ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាពលរដ្ឋ​នៅ​បី​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ប្រឈម​នឹង​ការ​ជម្លៀស​ចេញ


រូបថត​ដែល​ថត​កាល​ពី​ថ្ងៃ​ទី​១១​ខែ​កក្កដា​​ឆ្នាំ​២០១១​នេះ បង្ហាញ​​ទិដ្ឋភាព​​ទូទៅ​នៃ​តំបន់​បឹងកក់​​ដែល​កំពុង​ត្រូវ​លុប​បំពេញ។
រូបថត​ដែល​ថត​កាល​ពី​ថ្ងៃ​ទី​១១​ខែ​កក្កដា​​ឆ្នាំ​២០១១​នេះ បង្ហាញ​​ទិដ្ឋភាព​​ទូទៅ​នៃ​តំបន់​បឹងកក់​​ដែល​កំពុង​ត្រូវ​លុប​បំពេញ។

ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​តែ​ប្រឈម​នឹង​ការ​ជម្លៀស​ចេញ​ពី​តំបន់​ដែល​ខ្លួន​ធ្លាប់​រស់។ យ៉ាង​ហោច​ណាស់​មាន​ប្រជា​ពលរដ្ឋ​នៅ​ភ្នំពេញ​ចំនួន​៧៦០​គ្រួសារ​ក្នុង​ខណ្ឌ​ចំនួន​ពីរ​ត្រូវ​បាន​ដឹង​ថា​អាច​នឹង​ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះសំបែង​ដែល​ពួក​គេ​បាន​រស់​នៅ​អស់​រយៈ​ពេល​លើស​ពី​ប្រាំ​ឆ្នាំ​ដែល​រយៈពេល​នេះ​ ច្បាប់​កំណត់​ផ្ដល់​កម្មសិទ្ធិ​ស្រប​ច្បាប់​ដល់​អ្នក​រស់​នៅ។ អាជ្ញាធរ​រាជធានី​ភ្នំពេញ​លើក​ហេតុផល​នៃ​ការ​បណ្តេញ​ចេញ​នេះ​ថា​គឺ​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ក្រុង​ និង​ដើម្បី​សោភ័ណ្ឌភាព​ និង​សណ្ដាប់​ធ្នាប់​ទីក្រុង។

អ្នកស្រី ទូច ​អៀង រស់​នៅ​ក្បែរ​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន​ ឬ​ស្ពាន​ជ្រោយចង្វារ​ក្នុង​សង្កាត់​ជ្រោយចង្វារ ​ខណ្ឌ​ឫស្សីកែវ ​តាំង​ពី​ឆ្នាំ​១៩៧៩។ គាត់​ហាក់​ដូចជា​កំពុង​ខ្វល់ខ្វាយ​ថា ​គ្រួសារ​របស់​គាត់​នឹង​ត្រូវ​បណ្ដេញ​ចេញ​ជាមួយ​នឹង​អ្នក​ភូមិ​ចំនួន​ជាង​៦០​គ្រួសារ​ទៀត​ក្នុង​ពេល​ខាង​មុខ​នេះ។ អង្គុយ​នៅ​មុខ​ផ្ទះ​កំពុង​ធ្វើ​ម្ហូប​ស្រ្ដី​ដែល​ជា​ម្ដាយ​ដែល​មាន​កូន​ប្រុស​ម្នាក់​ បាន​រៀបរាប់​ថា​ សាលា​រាជធានី​ភ្នំពេញ​បាន​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​នៅ​ទី​នេះ​ម្ដង​រួច​ហើយ​កាល​ពី​ខែ​សីហា។ គាត់​អះអាង​ថា​ គាត់​នឹង​មិន​ជំទាស់​ក្នុង​ការ​បណ្តេញ​ចេញ​ទេ​ ប៉ុន្តែ​អ្នក​ស្រី​ត្រូវការ​សំណង​មួយ​សម​ស្រប។

«គេ​អភិវឌ្ឍ​ហើយ​ក៏​ឲ្យ​លុយ​ខ្ញុំ​បាន​ទិញ​ផ្ទះ​នៅ​ ខ្ញុំ​នឹង​សុខ​ចិត្តចេញ​ តែ​បើ​អត់​បាន​លុយ​ទិញ​ផ្ទះ​នៅ ​អត់​សុខ​ចិត្ត​ចេញ​ទេ។ ខ្ញុំ​មាន​គម្រោង​ថា ​ត្រូវ​រក​កន្លែង​ណា​មួយ​ឲ្យ​រស់​នៅ​ឲ្យ​សមរម្យ​ មាន​ទឹក មាន​ភ្លើង​ សាលា​រៀនឲ្យ​កូន​រៀន​សូត្រ»។

