មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​​ទទួល​បាន​ឯក​សារ​ដែល​អាច​បំភ្លឺ​អំពី​ខ្មែរក្រហម

  • នៅ វណ្ណារិន

Your browser doesn’t support HTML5

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ទទួល​បាន​ឯក​សារ​ដែល​អាច​បំភ្លឺ​អំពី​ខ្មែរក្រហម

​លោក ​ឆាំង យុ​ បាន​ប្រាប់​ VOA ​ឲ្យ​ដឹង​ថា ​ឯកសារ​សម្ងាត់​ទាំង​នេះ​គឺ​មាន​ ​កាល​បរិច្ឆេទ​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៤​ដល់​១៩៨០​ ហើយ​ភាគ​ច្រើន​គឺ​ជា​ឯកសារ​​ឆ្លើយ​​ឆ្លង​រវាង​ប្រទេស​មហា​អំណាច ​​ឯក​សារ​ការ​​ទូត​ និង​ការ​ឆ្លើយឆ្លង​រវាង​ថ្នាក់​ដឹក​នាំ​កម្ពុជា​នា​សម័យ​ខ្មែរ​ក្រហម​​ជាមួយ​​ប្រទេស​មួយ​ចំនួន។

ថ្មីៗ​នេះ​ មជ្ឈមណ្ឌល​ឯក​សារ​កម្ពុជា​បាន​ទទួល​ឯកសារ​សម្ងាត់ជា​ច្រើន​ម៉ឺន​ច្បាប់​ទាក់​ទិន​នឹង​ទំនាក់​ទំនង​ការទូត​របស់​ប្រទេស​កម្ពុជា ​និងប្រទេស​មហា​អំណាច​នានា​ចាប់​តាំង​ពី​ឆ្នាំ១៩៥៤ដល់​ទសវត្សរ៍១៩៨០។​ ​ឯកសារ​សម្ងាត់​ទាំងនេះ​ត្រូវ​បាន​រក្សាទុក​ និង​ផ្តល់​ឲ្យ​ដោយ​លោក Julio A. Jeldres ​(អ៊ូលី​យ៉ូ​ អេ អ៊ែល​ដ្ត្រែស) អ្នក​សរសេរ​ជីវប្រវត្តិ​របស់​អតីត​ព្រះ​មហា​វីរ​ក្សត្រ​ព្រះ​នរោត្តម​សីហនុ​ ហើយឯកសារ​ទាំង​នេះ​ទំនង​ជា​នឹង​អាច​ស្រាយចម្ងល់​ប្រជាជន​កម្ពុជាទាក់ទង​ការ​សម្លាប់​យ៉ាង​សារ​ហាវ​ឃោរ​ឃៅ​ក្នុង​របប​ពួក​ខ្មែរ​ក្រហម​នោះ។​

លោក​ឆាំង​ យុ ​ប្រធានមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​រើ​ឯកសារមួយ​ដុំ​ម្តងៗ​ចេញ​ពីឡាំង​ក្រដាស​ដែល​ទើប​បញ្ជូន​មក​ដល់​ការិយា​ល័យ​របស់​លោកកាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។​ ​លោក​អះ​អាង​ថា ​ឯក​សារ​ទាំង​នេះ​នឹង​ជា​គន្លឹះ​ដែល​អាច​ឃើញ​ចម្លើយ​ទាក់ទិន​នឹង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ជាង​ ៣៥​ឆ្នាំ​មុន។​

Your browser doesn’t support HTML5

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ទទួល​បាន​ឯក​សារ​ដែល​អាច​បំភ្លឺ​អំពី​ខ្មែរក្រហម

