គណបក្ស​កាន់​អំណាច​ធ្លាក់​ប្រជាប្រិយភាព​ធ្ងន់​ធ្ងរ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣

ការធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដើម្បី​ជ្រើស​តាំង​តំណាងរាស្ដ្រ​សម្រាប់​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ទី​៥។

ភ្នំពេញ៖ បន្ទាប់​ពី​ទទួល​ជ័យ​ជម្នះ​ដល់​ចំណុច​កំពូល​នៅ​ឆ្នាំ​២០០៨​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​គ្រប់គ្រង​អំណាច​៣៤​ឆ្នាំ​មក​ហើយ​បាន​រអិល​ជើង​ថយក្រោយ​មួយ​កម្រិត​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។​

​លទ្ធផល​បណ្តោះ​អាសន្ន​ក្រៅ​ផ្លូវការ​ដែល​គណបក្ស​នេះ​ទម្លាយ​ជា​សាធារណៈ​បង្ហាញ​ថា គណបក្ស​ដែល​មាន​ប្រវតិ្តរឹង​មាំ​មួយ​នេះ​បាន​ធ្លាក់​ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា​ពី​៩០​មក​ត្រឹម​៦៨​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ទី​២៨​ខែកក្កដា ដើម្បី​ជ្រើស​តាំង​តំណាងរាស្ដ្រ​សម្រាប់​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ទី​៥។ ក្នុង​ន័យ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ជ្រុះ​បាត់​កៅអី​ចំនួន​២២​ក្នុង​សភា​ជាន់​ទាប។ រីឯ​គណបក្ស​ប្រជែង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កើន​ពី​២៩​អាសនៈ​ដល់​៥៥​អាសនៈ​ ប៉ុន្តែ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ​គណបក្ស​ជំទាស់​អះអាង​ថា​ ខ្លួន​ឈ្នះ​រហូត​ទៅ​ដល់​៦៣​អាសនៈ​ក្នុង​រដ្ឋសភា។​

លោក​អ៊ូ វីរៈ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​មើល​ឃើញ​ថា ការ​ស្រុត​ចុះ​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ដោយសារ​គណបក្ស​នេះ​បាន​បណ្តោយ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជា​ច្រើន។

«មូលហេតុ​ដោយសារ​ចាប់តាំងពី​ឆ្នាំ​២០០៨​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​ភ្លូកទឹកភ្លូកដី​មក​ គាត់​មិន​បាន​ព្រួយបារម្ភ​អំពី​ការ​យំ​ស្រែក​របស់​ប្រជាពលរដ្ឋ។ គាត់​ឈាន​ទៅ​ដល់​ការ​បំពាន​លើ​ដីធ្លី​និង​លំនៅឋាន​របស់​ប្រជាពលរដ្ឋ។ គាត់​អនុញ្ញាត​ឲ្យ​ការ​រំលោភ​ជា​ច្រើន​កើតឡើង​ក្នុង​ប្រទេស​កម្ពុជា​និង​មិន​បាន​យក​ចិត្ត​ទុកដាក់​អំពី​បញ្ហា​ពុក​រលួយ​និង​បញ្ហា​ក្នុង​តុលាការ​ជា​ច្រើន»។​

​លោក អ៊ូ​ វីរៈ អះអាង​ថា និន្នាការ​របស់​ប្រជាពលរដ្ឋ​គឺ​ចង់​ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ប្រទេស​និង​ចង់​ប្តូរ​គណបក្ស​គ្រប់គ្រង​រដ្ឋាភិបាល។​

សម្រាប់​លោក​ អ៊ូ វីរៈ ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់កាប់​រដ្ឋាភិបាល​យូរ​ ការ​បង្កើត​បក្ស​ពួក​ និង​គ្រួសារ​និយម​ក្នុង​ប្រពន្ធ័​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​បាន​ចាក់​គ្រឹះ​យ៉ាង​រឹង​មាំ។​

«បើ​យើង​មើល​មែនទែន ក្រសួង​និ​មួយៗ​គ្រួសារ​និយម​អ្នក​កាន់​ក្រសួង​នោះ​។​ វា​ជា​រោគ​មួយ​ក្នុង​រដ្ឋាភិបាល​និង​ជា​រោគ​មួយ​របស់​គណបក្ស​ប្រជាជន»។

​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​យក​មក​បង្ហាញ​ពី​ស្នាដៃ​របស់​ខ្លួន​ក្នុង​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ ការ​ស្តារ​សេដ្ឋកិច្ចជាតិ​ ការ​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ ការ​បង្កើត​ការងារ​ នយោបាយ​ការពារ​ដីធ្លី​និង​ជំរុញ​វិស័យ​កសិកម្ម។ គោលនយោបាយ​ទាំងនេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ការ​ឃោសនា​រយៈពេល​មួយ​ខែ​កាលពី​ខែមិថុនា។​