សហគមន៍​របស់​អ្នក​ស្រី ​ទូច ​អៀង ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​បី​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​ប្រជុំជន​ក្រុង​ភ្នំពេញ។ ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​ទី​នេះ​បាន​សង់​ផ្ទះ​ថ្ម ​និង​ឈើ​លើ​ផ្ទៃ​ដី​ប្រហែល​ជា​៣៧៨​ហិកតា​ ដែល​លាត​សន្ធឹង​តាម​បណ្តោយ​ទន្លេ​សាប។

ទោះ​ជា​យ៉ាង​ណា​រហូត​មក​ទល់​ពេល​នេះ ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ​នៅ​មិន​ទាន់​ដឹង​ថា ​ពួក​ខ្លួន​នឹង​ត្រូវ​បណ្ដេញ​ចេញ​នៅ​ពេល​ណា​ ហើយ​តើ​ពួ​កគាត់​នឹង​ត្រូវ​ទទួល​បាន​សំណង​យ៉ាង​ដូចម្ដេច​នៅ​ឡើយ​ទេ។

«អត់​ដឹង​ហ្នឹង​ណាស់។ ចាំ​មើល។​ តែ​គេ​ថាឲ្យ​លុយ​មក។ ខ្ញុំ​ដើរ​រក​ទិញ​ផ្ទះ»។

នៅ​ចម្ងាយ​ពី​សហគមន៍​ជ្រោយ​ចង្វារ​ប្រមាណ​១០​គីឡូ​ម៉ែត្រ ​ប្រជាពលរដ្ឋ​ចំនួន​៧០០​គ្រួសារ​ ក្នុង​សង្កាត់​បឹងទំពន់​ ខ័ណ្ឌ​មានជ័យ​ក៏​ស្ថិត​ក្នុង​ស្ថានភាព​ដូច​គ្នា​ដែរ។ ប្រជាពលរដ្ឋ​ទាំង​នេះ​រស់​នៅ​ជា​របៀប​ហាក់​ដូច​ជា​សំណង់​ដែល​គ្មាន​សណ្ដាប់​ធ្នាប់។​ ផ្ទះ​ឈើ​តូចៗ ​និង​ផ្ទះ​ល្វែង​តូចៗ​ត្រូវ​បាន​សង់​នៅ​ជាប់​នឹង​មាត់​បឹង​ទំពន់​លើ​ផ្ទៃ​ដី​ប្រមាណ​២.៦០០​ហិកតា។​ បឹងទំពន់​ដែល​មាន​ទឹក​ពណ៌​ខ្មៅ​ និង​ក្លិន​ឆួល​គឺ​ជា​អាង​ស្រូប​ទឹក​ជំនន់​មួយ​ពី​ទី​ក្រុងភ្នំពេញ។

ក្រុម​ប្រជាពលរដ្ឋ​និង​មន្ដ្រី​អង្គការ​ឃ្លាំ​មើល​ការ​រំលោភ​ដី​ធ្លី​បាន​អះអាង​ថា​ ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​នឹង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ក្នុង​ពេល​អនាគត។​ ក៏​ប៉ុន្ដែ​ក្រុម​អ្នក​ភូមិ​ហាក់​ដូច​ជា​ស្ថិត​ក្នុង​ភាពស្រពិច​ស្រពិល។

អ្នក​ស្រី​ ស្រី ​លាប​ អាយុ​ ២៤​ឆ្នាំ​ ដែល​ជា​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​នោះ​បាន​រៀប​រាប់​ថា ​អាជ្ញាធរ​បាន​សើរ​រើ​បណ្ណ័​កម្ម​សិទ្ធិ​របស់​ក្រុម​ប្រជាពលរដ្ឋ ​ហើយ​គាត់​នៅ​មិន​ទាន់​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ក្លា​នៅ​ឡើយ។

ឯកសារ​ក្រុម​ការងារ​ពិសេស​សិទិ្ឋ​លំនៅ​ដ្ឋាន​បង្ហាញ​ថា ​មាន​ប្រជាពលរដ្ឋ​ជាង​៣០.០០០​គ្រួសារ ​ត្រូវ​បាន​ជម្លៀស​ចេញ​ក្នុង​ឆ្នាំ​២០១០។ ​ឯក​សារ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ជាង ១៥​០.០០០​គ្រួសារ ​ត្រូវ​បាន​ជម្លៀស​ចេញ​ គិត​ចាប់ ​តាំង​ពី ​ឆ្នាំ ​១៩៩០ ​មក​ដល់​ បច្ចុប្បន្ន។

