សម្តេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ​​ប្រកាស​ចូល​នយោបាយ​ដើម្បី​ស្រោច​ស្រង់​ស្ថានការណ៍​បច្ចុប្បន្ន

Your browser doesn’t support HTML5

ព្រះ​អង្គម្ចាស់​នរោត្តម​រណឫទ្ធិ​គ្រោង​​បង្កើត​គណបក្ស​ថ្មី​មួយ

អតីត​នាយក​រដ្ឋមន្ត្រី​ទី១​ និង​ជា​អតីត​មេដឹក​នាំ​គណបក្ស​រាជា​និយម​សំខាន់​គឺ​ព្រះ​អង្គ​ម្ចាស់​នរោត្តម ​រណឫទ្ធិ​បាន​ប្រកាស​ជាថ្មី​ថា ​នឹង​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ជាថ្មី​ដើម្បី​អ្វី​មួយ​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា​ ដើម្បី​ជួយ​ស្រោច​ស្រង់​ស្ថានការណ៍​នយោបាយ​កម្ពុជា។​ ក៏ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​ខ្លះ​នៅ​តែ​គិត​ថា ​គណបក្ស​ថ្មី​របស់​ព្រះអង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​នឹង​មិន​មែន​ជាការ​គម្រាម​ទៅ​ដល់​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ ​និង​ជា​ការ​បំពេញ​របប​សេរីនិយម​ពហុបក្ស​ពេញ​លេញ​បាន​ដែរ។​ ​ក្រុម​អ្នក​វិភាគ​គិត​ថា ​គណបក្ស​ថ្មី​នេះ​អាចត្រូវ​ការ​ពេល​វេលា​ច្រើន​ និង​មាន​វិធី​ដែល​អាច​ស្តារ​ទំនុក​ចិត្ត​ឡើង​វិញ​ ហើយ​នឹង​ការ​ពន្យល់​អំពី​មូលហេតុ​ជាច្រើន​អំពី​ការ​វិល​ត្រឡប់​ចូល​នយោបាយ​វិញ​នេះ។​

​ទោះបី​ព្រះអង្គម្ចាស់​នរោត្តម​ រណឫទ្ធិ​បាន​ចាប់​ផ្តើម​បង្កើត​គណបក្ស​សង្គមរាស្ដ្រ​រាជាធិបតេយ្យ​ នៅ​ពេល​គ្មាន​គណបក្ស​ទី៣​ណា​ដែល​អាច​ជួយ​បង្គ្រប់​ភាព​ស្រប​ច្បាប់​ ឬ​ហៅ​ថា ​សេរីនិយម​ពហុបក្ស​មែន​ តែអ្នក​វិភាគ​ខ្លះ​បាន​អះអាង​ថា ​បរាជ័យ​ជាច្រើន​លើក​របស់​សម្តេច​ក្រុមព្រះក្នុងការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ចុង​ក្រោយ​ និង​ជួប​បក្ស​ប្រហារ​នោះ​ ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​ពិបាក​ផ្តល់​ជំនឿ​ចិត្ត​ឡើង​វិញ​ ដើម្បី​ឲ្យ​ព្រះ​អង្គ​មាន​សំឡេងដើម្បី​ដោះស្រាយ​ការ​ជាប់​គាំង​នយោ​បាយ​ដែរ។​

