បាងកក ប្រទេសថៃ៖ តម្លៃស្បៀងអាហារកំពុងឡើងថ្លៃក្នុងទ្វីបអាស៊ី ហើយរដ្ឋាភិបាលនានាកំពុងចាត់វិធានការផ្សេងៗ ដើម្បីរក្សាតម្លៃកុំឲ្យឡើងថ្លៃទៀត ដែលវិធានការនេះ រួមមានការដាក់កម្រិតតម្លៃអតិបរមានិងការរឹតត្បិតការនាំចេញ។ ក៏ប៉ុន្តែការឆ្លើយតបនានារបស់រដ្ឋាភិបាលដែលមិនមានការសម្របសម្រួលគ្នាបានល្អ អាចធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើងដល់ស្ថានភាពនេះ។
ការរាំងស្ងួត ទឹកជំនន់ ការខ្វះខាតនិងការកើនឡើងនូវសេចក្តីត្រូវការបានធ្វើឲ្យតម្លៃស្បៀងអាហារក្នុងទ្វីបអាស៊ីកាន់តែឡើងថ្លៃឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ហើយអ្នកជំនាញការនិយាយថា តម្លៃស្បៀងអាហារអាចឡើងថ្លៃកាន់តែខ្លាំងឡើងនៅពេលដែលប្រទេសចិនដែលជាប្រទេសដាំស្រូវសាលីដ៏ធំបង្អស់មួយរបស់ពិភពលោកកំពុងជួបវិបត្តិការរាំងស្ងួត។
ដោយសារបញ្ហានេះ ប្រទេសខ្លះបានចាត់វិធានការដើម្បីធ្វើឲ្យប្រាកដថាការផ្គត់ផ្គង់របស់ខ្លួនមានគ្រប់គ្រាន់។ ប្រទេសឥណ្ឌាបានហាមឃាត់ការលក់ស្រូវសាលីទៅបរទេសចាប់តាំងពីឆ្នាំ២០០៧មក ហើយទោះបីការប្រមូលផលបានទទួលផលល្អនៅរដូវនេះក៏ដោយ រដ្ឋាភិបាលបន្តស្តុកទុកស្រូវសាលី។
នៅសប្តាហ៍នេះ ធនាគារពិភពលោកប្រាប់ឲ្យដឹងថា តម្លៃស្បៀងអាហារបានឡើងដល់កម្រិតគ្រោះថ្នាក់ ហើយបានរុញច្រានមនុស្សចំនួន៤៤លាននាក់ឲ្យធ្លាក់ចូលក្នុងភាពក្រីក្រ។ លោក រ៉ូប៊ើត ហ្សូលីក (Robert Zoellick) ប្រធានធនាគារពិភពលោកបានស្នើសុំឲ្យរដ្ឋាភិបាលនានាបញ្ចៀសការហាមឃាត់ការនាំចេញឬកម្រិតតម្លៃដែលលោកនិយាយថា ការណ៍នេះនឹងធ្វើឲ្យបញ្ហានេះកាន់តែអាក្រក់ទៅៗ។
លោក Katsuji Matsunami ជាអ្នកឯកទេសខាងសន្តិសុខស្បៀងអាហារនៅធនាគារអភិវឌ្ឍន៍អាស៊ីក្នុងទីក្រុងម៉ានីលប្រទេសហ្វ៊ីលីពីន។ លោកនិយាយថាសាកលលោកកំពុងភ្ញាក់ដឹងខ្លួនពីភាពគ្រោះថ្នាក់នៃការប៉ះពាល់នៃភាពងាយរងផលប៉ះពាល់របស់ការផ្គត់ផ្គង់ស្បៀងអាហារ។
