ទំនាក់ទំនង​រវាង​រុស្សី​និង​សហរដ្ឋអាមេរិក​កំពុងធ្លាក់​ចុះ​ដុនដាប

  • Andre Nesnera

Honda's latest version of the Asimo humanoid robot shakes hands during a presentation in Zaventem near Brussels, Belgium. Honda introduced an improved version of its Asimo humanoid robot that it says has enhanced intelligence and hand dexterity, and is able to run at a speed of some 9 kilometers per hour (5.6 miles per hour).

ប្រែសម្រួលដោយ ឌី ខាំបូលី
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បាន​បង្កើត​ទំនាក់​ទំនងយ៉ាង​ប្រសើរ​ជាងមុនជាមួយ​ប្រទេសរុស្សី(Russia) ដែលជា​មូលដ្ឋាន​ដ៏សំខាន់​មួយនៃ​គោល នយោបាយ​ការបរទេស​របស់​លោក។ ប៉ុន្តែ ដូចដែល​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ជាន់ខ្ពស់​របស់​វីអូអេ អង់ដ្រេ ដឺនែសនឺរ៉ា (André de Nesnera) រាយការ​ពី​រដ្ឋធានី វ៉ាស៊ីនតោន (Washington)មក​ថា​ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ហាក់ដូចជា​ស្ថិតនៅក្នុង​ស្ថានភាព​កាន់​តែ​ធ្លាក់ចុះក្រោម។
គោលនយោបាយ​ការបរទេស នៅក្នុង​រដ្ឋបាល​អាណត្តិ​ទីមួយ​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ត្រូវបាន​គ្របដណ្តប់​ដោយ​អ្វី​ដែល​គេហៅថា​«ការ​តម្រង់ទិស​ឡើងវិញ» ដែល​ជា​គោល​នយោបាយ​មួយ ដែលមាន​បំណង​ធ្វើឱ្យ​ប្រសើរឡើងនូវ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន និង​ទីក្រុង​ម៉ូស្គូ (Moscow) ដែល​បាន​ធ្លាក់ចុះដល់​ចំណុច​ទាប​នៅក្នុងអំឡុងពេល​ពីរបីឆ្នាំ​ចុងក្រោយ​នៃ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ហ្សក ដាប់ប៊ែលយ៉ូ ប៊ូស (George W. Bush)។
គោល​នយោបាយ «ការ​តម្រង់ទិសឡើងវិញ» ពិត​ជានាំមក​នូវ​លទ្ធផល​រឹងមាំ​មានដូចជា​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​យុទ្ធសាស្រ្ត​ចម្បង​មួយ ដើម្បី​កាត់​បន្ថយ​ចំនួន​នៃ​អាវុធ​នុយក្លេអ៊ែរ​រយៈពេល​វែង​របស់​ភាគី​ទាំងពីរ។ ទីក្រុង​ម៉ូស្គូ ក៏អនុញ្ញាត​ឱ្យ​កងកម្លាំង​សហរដ្ឋអាមេរិក ឆ្លងកាត់​តាម​ប្រទេស​រុស្សី ក្នុងការ​ធ្វើដំណើរ​ចេញចូល​ប្រទេស​អាហ្គានីស្ថាន (Afghanistan)។ រុស្សី​ក៏បាន​បោះឆ្នោត​នៅឯ​អង្គការ​សហប្រជាជាតិ ដើម្បី​ដាក់​ទណ្ឌកម្ម​តឹងរឹង​ជាងមុនទៅលើ​រដ្ឋាភិបាល​ទីក្រុងតេហ៍រ៉ង់​(Tehran) ជុំវិញ​ការចោទ​ប្រកាន់​អំពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ។
ប៉ុន្តែ ក្រុម​អ្នកវិភាគ​និយាយ​ថា ទំនាក់ទំនងរវាង​ប្រទេស​ទាំងពីរ​កំពុង​ធ្លាក់​ចុះ​ដុន​ដាប​សារជាថ្មី​ម្តងទៀត។
លោក ស្ទីហ្វិន ចូនស៍ (Stephen Jones) ដែល​ជាអ្នកជំនាញ​ស្តីពីប្រទេស​រុស្សី នៃ​មហាវិទ្យាល័យ ម៉ោនត៍ ហូលីយ៉ូក (Mount Holyoke College) ក្នុង​រដ្ឋម៉ាសាជូសេត (Massachusetts) និយាយ​យ៉ាងដូច្នេះថា។
