របាយការណ៍ «Freedom on the Net» ឆ្នាំ២០១៧ថា រដ្ឋាភិបាលកាន់តែច្រើនកំពុងចេះប្រើបណ្តាញសង្គម បង្អាក់វីដេអូផ្សាយផ្ទាល់ និងបង្ក្រាបបណ្តាញឯកជន ដែលជាញឹកញយប្រើសម្រាប់គេចវេសពីការរឹតត្បិតតាមអ៊ីនធឺណិត។
អ្នកស្រី Sanja Kelly ប្រធានផ្នែករៀបរៀងរបាយការណ៍ Freedom on Net បាននិយាយថា៖
«ពីមុនមក រដ្ឋាភិបាលពឹងផ្អែកលើការចាប់ខ្លួន លើច្បាប់ពិន័យ និងលើការបង្អាក់ និងរឹតត្បិត។ តែក្រោយមក ពួកគេគិតថា មធ្យោបាយទាំងនេះមិនគ្រប់គ្រាន់ទេ។ ឥឡូវនេះ ពួកគេងាកទៅប្រព័ន្ធអ៊ីនធឺណិតផ្ទាល់ ដើម្បីផ្សព្វផ្សាយសាររបស់ខ្លួន និង ភាគច្រើនសារទាំងនោះបង្កប់ក្នុងព័ត៌មានមិនពិត»។
របាយការណ៍ខាងលើបានសិក្សាលើ៨៧ភាគរយនៃអ្នកប្រើប្រាស់អ៊ីនធឺណិតសរុបលើពិភពលោក និងបានរកឃើញថា សេរីភាពអ៊ីនធឺណិតធ្លាក់ចុះ៧ឆ្នាំជាប់ៗគ្នា ហើយចិនជាអ្នកបំពានអាក្រក់ជាងគេ។ តួកគី ហ្វីលីពីន និងវ៉េណេស៊ុយអេឡា ស្ថិតក្នុងចំណោមប្រទេសចំនួន ៣០ ដែលរដ្ឋាភិបាលប្រើក្រុមភ្នាក់ងារតាមអ៊ីនធឺណិត ដើម្បីផ្សព្វផ្សាយមតិគាំទ្ររដ្ឋាភិបាល។ ហើយក៏មានការបង្ក្រាបតាមប្រព័ន្ធអ៊ីនធឺណិតលើតំបន់ជនជាតិភាគតិច ដូចជា តំបន់ទីបេនៅចិន និងតំបន់ Oromo នៅអេត្យូពី។ អ្នកជំនាញថា យុទ្ធសាស្ត្រទាំងនេះប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ។
អ្នកស្រី Sally Wentworth អនុប្រធានផ្នែកគោលនយោបាយអន្តរជាតិនៃអង្គការ Internet Society បាននិយាយថា៖
«ពិតណាស់ រដ្ឋាភិបាលទាំងនេះបានសម្រេចបំណងបំបិទការនិយាយពីនយោបាយ ឬអ្វីដែលបង្កឲ្យពួកគេព្រួយបារម្ភ។ ប៉ុន្តែ អ្វីដែលពួកគេបានធ្វើមួយទៀតនោះ គឺបង្កអស្ថិរភាពទៅលើសេដ្ឋកិច្ចប្រទេស។ ពួកគេធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពសហគ្រិនដើម្បីទាក់ទាញការវិនិយោគ ធ្វើឲ្យប៉ះពាល់ដល់ភាពអាចពឹងផ្អែកបាននៃសេវាកម្មផ្សេងៗ និងភាពពឹងអាស្រ័យបាននៃបច្ចេកវិទ្យា ដែលប្រទេសពួកគេព្យាយាមនាំចេញ»។
អង្គការ Freedom House ថា អាមេរិកក៏ប្រឈមនឹងការធ្លាក់ចុះសេរីភាពតាមអ៊ីនធឺណិតផងដែរ ដោយសារការសាយភាយព័ត៌មានក្លែងក្លាយពេលឃោសនាបោះឆ្នោតឆ្នាំ ២០១៦ និងការបៀតបៀនតាមអ៊ីនធឺណិតលើអ្នកសារព័ត៌មាន ដែលតតាំងនឹងលោក ដូណាល់ ត្រាំ បេក្ខភាពប្រធានាធិបតីគ្រានោះ។
តាមរបាយការណ៍នេះ អ្នកប្រើប្រាស់តិចជាងមួយភាគបួនប៉ុណ្ណោះលើពិភពលោកស្ថិតនៅប្រទេស ដែលមិនមានការរឹតត្បិតខ្លាំង ការបំពានសិទ្ធិអ្នកប្រើប្រាស់ ឬមិនរងហិង្សាតបតនឹងការហាស្តីតាមអ៊ីនធឺណិត៕
ប្រែសម្រួលដោយ ណឹម សុភ័ក្ត្របញ្ញា