ការវាយប្រហារតាមប្រព័ន្ធកំព្យូទ័រដែលសំដៅលើប្រព័ន្ធបំពង់បង្ហូរប្រេងឥន្ធនៈដ៏ធំបង្អស់របស់សហរដ្ឋអាមេរិកគឺជា «សកម្មភាពឧក្រិដ្ឋកម្មពិតប្រាកដ»។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទម្សិលមិញ។
លោក Biden បានបញ្ជាក់នៅឯសេតវិមាន នៅពេលដែលលោកចាប់ផ្តើមថ្លែងអំពីរបៀបវារៈសេដ្ឋកិច្ចរបស់លោកថា៖ «ទីភ្នាក់ងារនានារបស់រដ្ឋាភិបាលបានចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីកាត់បន្ថយផលប៉ះពាល់ណាមួយលើការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់យើង»។
បន្ទាប់ពីអ្នកយកព័ត៌មានម្នាក់បានសួរថា តើរដ្ឋាភិបាលរុស្ស៊ីមានជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះដែរ ឬក៏យ៉ាងណានោះ លោក Biden បានឆ្លើយថា៖ «ខ្ញុំនឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ កន្លងមក បើផ្អែកតាមមន្ត្រីស៊ើបការណ៍សម្ងាត់របស់យើង មិនមានភស្តុតាងណាមួយដែលបង្ហាញថា រុស្ស៊ីពាក់ព័ន្ធនៅក្នុងរឿងនេះនោះទេ»។
ប៉ុន្តែ លោក Biden បានបន្ថែមថា ដោយមានភស្តុតាងបង្ហាញថា អ្នកប្រព្រឹត្តឧក្រិដ្ឋកម្មនេះមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី រដ្ឋាភិបាលរុស្ស៊ីមាន «ការទទួលខុសត្រូវខ្លះពាក់ព័ន្ធនឹងបញ្ហានេះ»។
ក្រុមហ៊ុនបំពង់បង្ហូរប្រេងឥន្ធនៈ Colonial Pipeline ដែលមានទីស្នាក់ការកណ្ដាលនៅក្នុងរដ្ឋ Georgia បានបិទប្រតិបត្តិការរបស់ខ្លួនកាលពីថ្ងៃសុក្រ បន្ទាប់ពីមានការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រកើតឡើងលើបណ្ដាញរបស់ខ្លួនមួយចំនួន។ នេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិកមួយចំនួន។
នៅថ្ងៃអង្គារនេះ ស្ថានទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិកបានច្រានចោលការសង្ស័យណាមួយ ដែលថា រុស្ស៊ីមានការទទួលខុសត្រូវចំពោះរឿងនេះ។
ស្ថានទូតរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ស្ថានទូតយកចិត្តទុកដាក់លើការប៉ុនប៉ងរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅក្នុងការចោទប្រកាន់រុស្ស៊ីរឿងវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រលើក្រុមហ៊ុនបំពង់បង្ហូរប្រេងឥន្ធនៈ Colonial Pipeline»។
ស្ថានទូតរុស្ស៊ីបានបន្ថែមថា៖ «យើងច្រានចោលការលាបពណ៌ដែលគ្មានមូលដ្ឋានរបស់អ្នកកាសែតមួយចំនួន និងបញ្ជាក់ជាថ្មីថា រុស្ស៊ីមិនបានធ្វើសកម្មភាពព្យាបាទតាមអនឡាញនេះទេ»៕