«ប្រព័ន្ធផ្គត់ផ្គង់ស្បៀងអាហារងាយនឹងរងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាសធាតុ ដូចជាការរាំងស្ងួត ទឹកជំនន់និងបញ្ហាផ្សេងៗទៀត។ ក្នុងរយៈពេលបីបួនទសវត្សរ៍ចុងក្រោយនេះ យើងមានទាំងថវិកានិងចំណេះដឹងគ្រប់គ្រាន់ ក៏ប៉ុន្តែយើងមិនបានធ្វើសកម្មភាពគ្រប់គ្រាន់ ដើម្បីការពារទីវាលលិចទឹកដ៏ធំល្វឹងល្វើយរបស់ទ្វីបអាស៊ីកុំឲ្យរងផលប៉ះពាល់ដោយសារទឹកជំនន់ឬកសិករតូចតាចកុំឲ្យរងផលប៉ះពាល់ពីការផ្លាស់ប្តូរអាកាសធាតុក៏ដូចជាភាពរាំងស្ងួត។ យើងអាចធ្វើការងារនេះបាន ក៏ប៉ុន្តែយើងមិនបានធ្វើវាទេ»។
លោក Nagesh Kumar ប្រធានសេដ្ឋវិទូនៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ីនិងមហាសមុទ្រប៉ាស៊ីហ្វិកក្នុងទីក្រុងបាងកកនិយាយថា គោលនយោបាយកសិកម្មទន់ខ្សោយក៏មានកំហុសនៅក្នុងបញ្ហានេះដែរ។
«គេមិនអាចផ្គត់ផ្គង់ឲ្យទាន់នឹងការកើនឡើងនូវសេចក្តីត្រូវការពីព្រោះតែគោលនយោបាយរបស់រដ្ឋាភិបាលក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះមិនយកចិត្តទុកដាក់ខាងវិស័យកសិកម្មក្នុង។ ហើយផលិតភាពកសិកម្មមិនជឿនលឿនទៅមុខ»។
ទ្វីបអាស៊ីបានប្រកាន់យកបដិវត្តន៍បៃតងខាងវិស័យកសិកម្មក្នុងទសវត្សរ៍១៩៦០និងទសវត្សរ៍១៩៧០។ ក៏ប៉ុន្តែផលិតភាពកសិកម្មជាទូទៅបានធ្លាក់ចុះចាប់តាំងពីដីកសិដ្ឋានជាច្រើនបានត្រូវគេប្រើប្រាស់សម្រាប់សាងសង់ផ្ទះនិងរោងចក្រដើម្បីតម្រូវតាមការកើនឡើងនូវចំនួនប្រជាពលរដ្ឋនិងឧស្សាហ៍កម្ម។
យោងទៅតាមសេចក្តីរាយការណ៍អំពីសន្តិសុខស្បៀងអាហាររបស់អង្គការមូលនិធិអាស៊ីកាលពីឆ្នាំទៅ ប្រាប់ឲ្យដឹងថាភាគចំណែកសេដ្ឋកិច្ចរបស់វិស័យកសិកម្មក្នុងប្រទេសផលិតកសិកម្មសំខាន់ៗនៃតំបន់អាស៊ីអាគ្នេយ៍ដូចជាប្រទេសឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន វៀតណាម និងម៉ាឡេស៊ី បានធ្លាក់ចុះពី៣៨,៦ភាគរយនៅឆ្នាំ១៩៧០ មកត្រឹម១៤,៥ភាគរយនៅឆ្នាំ២០០៧។ ក្នុងប្រទេសចិន ចំនួននោះបានធ្លាក់ចុះពី៣៥ភាគរយក្នុងឆ្នាំ១៩៧០មក១១ភាគរយក្នុងឆ្នាំ២០០៧។
ទោះបីតំបន់នោះជាទីកន្លែងដាំដុះធញ្ញជាតិដ៏ធំបង្អស់របស់ពិភពលោកក៏ដោយ មនុស្សដែលគ្មានអាហារគ្រប់គ្រាន់ជាង៦៤ភាគរយរបស់ពិភពលោកក៏រស់នៅទីកន្លែងនោះដែរ។