ឯកសារ​សម្ងាត់​រាប់​ម៉ឺន​ទំព័រ​នេះត្រូវលោក​ ​Julio A. Jeldres​ អ្នក​សសេរ​ជីវប្រវត្តិ​របស់​អតីត​ព្រះ​មហា​វីរ​ក្សត្រ​ព្រះ​នរោត្តម​សីហនុបរិច្ចាគ​មក​ឲ្យ​មជ្ឈមណ្ឌល​របស់​លោក។​ ​លោក ​ឆាំង យុ​ បាន​ប្រាប់​ VOA ​ឲ្យ​ដឹង​ថា ​ឯកសារ​សម្ងាត់​ទាំង​នេះ​គឺ​មាន​ ​កាល​បរិច្ឆេទ​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៤​ដល់​១៩៨០​ ហើយ​ភាគ​ច្រើន​គឺ​ជា​ឯកសារឆ្លើយឆ្លង​រវាង​ប្រទេស​មហា​អំណាច ឯក​សារ​ការទូត​ និង​ការ​ឆ្លើយឆ្លង​រវាង​ថ្នាក់​ដឹក​នាំ​កម្ពុជា​នា​សម័យ​ខ្មែរ​ក្រហមជាមួយប្រទេស​មួយ​ចំនួន។​ ក្នុង​នោះ​ក៏​មាន​ឯកសារ​សម្ងាត់​ទាក់​ទិន​នឹង​ប្រាសាទ​ព្រះវិហារ​ ការ​កេណ្ឌ​កងទ័ព​របស់​វៀតណាម​ខាង​ជើង សំណើ​របស់​ពួក​ខ្មែរក្រហមសុំ​ជំនួយ​ពីមហា​មិត្ត​ចិន​របស់​ខ្លួន​នា​ឆ្នាំ​១៩៧៨​ និងភាព​យន្ត​ដែល​ដឹក​នាំ​សម្តែង​ ​និពន្ធ​ដោយអតីត​ព្រះ​មហា​វីរ​ក្សត្រ​ព្រះ​នរោត្តម​សីហនុ​ជាដើម។

«បាទ​ ឯកសារ​ទាំងអស់​នេះ​គេ​ហៅ​ថា ​ជា​ប្រភេទ​ឯកសារ​សម្ងាត់ ​ជា​ឯកសារ​ទូរលេខ​ ជា​ឯកសារ​ទំនាក់​ទំនង​រវាង​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​មួយ ​ដូច​ជា​ប្រទេស​ ​ចិន​ ប្រទេស​ប្រទេស​អូស្ត្រាលី​ ប្រ​ទេស​ឥណ្ឌូនេស៊ី ប្រទេស​វៀតណាម​ខាង​ជើង​ ប្រទេស​កូរ៉េ​ ដែល​គេ​និយាយ​អំពី​នយោបាយ​ និង​ស្ថាន​ភាព​នៅ​ស្រុក​ខ្មែរ​យើង​ ជាពិសេស​គឺ​ទំនាក់​ទំនង​រវាង​ចិន ​និង​ខ្មែរ​ក្រហម​នា​ដំណាក់​កាល​ចុង​ក្រោយ»។​

របប​វាល​ពិឃាត​របស់​ខ្មែរក្រហម​ដែល​បាន​ឡើង​កាន់​អំណាច​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៥ដល់​ដើម​ឆ្នាំ​១៩៧៩ ​បាន​សម្លាប់​ប្រជាជន​កម្ពុជា​យ៉ាង​ហោយ​ណាស់​១​លាន​៧សែន​នាក់​ ​ដោយ​ការ​បង្អត់​បាយ​ ​ការ​ធ្វើ​ទារុណ​កម្ម​ ​និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ងារ​ហួស​កម្លាំង​ជា​ដើម។​ ​ ​ប៉ុន្តែ​ចម្ងល់​អំពី​ការ​សម្លាប់​រង្គាល​នេះ​នៅតែ​មិន​ទាន់​មាន​ចម្លើយ​នៅ​ឡើយ។​

លោក​ឆាង យុ​បាន​បញ្ជាក់​ថា​ ​ឯក​សារ​សម្ងាត់​ទំាង​នេះ​មាន​តម្លៃ​ច្រើន​អនេក​ខាង​ប្រវត្តិ​សាស្ត្រ​សម្រាប់ប្រជាជន​កម្ពុជា​ក៏​ដូច​ជា​អ្នក​សិក្សា​ស្រាជ្រាវ ហើយ​វា​ក៏​ជា​ភស្តុតាង​អំពី​អ្វី​ដែល​បាន​កើត​ឡើងនៅ​ក្នុង​អំឡុង​ពេល​នោះ​ ​ ​ជាពិសេស​វា​នឹង​អាច​ជួយ​ផ្តល់​ចម្លើយ​សម្រាប់ចម្ងល់ដែល​ប្រជា​ពលរដ្ឋ​កម្ពុ​ជា​តែងតែ​សួរថា​ ហេតុអ្វី​ពួក​ខ្មែរ​ក្រហម​សម្លាប់​ជាតិ​សាសន៍​ខ្លួន​ឯង?​

