គណបក្សជំទាស់យល់ថាការបង្ហោះខ្សែអាត់សំឡេងតាមបណ្ដាញសង្គមដែលចោទប្រកាន់ថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះមានទំនាក់ទំនងផ្លូវភេទជាមួយស្ត្រីម្នាក់គឺគ្រាន់តែជា«ល្បិចនយោបាយកខ្វក់» ហើយវានឹងមិនមានផលអ្វីប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្សជំទាស់នោះទេ។
កាលពីថ្ងៃច័ន្ទកន្លងមកនេះខ្សែអាត់សំឡេង ដែលគេចោទថាជា សំឡេងពិត របស់លោក កឹម សុខានិង ស្ត្រីវ័យក្មេងម្នាក់ ត្រូវបានគេបង្ហោះក្នុងហ្វេសប៊ុក ទើបនឹងបង្កើតថ្មី មានឈ្មោះថា Mon Srey។ ស្ត្រីដែលអះអាងថាខ្លួនមានទំនាក់់ទំនងផ្លូវភេទជាមួយនឹងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនោះបានបង្ហោះ ខ្សែអាត់សំឡេងជាបន្តបន្ទាប់។ ខ្សែអាត់សំឡេងសន្ទនាជាច្រើនផ្សេងទៀត រួមទាំងអត្ថបទសន្ទនា ក៏ត្រូវបានគេផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកផ្សេងទៀតដែលមានឈ្មោះថា «រឿងពិត CNRP»។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានប្រាប់ VOA នាថ្ងៃពុធនេះថាល្បិចនយោបាយដដែលៗបែបនេះគឺមិនមានអ្វីគួរឲ្យយកចិត្តទុក្ខដាក់សម្រាប់គណបក្សសង្គ្រោះជាតិនោះទេ ហើយអ្វីដែលគណបក្សសង្គ្រោះជាតិ នឹងធ្វើនោះគឺរៀបចំ ខ្លួនដើម្បីចូលរួមការបោះឆ្នោតខាងមុខ។
«គោលជំហររបស់គណបក្សសង្គ្រោះជាតិដូចខ្ញុំធ្លាប់បានបញ្ជាក់គឺយើងយកផ្តោតអារម្មណ៍ ទៅលើដំណើរឆ្ពោះទៅ រកការបោះឆ្នោត ដើម្បី នាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន។ ដូច្នេះពេលវេលានៅសល់មួយឆ្នាំហ្នឹងគឺយើងមមាញឹកមែនទែន ហើយមិនបានយកចិត្តទុកដាក់ទៅលើរឿងនេះទេ បាទ!»។
អ្នកនាំពាក្យរូបនេះបន្តថាការបង្ហោះខ្សែអាត់សំឡេងនិងឯកសារលើបណ្តាញសង្គមនោះគឺគ្មានអ្វីជាសំអាងក្នុងផ្លូវច្បាប់នោះដែរ។ ហើយគណបក្សសង្គ្រោះជាតិក៏មិនចង់ចំណាយពេលវេលា ក្នុងការដាក់ពាក្យបណ្តឹងដើម្បីវែកញែករកការពិតអ្វីនោះដែរ។
ស្រដៀងគ្នានោះដែរ កាលពីពាក់កណ្តាលឆ្នាំ២០១៣ មិនប៉ុន្មានខែមុនពេលបោះឆ្នោតក្នុងប្រទេសកម្ពុជា ស្ត្រីវ័យកណ្តាលម្នាក់បានចេញមុខអះអាង ថាខ្លួនជាស្រីកំណាន់របស់លោក កឹម សុខា។ ស្ត្រីរូបនោះនិងម្តាយបានចេញមុខធ្វើការ ការតវ៉ា នៅមុខគណបក្សសង្គ្រោះជាតិនិងដាក់ពាក្យបណ្តឹងដើម្បីឲ្យលោក កឹម សុខា ទទួលខុសត្រូវនិងជួយផ្គត់ផ្គង់ជីវភាពរស់នៅរបស់ពួកគាត់និងកូន។ យ៉ាងណាក៏ដោយការទាមទារ នេះបានស្ងប់ស្ងាត់ទៅវិញ ក្រោយការបោះឆ្នោត។
លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យដឹងផងដែរថានេះគឺជាការខំប្រឹងប្រែង បង្ខូចកេរ្តិ៍ឈ្មោះរបស់លោកកឹម សុខាទាក់ទិននឹងរឿងអាស្រូវផ្លូវភេទបែបនេះ គឺមិនបានធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយ៍ភាពនិងដំណើរការរបស់គណបក្សជំទាស់នោះទេ។
