រំឭក​ខួបនៃ​ការ​រញ្ជួយ​ដី៖ តំបន់​ជួរ​ភ្នំ​អ័ល្ប​​​​របស់​ជប៉ុនចង់​ឲ្យ​ទេសចរ​បរទេស​វិល​ត្រឡប់​មក​វិញ

  • Ivan Broadhead

រយៈពេល​មួយ​ឆ្នាំបន្ទាប់ពី​ការ​រញ្ជួយដី​ក្នុង​ឆ្នាំ​២០១១ ប្រទេស​ជប៉ុន ​កំពុង​តែស្តារឡើងវិញយ៉ាង​យឺតៗ។ ​តែទោះយ៉ាងណា​ វិស័យ​ទេសចរណ៍​ក្នុង​ស្រុក ​ត្រូវ​បាន​បំផ្លិចបំផ្លាញ ខណៈ​ដែល​ប្រជាពលរដ្ឋជប៉ុន​ជា​ច្រើន ដែលសោកសង្រេង​ដោយសារតែ​វិប្បដិសារចិត្តរបស់​អ្នក​រស់រាន​មាន​ជីវិត ជ្រើស​រើស​យកការ​ស្ថិត​នៅ​ក្នុងផ្ទះ ហើយ​ទេសចរបរទេសបន្តគេច​ចេញពីប្រទេស​នេះ ដោយ​សារ​តែ​ភ័យ​ខ្លាចធាតុវិទ្យុសកម្ម។

ចំនួន​ទេសចរមក​កំសាន្ត​នៅ​លើ​ជម្រាលសម្រាប់​ជិះ​ស្គី​ នៃ​ជួរ​ភ្នំអ័ល្ប​ជប៉ុន (Japanese Alps) នៅ​រដូវ​រងារ​នេះ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ កាល​ពីឆ្នាំ​២០១០ ទេសចរបរទេស​ចំនួន​៣​សែន​នាក់ បាន​ទៅ​ទស្សនា​សង្កាត់​ទាំងឡាយ​របស់​ទីក្រុងណាខាណូ ដែល​ជា​ទីតាំង​មាន​ព្រឹត្តការណ៍​កីឡាជា​ច្រើន នៅ​ក្នុងពហុកីឡា​ដ្ឋាន​អូឡាំពិករដូវរងារ កាល​ពី​ឆ្នាំ​១៩៩៨។

លោក នីស៊ីមឺរ៉ា ហ៊ីរ៉ូស៊ី (Nishimura Hiroshi) ជំនួយការ​នាយក​អង្គភាពទេសចរណ៍​អន្តរជាតិ​នៅទីក្រុង​ណាហ្គាណូ ​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ការ​រញ្ជួយ​ដី រលក​យក្សស៊ូណាមី និងការ​ភ័យខ្លាច​ចំពោះបញ្ហា​នុយក្លេអ៊ែរ ​កាល​ពី​ឆ្នាំ​មុន ​មាន​ការធ្លាក់​ចុះ​ចំនួន៨០​ភាគរយ ក្នុងវិស័យទេសចរណ៍។

«វិស័យទេសចរណ៍​បាន​ធ្លាក់​ចុះ នៅ​ទូទាំង​ប្រទេស។ ទេសចរ​បរទេសឈប់​មក​ធ្វើ​ដំណើរ​កំសាន្ត ដែល​មិន​មែន​ដោយ​សារ​តែ​ការ​រញ្ជួយ​ដី​នោះ​ទេ តែ​ដោយ​សារ​តែធាតុវិទ្យុសកម្មក្នុង​រោងចក្រ ហ៊្វូគូស៊ីម៉ា (Fukushima)។ សម្រាប់​ប្រជាពលរដ្ឋនៅ​បរទេស​ ​វា​ហាក់​ដូចជាទីក្រុង ណាខាណូ (Nagano) ស្ថិត​នៅ​មិន​ឆ្ងាយ​ពីហ៊្វូគូស៊ីម៉ា​ឡើយ ដូច្នេះ​ ​វា​ប៉ះ​ពាល់​យើង​ច្រើនកាន់​តែ​ខ្លាំង។»

