សមាគមអាស៊ានទំនងជាប្រឈមមុខនឹងបញ្ហាច្រើន ដែលត្រូវដោះស្រាយក្នុងពេលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ដូចជាបញ្ហាសន្តិសុខ ប្រជាធិបតេយ្យ និងបញ្ហាសេដ្ឋកិច្ចជាដើម ដែលអ្នកវិភាគអះអាងថាប្រទេសកម្ពុជាដែលជាសមាជិកអាស៊ានមួយ ក្នុងចំណោម១០ប្រទេស ទាមទារឲ្យមានការពង្រឹងយន្តការខ្លួនដើម្បីដើរឲ្យទាន់ចរន្តតំបន់និងសាកល។ នេះជាការអះអាងរបស់លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ សាស្ត្រាចារ្យផ្នែកការសិក្សាតំបន់អាស៊ីប៉ាស៊ីហ្វិក នៃសាកលវិទ្យាល័យលីដស៍ ប្រទេសអង់គ្លេស ក្នុងកម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃព្រហស្បតិ៍ពេលលោកអញ្ចើញជាវាគ្មិន។
«នៅក្នុងកាលៈទេសៈនៃចរន្តសមាហរណកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ដូចជា អាស៊ីបូព៌ា អាស៊ីបាស៊ីហ្វ៊ិក កម្ពុជាត្រូវតែធ្វើកំណែទំរង់ឲ្យស៊ីជំរៅហើយនឹងទទួល លទ្ធផល ដែលប្រជាជនកម្ពុជាហ្នឹងទទួលបាននូវផល ហើយចេញនូវនយោបាយកំណែទម្រង់។ បើពុំមានលទ្ធផលជាក់ស្តែងនោះទេ កម្ពុជាយើងអាចរត់ទាន់ បណ្តាប្រទេសនៅក្នុងតំបន់នេះបានទេ។ ដូច្នេះយើងត្រូវពង្រឹងនូវស្ថាប័នពង្រឹង ភាពជាអ្នកដឹកនាំពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិដើម្បីឆក់យកឱកាសនៃសមាហរណកម្មនៅក្នុងតំបន់»។
Your browser doesn’t support HTML5
បញ្ហាទាំងនោះដូចជាសន្តិសុខទាក់ទងនឹងសមុទ្រចិនខាងត្បូង បញ្ហាបាត់ដាន យន្តហោះ និងការធ្លាក់យន្តហោះក្នុងតំបន់ដែលអាស៊ានត្រូវពង្រឹងយន្តការ ថែមទៀតដើម្បីជួយគ្នាផ្នែកសា្រវជ្រាវនិងជួយសង្គ្រោះ បញ្ហាគម្លាតសេដ្ឋកិច្ចរវាងអាស៊ាននៅពេលសមាហរណកម្មក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន បញ្ហាប្រកាន់ពូជសាសន៍ សាសនានិងបញ្ហាតំបន់សំខាន់ផ្សេងទៀត៕