ភ្លៀងធ្លាក់ដ៏ខ្លាំងនៅថ្ងៃពុធនេះ បានរាំងស្ទះដល់ដំណើរការរុករកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern ដែលបានបោះពួយចូលក្នុងតំបន់ភ្នំមួយកន្លែងនៅក្នុងប្រទេសចិន និងមានអ្នកដំណើរក្នុងនោះចំនួន១៣២នាក់ដែលជាមហន្តរាយមួយដែលធ្វើឲ្យអ្នកស៊ើបអង្កេតកំពុងមានការងឿងឆ្ងល់ និងកំពុងព្យាយាមស្វែងរកប្រអប់ខ្មៅរបស់យន្តហោះនោះ។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
៣ថ្ងៃចាប់តាំងពីការធ្លាក់នៅថ្ងៃចន្ទមក មិនមានសញ្ញាណាមួយដែលបញ្ជាក់ថា អាចមានអ្នកនៅរស់រានជីវិតពីការធ្លាក់នោះទេ។ ទោះបីជាយ៉ាងនេះក្តី ក៏អាជ្ញាធរនៅមិនទាន់ធ្វើការប្រកាសនៅឡើយថា អ្នកដំណើរទាំងអស់នៅលើយន្តហោះ បានស្លាប់នោះទេ នៅក្នុងអ្វីដែលស្ទើរតែច្បាស់ថា ជាគ្រោះថ្នាក់នៃការធ្លាក់យន្តហោះដែលមានអ្នកស្លាប់ដ៏ច្រើនបំផុតនៅក្នុងប្រទេសចិនក្នុងរយៈពេលជិត៣០ឆ្នាំកន្លងមកនេះ។
អ្នកពន្លត់អគ្គីភ័យ ពួកមន្ត្រីនិងអ្នកស្ម័គ្រចិត្តរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅតំបន់ភ្នំដែលមានការ ពិបាកចូលទៅដល់នៅជិតទីក្រុង Wuzhou ក្នុងប្រទេសចិនភាគខាងត្បូងជាកន្លែងដែលយន្តហោះនេះ បានធ្លាក់កាលពីរសៀលថ្ងៃចន្ទដោយមានអ្នកដំណើរនៅលើនោះចំនួន១២៣នាក់ និងក្រុមអាកាសយានិកចំនួន៩នាក់ទៀត បន្ទាប់ពីយន្តហោះនេះ បានបាត់ការទាក់ទងជាមួយផ្នែកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសមក។
អ្នកស៊ើបអង្គេតអាកាសចរណ៍បាននិយាយថា គេត្រូវការប្រអប់ថតសំឡេងរបស់យន្តហោះ Boeing 737-800 មុនពេលគេអាចវាយតម្លៃបានថា តើហេតុអ្វីបានជាយន្តហោះនេះ ធ្លាក់នោះ។
នៅថ្ងៃពុធនេះ ក្រុមអ្នកជួយសង្គ្រោះ ត្រូវបង្ខំចិត្តផ្អាកការរុករករបស់គេដោយសារតែមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់នោះ និងទីតាំងដែលយន្តហោះនេះ បានធ្លាក់ពោរពេញទៅដោយគំនរនៃបំណែកយន្តហោះ និងរបស់របររបស់អ្នកដំណើរដែលមានភ្លើងឆេះរោលខ្មៅ។
អ្នកយកព័ត៌មានមួយរួបរបស់ទូរទស្សន៍រដ្ឋចិន CCTV ដែលបានចូលទៅដល់កន្លែងធ្លាក់យន្តហោះនោះ បានឲ្យដឹងថា អាចមានហានិភ័យនៃការបាក់ដីក្នុងទ្រង់ទ្រាយតូចដោយសារតែភ្លៀងបានធ្លាក់ ខ្លាំងពេកនៅទីតាំងដែលមានចំណោតខ្ពស់នោះ។
ប្រធានាធិបតីចិនលោក Xi Jinping បានបញ្ជាឲ្យមានការស៊ើបអង្កេតជាបន្ទាន់លើការធ្លាក់យន្តហោះនេះ ហើយបានបញ្ជូនមន្ត្រីជាន់ខ្ពស់នៃគណបក្សកុម្មុយនីស្តចិនជាច្រើននាក់ទៅកាន់ទីតាំងកើតហេតុនោះដែលក្នុងនោះ រួមទាំងឧបនាយករដ្ឋមន្ត្រីចិនលោក Liu He ផងដែរ៕