លោក ថូមីជីរ៉ូ សាតូ (Tomijiro Sato) ជា​ប្រធានរបស់​វីឡា​អ៊ីជីណូសឺ (Villa Ichinose) ដែល​ជាសណ្ឋាគារគ្រប់គ្រង​ជា​លក្ខណៈគ្រួសារ ដែលស្ថិត​នៅ​ក្បែរផ្លូវ​ជិះស្គី​អូឡាំពិក​របស់​ទីក្រុង​ណាខាណូ។ លោក​សាតូ វ័យ៧០​ឆ្នាំ ​បាន​បើក​សណ្ឋាគារ​នេះជាមួយ​ឪពុក​របស់​លោក​ ក្នុង​អំឡុងពេល​ការ​ប្រកួតកីឡា​អូឡាំពិក នៅ​ទីក្រុង​តូក្យូក្នុង​ឆ្នាំ​១៩៦៤។ ភូមិរបស់​លោក និងភូមិ​ផ្សេង​ទៀតនៅក្បែរនោះ ត្រូវ​បានញ័រ​រញ្ឋួយដោយ​សាររលក​រញ្ជួយដី​កម្លាំង៦​រីកទ័រ បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ដំបូង ​កាល​ពី​ឆ្នាំ​មុន។

ដោយ​សេដ្ឋកិច្ចរបស់​ទីក្រុង​ណាខាណូប្រហែល២០​ភាគរយ ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍ ​សណ្ឋារគារ​យ៉ាង​តិច ចំនួន​១៥ ​ត្រូវ​បិទ​ទ្វារ។ លោក ​សាតូ​ បាន​ថ្លែង​ថា លោក​មិន​ដែល​ជួប​ពេល​វេលា​ដ៏​លំបាក​បែបនេះ​ទេ សូម្បី​តែ​ក្រោយ​ពី​ការ​រញ្ជួយដី​នៅទី​ក្រុងកូបេ (Kobe) ក្នុងឆ្នាំ​១៩៩៥ ដែលមនុស្ស​ចំនួន ​៦ពាន់ ៥០០​នាក់ បាន​ស្លាប់។

«យើង​មាន​សណ្ឋាគារ​និង​បុគ្គលិក​ល្អៗ។ ​យើងអាច​ដំណើរការបាន​ដោយសារការ​ផ្សព្វផ្សាយ​ពីមាត់មួយ​ទៅ​មាត់​មួយ។ យើងអត់មានភ្ញៀវ​ទេ ​ក្រោយ​ពី​ការ​រញ្ជួយ​ដី​ ហើយ​សណ្ឋា​គារ​ខ្លះ​បានបិទ​ទ្វា។ ប៉ុន្តែ ​រដ្ឋាភិបាល​ បានផ្តល់​ប្រាក់​កម្ចី​ ដែលមាន​ប្រយោជន៍យ៉ាងខ្លាំង។​»

ក្រៅពី​ការ​ឲ្យ​ខ្ចីប្រាក់ រដ្ឋាភិបាល​ បានផ្តល់ថវិការប្រហែល១៥​លានដុល្លារ ដើម្បីលុបបំបាត់ការ​ព្រួយបារម្ភ​ក្នុង​ចំណោមទេសចរបរទេស​ទាំងឡាយ​ ស្តីពី​គ្រោះថ្នាក់ប្រកបដោយ​សក្តានុពល​ ក្នុង​ការមក​កំសាន្ត​នៅ​ជប៉ុន។ មានការមូលមតិគ្នាថា ការ​គំាទ្រ​លើវិស័យ​ទេសចរណ៍​ អាច​ជួយ​ជំរុញ​ឲ្យ​មានការ​ស្តារ​សេដ្ឋកិច្ចរបស់​ជប៉ុនឡើង​វិញ។ លោក​ នីស៊ីមូរ៉ូ ហ៊ីរ៉ូស៊ី (Nishimura Hiroshi) ថ្លែងថា៖ «ការ​ទទួល​បាន​អ្នក​ទស្សនាកាន់តែច្រើន ​អាច​ជួយ​យើង ជួយ​តំបន់រងគ្រោះ​ ​និងកសាង​ប្រទេស​កាន់​តែ​ច្រើនដែរ។»

