ការកេងប្រវ័ញ្ចផ្លូវភេទនៅលើបណ្តាញសង្គមក្នុងចំណោមកុមារកម្ពុជា ដែលជាជនរងគ្រោះ បានក្លាយជាក្តីបារម្ភមួយ ខណៈកុមារម្នាក់ក្នុងចំណោម ១០ នាក់ ធ្លាប់ទទួលរងការរំលោភបំពាននិងកេងប្រវ័ញ្ចផ្លូវភេទ នាឆ្នាំកន្លងទៅ។ នេះបើតាមរបាយការណ៍ថ្មីមួយរបស់អង្គការយូនីសេហ្វប្រចាំនៅកម្ពុជានិងដៃគូពាក់ព័ន្ធ ដែលត្រូវបានចេញផ្សាយនៅថ្ងៃសុក្រនេះ។
របាយការណ៍ដែលមានចំណងជើងថា «ការបញ្ឈប់គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា»រកឃើញថា កុមារដែលប្រើប្រាស់អ៊ីនធឺណិតចំនួន ១១% អាយុចន្លោះពី១២ – ១៧ ឆ្នាំ ធ្លាប់ទទួលរងនូវការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ក្នុងទម្រង់មួយចំនួនជាក់លាក់។ របាយការណ៍នេះបង្ហាញថា កុមារ ១៦% បានរងគ្រោះដោយសារការបញ្ចេញមតិពាក់ព័ន្ធផ្លូវភេទមកលើខ្លួន និងការផ្ញើរូបអាសអាភាសមកកាន់ពួកគេ ខណៈកុមារចំនួន ៩% ធ្លាប់ត្រូវបានគេសុំឱ្យខ្លួនចែករំលែកនូវរូបភាពអាសអាភាសរបស់ពួកគេផ្ទាល់។
របាយការណ៍ដដែលបញ្ជាក់ថា កុមារដែលធ្លាប់ទទួលរងនូវការរំលោភបំពាន និងការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ មានចំនួនតិចណាស់ដែលហ៊ានរាយការណ៍អំពីករណីបំពានលើពួកគេតាមរយៈយន្តការរាយការណ៍ផ្លូវការ។ របាយការណ៍ឱ្យដឹងទៀតថា រនាំងដែលនាំឱ្យកុមារទាំងនោះមិនហ៊ានរាយការណ៍ដោយសារតែពួកគេមិនដឹងថាត្រូវរាយការណ៍នៅទីណា ហើយវប្បធម៌សង្គមក៏ហាមមិនឱ្យនិយាយរឿងផ្លូវភេទជាដើម។
របាយការណ៍លើកឡើងថា៖ «សម្រាប់កុមារមួយចំនួននៅក្នុងប្រទេសកម្ពុជា ផ្នត់គំនិតសង្គម ការរើសអើង និងបម្រាមប្រពៃណីពាក់ព័ន្ធនឹងការនិយាយអំពីរឿងផ្លូវភេទ ក៏មានផលប៉ះពាល់ដល់ការរាយការណ៍នេះផងដែរ ។ កុមារដែលត្រូវបានសម្ភាសន៍សម្រាប់របាយការណ៍ «ការបញ្ឈប់គ្រោះថ្នាក់» បានប្រាប់ឱ្យដឹងថា ជារឿយៗ ពួកគេមានអារម្មណ៍ខ្មាសគេ ខ្មាសអៀន និងភ័យខ្លាច នៅពេលនិយាយអំពីរឿងផ្លូវភេទ និង/ឬរាយការណ៍អំពីបទពិសោធន៍ទទួលរងការរំលោភបំពាន និងការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ»។
