គណៈកម្មការដែលសេតវិមានបង្កើតឡើងកាលពីឆ្នាំទៅដើម្បីស៊ើបអង្កេតបុព្វហេតុនៃការលេចប្រេងរបស់ក្រុមហ៊ុនប៊ីភី ក្នុងឈូងសមុទ្រម៉ិចស៊ីកូ និយាយថា កំហុសជាបន្តបន្ទាប់របស់ក្រុមហ៊ុនប្រេង ប៊ីភីនិងក្រុមហ៊ុនផ្សេងទៀតនៅកន្លែងកើតហេតុ បានបណ្តាលឲ្យមានមហន្តរាយនេះ។
ក្នុងរបាយការណ៍មួយដែលនឹងចេញផ្សាយទាំងស្រុងនៅសប្តាហ៍ក្រោយ គណៈកម្មការស៊ើបអង្កេតអំពីការលេចប្រេងបានបន្ទោសការសម្រេចចិត្តអំពីការកាត់បន្ថយចំណាយដោយក្រុមហ៊ុនប្រេងប៊ីភី ហើយនិងក្រុមហ៊ុនទទួលកិច្ចសន្យាគឺ Halliburton និង Transocean ចំពោះការផ្ទុះកាលពីថ្ងៃទី២០ ខែមេសានៅការដ្ឋានបូមប្រេង Deepwater Horizonដែលបានសម្លាប់កម្មករចំនួន១១នាក់។ គណៈកម្មការនេះក៏បានទិតៀនអ្នករៀបចំបទបញ្ជារដ្ឋាភិបាលថា មិនបានត្រួតពិនិត្យឲ្យបានសមស្របនូវប្រតិបត្តិការនៅការដ្ឋាន Macondo ក្នុងឈូងសមុទ្រម៉ិចស៊ីកូ ហើយមិនបានចាត់វិធានការដែលអាចបង្ការ អ្វីដែលជាការលេចប្រេងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ។
សេចក្តីសម្រង់ពីរបាយការណ៍ដែលចេញកាលពីថ្ងៃពុធមានខ្លឹមសារផ្ទុយពីសេចក្តីថ្លែងការណ៍របស់គណៈកម្មការនេះកាលពីខែវិច្ឆិកា ដែលរកមិនឃើញភស្តុតាងថា កម្មករនៅក្នុងគម្រោងនោះមានកំហុស ដែលកើតចេញពីការប្រឹងប្រែងកាត់បន្ថយចំណាយនោះទេ។ តារាងប្លង់ការងាររបស់គណៈកម្មការនេះបានឆ្លុះបញ្ចាំងអំពីការសម្រេចចិត្តមួយចំនួន ដែលមានគោលបំណងសន្សំសំចៃពេលវេលា និងលុយកាក់ តែវាក៏បានបង្កើនគ្រោះថ្នាក់ផងដែរ។
ក្រុមហ៊ុនប្រេងប៊ីភីបានចេញសេចក្តីថ្លែងការណ៍និយាយថា ខ្លួនគាំទ្រគណៈកម្មការនេះក្នុងកិច្ចការរបស់គណៈកម្មការដើម្បីកំណត់អំពីបុព្វហេតុនៃមហន្តរាយនេះ។ សេចក្តីថ្លែងការណ៍នេះសរសេរ មួយផ្នែកថា «ក្រុមហ៊ុនប៊ីភីកំពុងធ្វើការជាមួយអ្នករៀបចំបទបញ្ជា និងឧស្សាហកម្ម ដើម្បីធានាថា បទពិសោធន៍ពីគ្រោះថ្នាក់នៅ Macondo នេះនឹងនាំឲ្យមានប្រតិបត្តិការប្រសើរជាងមុខ»។
ប៉ុន្តែ Halliburton ដែលជាក្រុមហ៊ុនមានភារកិច្ចចាក់ស៊ីម៉ង់ត៍បិទកន្លែងកើតឧបត្តិហេតុនេះ បានចេញសេចក្តីថ្លែងការណ៍ទិតៀនគណៈកម្មការនេះពីបទជ្រើសរើសបិទបាំងព័ត៌មានជាក់លាក់មួយចំនួន។ របាយការណ៍របស់គណៈកម្មការនេះបន្ទោសក្រុមហ៊ុន Hillaburton ថា បានបូមស៊ីម៉ង់ត៍ចូលក្នុងអណ្តូង មុនពិនិត្យមើលទិន្នន័យពិសោធន៍ដើម្បីធានាថា ស៊ីម៉ង់ត៍បិទនេះមានស្ថិរភាព។