តែទោះ​យ៉ាង​ណា ដោយសារមានអស្ថិរភាព​កាល​ពី​ពេល​ថ្មីៗ​នេះនៅ​ក្នុងទីផ្សាសេដ្ឋកិច្ច​សកលលោក ប្រាក់​យេន(Yen)របស់​ជប៉ុន ​បាន​ក្លាយ​ជា​ទីកន្លែងសុវត្ថិភាព។ ការ​ឡើង​ថ្លៃប្រាក់​យេនមាន​ន័យ​ថា ការមក​កំសាន្តនៅ​ជប៉ុន ​កាន់​តែ​មានតម្លៃ​ថ្លៃខ្លាំង​ដែរ ​សម្រាប់​ទេសចរ​បរទេស ដែលប្តូរ​ប្រាក់​សម្រាប់ចាយ​វាយ ​ពី​រូបិយបណ្ណដទៃ​។

ហាក់​ដូច​ជាមិនសូវប្រាកដប្រជា​ស្តី​ពីថា​តើត្រូវ​ផ្តល់អាទិភាព​ដ៏ប្រសើរបំផុតដល់​វិស័យ​ទេសចរណ៍ ​នៅ​ក្នុងបរិបទ​កសាង​ប្រទេសឡើង​វិញយ៉ាងដូច​ម្តេច។ កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋ​សភា​ជប៉ុន បាន​បដិសេធ​មិនព្រម​អនុម័ត​ថវិការសម្រាប់​គម្រោង​ចំណាយទឹកប្រាក់ចំនួន​១៤​លាន​ដុល្លា ដើម្បី​ផ្តល់​សំបុត្រ​យន្តហោះដោយឥត​គិតថ្លៃ​ចំនួន១ម៉ឺនសន្លឹក​ទៅ​ឲ្យ​ទេសចរ។ ការ​ព្រួយ​បារម្ភ​ ត្រូវ​បាន​លើកឡើង​ទាក់​ទង​នឹងតម្លៃ និង​ឧទាហរណ៍ផ្នែកសីលធម៌​ ​ដែលការ​ផ្តល់​ជូនបែបនេះ នឹងត្រូវបានធ្វើ​ឡើង​ ដោយ​សារ​តែមាន​ភាពខ្ទេចខ្ទាំ​នៅគ្រប់ទីកន្លែង។

វាមិ​ន​គ្រាន់​តែតួលេខទេសចរ​បរទេស​ដែល​បាន​ធ្លាក់​ចុះ​នោះ​ទេ​។ យោង​តាម ​លោក នីស៊ីមឺរ៉ា ដំណើរ​កំសាន្ត​ក្នុង​ស្រុក និងការធ្វើដំណើរ​ដើម្បីធ្វើ​ជំនួញ​ ​នៅ​ទីក្រុង​ណាខាណូ​ បាន​ធ្លាក់ចុះ​ចំនួន​៦០​ភាគរយ​ដែរ។

«ជនជាតិ​ជប៉ុន​ បាន​ចាប់​ផ្តើម​មាន​ន្និនាការមិន​ធ្វើឲ្យខ្លួនឯង​សប្បាយរីករាយ បន្ទាប់​ពី​ការរញ្ជួយ​ដី ដោយ​សារ​តែ​មនុស្សជាច្រើន​បាន​ស្លាប់ និងឈឺចាប់។ តាម​ការយល់ ពួកគេឈប់ធ្វើ​ដំណើរ​កំសាន្ត និង​សប្បាយរីករាយ។​»