អ្នកស្រី ញ៉េប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សម្តែងការព្រួយបារម្ភលើបញ្ហានេះ។ អ្នកស្រីបានបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធបាននិងកំពុងតែដាក់ចេញជាយន្តការ ដើម្បីឆ្លើយតបទៅនឹងបញ្ហារំលោភបំពានតាមប្រព័ន្ធអនឡាញលើកុមារ។ អ្នកស្រីក៏ជំរុញឱ្យអាណាព្យាបាលមានការយល់ដឹងលើករណីនេះឱ្យបានទូលំទូលាយ និងមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ចៀសនូវហានិភ័យកើតឡើងទៅលើកូនៗរបស់ពួកគេ។
អ្នកស្រីថ្លែងថា៖ «យើងខ្លួនឯងត្រូវចេះប្រយ័ត្នខ្លួន។ ឱ្យដឹងពីអ្វីដែលជាជនល្មើសឆបោក។ ដូច្នេះមាតាបិតា អាណាព្យាបាល លោកគ្រូអ្នកគ្រូក៏ដោយ អ្នកធ្វើការពាក់ព័ន្ធនឹងកុមារក៏ដោយ ត្រូវយកចិត្តទុកដាក់យ៉ាងសំខាន់ទៅលើការប្រើប្រាស់អនឡាញ»។
លោក ជី សុផាត អ្នកបង្កើតមាតិកាបច្ចេកវិទ្យាសុវត្ថិភាពតាមបណ្តាញសង្គម ប្រាប់វីអូអេថា ការចេញរបាយការណ៍ថ្មីនេះបង្ហាញថា កុមារកម្ពុជាកំពុងតែពើបប្រទះជាមួយនឹងហានិភ័យ ដោយសារតែពួកគេនិងអាណាព្យាបាលមិនមានចំណេះដឹងមូលដ្ឋានពាក់ព័ន្ធជាមួយប្រព័ន្ធបច្ចេកវិទ្យា។ លោកបន្តថា ប្រព័ន្ធផ្សព្វផ្សាយដែលមានហានិភ័យជាងគឺតេឡេក្រាម [Telegram] ខណៈបណ្តាញសង្គមផ្សេងទៀត ដូចជាហ្វេសប៊ុកមានការការពារល្អច្រើន។
លោក ជី សុផាត បញ្ជាក់បន្ថែមថា អាណាព្យាបាលត្រូវមានចំណេះដឹងពាក់ព័ន្ធជាមួយបច្ចេកវិទ្យា ដើម្បីកំណត់ដឹងថា តើកូនគួរប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមួយណាដែលល្អ ហើយថា អាណាព្យាបាលគួរតែឱ្យកូនកាត់បន្ថយការប្រើប្រាស់ទូរសព្ទ ក៏ដូចជាកុំព្យូទ័រ។
លោកថ្លែងថា៖ «អ៊ីចឹងខ្ញុំគិតថា មានតែក្រមមួយទេ គឺចំណេះដឹងដល់ពួកគាត់សម្រាប់ការយល់អំពីអាហ្នឹង។នៅពេលគាត់យល់អំពីអាហ្នឹងទៅ ខ្ញុំគិតថា វាអាចជួយទៅច្រើន។ ព្រោះបើសិនការចូលរួមរបស់រដ្ឋាភិបាល ក៏អត់មាន Education (ការអប់រំ) ដែរ ព្រោះគាត់មានការចែករំលែកចំណេះដឹងគួរសមដែរ។ បើតាមខ្ញុំតាមដាន ព្រោះខ្ញុំក៏តាមដានកន្លងមកដែរ»។
គួរបញ្ជាក់ថា របាយការណ៍របស់អង្គការយូនីសេហ្វក៏បានផ្ដល់អនុសាសន៍ឱ្យមានការផ្សព្វផ្សាយការយល់ដឹងកាន់តែទូលំទូលាយថែមទៀតអំពីការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេស។ ការធ្វើដូច្នេះអាចរួមចំណែកដល់ការលុបបំបាត់ផ្នត់គំនិតសង្គម បម្រាមប្រពៃណី និងបង្កើនការរាយការណ៍ជាដើម៕
របាយការណ៍៖ កុមារកម្ពុជាម្នាក់ក្នុងចំណោម ១០ នាក់ធ្លាប់រងការរំលោភបំពាននិងកេងប្រវ័ញ្ច ផ្លូវភេទតាមអនទ្បាញ
ភ្នំពេញ —