«វា​ច្បាស់ណាស់​ដែល​ថា ទំនាក់ទំនងស្ថិតនៅក្នុង​ស្ថានភាព​មិនល្អ​នាពេល​ឥឡូវនេះ ហើយ​ខ្ញុំ​គិតថា ​វា​ច្បាស់ណាស់ថា ​នេះជាអ្វីមួយ ដែលទាក់​ទង​នឹង​ការឡើង​កាន់ដំណែង​របស់​លោក ពូទីន (Putin) ជា​ប្រធានាធិបតី សម្រាប់​អណត្តិ​ទីបី។»
លោក វ្លាឌីមៀ ពូទីន (Vladimir Putin) ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតី កាលពី​ខែ​ឧសភា​ឆ្នាំមុន​ ជំនួស​លោក​ឌីមីទ្រី មេដវីដេហ្វ (Dmitri Medvedev) ដែល​មិនបាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការបោះឆ្នោត។ ​បច្ចុប្បន្ន​នេះ លោក មេដវីដេហ្វ គឺជា​នាយក​រដ្ឋមន្រ្តីនៃ​ប្រទេស​រុស្សី។
លោក រ៉ាឈែល ឌែនប័រ (Rachel Denber) នៃ​អង្គការ​«ឃ្លាំមើល​សិទ្ធិមនុស្ស» និយាយ​ថា លោក ពូទីន បាន​ធ្វើការវាយ​បង្រ្កាប​ខាង​នយោបាយ​ដ៏អាក្រក់​បំផុត ចាប់តាំង​ពីសម័យ​សហភាព​សូវៀត មកម្ល៉េះ។
«នៅក្នុង​រយៈពេល​២១​ឆ្នាំ​របស់ខ្ញុំ​ចំពោះ​ការត្រួតពិនិត្យមើល​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​រុស្សី ខ្ញុំ​មិនដែល​ឃើញ​ការវាយ​បង្ក្រាប​រួមគ្នា​ខ្លាំងក្លា ទៅលើ​សង្គម​ស៊ីវិល​ទាំងមូល​បែបនេះទេ។»
សភា​រុស្សី ដែល​គ្រប់គ្រងដោយ​គណបក្ស​នយោបាយ​ដែល​គាំទ្រ​លោក ពូទីន គឺគណបក្ស រួបរួម​រុស្សី (United Russia) បាន​អនុម័ត​ច្បាប់​ជាច្រើន ដែល​បាន​ដាក់កម្រិត​លើ​សិទ្ធិមនុស្ស។ លោក ឌែនប័រ និយាយ​ថា ច្បាប់​ទាំងនេះ​រួមមាន ការដាក់កម្រិត​ទៅលើ​ការធ្វើ​បាតុកម្ម ការពង្រីក​និយម​ន័យ​នៃ​ពាក្យ​ក្បត់ជាតិ ការបង្កើន​ការរឹតបន្តឹង​ទៅលើ​ខ្លឹមសារ​អត្ថបទ​នៅក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត និង​ច្បាប់​ដែល​រឹតបន្តឹង​ការគ្រប់គ្រង​ទៅលើ​អង្គការ​ក្រៅរដ្ឋាភិបាល។
រដ្ឋាភិបាលរុស្សី ក៏បាន​បណ្តេញ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (US Agency for International Development) ដែល​ជា​អង្គការ​មួយ ដែល​បាន​ជួយ​ផ្តល់​មូលនិធិដល់​អង្គការ​សង្គម​ស៊ីវិល​របស់​រុស្សី​ល្បីៗ​មួយចំនួន ដូចជា​អង្គការ ហ្គូឡូស (Golos) ដែល​ជា​អង្គការ​រាប់សន្លឹកឆ្នោត​ឯករាជ្យ​តែមួយ​គត់​ក្នុង​ទីក្រុង​ម៉ូស្គូ និង​អង្គការ​មេមូរៀល (Memorial) ដែល​អង្គការ​សិទ្ធិមនុស្ស​នាំមុខគេ​មួយ​របស់​ប្រទេស​នេះ។
នៅសហរដ្ឋអាមេរិក រដ្ឋសភា​បាន​អនុម័ត​ច្បាប់​មួយ ដែល​គេហៅថា «ច្បាប់ម៉ាហ្គនីតស្គី» ដែល​យកឈ្មោះ​តាម​លោក ស័រហ្គី ម៉ាហ្គនីតស្គី (Sergei Magnitsky) ដែល​ជាមេធាវីមួយរូប ដែល​បាន​ស្លាប់​នៅក្នុង​ពន្ធនាគារ​កាល​ពីឆ្នាំ​២០០៩ បន្ទាប់​ត្រូវទទួលរង​ទារុណកម្ម​តាម​ការ​អះអាងសម្រាប់​ការបកអាក្រាត​អំពី​ការលួចបន្លំ​ពន្ធ​យ៉ាង​ធំបំផុតមួយ នៅក្នុង​ប្រវត្តិ​សាស្រ្ត​របស់រុស្សី។ ​បញ្ញាត្តិ​របស់​រដ្ឋសភា បាន​ដាក់ការរឹត បន្តឹង​ទៅលើ​សកម្មភាព​ហិរញ្ញវត្ថុ និង​បដិសេធ​មិនផ្តល់​ទិដ្ឋាការ​សហរដ្ឋ​អាមេរិក​ឱ្យ​ជនជាតិ​រុស្សីណា ដែល​មានជាប់ពាក់ព័ន្ធ​នៅក្នុង​ការរំលោភ​សិទ្ធិ​មនុស្ស៕