«មិនមែនជាលើកទីពីរនោះទេបាទ! មានទាំងពីរឿងជុំ ម៉ី ដែលគាត់ចង់ស្វែងរកការពិត ហើយឥឡូវនេះគឺមានទាំងនាង ធី សុវណ្ណថា ចង់រកការពិត បន្ទាប់មកមានស្អីផ្សេងទៀតៗ ហូរហែរ ដូច្នោះមិនមែនជាលើកទី១ ជារឿងដដែលៗ។ រឿងមួយទៀត ខ្ញុំទទួលព័ត៌មាន គេតេ មកសួរច្រើន គេថាព័ត៌មានហ្នឹងគឺកំពុងតែពុះកញ្ជ្រោលខ្លាំង ខ្ញុំថា ពុះកញ្ជ្រោលតែកន្លែងដែលពុះកញ្ជ្រោល តែគណបក្សសង្គ្រោះជាតិនៅតែធ្វើការធម្មតាដដែល ហើយការងារនៅតែទៅមុខដដែល បាទ!»។
ក្នុងខ្សែអាត់ សន្ទនាមួយដែលគេចែកចាយ ក្នុងបណ្តាញហ្វេសប៊ុក ស្ត្រីម្នាក់ឈ្មោះ «អាមុំ» ដែលមានអះអាងខ្លួនជាស្រីកំណាន់លោក កឹម សុខានោះ បានចោទលោក កឹម សុខា មានទំនាក់ទំនងផ្លូវភេទជាមួយ ធី សុវណ្ណថា និងបានទិញរថយន្តទំនើបឲ្យនាងផងដែរ។ តបនិងការចែកចាយ នាង ធី សុវណ្ណថា ដែលគេស្គាល់ថាជាសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ បានប្រកាសដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃអង្គារកន្លងទៅ ដើម្បីស្វែងរកម្ចាស់សំឡេងនិង អ្នកបង្ហោះសំឡេងនោះផងដែរ។
VOA មិនអាចទំនាក់ទំនងនាង ធី សុវណ្ណថា ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបាននោះទេនាថ្ងៃពុធនេះ។
លោក កែម ឡី អ្នកស្រាវជ្រាវនិងវិភាគសង្គម យល់ថា វាពិបាកក្នុងការ កំណត់ពីការពិតចំពោះខ្សែអាត់សំឡេង ដែលគេចែកចាយតាមបណ្តាញ សង្គមហ្វេសប៊ុកនោះ ហើយលោកក៏ យល់ថានេះជា ល្បិចខ្មៅកខ្វក់ដើម្បីកេងចំណេញនយោបាយមុនពេលការបោះឆ្នោតខាងមុខ។
«ខ្ញុំមើលទម្រង់នយោបាយនៅស្រុកខែ្មរគឺគេហៅ «Dirty Politics ទម្រង់នយោបាយអាក្រក់» ហ្អា! ក្រៅពីធ្វើរដ្ឋប្រហារ ក្រៅសម្លាប់ក្រៅប្រព័ន្ធនយោបាយ ក្រៅពីចាប់ដាក់ពន្ធនាគារ ក្រៅពីគំរាមកំហែង ក្រៅពីការប្រើប្រាស់ពាក្យអសីលធម៌ គឺទម្រង់នយោបាយមួយទៀត អាក្រក់ទៀតគឺព្យាយាមកកូកកាយរឿងបុគ្គលច្រើន។ ខ្ញុំមើលទៅគឺវា ពិបាកណាស់»។
អ្នកវិភាគដដែលយល់ថាប្រសិនបើមានការលួចថតសំឡេងនិងតាមដានឯកជនភាព តាមទូរស័ព្ទបែបនេះគឺជារឿងខុសច្បាប់និង «អសីលធម៌» មួយដែលគួរត្រូវបាន ចាប់មកផ្តន្ទាទោស តាមច្បាប់។
ការចែកចាយសំឡេង ដែលចោទថាជាសំឡេងរបស់លោក កឹម សុខា និងនារីវ័យក្មេងតាមហ្វេសប៊ុកនេះ កើតមានឡើងមិនប៉ុន្មានខែបន្ទាប់ពីគណបក្សជំទាស់សង្គ្រោះជាតិ រងការវាយប្រហារជាបន្តបន្ទាប់។ ក្នុងនោះតំណាងរាស្ត្រពីររូបរបស់គណបក្សនេះ ត្រូវបានគេវាយដំនៅមុខស្ថាប័នរបស់ខ្លួន ហើយប្រធានស្តីទីគណបក្សដដែលគឺ លោក កឹម សុខា ត្រូវបានសភាដែលមានតែតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា បោះឆ្នោតទម្លាក់ចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភា៕