កំណត់និពន្ធ៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានចុះហត្ថលេខាកាលពី២៥ឆ្នាំមុន បាននាំមកនូវការរីកចម្រើន និងការទទួលស្គាល់ជាអន្តរជាតិដល់ប្រទេសកម្ពុជា ដែលធ្លាប់តែហែកហួរដោយសារសង្គ្រាម។ ប៉ុន្តែ ការអភិវឌ្ឍក្នុងរយៈពេលនេះក៏បានមកដោយសារការបណ្តេញពលរដ្ឋក្រីក្រចេញពីលំនៅដ្ឋានផងដែរ។ នៅមានកិច្ចការជាច្រើនទៀត ដូចជាសិទ្ធិសេរីភាព នៅតែជាបញ្ហាប្រឈម។ រីឯបញ្ហាព្រំដែនត្រូវបានអ្នកជំនាញមើលឃើញថា មិនត្រូវបានអនុវត្តតាមកិច្ចព្រមព្រៀងនោះនៅឡើយទេ។ លោក ម៉ែន គឹមសេង នៃវីអូអេ បានផលិតវីដេអូឯកសារដែលមានចំណងជើងថា«បញ្ហាសេសសល់»។ ខាងក្រោមនេះជាអត្ថបទភាគទីពីរនៃសេចក្តីរាយការណ៍ ដែលមានបីភាគដកស្រង់ពីឯកសារវីដេអូនេះ។

រូបឯកសារ៖ ព្រះបាទនរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ជាមួយភាគីជម្លោះនៅកម្ពុជា នៅក្នុងសន្និសីទអន្តរជាតិស្តីពីសន្តិភាពនៅកម្ពុជា ដែលបានធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
... ផ្នែកមួយទៀតនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទាមទារឱ្យមានការគោរពព្រំដែន និងបូរណភាពទឹកដីកម្ពុជា ត្រូវបានអ្នកជំនាញព្រំដែន ដូចជាលោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា យល់ថា គឺជាការខកចិត្ត។
នៅក្នុងបទសម្ភាសជាមួយនឹងវីអូអេនៅគេហដ្ឋានរបស់លោក ក្នុងប្រទេសបារាំង លោក ស៊ាន ប៉េងសែ បានបញ្ជាក់ថា៖
«សន្និសញ្ញាទីក្រុងប៉ារីស អត់បានការអីសោះ!»
មិនបានការដោយសារតែរដ្ឋាភិបាលកម្ពុជា មិនបានលុបចោលកិច្ចព្រមព្រៀងព្រំដែនមួយចំនួន ដែលបានចុះជាមួយនឹងប្រទេសវៀតណាមនៅមុនពេលសន្ធិសញ្ញាទីក្រុងប៉ារីស។
លោក ស៊ាន ប៉េងសែ បានបន្ថែមថា៖
«ការលុបចោលហ្នឹងត្រូវតែធ្វើ ដើម្បីឱ្យវាស្រួល គឺយើងនៅភាពស្មើគ្នា គឺយើងគោរពនូវអ្វីដែលមានពីដើមមក ដែលជំនាន់បារាំងធ្វើបាន។ ប៉ុន្តែ បើធ្វើក្រោយមកចាប់តាំងពីឆ្នាំ១៩៧៩ហ្នឹង គឺខុសទាំងអស់ ហើយខុសទាំងអស់ហ្នឹង ហើយដែលនាំឱ្យពិបាក»។
គណបក្សសង្គ្រោះជាតិ ក៏បានសម្តែងការមិនពេញចិត្តលើបញ្ហានេះដែរ។ ពួកគេបានដឹកនាំការតវ៉ាប្រឆាំងនឹងការចូលរំលោភនានាតាមបណ្តោយព្រំដែន និងយុទ្ធនាការទៅពិនិត្យមើលព្រំដែនរហូតដល់មានការប៉ះទង្គិចគ្នាជាមួយនឹងពលរដ្ឋវៀតណាមផងដែរ។ ប៉ុន្តែ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយបន្ធូរបន្ថយពីស្ថានភាពតាមបណ្តោយព្រំដែន ដែលបានកើតមានកន្លងមក។
