ក្រុមប្រជាពលរដ្ឋជិត៣០នាក់ តំណាងឱ្យពលរដ្ឋជាង១០០គ្រួសារក្នុងទំនាស់ដីធ្លីមួយ ជាមួយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជាហៅកាត់ថា OCIC បាននាំយកញតិ្តដាក់ទៅរដ្ឋសភានាព្រឹកថ្ងៃពុធនេះ ទាមទារកិច្ចអន្តរាគមន៍ពីលោកហេង សំរិន ប្រធានរដ្ឋសភា ដើម្បីដោះស្រាយជម្លោះដីធ្លីដែលបានអូសបន្លាយពេលជិត១០ឆ្នាំ។
លោកជា សុផាត តំណាងប្រជាពលរដ្ឋជាង១០០គ្រួសារ ក្នុងទំនាស់ដីធ្លីលើផ្ទៃដីទំហំជាង១០០ហិកតា ស្ថិតក្នុងសង្កាត់បីនៃខណ្ឌជ្រោយចង្វារ គឺសង្កាត់ព្រែកតាសេក សង្កាត់ព្រែកលាភ និងសង្កាត់ជ្រោយចង្វារ។ លោកបានប្រាប់ VOA នៅព្រឹកថ្ងៃពុធនេះថា អភិបាលក្រុងភ្នំពេញចាស់ គឺលោកប៉ា សុជាតិវង្ស មិនបានផ្តល់ដំណោះស្រាយប្រកបដោយតម្លាភាពដល់ក្រុមប្រជាពលរដ្ឋជាង១០០គ្រួសារមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន OCIC នោះទេ។ លោកថា សាលាក្រុងព្យាយាមឲ្យប្រជាពលរដ្ឋទទួលយកសំណង១០ភាគរយនៃផ្ទៃដៃទាំងមូលដែលពួកគាត់កាន់កាប់។ ក៏ប៉ុន្តែប្រជាពលរដ្ឋក្នុងតំបន់ជម្លោះមិនអាចទទួលយកសំណងបែបនេះបានទេ។
លោកជា សុផាត តំណាងប្រជាពលរដ្ឋជាង១០០គ្រួសារនិយាយថា៖
«ឧទាហរណ៍ថា ដូចជានៅបឹងជើងឯកអីចឹង រឿងអីក៏ឯកឧត្តមប៉ា សុជាតិវង្សប្រគល់ដីដោយសន្យាថា នឹងឲ្យដីទៅម្ចាស់ដីហ្នឹង៦៥ភាគរយ សាលាក្រុងយកតែ៣៥ភាគរយទេ ដើម្បីធ្វើហេដ្ឋារចនាសម្ព័ន្ធ ហើយចំណែកឯពួកខ្ញុំនៅតំបន់ជ្រោយចង្វានេះវិញអីក៏អភ័ព្ទម្ល៉េះ!»
ក្រោយចេញពីសភាវិញ តំណាងពលរដ្ឋរូបនេះបានប្រាប់ក្រុមអ្នកសារព័ត៌មានថា អាជ្ញាធរពាក់ព័ន្ធត្រូវលើកយកជម្លោះរ៉ាំរ៉ៃនៅតំបន់ជ្រោយចង្វារនេះមកពិភាក្សាជាសាធារណៈ ដូចអ្វីដែលបានធ្វើឡើងនៅតំបន់ប៊ូឌីញ។
លោកជា សុផាត តំណាងប្រជាពលរដ្ឋជាង១០០គ្រួសារបន្តថា៖
«ចង់បានឲ្យក្រសួងដែនដីហ្នឹងយកបញ្ហាពួកខ្ញុំហ្នឹងមកដាក់លើតុ ធ្វើវេទិកាសាធារណៈមកថា តើប្រជាជនចង់បានអី? ថាតើក្រសួងដែនដីនគរូបនីយកម្មមានសមត្ថភាពក្នុងការដោះស្រាយឲ្យប្រជាជនហ្នឹងបែបម៉េចខ្លះ? ព្រោះពួកខ្ញុំមានគោលការណ៍ច្បាស់លាស់ណាស់។ ទីមួយបើអ្នកដែលមានផ្ទះគឺឆ្វៀលទុកឲ្យ។ ទីពីរអ្នកដែលមានដីអាស្រ័យផល អតីតស្រែចម្ការគឺទិញក្នុងតម្លៃទីផ្សារសេរី ដូចជាប៊ូឌីញអីអីចឹង មួយពាន់ប៉ុន្មានរយមួយការ៉េអីអីចឹងទៅ ឬក៏ខាងខ្ញុំមួយការ៉េត្រូវបានប៉ុន្មាន។ អានេះឲ្យកំណត់អីចឹងមក ឬបើយកដីឲ្យដូចបឹងជើងឯកអីចឹង បឹងជើងឯក៦៥ភាគរយប្រជាជន ហើយសាលាក្រុងយកតែ៣៥ភាគរយ»។
