សមាជិកសភាខាងគណបក្សសាធារណរដ្ឋ តាំងចិត្តថា នឹងតបតនឹងបទបញ្ជានិតិប្រតិបត្តិរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលអាចអនុញ្ញាតឲ្យជនអន្តោប្រវេសន៍គ្មានសំបុត្រស្នាម រាប់លាននាក់ ជៀសផុតពីការបណ្តេញចេញពីសរអា។ លោកប្រធានាធិបតី បានធ្វើសេចក្តីប្រកាស កាលពីយប់ថ្ងៃព្រហស្សតិ៍ ស្តីពីការកែទម្រង់ ច្បាប់អន្តោប្រវេសន៍យ៉ាងធំធេង ហើយសមាជិកនៃគណបក្សសាធារណរដ្ឋ នៅក្នុងសភាសរអាទាំងពីរ បានសម្តែងនូវការខឹងសម្បារយ៉ាងខ្លាំង។
សមាជិកសភានៃគណបក្សសាធារណរដ្ឋ ខឹងក្រេវក្រោធ សូម្បីតែនៅមុនពេលលោកប្រធានាធិបតី អូបាម៉ា ធ្វើសេចក្តីប្រកាសជាផ្លូវការ ដែលគេរំពឹងថា នឹងរារាំងដល់ការបញ្ជូនជនអន្តោប្រវេសន៍ រាប់លាននាក់ ដែលគ្មានក្រដាសស្នាម ហើយដែលជាឪពុកម្តាយរបស់កូនក្មេង ដែលមានសញ្ជាត្តិអាមេរិកនោះ ចេញពីប្រទេសអាមេរិក។ មេដឹកនាំព្រឹទ្ធសភាសម្លេងភាគតិចខាងគណបក្សសាធារណរដ្ឋ លោក Mitch McConnell នឹងក្លាយជាមេដឹកនាំព្រឹទ្ធសភា ដ៏មានអំណាច នៅខែមករាខាងមុខនេះ ដោយសារគណបក្សសាធារណរដ្ឋ បានឈ្នះសម្លេងភាគច្រើន នៅក្នុងការបោះឆ្នោតកាលពីពេលថ្មីៗកន្លងទៅ។ លោកបានចោទលោកប្រធានាធិបតី ថាមិនបានគិតគូរដល់លទ្ធផលនៃការបោះឆ្នោតទាំងនោះ។
«បើសិនជាលោកប្រធានាធិបតី អូបាម៉ា ចាត់វិធានការផ្ទុយពីឆន្ទះរបស់ពលរដ្ឋអាមេរិក ហើយដាក់ឆន្ទះរបស់លោកលើប្រទេសជាតិនោះ សភានឹងចាត់វិធានការ។ យើងកំពុងពិចារណាអំពីជម្រើសផ្សេងៗមួយចំនួន។ ប៉ុន្តែសូមកុំយល់ច្រឡំ។ នៅពេលដែលអ្នកតំណាងពលរដ្ឋ ដែលទើបជាប់ឆ្នោតតំណាងនោះ ឡើងកាន់តំណែងរបស់ពួកគេនោះ ពួកគេនិងចាត់វិធានការហើយ»។
សមាជិកគណបក្សសាធារណរដ្ឋមួយចំនួន បានចោទលោកប្រធានាធិបតី ថាបានរៀបចំឲ្យមានការលើកលែងទោស ដល់ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលជាការរំលោភលើអំណាចរបស់លោក។ សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ លោក John Cornyn នៃរដ្ឋ តិចសាស់ ដែលស្ថិតនៅតាមបណ្តោយទល់ដែន ជាមួយប្រទេស ម៉ិច ស៊ីច ថ្លែងថា៖
«ខ្ញុំអាចយល់ថាលោកអាចចាត់ចែងរៀបចំការចោទប្រកាន់ និងការបញ្ជូនចេញពីប្រទេសអាមេរិក ។ លោកធ្លាប់បានធ្វើអញ្ចឹង។ ប៉ុន្តែតើប្រធានាធិបតី បានទទួលអំណាចពីណាមក ដើម្បីចេញច្បាប់អនុញ្ញាតឲ្យធ្វើការសម្រាប់មនុស្សរាប់លាននាក់នោះ?»
