ប្រតិភូនៃប្រទេសជាសមាជិកអាស៊ាន និងដៃគូសន្ទនារបស់អាស៊ាន បានមកដល់ប្រទេសកម្ពុជាជាបណ្តើរៗ កាលពីថ្ងៃសៅរ៍ ដើម្បីចូលរួមកិច្ចប្រជុំផ្សេងៗក្នុងក្របខណ្ឌអាស៊ាន និងការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ក្នុងទីក្រុងភ្នំពេញ។
អ្នកជំនាញកិច្ចការអន្តរជាតិនៅប្រទេសកម្ពុជាកត់សម្គាល់នូវបញ្ហាស្មុគស្មាញជាច្រើនដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេនត្រូវចូលរួមផ្លាស់ប្តូរយោបល់ ពិភាក្សា រកដំណោះស្រាយ ជាមួយប្រទេសដទៃ ដែលជាសមាជិកអាស៊ាន និងដៃគូសន្ទនារបស់អាស៊ាន។
ប្រធានប្រតិបត្តិនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បាននិយាយថាកម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំនេះ មានបំណងធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងតំបន់ និងដៃគូពិភាក្សា ដើម្បីស្តាសេដ្ឋកិច្ចសង្គមក្រោយវិបត្តិជំងឺកូវីដ១៩ ដោយសារកង្វះយន្តការជួយគ្នាទៅវិញទៅមកនៃការធ្វើឲ្យប្រសើរឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចសង្គមដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩។
លោកបន្ថែមថា វិបត្តិស្មុគស្មាញមួយចំនួន តួយ៉ាងដូចវិបត្តិនៅភូមា និងសង្គ្រាមនៅអ៊ុយក្រែន ក៏បានរំខានដល់ដំណើរការស្តាស្ថានភាពសេដ្ឋកិច្ចឡើងវិញ ហើយដែលតោងឲ្យកម្ពុជា និងប្រទេសសមាជិកអាស៊ាន ព្រមទាំងដៃគូពិភាក្សា ត្រូវជជែកគ្នាក្នុងកិច្ចប្រជុំក្នុងក្របខណ្ឌអាស៊ាននានាដែលកំពុងខិតជិតចូលមកដល់។
លោកថ្លែងថា៖ «ទាក់ទងបញ្ហាតំបន់ និងអន្តរជាតិ យើងឃើញបញ្ហាវិបត្តិនៅភូមា បញ្ហាសង្គ្រាមនៅអ៊ុយក្រែន ហើយនិងផលប៉ះពាល់ទៅដល់សន្តិសុខស្បៀង សន្តិសុខថាមពល និងក៏ជាបញ្ហាមួយកំពុងតែជាការគំរាមកំហែងទៅដល់ការខំប្រឹងប្រែង ក្នុងការស្តាឡើងវិញសេដ្ឋកិច្ចសង្គមហ្នឹងដែរ គឺត្រូវបានបន្ទុចបង្អាក់ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន ហើយនិងបញ្ហាស្មុគស្មាញ វិបត្តិស្មុគស្មាញនៅភូមា»។
អ្នកជំនាញកិច្ចការអន្តរជាតិរូបនេះ លើកឡើងទៀតថា ប្រទេសជាសមាជិកអាស៊ាន អាចនឹងពិភាក្សា ដោយផ្តោតលើប្រភពថ្មីៗដែលអាចជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ក្នុងនោះគឺការបង្កើនការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជាកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ហៅកាត់ថា(RCEP)។
បើតាមលោក ឈាង វណ្ណារិទ្ធ ការប្រែប្រួលអាកាសធាតុក៏ត្រូវស្ថិតនៅក្នុងកិច្ចពិភាក្សារបស់ក្រុមរដ្ឋមន្ត្រី និងតំណាងនៃប្រទេសផ្សេងៗដែលមកចូលរួមប្រជុំពាក់ព័ន្ធនឹងអាស៊ាននៅទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ។
ក្រៅពីបញ្ហាសេដ្ឋកិច្ច និងសង្គម លោក ឈាង វណ្ណារិទ្ធ ជឿថាភាពតានតឹងអាចនឹងកើតឡើងនៅក្នុងកិច្ចប្រជុំខាងមុខ ដោយសារតែមានវត្តមានរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ដែលកំពុងពាក់មុខយក្សដាក់គ្នា ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។