ញត្តិរបស់ប្រជាពលរដ្ឋ ដែលដាក់ជូនលោក ហេង សំរិន ប្រធានសភាជាតិ នៅព្រឹកថ្ងៃពុធនេះ ឱ្យដឹងថា ក្រុមប្រជាពលរដ្ឋបានស្នើសុំឲ្យលោកហេង សំរិន អន្តរាគមន៍ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បីជួយរកដំណោះស្រាយដោយយុត្តិធម៌ មានតម្លាភាពដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការអភិវឌ្ឍនេះ ហើយសុំឆ្វៀលដីលំនៅដ្ឋានតាមលក្ខណៈស្បែកខ្លា ពុំមានការបណ្តេញចេញ។ រីឯដីអាស្រ័យផលគឺដីស្រែចម្ការទិញតាមតម្លៃទីផ្សារសេរី ឬបើយកតាមគោលការណ៍ជើងឯក៦៥ភាគរយបានទៅម្ចាស់ដី សាលាក្រុង៣៥ភាគរយ និងសុំឲ្យក្រុមហ៊ុន OCIC ផ្អាកសកម្មភាពទាំងអស់នៅលើដី ដែលមិនទាន់បានដោះស្រាយ។ នេះមានន័យថា ក្រុមហ៊ុនមិនអាចលក់ ឬជួលនោះទេ។
ក្នុងញត្តិដដែល ក្រុមប្រជាពលរដ្ឋដែលជាប់គាំងក្នុងទំនាស់ជាមួយក្រុមហ៊ុន OCIC ក៏បានស្វែងរកក្តីអនុគ្រោះពីលោកហ៊ុន សែនឲ្យជួយដោះស្រាយនូវទុក្ខលំបាករបស់ពួកគាត់ផងដែរ។ ពួកគាត់សុំឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនជំរុញឲ្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ យកបញ្ហារបស់ពួកគាត់មកដោះស្រាយដោយមានតម្លាភាព ដូចក្រសួងរៀបចំដែនដីបានជួយដោះស្រាយដល់ប្រជាជននៅអគារប៊ូឌីញជាដើម។
អ្នកស្រី សួង ភារម្យ វ័យ៤៣ឆ្នាំ ក្នុងចំណោមពលរដ្ឋជិត៣០នាក់ ដែលមកដាក់ញ្ញត្តិនៅរដ្ឋសភា បានប្រាប់ VOA នៅមុខរដ្ឋសភាថា អ្នកស្រីចង់បានមកវិញនូវដីដែលឪពុកម្តាយរបស់អ្នកស្រីបន្សល់ទុកឲ្យ ដែលមានទំហំ១៤០០ម៉ែត្រការ៉េ ដើម្បីសង់ជាលំនៅដ្ឋានរស់នៅ។
អ្នកស្រី សួង ភារម្យថ្លែងថា៖
«ខ្ញុំសំណូមពរឲ្យសម្តេចតេជោ រាជរដ្ឋាភិបាលហ្នឹង ឲ្យលោកជួយ ហើយសាលារាជធានីក៏អីចឹងដែរ សូមឲ្យលោកជួយពួកខ្ញុំមក ទាំងដីអាស្រ័យផល ទាំងដីស្រែចម្ការពីមុន ទាំងដីលំនៅដ្ឋាន»។
អ្នកស្រីបន្ថែមថា ក្រុមហ៊ុន OCIC និងអាជ្ញាធរមូលដ្ឋានមិនបានផ្តល់ដំណឹងជាមុនដល់ប្រជាពលរដ្ឋអំពីផែនការអភិវឌ្ឍន៍ទេ ហើយក៏មិនដែលបើកកិច្ចពិគ្រោះយោបល់អំពីផលប៉ះពាល់នានា ដែលបង្កឡើងពីផែនការអភិវឌ្ឍន៍នេះឡើយ។ ជាងនេះទៀត អ្នកស្រីសួង ភារម្យបន្តថា អាជ្ញាធរមូលដ្ឋានក៏មិនដែលចេញមុខមកដោះស្រាយជម្លោះដីធ្លីនេះផងដែរ។
ក្រុមហ៊ុន OCIC បានកំពុងអភិវឌ្ឍក្រុងរណបក្នុងខណ្ឌជ្រោយចង្វារ ដែលមានផ្ទៃដីសរុបប្រមាណ៣៨៧ហិកតា។ គម្រោងអភិវឌ្ឍន៍នេះសិ្ថតនៅភាគខាងកើតទីក្រុងភ្នំពេញជាប់ច្រាំងខាងកើតផ្នែកខាងឆ្វេងនៃស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហើយបានចាប់ដំណើរការសាងសង់នៅឆ្នាំ២០១២។ នេះបើយោងតាមសេចក្តីពណ៌នានៅលើគេហទំព័ររបស់ក្រុមហ៊ុន OCIC។
លោកទូច សំណាង អនុប្រធានក្រុមហ៊ុន OCIC សុំមិនធ្វើការអធិប្បាយ ហើយបង្វែរសំណួរទៅខាងអាជ្ញាធរ។
«សុំឲ្យលោកទាក់ទងខាងអាជ្ញាធរ! អាជ្ញាធរដែលជាអ្នកដោះស្រាយបញ្ហាហ្នឹង»។
