អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters without Borders) ឬហៅកាត់ថា RSF បានចាត់ទុកបទចោទផលិតរឿងអាសអាភាសប្រឆាំងអតីតអ្នកកាសែតអាស៊ីសេរី(RFA) ថាជា «ការប្រតិដ្ឋ» ខណៈសាលាឧទ្ធរណ៍បានសម្រេចបន្តសំណុំរឿងរបស់អ្នកទាំងពីរ គឺលោក អ៊ួន ឈិន និងលោកយាង សុធារិន្ទ។
ក្នុងសេចក្តីប្រកាសមួយដែលបានចេញផ្សាយតែមួយថ្ងៃក្រោយការសម្រេចរបស់សាលាឧទ្ធរណ៍ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានអំពាវនាវឲ្យតុលាការ «ធ្វើឲ្យលេចឡើងជាថ្មីវិញនូវភាពដែលគួរឲ្យជឿជាក់បាន ដោយការទម្លាក់ចោលនីតិវិធីដ៏អាក្រក់ប្រឆាំងលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ដែលអ្នកទាំងពីរនៅពេលនេះត្រូវបានចោទដោយមិនសមហេតុផលជាមួយរឿងអាសអាភាសព្រមទាំងរឿងចារកម្ម បន្ទាប់ពីតុលាការបានច្រានចោលបណ្តឹងសាទុក្ខរបស់មេធាវីការពារក្តីឲ្យអ្នកទាំងពីរ»។
លោក Daniel Bastard ប្រធានអង្គការអ្នកសារព័ត៌មានគ្មានព្រំដែនប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានបញ្ជាក់ថា៖ «បទចោទដែលជាការមួលបង្កាច់ទាំងស្រុងនេះ បង្ហាញថា ប្រព័ន្ធយុត្តិធម៌នៅប្រទេសកម្ពុជា រឹតតែលែងអាចទទួលយកបានហើយ»។
លោកបន្ថែមថា៖ «ស្អីៗទាំងអស់ បង្ហាញថា របបនេះបានប្រតិដ្ឋករណីនេះ ក្នុងគោលបំណងបំភិតបំភ័យរាល់អ្នកកាសែតកម្ពុជាទាំងអស់»។
កាលពីថ្ងៃចន្ទ សាលាឧទ្ធរណ៍បានបដិសេធសំណើរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរី ដែលបានជំទាស់ការបន្តស៊ើបអង្កេត «សំណុំរឿងផលិត និងរក្សាទុករូបអាសអាភាស»នេះ។ សាលាឧទ្ធរណ៍ អះអាងថា ត្រូវការពេលវេលាដើម្បីស្រាវជ្រាវសំណុំរឿងនេះបន្តទៀត។
លោក អ៊ួន ឈិន និងលោកយាង សុធារិន្ទ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ និងឃុំខ្លួន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមបទចោទប្រកាន់ថា ពួកគេទាំងពីរបានផ្តល់ព័ត៌មានឲ្យរដ្ឋបរទេសដែលអាចបង្កឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។
តុលាការអះអាងថា ពួកគេទាំងពីរបន្តរាយការណ៍ព័ត៌មានឲ្យវិទ្យុអាស៊ីសេរី បន្ទាប់ពីវិទ្យុនេះបានបិទការិយាល័យរបស់ខ្លួននៅកម្ពុជា។ ក្រោយពេលឃុំខ្លួនពួកគេទាំងពីរ តុលាការបានបំបែកសំណុំរឿងរបស់ពួកគេជាពីរ ដោយពួកគេត្រូវបានចោទពីបទល្មើសមួយផ្សេងទៀត គឺ «ផលិត និងរក្សាទុករូបភាពអាសអាភាស»។
បច្ចុប្បន្នអតីតអ្នកកាសែតទាំងពីរនាក់នេះ កំពុងរស់នៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យរបស់តុលាការ។ អ្នកទាំងពីរត្រូវបានដោះលែងកាលពីខែសីហា ឆ្នាំ ២០១៨ បន្ទាប់ពីបានជាប់ក្នុងមន្ទីរឃុំឃាំងជិត១០ខែ។
លោក យាង សុធារិន្ទ ដែលប្រើឈ្មោះយាង សុជាមេត្តា យល់ថា តុលាការកម្ពុជាគួរបញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើរូបលោក និងអតីតសហការីរបស់លោកគឺលោកអ៊ួន ឈិន ប្រសិនបើតុលាការចង់មានកេរ្តិ៍ឈ្មោះល្អ និងមិនចង់រងការនិន្ទាមិនចេះចប់ពីអង្គការសិទ្ធិមនុស្សអន្តរជាតិនោះ។
«បើសិនជាតុលាការកម្ពុជា មិនយកចិត្តទុកដាក់នឹងសេចក្តីអំពាវនាវ របស់គេទេ អាហ្នឹង មានន័យថា យើងកំពុងតែធ្វើឲ្យស្អុយឈ្មោះប្រព័ន្ធតុលាការរបស់យើង អានេះ បើតាមការយល់ឃើញរបស់ខ្ញុំបាទ»។
ក៏ប៉ុន្តែលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់ VOAថា ការរិះគន់របស់អង្គការសិទ្ធិមនុស្សអន្តរជាតិមកលើតុលាការកម្ពុជាគ្មានទម្ងន់ផ្លូវច្បាប់ទេ៖ «ការណ៍ដែលគ្រាន់តែចោទប្រកាន់ប្រព័ន្ធតុលាការ ប្រព័ន្ធយុត្តិធម៌យើងថា មិនឯករាជ្យ អយុត្តិធម៌អីហ្នឹង អាហ្នឹងវាមិនមែនជាមូលដ្ឋានតាមផ្លូវច្បាប់ ដើម្បីការពារដល់ជនត្រូវចោទ»។
ក្រុមអង្គការអន្តរជាតិផ្នែកការពារសេរីភាពសារព័ត៌មានបានវាយតម្លៃជាបន្តបន្ទាប់ពីការធ្លាក់ចុះផ្នែកសេរីភាពសារព័ត៌មាននិងសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ៕