លោកប្រាប់វីអូអេកាលពីថ្ងៃសុក្រសប្តាហ៍មុនថា៖ «ភាពតឹងតែងហើយនិងភាពចម្រូងចម្រាស គឺនឹងកើតមាន ជាពិសេសទាក់ទងវត្តមានរបស់រុស្ស៊ីនៅក្នុងកិច្ចប្រជុំហ្នឹង ដោយសារតែលោកខាងលិច គឺមានការប្រឆាំងចំពោះវត្តមានរបស់រុស្ស៊ី។ អ៊ីចឹងយើងមើលពីការប្រជុំកន្លងទៅ G20 នៅឥណ្ឌូណេស៊ី ហើយនិងAPECនៅថៃហ្នឹង គឺអត់បានចេញនូវសេចក្តីថ្លែងការណ៍រួមណាមួយទេ ដោយសារតែពុំមាន consensus ឯកច្ឆន្ទភាព លើបញ្ហាមួយចំនួន។ អ៊ីចឹងនិយាយចំទៅ វេទិកាណាដែលមានរុស្ស៊ី ហើយនិងអាមេរិក ហើយនិងលោកខាងលិចនៅជាមួយគ្នា គឺពិបាកហ្នឹងឈានទៅដល់នូវឯកច្ឆន្ទណាស់ ពីព្រោះថាវាទៅជាពីរប្លុកទៅហើយ»។
ប្រទេសសមាជិកអាស៊ានទាំង១០ មានដូចជាសិង្ហបុរី ថៃ វៀតណាម ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន។ គិតត្រឹមឆ្នាំ២០២២នេះ អាស៊ាន មានដៃគូសន្ទាចំនួន១១ប្រទេសរួមមានអូស្ត្រាលី កាណាដា ចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន នូវែលសេឡង់ សាធារណកូរ៉េ(កូរ៉េខាងត្បូង) សហព័ន្ធរុស្ស៊ី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
ខណៈកម្ពុជាត្រៀមរៀបចំកិច្ចប្រជុំក្នុងក្របខណ្ឌអាស៊ាន ក៏ដូចជាការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន រដ្ឋមន្រ្តីការបរទេសរុស្ស៊ី គឺលោកSergey Lavrov និងរដ្ឋមន្រ្តីការបរទេសចិនលោកWang Yi បានបញ្ជាក់ការចូលរួមរបស់ពួកគេ ក្នុងកិច្ចប្រជុំដែលនឹងត្រូវរៀបចំនៅទីក្រុងភ្នំពេញ។
ដោយឡែក លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងធ្វើដំណើរទៅកាន់ប្រទេសមួយចំនួន រួមមានកម្ពុជាផងដែរ ដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយចំនួនក្នុងក្របខណ្ឌអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
លោក Blinken នឹងផ្តើមដំណើរទស្សនកិច្ចរបស់លោកចាប់ពីថ្ងៃទី២ ខែសីហាដល់ថ្ងៃទី១២ ខែសីហា ដោយក្នុងការធ្វើដំណើរនោះ មានការបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ហ្វីលីពីន អាហ្វ្រិកខាងត្បូង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និង ប្រទេសរវ៉ាន់ដា។
សេចក្តីប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា លោករដ្ឋមន្ត្រី Antony Blinken នឹងធ្វើដំណើរទៅកាន់រាជធានីភ្នំពេញប្រទេសកម្ពុជាដំបូងគេចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ដើម្បីចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាមេរិក-អាស៊ាន កិច្ចប្រជុំកំពូលអាស៊ីបូព៌ាថ្នាក់រដ្ឋមន្ត្រីការបរទេស និង កិច្ចប្រជុំវេទិកាតំបន់អាស៊ាន។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា៖ «នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនីមួយៗ លោករដ្ឋមន្ត្រី Blinken នឹងបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះមជ្ឈភាពអាស៊ាន និង ការអនុវត្តដោយជោគជ័យចំពោះចក្ខុវិស័យអាស៊ានអំពីក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក»។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថែមទៀតថា៖ «លោករដ្ឋមន្ត្រី នឹងដោះស្រាយបញ្ហាឆ្លងរាលដាលនៃជំងឺកូវីដ១៩ បញ្ហាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ បញ្ហាវិបត្តិ(នយោបាយ)ភូមា និង បញ្ហាសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនផងដែរ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅប្រទេសកម្ពុជាលោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថាវិបត្តិនៅភូមាអាចជាបញ្ហាក្តៅគគុកមួយដែលត្រូវពិភាក្សាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងការប្រជុំពាក់ព័ន្ធដទៃទៀត។
