អ្នកវិភាគខ្លះនិយាយថាសារពីសុន្ទរកថារបស់រដ្ឋមន្ត្រីការពារជាតិចិនលោក Dong Jun និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin នៅសិង្ហបុរីនាំឱ្យយល់ថាសន្តិសុខតំបន់ប្រហែលនឹងអាក្រក់តទៅទៀត។
ប្រទេសចិនបានបន្តឹងគោលជំហរខ្លួនអំពីបញ្ហាសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនៅក្នុងកិច្ចប្រជុំ Shangri-La នៅប្រទេសសិង្ហបុរីកាលពីចុងខែឧសភា នៅពេលរដ្ឋមន្ត្រីការពារជាតិចិនលោក Dong Jun បានរិះគន់កងកម្លាំងពីក្រៅខ្លះដែលបានផ្តល់ការគាំទ្រយោធាដល់តៃវ៉ាន៉ ខណៈចោទប្រកាន់ប្រទេសហ្វីលីពីនថាធ្វើឱ្យមានគ្រោះថ្នាក់ដល់ស្ថិរភាពក្នុងសមុទ្រចិនខាងត្បូង។
ខណៈលោក Dong បាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងអនុវត្តការរឹតបន្តឹងដើម្បីជាការឆ្លើយតបនឹងអ្វីដែលចិនពណ៌នាថាជា«ការជ្រៀតជ្រែកនិងការបង្ករឿង»ដោយប្រទេសមួយ ដែលចិនមិនបាននិយាយចំៗថាប្រទេសហ្វីលីពីននោះ ពួកប្រតិភូមកពីប្រទេសខ្លះនិយាយថាសុន្ទកថារបស់លោក «បង្កប់ទៅដោយការគំរាមកំហែង»។
អ្នកស្រី Jennifer Parker ជាអ្នកជំនាញខាងការការពារប្រទេសម្នាក់នៅសាកលវិទ្យាល័យជាតិអូស្ត្រាលីនិងជាប្រតិភូម្នាក់នៅក្នុងការសន្ទនា Shangri-La។ អ្នកស្រីបាននិយាយថា«នៅក្នុងសុន្ទរកថារបស់លោក Dong មានការគំរាមកំហែងមួយចំនួនដល់តំបន់នោះ រួមមានការព្រមានថា«ពួកបំបែករដ្ឋតៃវ៉ាន់»នឹងត្រូវកត់ត្រាជាភាពអាម៉ាស់ក្នុងប្រវត្តិសាស្ត្រ ហើយថាបណ្តាប្រទេសដែលជ្រៀតជ្រែកក្នុងការប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីបង្រួបបង្រួមជាថ្មីជាមួយតៃវ៉ាន់អាចប្រឈមនឹងការបំផ្លិចបំផ្លាញខ្លួនឯង»។
អ្នកស្រី Parker បានថ្លែងថាបន្ថែមលើការគំរាមកំហែងអំពីតៃវ៉ាន់ សុន្ទរកថារបស់លោក Dong ក៏ឆ្លុះបញ្ចាំងឱ្យឃើញការមិនអើពើរបស់រដ្ឋាភិបាលប៉េកាំងដល់ប្រទេសហ្វីលីពីននៅក្នុងជម្លោះដែនដីដែលកំពុងមានរវាងប្រទេសទាំងពីរក្នុងសមុទ្រចិនខាងត្បូង។ អ្នកស្រីបាននិយាយប្រាប់វីអូអេតាមទូរសព្ទថា«មានកម្រិតជាក់លាក់មួយនៃការមិនគោរពប្រទេសហ្វីលីពីននៅក្នុងសុន្ទរកថារបស់លោក Dong»។
នៅក្នុងសុន្ទរកថា៤០នាទីរបស់លោក លោក Dong បានចោទប្រកាន់កម្លាំងពីក្រៅខ្លះ ដែលជាការនិយាយយោងមិនផ្ទាល់ដល់សហរដ្ឋអាមេរិក ថា«ធ្វើឱ្យអន្តរាយ»ដល់អព្យាក្រឹតភាពនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងនាំឱ្យមាន«កត្តាអស្ថិរភាពដល់សន្តិភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់»។
