ប្រទេសនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិកចំនួន ១៥ នៅថ្ងៃអាទិត្យនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) នៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់អាស៊ាន។
កិច្ចព្រមព្រៀង ដែលចុះហត្ថលេខាតាមអនឡាញនេះ បានបង្កើតឲ្យមាននូវប្លុកពាណិជ្ជកម្មដ៏ធំបំផុតមួយនៅលើពិភពលោក និងរួមបញ្ចូលនូវសកម្មភាពសេដ្ឋកិច្ចសាកលលោកប្រហែលមួយភាគបី។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc គឺជាប្រធាននៃកិច្ចប្រជុំនេះ។
លោក Phuc និយាយដូច្នេះថា៖ «ខ្ញុំសប្បាយចិត្តដោយចង់បញ្ជាក់ថា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងខ្លាំងក្លាអស់រយៈពេល ៨ ឆ្នាំមក នៅថ្ងៃនេះ យើងបានបញ្ចប់ការចរចាជាផ្លូវការលើកិច្ចព្រមព្រៀង RCEP ដោយឈានដល់ការចុះហត្ថលេខា»។
លោក Phuc បានបន្ថែមថា កិច្ចព្រមព្រៀងនេះនឹងជួយបណ្ដាប្រទេសសេដ្ឋកិច្ចក្នុងសាកលលោក និងក្នុងតំបន់ ទប់ទល់ជាមួយនឹងឧបសគ្គ និងការប្រឈមនានា ដែលកើតចេញមកពីវិបត្តិជំងឺកូវីដ១៩ និងការធ្លាក់ចុះនៃការធ្វើពាណិជ្ជកម្មលើពិភពលោកដោយសារតែវិបត្តិនេះ។
លោក Phuc ថ្លែងដូច្នេះថា៖ «ការបញ្ចប់ការចរចាកិច្ចព្រមព្រៀង RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតនៅលើពិភពលោកនេះ នឹងបញ្ជូនសារដ៏ខ្លាំងក្លាមួយ ដែលបញ្ជាក់អំពីតួនាទីនាំមុខរបស់អាស៊ាននៅក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជំរុញឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ដែលត្រូវបានបង្អាក់ដោយសារវិបត្តិជំងឺកូវីដ១៩ និងជួយជ្រោមជ្រែងដល់ការងើបឡើងវិញនៅក្រោយវិបត្តិជំងឺកូវីដ១៩»។
កិច្ចព្រមព្រៀង RCEP ដែលត្រូវបានស្នើឡើងដំបូងនៅក្នុងឆ្នាំ ២០១២ នេះ នឹងបន្ទាបពន្ធគយលើការធ្វើពាណិជ្ជកម្មក្នុងចំណោមប្រទេសហត្ថលេខី និងបើកឲ្យមានការធ្វើពាណិជ្ជកម្មលើផ្នែកសេវាកម្ម។
ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP នេះ គឺមានប្រទេសអាស៊ានទាំង ១០ បូករួមនឹងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលហ្សេឡង់ ប៉ុន្តែមិនមានសហរដ្ឋអាមេរិកទេ។
អ្នកវិភាគនានាមើលឃើញថា កិច្ចព្រមព្រៀងនេះនឹងផ្ដល់ផលប្រយោជន៍ធំសម្រាប់ប្រទេសចិននៅក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួន៕