«ទោះ​បី​ជា​ឯកសារ​នៅ​ស្រុក​ខ្មែរ​យើង​សំខាន់​ ទោះ​បីជា​ឯក​សារ​នៅ​ទួលស្លែង​វា​សំខាន់ ​ប៉ុន្តែ​វា​មិន​គ្រប់​គ្រាន់​ទេ​ក្នុង​ការ​យល់​ឲ្យ​ច្បាស់​អំពី​ខ្មែរ​ក្រហម។​ ​ គេ​ចំណាំ​តែ​សួរ​ថា ​ហេតុអី​បាន​ជា​ខ្មែរក្រហម​សម្លាប់​ខ្មែរ?​ ហេតុអី​បាន​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច?​ រឿងរ៉ាវ​ទាំងអស់​ហ្នឹង​ណា៎​ យើង​ត្រូវ​ការ​ប្រមូល​ឯក​សារ​មក​ពី​ខាង​ក្រៅ។​ ​អញ្ចឹង​យើង​ប្រមូល​ឯក​សារ​មិនមែន​តែ​នៅ​ស្រុក​ខ្មែរ​ទេ។​ យើង​ប្រមូល​ឯកសារ​មក​ពី​ខាង​ក្រៅ ​មក​ពី​អឺរ៉ុប ​ហូឡង់​ ស៊ុយអែត​ អូស្ត្រាលី​ អាមេរិក​ កូរ៉េ​ខាងជើង​ វៀតណាម​ ចិន​អី​ទាំង​អស់​ហ្នឹង​ ​ហើយ​យើង​យក​មក​ផ្គុំ​គ្នា ​ទើប​យល់​ថា​ អូ! ​ហេតុអី​បាន​វា​អញ្ចឹង»។​

លោក​ប៊ូ ម៉េង​ ​អតីត​អ្នក​ទោស​មន្ទីរ​ឃុំ​ឃាំង​ស-២១​ ឬ​គុក​ទួលស្លែង ​ដែល​បានបាត់បង់​ភារិយា​ ​និង​កូន​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ដ៏​ខ្មៅ​ងងឹត​នេះ​ បាន​អបអរ​សាទរ​ចំពោះ​ឯកសារ​ទាំង​នេះ​ ហើយសង្ឃឹម​ថា​ ចម្ងល់​របស់​លោក​នឹង​ត្រូវ​បាន​បំភ្លឺ​ក្នុង​ពេល​ឆាប់ៗ។

«អាហ្នឹង​វា​គឺ​ជា​រឿង​ដ៏ល្អ​មួយ​សម្រាប់ជន​រង​គ្រោះ ​ដូច​ជា​រូបខ្ញុំ​ដែល​ស្លាប់​ប្រពន្ធ ​ស្លាប់​កូន។​ ​អញ្ចឹង​វា​ជា​រឿង​ដ៏​ល្អ​មួយ​សម្រាប់ជន​រង​គ្រោះ។​ ​ ​ហើយ​សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​ក៏​មាន​ចម្ងល់​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​ចិន​ និង​ប្រទេស​វៀត​ណាម​ហ្នឹង»។​

លោក​ប៊ូ ម៉េង​បាន​បញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖​

«កន្លង​មក​បរទេស​សម្ភាស​ខ្ញុំ​ ក៏​អញ្ចឹង​ដែរ ​ខ្ញុំចង់​ថា​ ហេតុ​អ្វី​បាន​ជា​ខ្មែរ​សម្លាប់​ខ្មែរ?​ ហើយ​ខ្ញុំ​មិន​មាន​ជំនឿ​ថា ​ខ្មែរ​សម្លាប់​ខ្មែរ​ទេ​ ​ប្រហែល​ជា​មាន​ការ​លូក​ដៃ​ពី​ខាង​ក្រៅ​ចូល។​ ​ បាទ!​ ​ប្រៀប​ដូច​ជា​ឪពុក​និង​កូន​អញ្ចឹង។​ វា​មិន​មាន​ឪពុក​សម្លាប់​កូន​ខ្លួន​ឯង​កើត​ទេ»។

លោក​ឆាំង យុ​ឲ្យ​ដឹង​ថា​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​អាច​ចំណាយ​ពេល​វេលា​យ៉ាង​ហោច​ណាស់​២​ឆ្នាំ​ក្នុង​ការ​រៀបចំ​ឯកសារ​ដ៏​សំខាន់​ទាំង​នេះ​ឲ្យ​មាន​របៀប​រៀប​រយ​សម្រាប់អ្នក​សិក្សា​ស្រាវ​ជ្រាវ​អំពី​ប្រវត្តិ​សាស្ត្រ​អំឡុង​ពេល​នោះ៕​