ឆ្លើយតបទៅនឹងការរំពឹងទុកថានឹងមានការខ្វះខាតម្ហូបអាហារ ប្រទេសចិនបានសន្យាផ្តល់ប្រាក់ដល់ពួកកសិករដើម្បីបញ្ចូលទឹកក្នុងស្រែស្រូវសាលី ដាំស្រូវសាឡីនិងពោត និងព្យាបាលដាំណាំដែលមានជំងឺ។ ចិនក៏បានទុកប្រាក់ដាច់ដោយឡែកចំនួន១៨០លានដុល្លារសម្រាប់ទិញឧបករណ៍ថ្មីនិងប្រាក់ជាង១.០០០លានដុល្លារទៀតសម្រាប់សម្រាលដល់ការប៉ះពាល់ពីការរាំងស្ងួត។
ចិនក៏បានដាក់ការកម្រិតលើតម្លៃស្បៀងអាហារខ្លះ ដើម្បីការពារអ្នកប្រើប្រាស់ក្រីក្រពីអតិផរណាដែលបានឡើងទៅដល់៤,៩ភាគរយកាលពីខែមករា។
ក្នុងប្រទេសថៃ រដ្ឋាភិបាលបានកំណត់តម្លៃប្រេងឆារឲ្យនៅត្រឹម១,៥០ដុល្លារក្នុងមួយលីត្រ បន្ទាប់ពីទឹកជំនន់បានកាត់បន្ថយផលិតផលក្នុងស្រុកយ៉ាងខ្លាំង។ទោះជាយ៉ាងណាក៏ដោយ លោក Kumar និយាយថា ទោះបីអន្តរាគមន៍របស់រដ្ឋាភិបាលអាចជាការចាំបាច់ដើម្បីជួយកសិករក្រីក្រក្តី ក៏វិធានការនានាដូចជាការកម្រិតតម្លៃ អាចនាំឲ្យមានសកម្មភាពផ្សារងងឹតកើនឡើងខ្លាំងទៅវិញ។
«ប្រសិនបើ ព្រមពេលនឹងការដាក់កម្រិតតម្លៃនេះ គេក៏មានការត្រួតត្រានិងត្រួតពិនិត្យមើលត្រឹមត្រូវនោះ វាអាចមានប្រសិទ្ធិភាពបំផុត ជាពិសេសប្រសិនបើតម្លៃនោះត្រូវឡើងចុះដោយការស្តុកទុកហួសហេតុនិងការក្រឡុកទីផ្សារ»។
ការឆ្លើយតបតែរៀងៗខ្លួនរបស់រដ្ឋាភិបាលនិមួយៗ អាចធ្វើឲ្យស្ថានភាពនោះកាន់តែធ្ងន់ធ្ងរឡើង។ នៅដើមឆ្នាំ២០០៨ តម្លៃអង្ករបានឡើងលើសមួយជាពីរ។ប្រទេសកម្ពុជា វៀតណាម ឥណ្ឌា និងប្រទេសចិន បានព្រួយបារម្ភអំពីការផ្គត់ផ្គង់ ដោយកាត់បន្ថយការនាំចេញអង្ករ។ នៅពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលដែលនាំអង្ករចូល បានបញ្ជាទិញបរិមាណអង្ករយ៉ាងច្រើននៅទីផ្សារអន្តរជាតិ ដោយធ្វើឲ្យតម្លៃអង្កររឹតតែឡើងថ្លៃ។
លោក Matsunami និយាយថា មិនមានហេតុផលអ្វីដែលត្រូវធ្វើឲ្យតម្លៃអង្ករឡើងកប់ពពកនៅឆ្នាំ២០០៨នោះទេ។
«អ្នកជំនាញការខ្លះនិយាយថាការឡើងថ្លៃនោះ គឺដោយសាអង្ករត្រូវបានស្តុកទុកនៅគ្រប់ជាន់ថ្នាក់។ ក៏ប៉ុន្តែខ្ញុំគិតថា សំខាន់ជាងអ្វីទាំងអស់គឺមកពីគេមានគោលនយោបាយរឹតត្បិតពាណិជ្ជកម្មផ្សេងៗទៀត ដូចជាការហាមឃាត់ការនាំចេញនិងបញ្ហាផ្សេងៗទៀត»។