ការ​ជម្លៀស​ចេញ​នេះ​ធ្វើ​ឡើង​ក្រោម​ហេតុ​ផល​នៃ​ការ​កែ​លម្អ​សោភណ្ឌ័ភាព​ និង​ការអភិវឌ្ឍ​ក្រុង​ភ្នំពេញ។ ក៏​ប៉ុន្ដែ​ក្រោយ​ពី​ការ​បណ្ដេញ​ចេញ ទី​តាំង​មួយ​ចំនួន​នៅ​ទំនេរ​ដោយ​គ្មាន​គម្រោង​អភិវឌ្ឍន៍​ណា​មួយ​ចាប់​ផ្ដើម​ទេ។

លោក​ សៀ ​ភារម្យ​ ជា​នាយក​លេខា​ធិការដា្ឋន​នៃ​ក្រុម​ការងារ​ពិសេស​សិទិ្ធ​លំនៅ​ដ្ឋាន​ បាន​និយាយ​ថា​ យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​នៅ​ទី​តាំង​ផ្សេង​គ្នា​ចំនួន​បី​កន្លែង​នៃ​រាជ​ធានី​ភ្នំពេញ​ត្រូវ​បាន​បញ្ដេញ​ចេញ ​និង​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​នៃ​ការ​បណ្តេញ​ចេញ​ចុង​ក្រោយ។​ តំបន់​ទាំង​នោះ​មាន​ សហ​គមន៍​បឹង​កក់​ដែល​ប្រជាពលរដ្ឋ​ជាង​៤.០០០​គ្រួសារ​ត្រូវ​បណ្ដេញ​ដោយ​មាន​ការ​តវ៉ា​យ៉ាង​ខ្លាំងក្លា​ដោយសារ​តែ​ពួក​គេ​អះអាង​ថា ​ទទួល​បាន​សំណង​មិន​សម​ស្រប។ បច្ចុប្បន្ន​អ្នក​ភូមិ​បឹង​កក់​ដែល​នៅ​សេស​សល់​ចំនួន​ជិត​៨០០​គ្រួសារ ​ត្រូវ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​បែង​ចែក​ដី​សម្រាប់​សង់​លំនៅ​ដ្ឋាន​តាម​ការ​ទាម​ទារ​របស់​ពួក​គេ។ ​ក៏​ប៉ុន្ដែ​ មាន​ប្រជាពលរដ្ឋ​ជាង​៦០​គ្រួសារ​ដែល​អះអាងថា​មិន​បាន​ទទួល​ចំណែក​ដី​ដូច​ការ​បញ្ជាក់​របស់​សាលា​រាជធានី​ភ្នំពេញ។ ក្រៅ​ពី​នោះ​ មាន​ប្រជាពលរដ្ឋ​ចំនួន​ពីរ​កន្លែង​ផ្សេង​ទៀត​ដែល​កំពុង​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​នៃ​ការ​បណ្ដេញ​ចេញ​ដែរ​គឺ​នៅ​ទំនប់​បឹង​ទំពន់​ និង​សហគម​ជ្រោយ​ចង្វារ។

លោក ​កែប​ ជុតិម៉ា​ អភិបាល​សាលា​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​វី​អី​អេ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ភាសាខ្មែរ​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កញ្ញា ថា ​ពុំ​ទាន់​មាន​គម្រោង​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​សហ​គមន៍​ថ្មី​ណា​មួយ​ក្រៅ​ពី​សហគមន៍​បឹង​កក់​នៅ​ឡើយ។​ ក៏​ប៉ុន្ដែ​លោក​ កែប​ ជុតិម៉ា​ បាន​បង្ហើប​ថា ​នឹង​មាន​ការ​សាង​សង់​ជា​ទី​ក្រុង​រ​ណប​នៅ​ទី​តាំង​ចំនួន​ពីរ​នៅ​ក្នុង​សហគមន៍​ដែល​ត្រូវ​បាន​លើក​ឡើង​ខាង​លើ​ គឺ​នៅ​ជ្រោយ​ចង្វារ​ និង​នៅ​បឹង​ទំពន់។