Transocean ដែលជាម្ចាស់របស់ការដ្ឋានបូមប្រេង Deepwater Horizon ក៏បានចេញសេចក្តីថ្លែងការណ៍ជំទាស់ការទិតៀនរបស់គណៈកម្មការនេះទាក់ទងនឹងការបណ្តុះបណ្តាលកម្មកររបស់ខ្លួន ហើយនិយាយថា ការសម្រេចចិត្តចុងក្រោយនៅកន្លែងនេះគឺធ្វើឡើងដោយក្រុមហ៊ុនប៊ីភី ដែលជាក្រុមហ៊ុនដឹកនាំទាក់ទងនឹងប្រតិបត្តិការនេះ។
ការសន្និដ្ឋានរបស់គណៈកម្មការសេតវិមានចេញរហូតមកដល់ពេលនេះ គឺស្របគ្នានឹងសេចក្តីពន្យល់កាលពីមុនរបស់សមាជិកក្រុមប្រឹក្សា ហើយនិងការសន្និដ្ឋានរបស់ក្រុមប្រឹក្សាអ្នកវិទ្យាសាស្ត្រឯករាជ្យដែលពិនិត្យមើលមហន្តរាយនេះកាលពីឆ្នាំទៅ។ Ken Arnold អ្នកប្រឹក្សាមានមូលដ្ឋាននៅ Houston សម្រាប់ឧស្សាហកម្មប្រេង និងឧស្ម័ន និងជាសមាជិកនៃបណ្ឌិសភាវិស្វកម្មជាតិ ឬ National Academy of Engineering និយាយថា រហូតមកដល់ពេលនេះ អ្វីដែលលោកមើលឃើញអំពីរបាយការណ៍របស់គណៈកម្មការនេះ បង្ហាញនូវកំហុសជាបន្តបន្ទាប់របស់មនុស្សមុនកើតមានឧបត្តិហេតុនេះ។
«មានការសម្រេចចិត្តជាច្រើនដែលមិនមែនជាការសម្រេចចិត្តត្រឹមត្រូវ។ បើមិនមានការសម្រេចចិត្តខុសទេនោះ មហន្តរាយក៏មិនបានកើតឡើងដែរ។ វាមានការសម្រេចចិត្តខុសជាបន្តបន្ទាប់»។
លោក Arnold និយាយថា វិធានការនានារបស់រដ្ឋាភិបាលក្នុងការបន្តឹងបទបញ្ញត្តិ នឹងជួយកាត់បន្ថយឱកាសកើតមានឧបត្តិហេតុបែបនេះជាថ្មីម្តងទៀតនៅក្នុងសមុទ្រ ទេ ប៉ុន្តែលោកនិយាយថា កំហុសឆ្គងរបស់មនុស្សគឺជារឿងដែលគ្មានអ្នកណាអាចលុបបំបាត់ចោលទាំងស្រុងបានទេ។
«វិធានការភាគច្រើននឹងមានផលវិជ្ជមានចំពោះបញ្ហាសុវត្ថិភាព ប៉ុន្តែខ្ញុំមិនគិតថា លោកអ្នកអាចនិយាយថា លោកអ្នកអាចទប់ស្កាត់មហន្តរាយប្រភេទនេះមិនឲ្យកើតមានជាថ្មីទៀតទេ ហើយមិនខុសពីអ្វីដែលអ្នកមិនអាចនិយាយថា នឹងមិនមានយន្តហោះធ្លាក់ទៀតនោះទេ»។
លោក Ken Arnold ដែលបានធ្វើការក្នុងឧស្សាហកម្មប្រេង និងឧស្ម័នរយៈពេល៤៥ឆ្នាំមកហើយនោះ និយាយថា ប្រវត្តិជារួមរបស់ការងារប្រតិបត្តិការរុករកប្រេងក្នុងទឹកជ្រៅក្នុងឈូងសមុទ្រម៉ិចស៊ីកូ និងនៅកន្លែងផ្សេងទៀតគឺជាប្រវត្តិកិច្ចការល្អលេចធ្លោដោយមានការលេចប្រេងតិចតួចប៉ុណ្ណោះ។ លោកនិយាយថា ការប្រឹងប្រែងកាត់បន្ថយគ្រោះថ្នាក់ និងការបង្កើនបទបញ្ជា បានបណ្តាលឲ្យចុះថយផលិតកម្ម ដែលនឹងបង្ខំឲ្យសរអ ត្រូវនាំប្រេងចូលបន្ថែមដើម្បីបំពេញតម្រូវការថាមពលកើនឡើង៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