រហូតមកទល់ពេលនេះ លើកលែងប្រទេសឥណ្ឌាចេញ រដ្ឋាភិបាលអាស៊ីនានាមិនបានរឹតត្បិតការនាំចេញរបស់របរប្រើប្រាស់សំខាន់ៗទេ។ កសិករដាំស្រូវសាលីឥណ្ឌាកំពុងគាបសង្កត់រដ្ឋាភិបាល ដើម្បីអនុញ្ញាតិឲ្យពួកគេអាចលក់ស្រូវសាលីទៅបរទេស ដែលអាចជួយបង្កើនការផ្គត់ផ្គង់ទូទាំងសាកលលោក។
តម្លៃអង្ករត្រូវគេរំពឹងថានឹងចុះវិញបន្តិច ពីព្រោះតែការប្រមូលផលគ្រប់គ្រាន់ហើយនិងការធ្លាក់ចុះនៃសេចក្តីត្រូវការពីប្រទេសហ្វីលីពីនដែលជាអ្នកទិញដ៏ធំបំផុតនៅក្នុងតំបន់។ លោក Matsunami និយាយថា ការមានព័ត៌មានទីផ្សារគ្រប់គ្រាន់ជួយរារាំងការប្រែប្រួលយ៉ាងខ្លាំង។ លោកនិយាយថា ជាឧទាហរណ៍ ការលក់ដូរអង្ករអាចទទួលផលប្រយោជន៍ពីការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋាភិបាលអំពីសេចក្តីត្រូវការនិងការផ្គត់ផ្គង់។
«ការលក់ដូរអង្ករនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ភាគច្រើន ធ្វើឡើងរវាងប្រទេសគ្នាឯងនៅក្នុងតំបន់។ ដូច្នេះ តើមានវេទិកាពហុភាគីដែលប្រទេសនាំអង្ករចេញនិងប្រទេសនាំអង្ករចូលអាចអង្គុយជជែកគ្នាឬទេ? ពួកគេមិនចាំបាច់ចែករំលែករឿងសម្ងាត់របស់ជាតិទេ ប៉ុន្តែពួកគេអាចអង្គុយនិយាយគ្នាធម្មតាបាន ដូចជាថា តើអស់លោកមើលឃើញថ្ងៃអនាគតយ៉ាងដូចម្តេចដែរ? តើអស់លោកអ្នកមើលឃើញទីផ្សាររបស់ប្រទេសអស់លោកអ្នកយ៉ាងណាដែរនៅពេលឥឡូវនេះ? វេទិកាបែបនេះមិនមានទេ»។
ពួកអ្នកជំនាញការក៏ជម្រុញឲ្យបង្កើតធនាគារស្បៀងអាហាររបស់តំបន់ដែលប្រទេសជាតិនានាអាចដកយកបាននៅពេលខ្វះខាត ដែលជាមធ្យោបាយមួយរារាំងការឡើងថ្លៃភ្លាមៗ។
សមាគមប្រទេសជាតិអាស៊ីអាគ្នេយ៍ដែលមានប្រទេស១០ជាសមាជិក ហើយនិងប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន បានបង្កើតអង្ករបម្រុង ក៏ប៉ុន្តែសម្រាប់តែសេចក្តីត្រូវការក្នុងគ្រាអាស័ន្នវិបត្តិមនុស្សធ៌មតែប៉ុណ្ណោះ។
សមាគមកិច្ចសហប្រតិបត្តិការតំបន់អាស៊ីខាងត្បូង ដែលមានប្រទេស៨ជាសមាជិក មិនទាន់បានបង្កើតធនាគារស្បៀងអាហារសម្រាប់តំបន់ឲ្យមានប្រតិបត្តិការពេញទំហឹងនៅឡើយទេ ទោះបីមានកិច្ចព្រមព្រៀងក្នុងឆ្នាំ២០០៧ក៏ដោយ។
ប្រែសម្រួលដោយ ជឹង ប៉ូជីន