«បន្ទាប់​ពី​បឹង​កក់​មក​ យើង​ធ្វើ​នៅ​ជ្រោយ​ចង្វារ​ ដី​សាន់​វេ​ ដែល​ខ្ញុំ​បាន​ចុះ​ហត្ថ​លេខាកាល​ពី​ម្សិលមិញ។ ដី​សាន់​វេ​ហ្នឹងគឺ​ជា​ដី​ក្រុម​ហ៊ុន​រាជ​រដ្ឋាភិបាល​បាន​ប្រគល់​ឲ្យ​ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី​ របស់​ លោក​ឧក​ញ្ញ៉ា​ ពុង ​ខៀវ​សែល។​ គាត់​គិត​ធ្វើ​ជា​ទី​ក្រុង​រណប​មួយ​ទំនើប​ ណាស់។​ បឹង​ទំពន់​គិត​ថា​ អញ្ចឹង​ដែរ ​ប៉ុន្តែ​បឹង​ទំពន់​ដំណើរ​យឺត»។

លោក​ អ៊ូច ​ឡេង ដែល​ជា​ប្រធាន​ផ្នែក​ដី​ធ្លា​នៃ​សមាគម​អាដហុក បាន​ពិនិត្យ​ឃើញ​ថា​ បញ្ហា​ដែល​បាន​កើត​មាន​ក្នុង​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​ក្នុង​ពេល​កន្លង​មក ដោយសារ​រាជរដ្ឋាភិបាល​និង​ក្រុម​ហ៊ុន​ឯកជន​មិន​មាន​ការ​បើក​ឱកាស​ដល់​ប្រជាពលរដ្ឋជជែក​តវ៉ា​ដើម្បី​ធ្វើ​ការ​ដោះ​សា្រយ​ត​ទល់​ដោយ​ផ្ទាល់។ ​មន្ដ្រី​ឃ្លាំ​មើល​ការ​រំ​លោភ​ដី​ធ្លី​ដដែល​បាន​បន្ទោស​ការ​ខ្វះ​ការ​អភិវឌ្ឍ ហើយ​ការ​អភិវឌ្ឍ​របស់​អាជ្ញាធរ​ក្នុង​ពេល​បច្ចុប្បន្ន​បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ប្រជាពល​រដ្ឋ​ក្រី​ក្រ​ជា​ច្រើន។

«យើង​ឃើញ​ថា នៅ​តាម​សហគមន៍​នីមួយៗ​៩០ភាគរយ​គឺ​ប្រជាពល​រដ្ឋ​មិន​សុខ​ចិត្ត​ចេញ​ទេ។ គាត់​នៅ​ក្រាញ​ននៀល​នៅ​លើ​ដី​របស់​គាត់​ដដែល​ពី​ព្រោះ​រាជ​រដ្ឋា​ភិបាល​បាន​បណ្តេញ​ ពួក​គាត់​ចេញ​ឲ្យ​ទៅ​រស់​នៅ​តំបន់​ឆ្ងាយៗ​ពី​ទី​ក្រុង​ដែល​យក​ដី​ទៅ​ឲ្យ​ខាង​ក្រុម​ហ៊ុន។ ​ក្រុម​ហ៊ុន​ភាគ​ច្រើន​ដែល​ពាក់​ព័ន្ធ​ក្នុង​រឿង​នឹង​មាន​ដូចជា​ សូ​វេន​អ៊ិ​ចី ​សូ​កា​កូ​អ៊ិ​ន ​អូ​ស៊ី​អាយ​ស៊ី​ កា​ណា​ឌី​យ៉ា​ប៊ែង្គ»។

យ៉ាងណា​ក៏​ដោយ​ លោក​ អ៊ូច ​ឡេង​ បាន​កោត​សរសើរ​ចំពោះ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ​ក្រី​ក្រ​នៅ​បុរី​កីឡា​ថ្វី​បើ​ការ​អភិវឌ្ឍ​នៅ​ទី​នោះ​មិនមាន​ភាព​ពេញ​លេញ​ល្អ​អស់​រយៈ​ពេល​ ៧​ឆ្នាំ​មក​នេះ​ក្ដី​ ក៏​ប៉ុន្ដែ​វា​បាន​ជួយ​សម្រួល​ច្រើន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​តោក​យ៉ាក​ភាគ​ច្រើន​នៅ​ទី​នោះ។