លោកនិយាយថា៖ «ប្រហែលជាបញ្ហាភូមា ជាចំណុចមួយចាំបាច់ដែលត្រូវជជែកគ្នា រឿងបញ្ហាសន្តិសុខនៅក្នុងតំបន់។ ចំណុចមួយទៀត អាចជាបញ្ហារឿងជំហរ គេហៅថារបស់អង្គការអាស៊ាន ជាមួយនឹងការកសាងរក្សាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដូចដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី១៣ខែឧសភា កន្លងមក ដែលប្រជុំពិសេសជាមួយអាមេរិក នៅទឹកដីសហរដ្ឋអាមេរិក។ អ៊ីចឹងទេ កិច្ចការនេះ ខ្ញុំគិតថាប្រហែលជាគេជំរុញឬក៏បន្តឲ្យអនុវត្តបន្តទៀតលើជំហររបស់អង្គការអាស៊ាន ជាមួយនឹងសហរដ្ឋអាមេរិក»។
បើតាមលោក ឯម សុវណ្ណារ៉ា បញ្ហាផ្សេងទៀត ដូចជាការដណើ្តមកាន់កាប់ដែនកោះក្នុងសមុទ្រចិនខាងត្បូងពីសំណាក់ភាគីចិន និងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងមិនត្រូវបានលើកមកពិភាក្សាស៊ីជម្រៅ និងជាឧបសគ្គធំសម្រាប់កម្ពុជានោះទេ ដោយលើកហេតុផលថា អាមេរិកបានបដិសេធទទួលស្គាល់អធិបតេយ្យភាពរបស់ចិនក្នុងតំបន់នោះ។
លោកថ្លែងថា៖ «បញ្ហាសមុទ្រចិនខាងត្បូងនេះ ខ្ញុំគិតថា វាលែងជាក្តីបារម្ភធំអីនៅក្នុងកាតព្វកិច្ចរបស់កម្ពុជាទៀតហើយដោយសារសហរដ្ឋអាមេរិកបានទាត់ចោលនូវ គេហៅថា ដែនអធិបតេយ្យភាពរបស់ចិន។ ដោយឡែករឿងសមុទ្រចិនខាងត្បូងនេះ ប្រហែលជានឹងមិនអាចដំណើរការ ឬក៏ជជែកគ្នាឲ្យស៊ីជម្រៅអីបានទៀតទេ»។
ក៏ប៉ុន្តែនាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក ពូ សុធីរៈ ជឿថាបញ្ហាសមុទ្រចិនខាងត្បូងនេះទំនងជានឹងត្រូវបានលើកឡើងដោយភាគីប្រទេសហ្វីលីពីន ដែលទើបមានការផ្លាស់ប្តូររដ្ឋបាលដឹកនាំថ្មី។
លោកប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា៖ «គាត់អាចលើកឡើងវិញ ហើយឥឡូវប្រហែលជាអីចឹងហើយ ពីព្រោះហ្វីលីពីន គាត់ប្រកាន់ជំហានថ្មី (new position) តាមការសង្កេតរបស់ខ្ញុំ។ ស្អីដែលទាក់ទិនទៅនឹងរឿងផលប្រយោជន៍ ហើយចំណុចដែលទាក់ទិន នៅក្នុងSouth China Sea (សមុទ្រចិនខាងត្បូង) ដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិរបស់គាត់ គាត់អាចលើក។ ដូច្នេះ នេះជារឿងមួយដែលខ្មែរ ដែលជាម្ចាស់ផ្ទះហ្នឹង មានតួនាទីសម្របសម្រួលបន្ថែមទៀត ពន្យល់ប្រាប់គេបន្ថែមទៀត»។
ទាក់ទិនវិបត្តិនៅភូមា ឬមីយ៉ាន់ម៉ា ជាទីដែលទើបមានការប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ៤រូបនោះ លោក ពូ សុធីរៈ លើកឡើងថាដល់ពេលដែលប្រទេសពាក់ព័ន្ធក្នុងការរកដំណោះស្រាយនៅមីយ៉ាន់ម៉ា យកបញ្ហាមីយ៉ាន់ម៉ាទៅបង្ហាញនៅអង្គការសហប្រជាជាតិ ព្រោះរឿងនេះមិនអាចដោះស្រាយបានទេនៅកម្រិតតំបន់ ដូច្នេះមានតែយករឿងនេះមកដោះស្រាយតាមយន្តការអន្តរជាតិទូលំទូលាយមួយ។
