របាយការណ៍ថ្មីមួយ ដែលត្រូវបានបោះពុម្ពផ្សាយដោយសាកលវិទ្យាល័យ ប្រោន (Brown University) និយាយថា ការចំណាយទៅលើសង្រ្គាមរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេស អ៊ីរ៉ាក់ (Iraq) និងប្រទេស អាហ្វហ្កានីស្ថាន (Afghanistan) និងប្រតិបត្តិការទាំងឡាយនៅក្នុងប្រទេស ប៉ាគីស្ថាន (Pakistan) នឹងធ្វើឱ្យប្រទេសនេះចំណាយប្រាក់ជិតបួនសែនកោដិដុល្លារ។ ចំនួនសរុបនៅក្នុងរបាយការណ៍នេះ គឺមានចំនួនលើសពីបីដង ច្រើនជាងការប៉ាន់ស្មានរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) នៅក្នុងសេចក្តីថ្លែងការណ៍មួយនាពេលថ្មីៗនេះ។
នៅពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានប្រកាសនាពេលថ្មីៗនេះអំពីការដកកងទ័ពសហរដ្ឋអាមេរិកចេញពីប្រទេស អាហ្វហ្កានីស្ថាន លោកបានមានប្រសាសន៍ថា សង្រ្គាមរបស់សហរដ្ឋអាមេរិកបានធ្វើឱ្យប្រទេសនេះចំណាយប្រាក់មួយសែនកោដិដុល្លារ។
ប៉ុន្តែរបាយការណ៍មួយដែលចេញផ្សាយដោយវិទ្យាស្ថាន វ័ដសុន (Watson) សម្រាប់ការសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យ ប្រោន បានប៉ាន់ស្មានប្រាក់ចំណាយសរុបរហូតដល់ទៅបីសែនប្រាំពីរពាន់លានដុល្លារ។
ការសិក្សារួមបញ្ចូលទាំងការចំណាយទៅលើសង្រ្គាមនៅក្នុងប្រទេស អ៊ីរ៉ាក់ និងប្រទេស អាហ្វហ្កានីស្ថាន ព្រមទាំងប្រតិបត្តិការទាំងឡាយនៅក្នុងប្រទេស ប៉ាគីស្ថាន។ ខាស្សឺរីន ឡិតហ្ស៍ (Catherine Lutz) គឺជាសហអ្នកនិពន្ធមួយរូបនៃការសិក្សានេះ។
«ការប៉ាន់ស្មានដ៏សមហេតុផលមួយគឺប្រហែល បួនសែនកោដិដុល្លារ សម្រាប់សង្រ្គាមរហូតមកដល់ពេលបច្ចុប្បន្ននេះ និងដែលរួមទាំងការចំណាយមួយចំនួននាពេលអនាគតដែលយើងមានកាតព្វកិច្ចក្នុងការបង់ទៅលើការថែរក្សាទាហានជើងចាស់។ ជាងនេះទៅទៀត មួយសែនកោដិដុល្លារផ្សេងទៀត គឺជាការចំណាយទៅលើការប្រាក់នៃបំណុល ដែលយើងបានស្មានថា នឹងត្រូវការរហូតដល់ឆ្នាំ២០២០»។
អ្នកស្រី ឡិតហ្ស៍ និយាយថា ការចំណាយដូចជាការផ្តល់ការថែរក្សាយូរអង្វែងដល់ទាហានជើងចាស់ដែលរងរបួស និងគម្រោងចំណាយទៅលើសង្រ្គាមពីឆ្នាំ២០១២រហូតដល់ឆ្នាំ២០២០ ត្រូវបានបញ្ចូលទៅក្នុងតួលេខនោះ។ សាស្រ្តាចារ្យ នេតា ក្រ័វហ្វដ (Neta Crawford) ដែលជាសហអ្នកនិពន្ធរបាយការណ៍និងជាសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យ បូសស្តុន (Boston University) និយាយថា ការចំណាយផ្សេងៗទៀតរួមបញ្ចូលការបាត់បង់ឱកាស ដោយសារថវិកាត្រូវបានចំណាយទៅលើសម្ភារៈសង្រ្គាម។
«ដូច្នេះ ប្រសិនបើអ្នកគិតអំពីប្រាក់ចំណាយប្រចាំឆ្នាំទៅលើសង្រ្គាមទាំងនេះ ដោយយើងនិយាយថា ការចំណាយជាមធ្យមមានប្រមាណ១៣០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ សម្រាប់រយៈពេល១០ឆ្នាំកន្លងមកនេះ ដូច្នេះ អ្នកអាចមានការងារចំនួន៩សែននៅក្នុងវិស័យអប់រំ ដែលអាចត្រូវបានបង្កើតឡើង»។
ការបាត់បង់មនុស្សក៏មានលក្ខណៈខ្ពស់ផងដែរ។ របាយការណ៍និយាយថា ប្រជាពលរដ្ឋចន្លោះពី២២៤.០០០ទៅ២៥៨.០០០នាក់ បានបាត់បង់ជីវិតដោយផ្ទាល់ពីការធ្វើសង្រ្គាម ដែលក្នុងនោះមនុស្សចំនួន១២៥.០០០នាក់ គឺជាជនស៊ីវិលដែលស្លាប់នៅក្នុងប្រទេសអ៊ីរ៉ាក់។
ទោះបីជាលោកប្រធានាធិបតី អូបាម៉ា មានផែនការដកកងទ័ពចំនួន៣៣.០០០នាក់ក៏ដោយ ក៏នៅតែមានកងទ័ពចំនួន៧០.០០០នាក់ នៅក្នុងប្រទេស អាហ្វហ្កានីស្ថាន ដែលការចំណាយប៉ាន់ស្មានគឺមានចំនួនមួយលានពីរសែនដុល្លារសម្រាប់កងទ័ពម្នាក់ៗ៕
ប្រែសម្រួលដោយ ឌី ខាំបូលី