មេដឹកនាំខាងគណបក្សប្រជាធិបតេយ្យមួយចំនួន នៅក្នុងរដ្ឋសភា និង ក្នុងព្រឹទ្ធសភា បានចេញមកសរសើរលោកប្រធានាធិបតី អូបាម៉ា ចំពោះសេចក្តីក្លាហានរបស់លោក ហើយបាននិយាយថា លោករក្សាសេចក្តីថ្លៃថ្នូរក្នុងគ្រួសារ ដោយបញ្ឈប់ការបែកបាក់គ្រួសារ ដោយសារការបណ្តេញចេញពីប្រទេសនោះ។ សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យ Dick Durbin បានថ្លែងថា ពួកអ្នកដែលលោកប្រធានាធិបតី ជួយនោះមិនមែនជាជនល្មើសច្បាប់ទេ ប៉ុន្តែជាឪពុកម្តាយ និង សមាជិកគ្រួសារ ដែលខំប្រឹងប្រែងធ្វើការ។ លោកបានច្រានចោលការចោទប្រកាន់ដែលថា ចំណាត់ការរបស់លោក អូបាម៉ា ប្រៀបដូចជាការលើកលែងទោសនោះ។
«ការមិនធ្វើអ្វីទាល់តែសោះ និងការទុកឲ្យប្រព័ន្ធបច្ចុប្បន្ននៅដដែល ជាការលើកលែងទោស។ អ្វីដែលលោកប្រធានាធិបតីកំពុងអំពាវនាវ គឺការទទួលខុសត្រូវ»។
ចំណែកខាងគណបក្សសាធារណរដ្ឋវិញ សមាជិកសភាខាងគណបក្សសាធារណរដ្ឋ Steve King បានរិៈគន់លោកប្រធានាធិបតី ចំពោះពេលវេលានៃការប្រកាសនេះ គឺនៅពេលដែលសមាជិកសភា កំពុងតែនាំគ្នាចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីសម្រាកក្នុងពិធីបុណ្យថ្លែងអំណរគុណហៅថា Thanksgiving។
«នៅពេលដែលសមាជិកសភា ទើបតែចាកចេញពីរដ្ឋធានី ដើម្បីទៅជួបជុំគ្រួសារ និង ប្រារព្ធពិធីបុណ្យថ្លែងអំណរគុណ លោកទម្លាក់គ្រាប់បែកនេះ ចំកណ្តាលយើង តែម្តង ហើយហែករដ្ឋធម្មនុញ្ញចោលតែម្តង»។
សមាជិកគណបក្សសាធារណរដ្ឋ និយាយថា ពួកគេកំពុងតែពិចារណាអំពីវិធីឆ្លើយតបវិញ នៅពេលដែលពួកគេវិលត្រឡប់មកកាន់រដ្ឋធានីវ៉ាស៊ីនតោនវិញ នៅដើមខែធ្នូ។ លោក King ស្នើឲ្យរដ្ឋសភា ផ្តល់សច្ចានុមត្តិលើវិធានការមួយ ដែលមិនផ្តល់ការគាំទ្រដល់ចំណាត់ការរបស់លោកប្រធានាធិបតី។ រដ្ឋសភានិងព្រឹទ្ធសភា ចាំបាច់ត្រូវផ្តល់សច្ចានុមត្តិលើសេចក្តីព្រាងច្បាប់ថវិកាចាយវាយមួយ សម្រាប់រដ្ឋាភិបាល នៅមុនថ្ងៃទី ១១ ធ្នូ ហើយមានការជជែកគ្នាអំពីការប្រើប្រាស់រឿងនេះ ដើម្បីប្រឆាំងនិងសកម្មភាព របស់លោកប្រធានាធិបតី ចំពោះរឿងអន្តោប្រវេសន៍នេះ។ ក៏ប៉ុន្តែសមាជិកសភា នៃគណបក្សសាធារណរដ្ឋ ភាគច្រើន និយាយថា ពួកគេមិនចង់ឲ្យរដ្ឋាភិបាល បិទទ្វារទេ។ ការបិទរដ្ឋាភិបាលមួយ កាលពីខែតុលា ឆ្នាំ ២០១៣ មានរយះពេល១៦ថ្ងៃ។
ប្រែសម្រួលដោយ ប៉ូច រាសី