​បណ្ឌិត វីលាម ហេលតុន (William Helton) សាស្រ្តាចារ្យផ្នែក​ចិត្ត​សាស្រ្ត​នៃ​សាកលវិទ្យាល័យ ខានតឺប៊ឺរី នៅ​ប្រទេស​ នូវេ ហ្សេឡង់​ (New Zealand) បានសង្កេត​ឃើញថា ជម្ងឺបាក់ស្បាត និង​វិប្បដិសារចិត្ត​របស់អ្នករស់​រាន​មាន​ជិវិត មិន​មែន​ជា​រឿង​ចំឡែក​នោះ​ទេ បន្ទាប់​ពី​មានគ្រោះ​មហន្តរាយធម្មជាតិ។​

«​យើង​មិន​ចូល​ចិត្ត​ការ​ផ្លាស់​ប្តូរ​ទាំងស្រុង​ ប៉ុន្តែ​គ្មាន​ផ្លូវដើម្បី​ចៀសវាង​នោះ​ទេ។ ហើយ ​នេះជា​ការ​ផ្លាស់​ប្តូរ​ទាំង​ស្រុង។ វា​ជំរុញឲ្យយើងគិតឡើង​វិញថា​តើអ្វីៗនឹងប្រព្រឹត្តទៅ​ជា​យ៉ាងដូច​ម្តេច។ វា​ច្បាស់​ណាស់ថា តាម​ការ​សង្កេតមើល​គឺ​ថា យើងអាច​ប្រទះ​ឃើញបញ្ហាផ្លូវ​ចិត្តរបស់​ប្រជាពលរដ្ឋ។»

លោក ហេលតុន បាន​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ការ​រញ្ជួយនៅ​វិហារ​សាសនា​គ្រិស្ត​ក្នុង​ឆ្នាំ​២០១១ ទៅ​លើ​ប្រជាពលរដ្ឋនូវេហ្សេឡង់។ លោក​ បាន​ទូន្មាន​ថា ខណៈដែល​ពេល​វេលា​ អាច​ជាឪសថដ៏អស្ចារ្យ​ ការ​ជា​សះស្បើយ​ពី​ជម្ងឺបាក់ស្បាតនៅ​ក្នុង​តំបន់ ដែលរង​គ្រោះដោយសារ​ការ​រញ្ជួយដី អាចជួប​បញ្ហា។

«ពួក​គេនិយាយ​ថា​ ជម្ងឺ​បាក់ស្បាត។ ពួក​យើង​នៅ​ទទួល​រង​រលករញ្ជួយ​ដី​ ​នៅឯ​វិហារ​សាសនា​គ្រឹស្ត។ វាពិត​ជា​មិន«ក្រោយការ​រញ្ជួយដី»​ទេ។ ប្រជាពលរដ្ឋដែល​រស់​នៅ​ក្រៅ​តំបន់​រញ្ជួយដី មិន​អាច​យល់​ទេ​ថា ការរញ្ជួយ​ដី ​មិនមែន​ជា​ព្រឹត្តិការណ៍​កើត​ឡើង​តែ​ម្តង​គត់នោះឡើយ។»

ប្រទេស​ជប៉ុន​ បាន​ទទួលរង​ទុក្ខ​យ៉ាងខ្លាំង ដោយសារគ្រោះ​មហន្តរាយ​ កាល​ពី​ខែ​មីនា​ឆ្នាំ​២០១១។ ពលរដ្ឋរបស់​ខ្លួន បន្ត​កាន់​ទុក្ខជន​រង​គ្រោះ​រាប់​ពាន់​នាក់ ហើយ​តំបន់​សេដ្ឋកិច្ច​ជាច្រើន​កំពុងត្រដាប​ត្រដួស ខណៈ​ដែល​គម្រោងស្តារ​ឡើង​វិញក្នុងទឹកប្រាក់​ចំនួន​១៥​ពាន់​លានដុល្លារ​ត្រូវ​បាន​ដាក់​ចុះ៕

ប្រែ​សម្រួល​ដោយ សៀក អេង