មន្រ្តី​សុខាភិបាល​កម្ពុជា៖ អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩ មិន​ចាំបាច់​ចាក់​វ៉ាក់​សាំង​ភ្លាម​ៗ​ទេ រង់ចាំ​យ៉ាង​តិច​៦​ខែ​សិន

រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់កំពុងរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់​ពលរដ្ឋ នៅមណ្ឌលសុខភាពភ្នំពេញថ្មី ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១។

មន្រ្តី​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​អ្នក​ធ្លាប់ឆ្លង​ជំងឺ​កូវីដ​១៩​រួច​ហើយ «មិន​មាន​ភាព​ចាំបាច់» ក្នុង​ការ​ចាក់​វ៉ាក់សាំង​ភ្លាមៗ​នោះ​ទេ ក្រោម​ហេតុ​ផល​ថា​ពួកគេ​មានអង្គ​បដិបក្ខ ឬអង់​ទីក័រ​ការ​ពារ​យ៉ាង​តិច​៦​ខែ។

នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកស្រី ឱ វណ្ណឌីន រដ្ឋ​លេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​សុខា​ភិបាល ដែល​បាន​ប្រាប់​សារព័ត៌មាន ​Freshnews ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល កាល​ពី​ចុង​សប្តាហ៍។

អ្នកស្រី​បាន​ឲ្យ​ដឹង​ថា​មាន​ករណី​តិច​តួច​ប៉ុណ្ណោះទៅ​លើ​អ្នក​ចាក់​វ៉ាក់​សាំង​ពីរ​ដូស​រួច​ហើយ ប៉ុន្តែ​ឆ្លង​ជំងឺ​កូវីដ​១៩​។ អ្នកស្រី​បន្ថែម​ថាសរីរាង្គ​របស់​បុគ្គល​ដែល​ឆ្លង​កូវីដ១៩ រួច​ហើយ​ជា​សះ​ស្បើយ​វិញ​បានឆ្លើយ​តប​ទៅ​នឹង​វីរុស​ជំងឺ​កូវីដ​១៩ ដែល​នេះ​មាន​ន័យ​ថា​បុគ្គល​នោះ​មាន​អង្គការ​ពារ​ប្រឆាំង​នឹង​ជំងឺ​នេះ​រហូត​ដល់​៦ខែ​ទៅ​៨​ខែ។

អ្នកស្រី​បាន​ប្រាប់​សារព័ត៌មាន​ Freshnews តាម​ខ្លឹមសារ​ដើម​បន្ត​ថា​៖​ «អ៊ីចឹង​នេះ​បង្ហាញ​ថា​ម៉េច? បង្ហាញ​ថា​គាត់មានភាព​ស៊ាំ​ក្នុង​ខ្លួន​របស់​គាត់​ហើយ​។ អ៊ីចឹង​អត់​មាន​ភាព​ចាំបាច់​អី​ទៅ​ចាក់​វ៉ាក់សាំង​ទេ។ បើ​យើង​មាន​ទៅ​ហើយ យើង​ទៅ​ចាក់​ធ្វើ​អី។ វា​អត់​មាន​ភាព​ចាំ​បាច់​»។

បើ​តាម​អ្នកស្រី ឱ វណ្ណឌីន អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​រួច​ហើយ មិន​ដែល​ឆ្លង​ជា​ថ្មី​នោះ​ទេ បើ​ទោះ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​ច្រើន​ក៏​ដោយ។

គួរ​បញ្ជាក់​ថា​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​បង្ហាញ​ថា​អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩ មាន​ប្រមាណ​៧៧.​០០០​នាក់ ក្នុង​ចំណោម​៨៣.​០០០​នាក់ ដែល​ភាគ​ច្រើន​ឆ្លង​ចាប់​តាំង​ពី​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​គិត​មាន​ដល់​ពេល​នេះ មាន​រយៈ​ពេល​ជិត​៦​ខែ​មក​ហើយ។

បើ​គិត​មក​ដល់​ថ្ងៃ​ទី៩ ខែ​សីហា​នេះ កម្ពុជា​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​៨លាន​៣​សែន​នាក់។ រដ្ឋាភិបាល​បាន​ដាក់​ផែនការ​ចាក់​ដល់​ពលរដ្ឋ​ប្រមាណ​១៣​លាន​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​សរុប​១៦​លាន​នាក់​៕