គណបក្ស​តែ​ពីរ​ប៉ុណ្ណោះ​ ដែល​គេ​រំពឹង​ថា ​អាច​ឈ្នះ​សំឡេងប្រកិត​គ្នា​ដូច្នេះ​ដដែល​ទៀត​ នៅពេល​បោះឆ្នោត​ខាង​មុខ​ ដែល​គេ​ដឹង​ថា​ គណបក្ស​ទី៣​មួយ​អាច​មាន​ឱកាស​ល្អ​នៃការ​ចង​សម្ព័ន្ធភាព ​និង​សម្រួល​ស្ថាន​ការណ៍​មិន​ឲ្យ​ជាប់​គាំង​ដំណើរ​ការ​បង្កើត​រដ្ឋសភា​ និង​រដ្ឋាភិបាល​ថ្មី​ស្រប​តាម​ច្បាប់​ឬ​តាម​ចំនួន​សមាជិក​សភា​១២០​រូប​ ដូច​រដ្ឋធម្មនុញ​តម្រូវ​នោះ។​ គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ បង្កើត​រដ្ឋាភិបាល​សភា​ឯកបក្ស ​ក្រោយពី​ក្រុម​ជំទាស់​បាន​ពហិកា​មិនចូលរួម​បំពេញ​ភាព​ស្រប​ច្បាប់​ឲ្យ​គណបក្ស​គ្រប់​គ្រង​ប្រទេស​ ដោយ​បាន​លើក​ឡើង​ថា​ មាន​ការគៃ​បន្លំ​សន្លឹក​ឆ្នោត​ដ៏​ធ្ងន់ធ្ងរ​នោះ។​

​គណបក្ស​ព្រះអង្គម្ចាស់​នរោត្តម ​រណឫទ្ធិ​ថ្មី​កំពុង​ស្ថិត​ក្នុង​ភាព​សង្ស័យ ​ថា​តើ​អាច​ដណ្តើម​ជ័យ​ជម្នះ​ក្នុង​លំដាប់​ទីបី​ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៉ី​និង​លោក ​កឹម សុខា​ ឬក៏​ទទួល​ជ័យ​ជម្នះ​ច្រើន​ប៉ុណ្ណា?​

តែ​បើ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​វិញ​ ប្រសិន​បើ​គណបក្ស​ណាមួយ​ឈ្នះ​បាន​តែ​មួយ​កៅអី​នោះ​ នោះ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ឈ្នះ​សំឡេងលើស​៥០​ភាគរយបូក​១​ឬ ​៦២​សំឡេងនោះ​ ច្បាស់​ជា​នឹង​ធ្វើ​សម័្ពន្ធ​ភាព​យ៉ាងល្អ​ជាមួយ​នឹង​គណបក្ស​នោះ ​ដើម្បី​លុបចោល​ពាក្យថា​ សភា ​ឬរដ្ឋាភិបាល​ឯកបក្ស​ ​នៅពេល​គណបក្ស​ប្រជែង​ឈ្នះ​លំដាប់​ទី២​ ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ​មិនសុខ​ចិត្ត​ចូល​រួមប្រជុំ​សភា។​

លោកស្រី​ ជា វណ្ណាត​ អ្នកវិភាគ​ឯករាជ្យ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​ បាន​អះអាង​ថា ​ពលរដ្ឋ​ចង់​បាន​ប្រជាធិបតេយ្យ​ សេរីនិយម ​ពហុបក្ស​ពិត​ប្រាកដ​មិនមែន​ការ​ធ្វើ​បង្គ្រប់​កិច្ច​នោះ​ទេ។​

«ដើម្បី​បង្គ្រប់កិច្ច​ ចេះតែ​បង្គ្រប់កិច្ច​ទៅ។​ តែ​បើ​ថា ​ធ្វើឲ្យ​ត្រូវ​តាម​ស្មារតី​ប្រជាធិបតេយ្យ ​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​មែន​ទែន​ មិនប្រាកដ​ថា​ជាលទ្ធិ​ប្រជាធិបតេយ្យ​សេរី ​ពហុបក្ស​ទេ ​មិន​ទេ ​គ្រាន់តែ​ថា​ បង្គ្រប់​កិច្ច។​ ក្នុង​ស្មារតី​ហ្នឹង​ ខ្ញុំយល់​ឃើញ​ថា​ ការ​ដឹកនាំ​ប្រទេស​ឥឡូវ​គឺបើ​គ្រាន់តែ​ថា​ បង្គ្រប់​កិច្ច​នោះ​ពិបាក​នឹង​គ្រប់គ្រង​ណាស់​ ពីព្រោះ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ធំ​សព្វ​ថ្ងៃ​លោក​មាន​សេចក្តី​ត្រូវ​ការ​របស់​លោក​ផ្សេង​ នៅក្នុង​ន័យតាម​សំឡេងសន្លឹក​ឆ្នោត​ដែល​បាន​បោះ​ជូន​គណបក្ស​សង្គ្រោះ​ជាតិ»។​

លោកស្រី​បាន​លើក​យក​ឧទាហរណ៍​មក​បញ្ជាក់​ថា ​នៅក្នុង​ការ​បោះឆ្នោត​អាណត្តិ​ខាងមុខ​ បើ​គណបក្ស​សង្គម​រាស្ដ្រ​រាជាធិប​តេយ្យ​របស់​ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​ទទួល​បាន​៥​អាសនៈ​ ហើយ​គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​៥០​អាសនៈ ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ដដែល​ នោះ​គណបក្ស​ប្រជាជន​នឹង​បង្កើត​រដ្ឋាភិបាល​ជាមួយ​គណបក្ស​របស់​ព្រះអង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ ​ដោយ​ទុក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ជា​គណបក្ស​ជំទាស់​ ​នោះ​ គេ​អាចធ្វើ​បាន​ជាការ​បង្គ្រប់​កិច្ច។​

ក៏ប៉ុន្តែ​លោក ​គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ​ឈ្មោះ​ខុមហ្វ្រែល​វិញ​ បាន​អះអាង​ថា ​ប្រជា​ធិបតេយ្យ​សេរី​ ពហុបក្ស​ពិត​ប្រាកដ​មិនមែន​ស្ថិត​នៅ​លើ​ចំនួន​បក្ស​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ​ទេ​ តែ​ស្ថិត​នៅលើ​គណបក្ស​ដៃ​គូ​មាន​កម្លាំង​ប៉ុណ្ណា។​

«តែ​សំខាន់​នៅក្នុង​រដ្ឋសភា​ហ្នឹង​ វាមាន​ពហុបក្ស​ហ្នឹង​ មាន​កម្លាំង​គណបក្ស​កាន់​អំណាច ​គណបក្ស​ប្រឆាំង​ឬ​អត់។ ​អាហ្នឹង​គេ​សំដៅ​ពហុបក្ស​នៅ​ក្នុង​របប​ប្រជា​ធិបតេយ្យ​សេរី​ ពហុបក្ស​ហ្នឹង ​ដែល​គេ​ទាំងអស់​គ្នា​ គេ​អនុវត្ត​នៅ​ក្នុង​ប្រទេស​កាន់​ប្រជាធិប​តេយ្យ មានន័យ​ថា​ អញ្ចឹង។​ មានន័យ​ថា​ មាន​កម្លាំង​គណបក្ស​កាន់​អំណាច​មួយ​កាន់​រដ្ឋាភិបាល ​ឬ​ក៏ជា​រដ្ឋាភិបាល​ចម្រុះ​ដែល​មាន​គណបក្ស​ចាប់ពី​ពីរឡើង​ទៅ​ អាហ្នឹង​គឺ​ថា​ មាន​កម្លាំង​មួយ។​ ហើយ​មួយទៀត ​មាន​កម្លាំង​គណបក្ស​ប្រឆាំង​ ដែល​គណបក្ស​ប្រឆាំង​ហ្នឹង​ក៏​មាន​ប្រៀប​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​ការងារ​របស់​រដ្ឋាភិបាល ​ឬក៏​គណបក្ស​កាន់​អំណាច​ដែរ»។​

លោកថ្លែង​ថា ​នៅ​ប្រទេស​កំម្មុយនីស្តមួយចំនួន ​ដូចជា​ចិន​ និង​វៀតណាម​មាន​គណបក្ស​ធំ​តែមួយ​ដឹកនាំ​ប្រទេស តែ​អនុញ្ញាត​ឲ្យមាន​ក្រុម​ជំទាស់​ដែល​គ្មាន​កម្លាំង​នោះ​ផង​ដែរ។​

អ្នក​វិភាគ​ទាំងពីរ​បាន​នៅ​សង្ស័យ​នៅឡើយ​ចំពោះ​ប្រជា​ប្រិយភាព​ដែល​ព្រះ​អង្គ​ម្ចាស់​នរោត្តម ​រណឫទ្ធិ​មាន។​

លោក ​គល់ បញ្ញា​ បាន​អះអាង​ថា៖ ​«គណបក្ស​បង្កើត​ថ្មី​របស់​ព្រះ​អង្គម្ចាស់​នរោត្តម​ រណឫទ្ធិ​ហ្នឹង​គេ​ត្រូវ​ការ​ពេលវេលា​ដែរ​ ព្រោះ​ដោយសារ​មាន​ក្រុម​ទំនាស់។​ នៅ​ក្នុង​គណបក្ស​រាជា​និយម​មិនទាន់​ឃើញ​រួមគ្នា​ផង​ នៅមាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ផង​ នៅ​គណបក្ស​ជាតិនិយម​ផង ​ហើយ​គណបក្ស​សង្គមរាស្ត្រ​រាជាធិប​តេយ្យ​អញ្ចឹង​ទៅ។ ​
ហើយ​ព្រះអង្គ​ម្ចាស់​នរោត្តម ​រណឫទ្ធិ ​លោក​មិនទាន់​បាន​ពន្យល់​ទៅម្ចាស់​ឆ្នោត​ ឬ​ក៏​អ្នក​គាំទ្រ​គាត់​ ថា​ ហេតុអី​បាន​ជា​គាត់​បោះបង់​ចោល​ជំហរ​របស់​គាត់​ពីមុន​ដែល​ថា ​គាត់​នៅ​ចង់​រក្សា​អព្យាក្រិត្យហ្នឹង​ ហើយ​ឥឡូវ​ម៉េច​ក៏គាត់​ចូល​មក​ធ្វើ​នយោបាយ​វិញ។​ អាហ្នឹង​ត្រូវ​ការ​ពន្យល់​ដើម្បី​ឲ្យអ្នក​បោះឆ្នោត​ហ្នឹង​គេ​យល់​អំពី​បំណង​នៃ​ការ​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ»។​

លោកស្រី​ ជា វណ្ណាត​បាន​អះអាង​ថា ​ព្រះ​អង្គម្ចាស់​នរោត្តម ​រណឫទ្ធិ​ពិបាក​ស្តារ​ប្រជា​ប្រិយ​ភាព​ ដោយសារ​ព្រះអង្គ​ជា​តួអង្គ​នយោបាយ​ចាស់ ​ហើយ​ប្រជា​ពលរដ្ឋ​ធ្លាប់​បាន​ថ្វាយ​អំណាច​ជាច្រើន​ដង​ហើយ​គឺ​រួមទាំង​ឆ្នាំ​១៩៩៣ ​និង​១៩៩៨ ​តែ​ការបោះ​ឆ្នោត​ឆ្នាំ​២០០៨ ​និង​២០១៣​ ប្រជា​ពលរដ្ឋ​ដែល​គាំទ្រ​លោក​ បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ជំទាស់​ម្តង​វិញ។​

«ម្ល៉ោះ​ហើយ​ការ​ដែល​បាត់បង់​ជំនឿ​ហ្នឹង​ពិបាក​ស្តារឡើង​មកវិញ​ណាស់​ មិន​មាន​អី​ហ្នឹង​ស្តារ​មកវិញ​សម្រាប់​អាណត្តិ​ក្រោយ​ ឲ្យ​ទាន់​ពេល​វេលា​ ហើយ​មិន​មាន​អី​បង្ហាញ ​បញ្ជាក់​ពី​ឥឡូវ​ហ្នឹង​ទៅ​បួន​ឆ្នាំ​ទៅមុខ​ទៀត ​អ្វី​ដែល​ថា ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ទុកចិត្ត​មកវិញ។ វា​ប្រើ​ពេល​យូរ​មែន​ទែន​ ហើយ​ត្រូវការ​សកម្មភាព​ហ្នឹង​ខ្លាំង​ក្លា​មែន​ទែន»។​

គណបក្ស​ព្រះអង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ​នេះ​អាច​មាន​កម្លាំង​ឡើង​វិញ ទាល់​តែ​មាន​អ្នកដឹក​នាំ​មួយ​ខ្លាំង​ក្លា​ ហើយ​យក​ទ្រឹស្តី​របប​រាជា​និយម​ផ្តល់​សេចក្តី​ សុខ​ សុខមាល​ភាព​ សន្តិសុខ​ និង​សន្តិភាព​ជូន​ប្រជា​ពលរដ្ឋ​ ផ្តល់​សេចក្តី​ថ្លៃថ្នូរ​ដល់​ប្រជា​ពលរដ្ឋ​ ដូច​សម័យ​សង្គម​រាស្ត្រ​និយម ទើប​អាច​ស្តារ​ប្រជា​ប្រិយភាព​ឡើង​វិញ​បាន។​

លោក ​កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​អះអាង​ថា​ គណបក្ស​ថ្មីរបស់​ព្រះអង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ​មិនមែន​ជា​ការ​គម្រាម​សម្រាប់​គណបក្ស​របស់​លោកទេ ​ដោយសារ​ប្រជា​ពលរដ្ឋ​បាន​ស្គាល់​ព្រះ​អង្គម្ចាស់​នរោត្តម​ រណឫទ្ធិ​ និង​ធ្លាប់​កាត់​ក្តីរួច​ហើយ​មិន​ឲ្យ​ព្រះអង្គ​ដឹកនាំ​ប្រទេស​ទៀត។​

«ដូច្នេះ​យើងអត់​មាន​អី​ត្រូវការ​ខ្វាយខ្វល់​ទេ ​យើងអត់​មាន​ស្អី​បារម្ភ​ទេ។​ ទី២ ​យើង​ដឹង​ហើយ​ថា​ អ្វី​ដែល​ព្រះអង្គ​ធ្វើ​មក​នេះ​ យើង​ដឹង​ហើយ​ ថា​តើ​ប្រជា​ពលរដ្ឋ​មាន​ការភ្ញាក់​ផ្អើល​ទេ?​ គ្រាន់តែ​លោក​ប្រកាស​ភ្លាម​ ប្រជា​ពលរដ្ឋ​អត់​មាន​អីភ្ញាក់​ផ្អើល​ទេ។ ​ប្រជា​ពលរដ្ឋ​អត់ភ្ញាក់​ផ្អើល​ ដោយសារ​អី ​ដោយសារ​លោក​អត់មាន​នយោបាយ​ថ្មី​ លោក​អត់មាន​ក្រុម​ថ្មី។​ ដូច្នេះ​វា​អត់​មាន​អី​ភ្នាក់​ផ្អើល​ទេ។ ​ខ្ញុំ​ហ៊ាន​ភ្នាល់​ថា ​បើ​សិនជាគ.ជ.ប.ឯករាជ្យ​ ត្រឹមត្រូវ​ បើ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​អត់​ជួយ​ឲ្យ​កៅអី​គាត់​ទេ ​គាត់​ប្រាកដ​ជា​អត់​បាន​ មួយ​កៅ​អី​ក៏អត់​បាន​ដែរ»។​

លោក​អានន្ទ​ ដាយ៉ាត​ នរ៉ាណាឫទ្ធិ​ នាយក​ឧទ្ទកាល័យ​ព្រះ​អង្គម្ចាស់​នរោត្តម ​រណឫទ្ធិ​បាន​អះអាង​ថា​ ​អត្ថាធិប្បាយ​នានាដែល​រិះគន់​ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិគឺ​ផ្អែក​តាម​មនោសញ្ចេតនា​ប៉ុណ្ណោះ​ គឺមិន​ផ្នែក​លើ​សុភវិនិច្ឆ័យ​នោះ​ទេ។​

«យើង​មាន​សង្ឃឹម​ថា​ យើង​នឹង​ទទួល​បាន​ជោគជ័យ​ ពីព្រោះ​អី​ចរន្ត​នៃការ​ផ្លាស់​ប្តូរ ​ចរន្ត​ប្រជា​ពលរដ្ឋ​ចង់​បាន​នោះ​ វា​មាន​ចរន្ត​ថ្មី ​ពីព្រោះ​អី​យើង​ឃើញ​ថា ​ចរន្ត​សព្វថ្ងៃ​នេះ​ វា​ជាប់​គាំង​ អត់ទៅ​មុខរួច ​ដោះស្រាយ​បញ្ហា​ក្រោយ​ការ​បោះឆ្នោត​មក​វា​នៅ​ជាប់​គាំង។​ ម្នាក់ៗ​អត់​បាន​គិត​អំពី​បញ្ហា​ជាតិ។ ​គិតតែ​ពី​បញ្ហា​ផ្ទាល់​ខ្លួន ​អ្នកណា​បាន​សន្លឹក​ឆ្នោត​ប៉ុន្មាន ​អ្នកណា​បាន​សំឡេងប៉ុន្មាន។​ ដូច្នេះ​ហើយ​ប្រជា​ពលរដ្ឋ​លោក​ធុញទ្រាន់​នឹង​អាការ​ដើរ​តាម​ផ្លូវ​ថ្នល់​ ទទួល​រងនូវ​អំពើ​ហិង្សា ​អ្នកខ្លះ​ស្លាប់​ មិនដឹង​ជានរណា​ទទួល​ខុសត្រូវ​ អ្នក​ខ្លះ​ជាប់​គុក​ មិន​ដឹង​ថ្ងៃណា​ចេញ​ពី​គុក»។​

លោក​បាន​បន្ថែម​ពី​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​ទៅ​លើ​ព្រះអង្គ​ម្ចាស់​ នរោត្តម​រណឫទ្ធិ ​ដោយ​បន្ត​ថា៖ «ប្រជា​ពលរដ្ឋ​លោក​ចាប់​ផ្តើម​យល់​ពី​ការ​ចេញ ​ការចូល​ពី​ឆាក​នយោបាយ​នេះ ​មិន​មែន​ជា​ជម្រើស​របស់​នរោត្តម ​រណឫទ្ធិ​ទេ​គឺជា​គំនាប​ គឺ​ជា​ការ​កៀប​សង្កត់​នៅគ្រប់​មូលដ្ឋាន​ក្នុង​ការ​ទុក​នរោត្តម ​រណឫទ្ធិ​នៅ​ក្រៅ​ឆាក​នយោបាយ​នេះ។​ ប្រជា​ពលរដ្ឋ​លោក​ចាប់​ផ្តើម​យល់​អំពី​ហេតុផល ​ម្តង​លោក​ធ្វើ​នយោបាយ​ ម្តង​លោក​ឈប់ធ្វើ​នយោបាយ​នេះ»។​

ព្រះ​អង្គ​ម្ចាស់​នរោត្តម ​រណឫទ្ធិ​ធ្លាប់​គង់​ជាប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​និង បាន​ទទួល​ជ័យ​ជម្នះក្នុងការ​បោះឆ្នោត​នៅខែ​ឧសភា​ឆ្នាំ​១៩៩៣​ ហើយ​ព្រះ​អង្គ​បាន​ក្លាយ​ជា​នាយករដ្ឋ​មន្ត្រី​ទី១​ ហើយ​លោក​ហ៊ុន សែន​ធ្វើជា​នាយក​រដ្ឋមន្ត្រី​ទី២ ​ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជំទាស់​នឹង​លទ្ធផល​ឆ្នោត​របស់​អ.ស.ប.​ ហើយ​គំរាម​ធ្វើ​អបគមន៍​ដែនដី​មួយ​ចំនួន។​

ក្រោយ​មក​ទៀត​ ព្រះអង្គ​ត្រូវ​គេ​បណ្តេញ​ចេញពី​មុខ​តំណែង​នាយក​រដ្ឋមន្ត្រី​ទី១​ក្នុង​អំពើ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​៥ទី​៦​ ខែ​កក្កដា​ឆ្នាំ​១៩៩៧។​

នៅទី​បំផុត​គឺ​នៅ​ខែតុលា​ឆ្នាំ​២០០៦ ​ព្រះអង្គ​ត្រូវ​ទម្លាក់​ចេញ​ពី​ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច។​

លោក ​លឺ ឡាយស្រេង​ អតីត​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​ស្ថាបនិក​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ម្នាក់​ក្នុង​ទស​វត្សរ៍​១៩៨០​ បាន​អះអាង​ថា ​លោក​មិន​ចូល​ជួយ​ព្រះ​អង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ​ទៀត​ទេ​ ព្រោះ​លោក​ចូល​និវត្តន៍​ហើយ។​ លោក​ថ្លែង​ថា ​គណបក្ស​ថ្មី​នោះ​នៅ​មាន​សង្ឃឹម​តិចតួច​ដែរ ​ក្នុង​ការ​ទាញ​សំឡេងអ្នក​ស្មោះត្រង់​ព្រះអង្គ​ពី​អតីត​កាល​នោះ​ បើ​ព្រះអង្គ​ប្រឹងប្រែង​ធ្វើ​យុទ្ធនាការ។​

«រឿង​ថា ​អស់​សង្ឃឹម​ មិនអស់​ទេ​ ដោយសារ​ខ្មែរ​យើង​ឆាប់​ភ្លេច​ ឆាប់​អាណិត។ ​បើ​លោក​ចេះ​ដើរ​ទៅ​ដូច​ពួក​លោក​កឹម សុខា​ លោក​សម រង្ស៉ី ​ដើរ​ទៅ​គ្រប់​ភូមិ​ គ្រប់​ស្រុក​វិញ ​ទៅដល់​សំពះ​ទៅ​ថា ​'ខ្ញុំ​លើក​មុន​បាន​ជា​ធ្វើ​ទៅ​វា​ភ្លាត់​ភ្លាំង​ តែ​ឥឡូវ​មក​ស្តារ​ឲ្យកូន​ចៅ​ទាំងអស់​គ្នា​យល់​ អាធ្យាស្រ័យ'។​ បើ​ធ្វើអញ្ចឹងមាន​ផ្លូវ»។​

លោក​ថ្លែង​ថា ​ជា​ការ​ល្អជាង​ បើព្រះអង្គ​គង់​ជា​ឧត្តម​ទីប្រឹក្សា​ព្រះ​មហាក្សត្រ ​ហើយ​ធ្វើ​កិច្ចការ​មនុស្ស​ធម៌​សុទ្ធ​សាធ​នោះ។​

គណបក្ស​សង្គម​រាស្ត្រ​រាជា​ធិបតេយ្យ​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​បង្កើត​គណបក្ស​ថ្មី​នេះ​កាលពី​ថ្ងៃច័ន្ទ​ក្នុង​គោល​បំណង​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ខាងមុខៗ​ ដោយប្តេជ្ញា​ថា​ នឹង​មិន​ធ្វើ​ឲ្យ​ប្រទេស​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​ទេ៕