រូបឯកសារ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ផ្តល់បទសម្ភាសន៍ជាមួយ VOA នៅឯទីស្នាក់ការគណបក្ស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា៖
«ចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ននេះ យើងពិនិត្យមើលឃើញថាមិនទាន់មានការកោះប្រជុំសហប្រធានក៏ដូចជាសមាជិកជាហត្ថលេខីនៅក្នុងកិច្ចព្រមព្រៀងនេះទេ។ ដូច្នេះ យើងអាចសន្និដ្ឋានបានថា សភាពការណ៍វាមិនទាន់ដល់ប្រកាសអាសន្នហើយជាក់ស្តែង ដូចជាយើងមានទំនាស់ជាមួយប្រទេសថៃ ក្នុងរយៈពេលកន្លងទៅក្នុងតំបន់ប្រាសាទព្រះវិហារនេះទោះបីជាមានការឈ្លានពានពីកម្លាំងយោធាប្រទេសថៃក៏ដោយ ក៏សហប្រធានក៏ដូចជាប្រទេសហត្ថលេខី មិនទាន់បានកោះប្រជុំជាបន្ទាន់ ដើម្បីរាយការណ៍ទៅឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទេ»។
នៅលើជ្រុងវិជ្ជមាន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានបង្កើតឱ្យមានសង្គមស៊ីវិលមួយដែលធ្វើការនៅក្នុងប្រទេសកម្ពុជា។
លោក សឺន សូប៊ែរិ៍ អតីតអនុប្រធានរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរបានបញ្ជាក់ថា៖
«អ្វីដែលជាវិជ្ជមាន គឺក្នុងការណ៍ដែលអ៊ុនតាក់បានបង្កើតនូវប្រទេសកម្ពុជា គឺអង្គការក្រៅរដ្ឋាភិបាល ជាពិសេសអង្គការសិទ្ធិមនុស្ស ដូចជាលីកាដូ អាដហុក និងអង្គការឯទៀតៗ ដែលជួយណែនាំប្រជាពលរដ្ឋ ជាពិសេសឱ្យយោបល់ទៅប្រជាពលរដ្ឋខ្មែរទាំងអស់ហ្នឹង»។
រូបឯកសារ៖ ប្រជាពលរដ្ឋជាច្រើននាក់ចូលរួមធ្វើបាតុកម្មប្រឆាំងនឹងអំពើពុករលួយនៅមុខអង្គភាពប្រឆាំងអំពើពុករលួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤។ (ស៊ុយ ហ៊ាមខេមរា/VOA)
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនោះផងដែរ គឺការបន្តវត្តមានរបស់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ ប៉ុន្តែ ជាញឹកញាប់រដ្ឋាភិបាលកម្ពុជាមិនសូវផ្តល់កិច្ចសហការទេ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសូវជាពេញចិត្តលើអនុសាសន៍របស់ការិយាល័យនេះប៉ុន្មានទេ។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ និងជាអ្នកដែលបានចូលរួមចំណែកក្នុងការរៀបចំឱ្យមានកិច្ចចរចាសន្តិភាពបានបញ្ជាក់ថា៖
«បើសិនជាយើងចង់ឱ្យមានការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសឱ្យបានល្អ ដូចចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នុង យើងត្រូវតែជំរុញអ្នករាយការណ៍ពិសេសហ្នឹងឱ្យគាត់បានព័ត៌មានឱ្យបានគ្រប់គ្រាន់ គ្រប់វិស័យខាងសេរីភាពខាងបញ្ចេញមតិ សេរីភាពខាងផ្តុំគ្នា សេរីភាពខាងទទួលព័ត៌មាន។ល។និង។ល។ សុំឱ្យគាត់យកព័ត៌មានត្រឹមត្រូវធ្វើរបាយការណ៍ទៅអង្គការសហប្រជាជាតិ។ ហើយអ្នកដែលអាចជំរុញបាន គឺប្រជាពលរដ្ឋខ្មែរយើងហ្នឹង»។
នៅឯកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីខែកញ្ញា ឆ្នាំ២០១៦ ប្រទេសជិត៤០ បានសម្តែងការព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោក Keith Harper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានអានសេចក្តីថ្លែងការណ៍រួមថា៖
«យើងកត់សម្គាល់ការព្រួយបារម្ភសម្តែងចេញ ដោយអ្នករាយការណ៍ពិសេសនៅដើមឆ្នាំនេះ អំពីការរារាំងចំពោះសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់ សិទ្ធិក្នុងការជួបប្រជុំដោយសន្តិវិធី និងសិទ្ធិសេរីភាពនៃសមាគម។ យើងគាំទ្រការអំពាវនាវរបស់ពួកគេសុំឱ្យអាជ្ញាធរកម្ពុជា«ធានានូវបរិយាកាសសុវត្ថិភាព និងធ្វើការងារសម្រាប់អ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិល ដែលដើរតួនាទីដ៏សំខាន់ក្នុងការទាមទារឱ្យរដ្ឋាភិបាលទទួលខុសត្រូវ និងនាំមកនូវផលប្រយោជន៍សិទ្ធិមនុស្សដល់សង្គមជាតិទាំងមូល»។
រូបភាពឯកសារ៖ លោក យី សុខសាន្ត (ឆ្វេង) លោក ណៃ វ៉ង់ដា (កណ្តាល) លោក នី សុខា (ស្តាំ) មន្ត្រីការពារសិទ្ធិមនុស្សនៃអង្គការអាដហុក នៅឯតុលាការកំពូល ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
ការអំពាវនាវនេះមិនបានធ្វើឱ្យរដ្ឋាភិបាលកម្ពុជាសប្បាយចិត្តទេ។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានធ្វើប្រតិកម្មតបថា៖
«ការណ៍ដែលនិយាយថា យើងធ្វើទុក្ខបុកម្នេញដល់គណបក្សនយោបាយ ដល់សង្គមស៊ីវិល គឺមិនត្រឹមត្រូវ ហើយមិនយុត្តិធម៌ទេ»។
មានមន្ត្រីការពារសិទ្ធិមនុស្ស៤នាក់ និងមន្ត្រីរៀបចំការបោះឆ្នោតម្នាក់ កំពុងជាប់ពន្ធនាគារក្នុងសំណុំរឿងមានលក្ខណៈនយោបាយពាក់ព័ន្ធនឹងមេដឹកនាំគណបក្សសង្គ្រោះជាតិ។ រីឯមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កំពុងរស់នៅនីរទេសខ្លួនក្រៅប្រទេស និងលាលែងចេញពីតំណែងប្រធានបក្ស ហើយលោក កឹម សុខា អនុប្រធានបានរស់នៅលាក់ខ្លួននៅទីស្នាក់ការគណបក្សអស់ជាច្រើនខែ នៅក្នុងសំណុំរឿងដែលមានលក្ខណៈនយោបាយ។ អ្នកតំណាងរាស្រ្ត សមាជិកព្រឹទ្ធសភា និងសកម្មជនគណបក្សប្រឆាំង ត្រូវជាប់ពន្ធនាគារជាច្រើននាក់ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន និងទាមទារសិទ្ធិសេរីភាព។
រដ្ឋាភិបាលកម្ពុជាចាត់ទុកថា នោះគឺជាទំនាស់បុគ្គលជាមួយនឹងស្ថាប័នច្បាប់តែប៉ុណ្ណោះ។
លោករដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន បន្តថា៖
«ករណីលោក សម រង្ស៊ី ករណីលោក កឹម សុខា គឺជាករណីបុគ្គលដែលមានបញ្ហាជាមួយនឹងតុលាការ ហើយដែលត្រូវដោះស្រាយជាមួយនឹងតុលាការ។ តែគណបក្សរបស់លោកទាំងពីរគណបក្សសង្គ្រោះជាតិ គឺមិនមានបញ្ហាអ្វីទាំងអស់ គឺគាត់នៅតែដំណើរការធម្មតា។ សមាជិកផ្សេងទៀតនៅក្នុងគណបក្សសង្គ្រោះជាតិ គឺនៅធ្វើសកម្មភាពធម្មតា ទៅណាមកណាធម្មតា មានសិទ្ធិសេរីភាពពេញលេញធម្មតា»។
រូបឯកសារ៖ ប្រជាពលរដ្ឋកម្ពុជា មកពីបណ្តាខេត្ត និងរាជធានីភ្នំពេញ មកចូលរួមពិធីបុណ្យសពរបស់លោក កែម ឡី ដែលត្រូវបានគេបាញ់សម្លាប់ ក្នុងវត្តក្តីចាស់ នៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
រដ្ឋាភិបាលបានលើកឡើងពីស្ថានភាពល្អប្រសើរខាងសន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចថា ជាផ្លែផ្កាមួយនៃកិច្ចព្រមព្រៀង និងសន្តិភាព ដែលកម្ពុជាទទួលបានក្រោយពីកិច្ចព្រមព្រៀងនេះ។
លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតខ្មែរប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន បានការពារសមិទ្ធិផលរបស់រដ្ឋាភិបាល៖
«អីចឹងយើងមានការកសាងប្រទេសមួយក្នុងសុខសន្តិភាព ហើយអភិវឌ្ឍន៍។ តើយើងមើលឃើញថា សព្វថ្ងៃយើងអភិវឌ្ឍន៍អ្វីខ្លះ គឺយើងមើលឃើញហើយ GDP យើង១០ឆ្នាំនេះ យើងមានការកើនឡើង៧ភាគរយ ចំណូលរបស់ប្រជាជនយើងមានការកើនឡើងរហូតដល់ជាង១.០០០ដុល្លារក្នុងមួយឆ្នាំ ដែលពីមុនមកមានក្រោម២០០ ឬក្រោម៣០០អីទេ»។
ប៉ុន្តែ ការអភិវឌ្ឍន៍នេះហាក់មិនបំពេញតាមសេចក្តីត្រូវការរបស់អ្នកបោះឆ្នោតវ័យក្មេងៗ ដែលមានការធុញទ្រាន់នឹងភាពអត់មានការងារធ្វើ ដែលនាំឱ្យពលរដ្ឋខ្មែរជាងមួយលាននាក់ធ្វើចំណាកស្រុក អំពើពុករលួយ ការរឹបអូសដីធ្លីដែលធ្វើឱ្យពលរដ្ឋជិតមួយលាននាក់ និងប្រាក់ខែកម្មករតិចតួចជាដើម។
ការបោះឆ្នោតជាតិឆ្នាំ២០១៣ គឺជាការផ្លាស់ប្តូរទិដ្ឋភាពនយោបាយមួយសម្រាប់កម្ពុជា។ គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានធ្លាក់អាសនៈពី៩០មកនៅត្រឹម៦៨។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិបានអះអាងថា គឺខ្លួនជាអ្នកឈ្នះឆ្នោតហើយតវ៉ានាំឱ្យជាប់គាំងនយោបាយ មានរយៈពេលជិតមួយឆ្នាំ។
កំណត់ត្រានៃសិទ្ធិមនុស្សកម្ពុជាបានធ្លាក់ចុះជាថ្មី នៅពេលដែលមានការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយ និងសង្គមដ៏មានប្រជាប្រិយ៍ភាពកាលពីខែកក្កដា។
(សូមរង់ចាំអានភាគទីបីជាភាគបញ្ចប់)