នៅក្នុងការប្រកួតកីឡាវាយតឺនីសប្រចាំឆ្នាំមួយក្នុងចំណោមការប្រកួតកីឡាវាយតេនីសធំជាងគេទាំង ៤ នៅលើពិភពលោក កាលពីថ្ងៃសៅរ៍ម្សិលមិញនៅក្នុងទីក្រុង New York សហរដ្ឋអាមេរិក យុវតីដែលគេមិនសូវស្គាល់ពីរនាក់ បានប្រកួតគ្នាដណ្ដើមតំណែងជើងឯកតឺនីសជាស្ត្រី។
នាង Emma Raducanu អាយុ ១៨ ឆ្នាំ មកពីចក្រភពអង់គ្លេស បានប្រកួតឈ្នះនាង Leylah Fernandez អាយុ ១៩ ឆ្នាំ មកពីប្រទេសកាណាដា ដើម្បីកាន់តំណែងជើងឯកស្ត្រីនៃការប្រកួតកីឡាវាយតឺនីស US Open ឆ្នាំ ២០២១។ យុវតីទាំងពីរសុទ្ធតែមានម្ដាយជាជាតិសាសន៍អាស៊ី។
នាង Raducanu បានឈ្នះក្នុងពិន្ទុ ៦ ទល់នឹង ៤ ក្នុងវគ្គទីមួយ និងពិន្ទុ ៦ ទល់នឹង ៣ ក្នុងវគ្គទីពីរ។ នាងបានក្លាយជាកីឡាការិនីដំបូងគេបង្អស់ដែលបានឈានពីវគ្គជម្រុះដំណាក់កាលដំបូងរហូតដល់ទទួលបានតំណែងជើងឯកនៅវគ្គផ្ដាច់ព្រ័ត្រនៅក្នុងយុគសម័យវិជ្ជាជីវៈនៃកីឡាវាយតឺនីសស្ត្រី។
ការប្រកួតកីឡាវាយតេនីស US Open នេះបានធ្វើឡើងនៅក្នុងសង្កាត់ Queens ដែលជាសង្កាត់មួយនៃសង្កាត់ទាំង ៥ នៅក្នុងទីក្រុង New York។
នាង Radacanu មានម្ដាយជាជនជាតិចិន និងឪពុកជាជនជាតិរ៉ូម៉ានី។ ចំណែកឯនាង Fernandez វិញ មានម្ដាយជាជនជាតិហ្វីលីពីន និងឪពុកជាជនជាតិអេក្វាទ័រ។
យុវតីទាំងពីរត្រូវគេរំពឹងថានឹងមានឱកាសជាច្រើននៅក្នុងការផ្សព្វផ្សាយផលិតផលនិងអាជីវកម្មនានា និងមានសក្ដានុពលនៅក្នុងការក្លាយជាកីឡាការិនីនិមិត្តរូប។ នេះបើយោងតាមអ្នកអត្ថាធិប្បាយព័ត៌មាននិងអ្នកវិភាគនានា ដែលផ្ដោតលើការប្រកួតកីឡានេះ ដែលផ្សាយផ្ទាល់តាមទូរទស្សន៍នៅក្នុងសហរដ្ឋអាមេរិក។
នាង Radacanu មានចំណាត់ថ្នាក់ទី ១៥០ នៅក្នុងពិភពលោក នៅពេលនាងចូលប្រកួតកីឡាវាយតឺនីស US Open នេះដំបូង។ នាងបានឈ្នះការប្រកួតទាំង ២០ វគ្គ នៅក្នុងទីក្រុង New York ដោយក្នុងនោះ ការប្រកួត ៦ វគ្គគឺជាការប្រកួតវគ្គជម្រុះ និងការប្រកួត ១៤ វគ្គទៀតគឺជាការប្រកួតដណ្ដើមតំណែងជើងឯក។ នាងគឺជាស្ត្រីដំបូងបង្អស់ដែលឈ្នះតំណែងជើងឯកទោល ដោយមិនបានចាញ់វគ្គប្រកួតណាមួយទាល់តែសោះ តាំងពីសម័យអ្នកស្រី Serena Williams នៅក្នុងឆ្នាំ ២០១៤ មក។
ការប្រកួតលើកនេះគឺជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រធំបំផុតជាលើកដំបូងរវាងយុវតីពីរនាក់ តាំងពីឆ្នាំ ១៩៩៩ មក ដែលនៅពេលនោះ អ្នកស្រី Serena Williams ដែលមានអាយុ ១៧ ឆ្នាំ បានយកឈ្នះនាង Martina Hingis អាយុ ១៨ ឆ្នាំ នៅក្នុងការប្រកួតកីឡាវាយតឺនីស US Open។ ការប្រកួតលើកនេះក៏ជាការប្រកួតលើកដំបូងផងដែររវាងស្ត្រីពីរនាក់ដែលមិនទាន់ស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ១៦ នៃកីឡាវាយតឺនីសស្ត្រី។