ប្រតិភូខ្លះនៃប្រទេសហ្វីលីពីនក្នុងការប្រជុំ Shangri-La បាននិយាយថាប្រទេសអាស៊ីអាគ្នេយ៍ខ្លះយល់ថាការប៉ុនប៉ងរបស់ប្រទេសចិន«ក្នុងការនិយាយក្នុងនាមនៃសមាគមអាស៊ានជា«ការប៉ុនប៉ងឥតលាក់លៀមដើម្បីឆក់ប្លន់អាស៊ាន»។
លោក Justin Baquisal ជាអ្នកវិភាគភូមិសាស្ត្រនយោបាយមានមូលដ្ឋាននៅក្រុងម៉ានីលនិងជាប្រតិភូម្នាក់ក្នុងការសន្ទនា Shangri-La។ លោកបាននិយាយប្រាប់វីអូអេក្នុងចម្លើយជាលាយលក្ខណ៍អក្សរថា«ការប្រើទឡ្ហីករណ៍អំពីអព្យាក្រឹតភាពរបស់អាស៊ានដោយប្រទេសចិនមិនបានផលច្រើនទេពីព្រោះចិនមិនមែនជាសមាជិកអាស៊ានតែអះអាងដែរថាខ្លួននិយាយក្នុងនាមនៃសមាគមអាស៊ាន»។
ដោយប្រៀបធៀបនឹងការព្រមាននៅក្នុងសុន្ទរកថារបស់លោក Dong អ្នកវិភាគខ្លះថាសុន្ទរកថារបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin នៅក្នុងការសន្ទនា Shangri-La ទទួលបានការទទួលស្គាល់ពីប្រទេសមួយចំនួន។
នៅក្នុងសុន្ទរកថា៣០នាទីរបស់លោក លោក Austin បានមានប្រសាសន៍ថាក្រុមប្រទេសមានចិត្តគំនិតដូចគ្នានៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ិហ្វិកបានពង្រឹងការទាក់ទងគ្នានិងផ្តល់លទ្ធផលជាអត្ថប្រយោជន៍ដល់ប្រជារាស្ត្រក្នុងតំបន់កាលពីបីឆ្នាំមុននេះ។
លោកបាននិយាយប្រាប់ប្រតិភូអន្តរជាតិរាប់រយនាក់ក្នុងបន្ទប់ធំមួយថា«គម្រូថ្មីមួយនៃការស្របមតិគ្នាក្នុងតំបន់នេះមិនមែនជាសម្ព័ន្ធភាពតែមួយឬជាក្រុមចម្រុះតែមួយទេ ប៉ុន្តែជាការផ្តួចផ្តើមគំនិតនិងជាស្ថាប័នត្រួតស៊ីគ្នានិងជួយបំពេញគ្នាទៅវិញទៅមក ដែលជំរុញដោយចក្ខុវិស័យរួមនិងកាតព្វកិច្ចទៅវិញទៅមករួមគ្នាដែរ»។
លោក Austin បានគូសបញ្ជាក់កិច្ចព្រមព្រៀងឬការផ្តួចផ្តើមគំនិតចំនួន១៣ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានធ្វើជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ រួមមានប្រទេសកូរ៉េខាងត្បូង ជប៉ុន ហ្វីលីពីននិងប្រទេសឥណ្ឌា ដោយលោកបានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិក«ប្តេជ្ញាខ្លាំងដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។
ទោះជាមានការប៉ុនប៉ងដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលប៉េកាំងក្នុងការបន្ថយភាពតានតឹងរវាងពួកគេតាមរយៈការចរចារវាងលោក Austin និងលោក Dong ក៏ដោយ ក៏អ្នកវិភាគខ្លះក្នុងតំបន់និយាយថាសុន្ទរកថារបស់លោកទាំងពីរបង្ហាញថាប្រទេសមហាអំណាចទាំងពីរនេះនៅមាន«ទស្សនៈខុសគ្នាខ្លាំងណាស់»។
លោក Parker មកពីប្រទេសអូស្ត្រាលីបានថ្លែងថា គ្មានសញ្ញាថាភាពតានតឹងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ិហ្វិកបានចុះថមថយទេ ក្រោយការសន្ទនាគ្នានៅសិង្ហបុរី៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