ដំណាលគ្នា​នោះ​ក្រុម​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ការ​បណ្តេញចេញ​ ជន​រង​គ្រោះ​ដោយ​ការ​បាត់បង់​ដីធ្លី​ បាន​ងើបឡើង​តវ៉ា​ផង​ដែរ។ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​សម្រាប់​ពួក​គេ​នៅឡើយ។​

ដោយឡែក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាប់​យក​ការ​យក​ចិត្ត​ទុកដាក់​ផ្នែក​សុខមាលភាព​មនុស្ស​ចាស់​ជរា ស្ត្រី​មាន​ផ្ទៃពោះ​ សុខភាព​សាធារណៈ​ ការ​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ​និង​កម្មករ​សម្រាប់​តម្រូវ​តាម​តម្លៃ​ទំនិញ​តាម​ទីផ្សារ​ ការ​ប្រឆាំង​អំពើ​ពុក​រលួយ​និង​បង្កើត​ការងារ​ដល់​មនុស្ស​ជំនាន់​ក្រោយ​សម្រាប់​ដាក់​ជាដើម​ទុន​នយោបាយ។​

លោកអ៊ូ វីរៈ ពិនិត្យ​មើល​ដើមទុន​នយោបាយ​នៃ​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​នេះ។

«សារ​របស់​គាត់​គឺ​នៅ​ស្រដៀង​គ្នា​នឹង​សម័យ​កុម្មុយនីស្ត​ហើយ​គាត់​អត់​ទាន់​ដើរ​ទាន់​សភាពការណ៍។ គណបក្ស​ប្រឆាំង​ជោគជ័យ​ដោយសារ​ទី​១​គណបក្ស​ប្រជាជន​ខ្សោយ​ពេក។​ គណបក្ស​នេះ​ធំ​តែ​ខ្សោយ។ ហើយ​រំលោភសិទ្ធិ​មនុស្ស​ច្រើន​មែនទែន។ ទី២​យើង​ឃើញ​ថា ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​មាន​ការ​កើន​ឡើង។ ខ្ញុំ​មើលទៅ​ដោយសារ​គណបក្ស​ប្រឆាំង​យក​រឿង​ជាតិ​ជា​ប្រធានបទ​ដ៏​ធំ​គឺ​ជា​អ្វី​ដែល​ប៉ះពាល់​ដល់​បេះដូង​ខ្មែរ​យើង​ខ្លាំង​ ហើយ​ជា​អ្វី​មួយ​ដែល​ជំរុញ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ចាស់​ទាំងក្មេង​ឈាន​ទៅ​រក​ការ​បោះ​ឆ្នោត​ទាំង​ចាស់​ទាំងក្មេង​នា​ពេល​បច្ចុប្បន្ន​នេះ»។

​លោក ភ្យែរ ជីឡេត្ត (Pierre​ Gillette) អតីត​និពន្ធ​នាយក​កាសែត​ភាសា​បារាំង​ ខែមបូឌា ស្វ័រ (Cambodge​ Soir) ដែល​បំពេញការងារ​នៅ​កម្ពុជា​អស់​រយៈពេល​ជាង​១០​ឆ្នាំ​និង​ជា​អ្នក​តាមដាន​សភាព​ការ​នយោបាយ​កម្ពុជា។ លោក​មើល​ឃើញ​ថា ចលនា​ចង់​ផ្លាស់​ប្តូរ​អ្នកដឹកនាំ​និង​ប្តូរ​គណបក្ស​ដឹកនាំ​ប្រទេស​នៅ​កម្ពុជា​គឺជា​ចលនា​មហាជន​យ៉ាង​ខ្លាំងក្លា​ដែល​បាន​ទាញ​ទម្លាក់​សំឡេង​ឆ្នោត​គាំទ្រ​គណបក្ស​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន។

«ការ​បោះ​ឆ្នោត​ឆ្នោត​បង្ហាញ​ពី​ការ​ចង់បាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ធំធេង។ អ្វី​ដែល​គេ​អាច​យល់​បាន​នោះ​គឺថា គណបក្ស​ប្រជាជន​កម្ពុជា​និង​លោក​ហ៊ុន​ សែន​ បាន​កាន់​អំណាច​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ដូច្នេះ​ជា​គោលការណ៍​ធម្មជាតិ​ដែល​ចង់​ឲ្យ​មានការ​ផ្លាស់​ប្តូរ។ ហើយ​ក៏​មាន​អ្នកបោះឆ្នោត​មួយ​ចំនួន​ទៀត​គិត​ថា បើ​ទោះជា​គណបក្ស​ប្រជាជន​បាន​នាំ​មក​នូវ​ស្ថិរភាព​ កំណើន​សេដ្ឋកិច្ច​ក៏​ប៉ុន្តែ​មិន​មានការ​បែង​ចែក​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ដោយ​ភាគ​ផល​ស្មើគ្នា​នោះ​ទេ។ បញ្ហា​នេះ​ហើយ​ដែល​នាំ​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​អំណាច»។​