នាង Raducanu គឺជាស្ត្រីអង់គ្លេសដំបូងបង្អស់ដែលឈ្នះពានរង្វាន់ Grand Slam តាំងពីអ្នកស្រី Virginia Wade បានឈ្នះពានរង្វាន់នេះនៅក្នុងការប្រកួតកីឡាវាយតឺនីស Wimbledon នៅក្នុងឆ្នាំ ១៩៧៧ មក។
នាង Raducanu ក៏ជាកីឡាការិនីក្មេងជាងគេបង្អស់ផងដែរនៅក្នុងការឈ្នះតំណែងជើងឯកជាស្ត្រីដ៏ធំបំផុតមួយ តាំងពីពេលដែលនាង Maria Sharapova អាយុ ១៧ ឆ្នាំ ឈ្នះតំណែងនេះនៅក្នុងការប្រកួតកីឡាវាយតឺនីស Wimbledon នៅក្នុងឆ្នាំ ២០០៤។
សម្រាប់នាង Fernandez វិញ នៅពេលដែលគេសួរក្នុងបទសម្ភាសន៍ខ្លីមួយមុនការប្រកួតចាប់ផ្ដើមអំពីថាតើនាងរំពឹងថាការប្រកួតនេះនឹងទៅជាយ៉ាងណានោះ នាងបានឆ្លើយថា៖ «និយាយដោយស្មោះ ខ្ញុំមិនដឹងទេ»។
ការលើកឡើងរបស់នាង Fernandez នេះ គឺជាការលើកឡើងសមហេតុសមផល ដោយសារតែទាំងនាង Fernandez ផ្ទាល់ និងនាង Raducanu សុទ្ធតែមិនដឹងថានឹងគួររំពឹងបែបណាពីការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងអ្នកទាំងពីរដែលមិនទំនងនឹងកើតឡើងដូចនេះនៅក្នុងប្រវត្តិពានរង្វាន់ Grand Slam។
នៅពេលអ្នកទាំងពីរដើរចេញទៅទីលានប្រកួត ទស្សនិកជនបានហ៊ោកញ្ជ្រៀវអបអរសាទរយ៉ាងខ្លាំង ដោយនាង Fernandez ហាក់ទទួលបានការអបអរខ្លាំងជាងនាង Raducanu បន្តិច។ អ្នកទាំងពីរស្ពាយកាបូបឧបករណ៍តេនីស ដូចទៅនឹងសិស្សវិទ្យាល័យឬនិស្សិតសាកលវិទ្យាល័យស្ពាយកាតាបទៅរៀនដូច្នេះដែរ។
អ្នកទាំងពីរបានប្រកួតដូចជាអ្នកជំនាញអាជីពដូច្នេះដែរក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ នៅទីលានប្រកួតក្នុងឧទ្យាន Flushing Meadows ក្នុងសង្កាត់ Queens ទីក្រុង New York។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះមានលក្ខណៈគួរឲ្យជក់ចិត្ត។ ភាពប៉ិនប្រសប់និងភាពដូចគ្នារវាងយុវតីទាំងពីរនៅក្នុងការប្រកួតកីឡាដ៏ធំនេះត្រូវបានបង្ហាញឡើងយ៉ាងជាក់ច្បាស់។
ការប្រកួតកីឡាវាយតឺនីស «ធំបំផុត» ប្រចាំឆ្នាំ ៣ ផ្សេងទៀត បានធ្វើឡើងនៅក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី ទីក្រុង Wimbledon ចក្រភពអង់គ្លេស និងទីក្រុងប៉ារីស ប្រទេសបារាំង៕
ប្រែសម្រួលដោយលោក ភី សុភាដា