លោកបន្ថែមថា៖ «ខ្ញុំយល់ថា គួរតែឲ្យមានកិច្ចប្រជុំកម្រិតកំពូលនៅអង្គការសហប្រជាជាតិ មានន័យថា internationalize the crisis [ធ្វើឲ្យវិបត្តិនេះទៅជាលក្ខណៈអន្តរជាតិ]... យកទៅ ធ្វើវាជា international issue [បញ្ហាអន្តរជាតិ] ឥឡូវហ្នឹងវានៅកម្រិត regional issue [បញ្ហាតំបន់] ហើយ regional issue [បញ្ហាតំបន់]នេះ Min Aung Hlaing គាត់ហាក់បីដូចជាព្រងើយកន្តើយ គាត់ផ្គើនណាស់ គាត់ចំអក»។
នៅក្នុងវិបត្តិមីយ៉ាន់ម៉ា ប្រទេសជាសមាជិកអាស៊ានចំនួន១០ បានយល់ព្រមគ្នាលើកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ( a five-point consensus) ដើម្បីបញ្ចប់ភាពប្រទូសរ៉ាយផ្សេងៗកាលពីឆ្នាំមុន ប៉ុន្តែមានសញ្ញាតិចតួចដែលរបបដឹកនាំដោយយោធាអនុវត្តតាមកិច្ចព្រៀងជាឯកច្ឆន្ទ៥ចំណុច ដែលក្នុងនោះ រួមមានការបញ្ចប់អំពើហិង្សា និងការធ្វើឲ្យមានកិច្ចសន្ទនា។
បើតាមលោកពូ សុធីរៈ ក្រៅពីវិបត្តិនៅភូមា កម្ពុជាគួរត្រៀមខ្លួន ដើម្បីឆ្លើយតបបញ្ហាដែលអាចកើតឡើងដោយមិនបានរំពឹងទុកមុន ក្នុងនោះគឺដំណើរទស្សនកិច្ចរបស់អ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភាអាមេរិក ដែលដើមឡើយមានការប៉ាន់ស្មានថាអ្នកស្រីនឹងមកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ តែនៅនាទីចុងក្រោយដំណើរទៅកាន់កោះតៃវ៉ាន់មិនស្ថិតក្នុងរបៀបវារៈនៃដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី ជាទីដែលអ្នកស្រីនឹងផ្តើមទស្សនកិច្ចមុនគេនៅប្រទេសសិង្ហបុរី។
លោកក៏លើកឡើងពីក្តីបារម្ភនៃការប្រឈមមុខដាក់គ្នារវាងរដ្ឋមន្ត្រីការបរទេសអាមេរិក និងរុស្ស៊ីផងដែរ ខណៈអ្នកទាំងពីរនឹងមានវត្តមានក្នុងទីក្រុងភ្នំពេញ។ ការណ៍នេះទាមទារឲ្យកម្ពុជា និងអាស៊ានទាំងមូលត្រៀមខ្លួនឆ្លើយតប។
លោកថ្លែងថា៖ «តាមខ្ញុំដឹងថារដ្ឋមន្ត្រីការបរទេសអាមេរិក ហើយនិងរុស្ស៊ី នឹងមកប្រជុំ តើគាត់អង្គុយតុជាមួយគ្នាអត់? បើលោកដឹងជួយប្រាប់ខ្ញុំផង គេព្រមអង្គុយជាមួយគ្នាអត់។ មិនដឹងថារុស្ស៊ីព្រមអង្គុយជាមួយអាមេរិក ឬអាមេរិកព្រមអង្គុយជាមួយរុស្ស៊ីទេ ក្នុងករណីទាំងពីរនេះ តើខ្មែរយើងជាម្ចាស់ផ្ទះ ហើយអាស៊ានទាំងមូលហ្នឹង ប្រកាន់ជំហររបៀបម៉េច? នេះជាបញ្ហារសើបមួយទៀត ដែលខ្ញុំយល់ឃើញថានឹងអាចកើតមានឡើងនៅក្នុងអំឡុងពេលប្រជុំថ្ងៃខាងមុខៗតទៅទៀត»។
គេមិនទាន់ដឹងថាតើលោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken មានគម្រោងការជួបប្រជុំទ្វេភាគី ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ដើម្បីដោះស្រាយបញ្ហាសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន និងជួបរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi អំពីបញ្ហាតានតឹងក្នុងតំបន់ និង តៃវ៉ាន់ នៅក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្នុងក្របខណ្ឌអាស៊ាននៅឡើយទេ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Joe Biden និង លោកប្រធានាធិបតីចិន Xi Jinping ជួបប្រជុំតាមអនឡាញ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ជុំ សុន្ទរី មិនអាចបញ្ជាក់បានថាតើអាចនឹងមានកិច្ចពិភាក្សាទេ្វភាគីរវាងលោករដ្ឋមន្ត្រី Blinken និងគណៈប្រតិភូឯទៀត ដោយសារហួសពីសមត្ថកិច្ចរបស់លោក៕