​លោក​ភ្យែរ ជីឡេត្ត គូសបញ្ជាក់​ថា បុគ្គល​ដែល​បាន​ទទួលផល​ពី​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​គឺជា​មនុស្ស​ដែល​នៅ​ជុំវិញ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន។ ដូច្នេះ​ហើយ​វា​បាន​ធ្វើ​ឲ្យ​មានការ​សប្បាយ​ចិត្ត​ដល់​ប្រជាពលរដ្ឋ​ដទៃ​ទៀត។ អ្នកស្រី​ជា វណ្ណាត​ អ្នកវិភាគ​ឯករាជ្យ​លើក​ពី​ការ​អស់សង្ឃឹម​របស់​ម្ចាស់​ឆ្នោត​ចំពោះ​គណបក្ស​គ្រប់គ្រង​ប្រទេស​ទៅ​វិញ។​

«សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​និង​ស្អី​ដែល​ទទួល​បាន​អត់​ត្រូវ​គ្នា។ បញ្ហា​នេះ​គឺ​គ្រប់​ផ្នែក​ទាំងអស់។ ហើយ​ពី​អាណត្តិ​មួយ​ទៅ​អាណត្តិ​មួយ ប្រជាពលរដ្ឋ​ចេះ​តែ​សង្ឃឹម​រង់ចាំ​ ប៉ុន្តែ​ចេះ​តែ​អត់​រហូត។ ពេល​នោះ​បង្កើត​ឲ្យ​អ្នក​មិន​សប្បាយចិត្ត»។

​ទោះជា​នៅ​ពេល​នេះ​មានការ​សន្និដ្ឋាន​លើ​និន្នាការ​របស់​ក្រុម​ប្រជាពលរដ្ឋ​ដែល​ចង់​ច្រានចោល​គណបក្ស​ប្រជាជន​កម្ពុជា​និង​មិន​ចង់​ឃើញ​ការ​បន្ត​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​របស់​លោក​ហ៊ុន​ សែន។​ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​ជិត​ផុត​អាណត្តិ​ត្រូវ​គេ​មើលឃើញ​ថា បាន​ក្រាល​ផ្លូវ​សម្រាប់​អ្នក​បន្ត​វេណ​ពី​រូប​លោក​រួច​ទៅ​ហើយ។ នោះ​គឺ​កូនៗ​របស់​លោក​និង​មនុស្ស​ជំនិត​ដែល​នៅ​ជុំវិញ​រូប​លោក។ ការណ៍​នេះ​ដែល​អ្នកវិភាគ​មួយ​ចំនួន​ទៀត​យល់​ថា វា​នឹង​នាំ​ឲ្យ​បាត់បង់​ឥស្សរភាព​នៃ​គណបក្ស​កាន់​អំណាច​ហើយ​អាច​នឹង​ពិបាក​ស្តារ​ជ័យ​ជម្នះ​ឡើង​វិញ​ប្រសិនបើ​គណបក្ស​នេះ​ធ្លាក់​ដល់​រណ្តៅ​បរាជ័យ​ថ្ងៃ​ណាមួយ​ដោយ​ការ​បាត់បង់​ការ​ទុកចិត្ត​ពី​ម្ចាស់​ឆ្នោត​ទាំងស្រុង​នោះ។

ការ​វិភាគ​នេះ​ដោយ​ផ្អែក​លើ​រលក​នៃ​អ្នកគាំទ្រ​នយោបាយ​ដែល​ផុស​ឡើង​ទៅ​រក​គណបក្ស​ប្រជែង​និង​សេចក្តី​ប្រាថ្នា​ដែល​ផុស​ពី​ទឹក​ចិត្ត​របស់​ពួក​គេ​ចង់​ឲ្យ​មានការ​ប្តូរវេណ​ក្តោប​ក្តាប់​អំណាច​និង​រលក​ឆន្ទៈ​នៃ​ម្ចាស់​ឆ្នោត​ដែល​ងើប​តវ៉ា​នៅ​តាម​បណ្តា​ការិយាល័យ​បោះ​ឆ្នោត​ប្រឆាំង​នឹង​ភាព​មិន​ប្រក្រតី​នានា​ដោយ​សម្តែង​ថា ពួក​គេ​ការពារ​សន្លឹក​ឆ្នោត​របស់​ពួកគេ។

យ៉ាងណា​ក៏​ដោយនៅ​ក្នុង​ការ​ចេញ​មុខជា​សាធារណៈ​ជា​លើក​ដំបូង​កាលពី​ម្សិលមិញ​ លោក ​ហ៊ុន​ សែន​ បាន​ប្រកាស​ដោយ​ទន់ភ្លន់​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​ក្រុម​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត៕