក៏ដោយ»។
សម្រាប់ កញ្ញា ជឹម សំណាង អាយុ៣៧ឆ្នាំ បានលើកឡើងថា ការបដិសេធរបស់ គ.ជ.ប មិនចុះបញ្ជីឈរឈ្មោះគណបក្សភ្លើងទៀន បង្ហាញពីភាពលម្អៀងរបស់ គ.ជ.ប ដែលដឹកនាំទាំងស្រុងដោយអ្នកមានអតីតភាពជាមួយគណបក្សប្រជាជនកម្ពុជា និងការខ្លាចរអាគូប្រកួតប្រជែងទាំងដែលមិនទាន់ឡើងសង្វៀនប្រយុទ្ធផង។ កញ្ញាមើលឃើញថា លទ្ធិប្រជាធិបតេយ្យកាន់តែរួមតូច បន្ទាប់ពីមានការប្រើប្រាស់អំណាចរំលាយគណបក្សប្រឆាំងដ៏ធំមួយកាលពីចុងឆ្នាំ២០១៧។
កញ្ញាថ្លែងថា៖ «ខ្ញុំមើលឃើញថា រាជរដ្ឋាភិបាលរបស់យើងបច្ចុប្បន្នហ្នឹងហាក់បីដូចជាខ្លាចរអា ឬមួយក៏មិនហ៊ានឱ្យគណបក្សប្រឆាំងគាត់ចូលរួមប្រកួត ឱ្យបានគ្រប់គណបក្សប្រឆាំងទាំងអស់ ខណៈគណបក្សប្រឆាំងខ្លះគាត់អាចចុះឈ្មោះបាន គណបក្សប្រឆាំងខ្លះទៀតគាត់អត់អាចចុះឈ្មោះបានទេ ចឹងមានន័យថាហាក់ដូចជាគាត់ខ្លាចរអាមុនចូលសង្វៀនប្រកួតទៀត»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរបស់គ.ជ.ប បាននៅឡើយទេ។
ការបដិសេធរបស់គ.ជ.ប ក្នុងការចុះបញ្ជីគណបក្សភ្លើងទៀនត្រូវបានសហភាពអឺរ៉ុបបញ្ជាក់ថាគឺជាសញ្ញាបារម្ភមួយទៀតនៃការរួមតូចនៃសេរីភាពសម្រាប់គណបក្សនយោបាយក្នុងការប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ។
សហភាពអឺរ៉ុបបញ្ជាក់ថា៖ «ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យទាមទារការប្រកួតប្រជែងនយោបាយដោយចំហ មានការចូលរួមពីគ្រប់ភាគី និងអាចទុកចិត្តបាន ហើយប្រជាពលរដ្ឋត្រូវបានអនុញ្ញាតក្នុងការជ្រើសរើសតំណាងពួកគេដោយសេរី»។
គួរបញ្ជាក់ថា គណបក្សភ្លើងទៀនជាគណបក្សជំទាស់ដ៏ធំមួយ និងធ្លាប់ទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋជាង១លាន ៦សែននាក់ កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាខែមិថុនា ឆ្នាំ២០២២៕