លោក ​កែប​ ជុតិមា ​មាន​ប្រសាសន៍​ថា ​សាលា​រាជ​ធានី​ភ្នំពេញ​មាន​តួ​លេខ​ជាក់​លាក់​ពី​ចំនួន​ប្រជាពល​រដ្ឋ​ដែល​ស្ថិត​ក្នុង​តំបន់​គម្រោង​អភិវឌ្ឍ​ជ្រោយ​ចង្វារ ​និង​នៅ​បឹង​ទំពន់​សម្រាប់​ធ្វើ​ការ​ដោះស្រាយ ​ក៏​ប៉ុន្ដែ​ផ្ទៃ​ដី​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​កម្ម​សិទ្ធិ​នា​នា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ស្មុគ្រ​ស្មាញ។

«ខ្ញុំ​គិត​ថា ​ជា​គ្រួសារ​ដែល​មាន​ទី​លំ​នៅ​ហឹ្នង​មិន​ច្រើន​ទេ​ ប៉ុន្តែ​ អី្វ​ដែល​ច្រើន​គឺ​ដី។​ ដី​ដែល​អ្នក​នៅ ​កន្លែង​ផ្សេង​គាត់​ទៅ​ទិញ»។

វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ផ្នែក​ភាសាខ្មែរ​មិន​អាច​ទាក់​ទង​មន្ដ្រី​ជំនាញ​នៃ​សាលា​រាជធានី​ភ្នំពេញ​បំភ្លឺ​បាន​ទេ។

លោក​អំ ​សំអាត​ អ្នក​គ្រប់​គ្រង​បច្ចេក​ទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការ​ពារ​សិទិ្ធ​មនុស្ស​លីកាដូ ​បាន​បញ្ជាក់​ថា ​ការ​បណ្ដេញ​ចេញ​មិន​សម​ស្រប​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​ក្រី​ក្រ​ជួប​បញ្ហា​ជា​ច្រើន។

«ការ​បង្ខំ​បណ្តេញ​ចេញ​ម្តងៗ​គឺ​ជួប​បញ្ហា​ច្រើន​ណាស់។ ទី​១​គាត់​បាត់​បង់​ប្រាក់​ចំណូល​គ្រួសារ​ពី​ព្រោះ​ គាត់​រវល់​តែ​ត​វ៉ា។ ទី២​ កូន​ចៅ​គាត់ ​បាត់​បង់​ការ​សិក្សា​ ពី​ព្រោះ​ រ​វល់​តែ​ជួយ​គាត់​ត​វ៉ា ហើយ​មួយ​ទៀត ​ពួក​គាត់​ដែល​ជា​តំណាងៗហ្នឹង​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​របស់​អាជ្ញាធរ​ពី​ព្រោះ​គេ​គិត​ថា​ ពួក​អ្នក​តំណាង​នឹង​ជា​មេ​អ្នក​បះ​បោល​ អញ្ចឹង​ទៅ​គេ​អាច​ចោទ​ប្រកាន់​ពួក​គាត់​ពី​បទ​នេះ​បទ​នោះ​ រឺ​ក៏​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​ទៀត​ពី​តុលា​ការ»។

បើ​ទោះ​បី​ជា​ស្ថិត​ក្នុង​ការ​មិន​ពេញ​ចិត្ត​ក៏​ដោយ​ ក៏​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ត្រូវ​បាន​ផ្ដល់​ដី​សម្រាប់​សង់​លំនៅ​ដ្ឋាន​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​ទី​កន្លែង​ដែល​ពួក​គេ​ធ្លាប់​រស់​នៅ​រហូត​ដល់​ជាង​ ២០​គីឡូ​ម៉ែត។

លោក​ សៀ ​ភារម្យ ​ជា​នាយក​លេខាធិការ​ដា្ឋន​នៃ​ក្រុម​ការងារ​ពិសេស​សិទិ្ឋ​លំនៅ​ដ្ឋាន​ លើក​ឡើង​ថា ​ប្រជាពល​រដ្ឋ​ដែល​ត្រូវ​បាន​យក​ទៅ​ដាក់​ឲ្យ​តាំង​លំនៅ​ដ្ឋាន​នៅ​កន្លែង​ថ្មី​នៅ​តែ​ប្រឈមនឹង​បញ្ហា​ជា​ច្រើន​ចាប់​តាំង​ពី​មាន​ការ​បណ្ដេញ​ចេញ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។ បញ្ហា​ទាំង​នេះ​រួម​មាន​ប្រព័ន្ឋ​ទឹក​ស្អាត ភើ្លង​ បញ្ហា​សុខភាព​ ការ​អប់រំ ​និង​ការ​ពិបាក​ក្នុង​ការប្រកប​មុខ​របរ ​ដែល​ជា​បញ្ហា​ប្រឈមខ្ពស់​បំផុត៕

XS
SM
MD
LG