VOA ព្យាយាមសុំការអធិប្បាយពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលទើបត្រូវបានតែងតាំង តែមិនអាចទាក់ទងបានទេនាថ្ងៃពុធនេះ។ VOA ក៏មិនអាចទាក់ទងលោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ និងលោកសេង ឡូត អ្នកពាក្យក្រសួងរៀបចំដែនដីបានដែរ។
លោកឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា មានប្រសាសន៍ប្រាប់ VOA នៅរសៀលថ្ងៃពុធនេះថា គណៈកម្មការទីមួយទទួលបន្ទុកសិទ្ធិមនុស្ស ទទូលពាក្យបណ្តឹង និងអង្កេតនៃរដ្ឋសភា បានទទួលញត្តិពីតំណាងប្រជាពលរដ្ឋ។ លោកថា ប្រធានសភានឹងបញ្ជូនរាល់សំណូមពរទៅខាងរដ្ឋាភិបាលដើម្បីដោះស្រាយបន្ត។
«នីតិវិធីគឺគាត់នឹងបញ្ជូននែ៎ សំណូមពរ ឬក៏ញត្តិហ្នឹង ទៅក្រសួងពាក់ព័ន្ធ ទៅខាងរាជរដ្ឋាភិបាល ដើម្បីឲ្យរដ្ឋាភិបាលស្នើសុំឲ្យរដ្ឋាភិបាលដោះស្រាយបាទ»។
លោកសៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន មានប្រសាសន៍ថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាត្រូវពន្លឿនដោះស្រាយវិបត្តិដីធ្លីនៅតំបន់ជ្រោយចង្វារនេះ។ លោកប្រាប់ VOA បន្ថែមថា ការធ្លាក់សំឡេងឆ្នោតរបស់គណបក្សកាន់អំណាចនៅរាជធានីភ្នំពេញ កាលពីពេលបោះឆ្នោតឃុំ-សង្កាត់កន្លងមក គឺជាសម្ពាធមួយឲ្យគណបក្សកាន់អំណាចដោះស្រាយវិបត្តិដីធ្លីនានា ដែលនៅសេសសល់។
លោកសៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន មានប្រសាសន៍យ៉ាងដូច្នេះ៖
«នៅការបោះឆ្នោតឃុំ-សង្កាត់មក យើងឃើញថា គណបក្សកាន់អំណាចបានបាត់បង់កៅអី ដល់ទៅជាង៤០០អាសនៈ។ ដូច្នេះខ្ញុំគិតថា នេះវាជាបទពិសោធន៍មួយដែរ ដើម្បីធ្វើយ៉ាងណាឲ្យអ្នកដែលខាងគណបក្សកាន់អំណាចហ្នឹង ត្រូវតែយកចិត្តទុកដាក់។ បើមិនដូច្នោះទេ វាអាចនឹងមានបច្ច័យមិនល្អ នៅឆ្នាំ ២០១៨ទៀត ហើយ តាមការអង្កេតរបស់អង្គការសិទ្ធិលំនៅដ្ឋាន យើងឃើញហើយថា នៅក្នុងតំបន់សង្កាត់ដែលមានទំនាស់ដីធ្លី ដែលដោះស្រាយមិនល្អ ដូចជាបឹងកក់ បុរីកីឡា គឺត្រូវបានបាត់បង់កៅអីចៅសង្កាត់ហ្នឹងទៅខាងសង្គ្រោះជាតិ»។
លោកបន្ថែមថា អាជ្ញាធររាជធានីត្រូវបង្ហាញតម្លាភាពក្នុងកិច្ចការដោះស្រាយទំនាស់ដីធ្លីរបស់ពលរដ្ឋ ចៀសវាងពលរដ្ឋដែលកំពុងជាប់គាំងក្នុងវិបត្តិដីធ្លី ចោទប្រកាន់នូវភាពលម្អៀង។
លោកជា សុផាត តំណាងប្រជាពលរដ្ឋ និយាយថា លោកនឹងពិចារណាដាក់ពាក្យបណ្តឹងទៅស្ថាប័នតុលាការ ប្រសិនបើស្ថាប័នគ្រប់គ្រងដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងស្ថាប័នគ្រប់គ្រងដោយលោកហេង សំរិន បរាជ័យក្នុងការរកដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងសហគមន៍នៅសង្កាត់ព្រែកតាសេក សង្កាត់ព្រែកលាភ សង្កាត់ជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦អា៕