តើមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅទីណា ហើយហេតុអ្វីបានជាលោកមិនបង្ហាញខ្លួនជាសាធារណៈអស់រយៈពេលជាងពីរសប្តាហ៍មកនេះ?
ទាំងនេះ គឺជាសំណួរដែលមនុស្សគ្រប់គ្នា កំពុងតែចោទសួរឡើង។ បញ្ហាគឺថា មនុស្សគ្រប់គ្នាមានចម្លើយខុសៗគ្នា។
ក្នុងពេលឥឡូវនេះ មានពាក្យចចាមអារ៉ាមជាច្រើនអំពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដូចជាថា លោកបាត់ខ្លួនដោយសារតែលោកបានគ្រេចកជើង ការវះកាត់បេះដូងលោកបានទទួលបរាជ័យ មានបញ្ហាខ្សោយតំរងនោម បានស្នាក់នៅក្នុងលំនៅដ្ឋានមិនចេញទៅក្រៅដើម្បីជៀសវាងការឆ្លងវីរុសកូរ៉ូណា ឬបានរងរបួសក្នុងអំឡុងពេលសាកល្បងបាញ់កាំជ្រួចមីស៊ីលដែលបរាជ័យ ជាដើម។
ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ សារព័ត៌មានកូរ៉េខាងត្បូង និងបស្ចឹមប្រទេស បានចុះផ្សាយអំពីពាក្យចចាមអារ៉ាមផ្សេងៗគ្នា ទាក់ទងនឹងសុខភាពរបស់លោក គីម ដែលគ្មាននរណាម្នាក់អាចបញ្ជាក់បានថា ពាក្យចចាមអារ៉ាមមួយណាពិត និងមួយណាមិនពិតនោះ។ ទោះបីជាមានពាក្យចចាមអារ៉ាមជាច្រើនកើតមានជារៀងរាល់ថ្ងៃក៏ដោយ ក៏គ្មាននរណាបានដឹងអំពីស្ថានភាពពិតប្រាកដរបស់លោក គីម ដែលត្រូវបានគេឃើញលោកលើកចុងក្រោយបង្អស់នៅថ្ងៃទី ១១ ខែមេសាកន្លងទៅនេះ។
ពាក្យចចាមអារ៉ាម បានចាប់ផ្តើមមានឡើង បន្ទាប់ពីលោក គីម ខកខានមិនបានចូលរួមនៅក្នុងពិធីរំឭកខួបកំណើតរបស់ជីតាលោក គឺលោក គីម អ៊ីលស៊ុង ស្ថាបនិកប្រទេសកូរ៉េខាងជើង។ អ្នកវិភាគ លោក Frank Aum និយាយថា អវត្តមានរបស់លោក គីម ជុងអ៊ុន នៅក្នុងពិធីនោះ គឺជារឿងគួរឲ្យកត់សម្គាល់។ លោក Frank Aum បានថ្លែងក្នុងសម្តីដើមថា៖
«ថ្ងៃខួបកំណើតរបស់លោក គីម អ៊ីលស៊ុង គឺជាថ្ងៃឈប់សម្រាកដ៏ធំបំផុតនៅប្រទេសកូរ៉េខាងជើង។ ដូច្នេះ វាមិនមែនជារឿងធម្មតានោះទេ ដែលលោក គីម ជុងអ៊ុន មិនមានវត្តមាននៅក្នុងពិធីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ»។
កូរ៉េខាងជើង មិនបានឆ្លើយតបនឹងពាក្យចចាមអារ៉ាមទាំងនេះទេ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានផ្តល់ការចង្អុលបង្ហាញជាប្រយ៉ោល ដែលមិនមែនជាភស្តុតាងជាក់ច្បាស់បង្ហាញថា លោក គីម នៅតែបំពេញកិច្ចការជាផ្លូវការនោះ។
សម្រាប់អ្នកវិភាគដូចជាលោក Aum ព័ត៌មានប៉ុណ្ណឹង គឺមិនគ្រប់គ្រាន់ទេ។ លោកបានថ្លែងបន្តទៀតថា៖
«ពាក្យចចាមអារ៉ាមទាំងនេះ មិនមែនចេះតែកើតឡើងដោយឯកឯងនោះទេ។ ក្នុងពេលជាមួយគ្នានេះផងដែរ ព័ត៌មានលម្អិត អាចមិនមានភាពជាក់លាក់។ ដូច្នេះ ខ្ញុំគិតថា អ្វីដែលយើងដឹងនៅពេលនេះគឺថា លោក គីម ជុងអ៊ុន កំពុងមានបញ្ហាសុខភាពមួយចំនួន ... ប៉ុន្តែក្រៅពីនេះ សម្រាប់ព័ត៌មានលម្អិត យើងមិនអាចប្រាកដបានទេ»។
នេះមិនមែនជាលើកទី១ទេដែលលោក គីម ដែលមានវ័យ ៣៦ ឆ្នាំ ជាមនុស្សធាត់ហើយជាអ្នកជក់បារីរូបនេះ បានបាត់ខ្លួន ដោយគេគិតថា លោកមានបញ្ហាសុខភាពនោះ។ នៅឆ្នាំ ២០១៤ លោកមិនបានបង្ហាញខ្លួនជាសាធារណៈអស់រយៈពេល ៤១ ថ្ងៃ មុនពេលលោកបង្ហាញខ្លួនជាថ្មី ដោយមានកាន់ឈើច្រត់។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដែលបានជួបលោក គីម ចំនួនបីដងក្នុងពេលកន្លងមកនេះ មិនដឹងពីស្ថានភាពច្បាស់លាស់អំពីស្ថានភាពរបស់លោក គីម។ កាលពីថ្ងៃចន្ទទី២៧ ខែមេសា កន្លងទៅនេះ លោក ត្រាំ ត្រូវបានគេសួរថា តើលោកមានព័ត៌មានថ្មីៗអំពីលោក គីម ដែរ ឬទេ? លោក ត្រាំ បានឆ្លើយថា៖
«បាទ ខ្ញុំមានការប៉ាន់ស្មានមួយ។ ក៏ប៉ុន្តែ ក្នុងពេលឥឡូវនេះ ខ្ញុំមិនទាន់អាចនិយាយបានទេ។ ខ្ញុំ គ្រាន់តែជូនពរឲ្យលោកសុខសប្បាយទៅចុះ។ ខ្ញុំធ្លាប់មានទំនាក់ទំនងយ៉ាងល្អមួយ ជាមួយលោក គីម ជុងអ៊ុន»។
កាលពីថ្ងៃអង្គារទី ២៨ ខែមេសា កូរ៉េខាងត្បូង បានហៅពាក្យចចាមអារ៉ាមទាំងនោះថា ជា «ព័ត៌មានក្លែងក្លាយ» ដោយនិយាយថា គ្មានហេតុផលណាមួយ ដែលត្រូវជឿថា លោក គីម មានបញ្ហាសុខភាពនោះទេ។
ក៏ប៉ុន្តែ ប្រសិនបើក្នុងករណីដែលលោក គីម មិនអាចដឹកនាំប្រទេសបាន វាមិនមានភាពច្បាស់លាស់ទេថា តើអ្នកណានឹងដឹកនាំប្រទេសជំនួសលោកនោះ។ លោកត្រូវបានគេគិតថាមានកូន ប៉ុន្តែកូនៗទាំងនោះ នៅក្មេងពេក។ ប្អូនប្រុសរបស់លោកមិនមែនជាអ្នកនយោបាយទេ។ ប្អូនស្រីរបស់លោក គឺនាង គីម យ៉ូជុង ប្រហែលជាមិនអាចទទួលបានការគាំទ្រគ្រប់គ្រាន់នៅក្នុងសង្គមកូរ៉េខាងជើង ដែលគ្រប់គ្រងដោយបុរសឡើយ។
បញ្ហានេះ វាអាចធ្វើឲ្យរឿងមួយទៅរួចបាន គឺថា ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រកូរ៉េខាងជើងដែលអ្នកគ្រប់គ្រងប្រទេស មិនមែនជាសមាជិកនៅក្នុងត្រកូល គីម។
នេះបើសិនជាពាក្យចចាមអរ៉ាមអំពីសុខភាពរបស់លោកគីម ជុងអ៊ុន ជាការណ៍ពិត៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់