សហរដ្ឋ​អាមេរិក ​ជប៉ុន ​អូស្ត្រាលី ​និង​ឥណ្ឌា​ប្រកាស​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​សន្តិសុខ​ដែនសមុទ្រ

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អ្នកស្រី Penny Wong (កណ្តាល) រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken (ស្តាំ) មកចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសម្ព័ន្ធ Quad នៅទីក្រុងតូក្យូ ថ្ងៃទី២៩ ខែកក្កដា។

សហរដ្ឋ​អាមេរិក ​អូស្ត្រាលី ​ឥណ្ឌា ​និង​ជប៉ុន​បាន​ប្រកាស​វិធានការ​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃចន្ទ​ ដើម្បី​ជំរុញ​សន្តិសុខ​ដែន​សមុទ្រ ​និង​បាន​សម្តែង​ការព្រួយ​បារម្ភ​អំពី​ការបំភិត​បំភ័យ​ និង​សកម្មភាព​ដ៏​គ្រោះថ្នាក់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​អ្នកស្រី​ Yoko Kamikawa ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ សណ្តាប់ធ្នាប់​អន្តរជាតិ​កាន់តែ​មាន​ភាព​មិន​ប្រាកដ​ប្រជា ​ចំពេល​ដែល​រុស្ស៊ី​បន្ត​ការឈ្លានពាន​ប្រឆាំង​នឹង​អ៊ុយក្រែន​ ការបាញ់​មីស៊ីល​ផ្លោង​របស់​កូរ៉េ​ខាងជើង​ និង​ការប៉ុនប៉ង​ប្រើប្រាស់​កម្លាំង​ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព​នៅ​សមុទ្រ​ចិន​ខាងកើត ​និង​ខាងត្បូង។

អ្នកស្រី​Kamikawa ​បាន​ថ្លែង​ដូច​នេះ​ស្របពេល​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោក Antony Blinken​ រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​អ្នកស្រី​ Penny Wong ​និង​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​លោក​ Subrahmanyam Jaishankar ​បន្ទាប់ពី​រៀបចំ​ទទួល​ក្រុម​មេដឹកនាំ​ទាំង​នេះសម្រាប់​កិច្ចពិភាក្សា​នៅ​ទីក្រុង​តូក្យូ។

លោក​Blinken ​បាន​និយាយ​ថា ​បន្ថែមពី​លើ​ការពង្រឹង​សន្តិសុខ​ដែនសមុទ្រ​ និង​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ ​ក្រុម​ប្រទេស​ទាំងនេះ​ក៏​ធ្វើការ​ដើម្បី​ពង្រឹង​សន្តិសុខ​សម្រាប់​ខ្សែកាប​ក្រោម​សមុទ្រ​សំខាន់ៗ​ និង​សហការ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រោះ​គ្រោះ​មហន្តរាយ​ផងដែរ។

ក្រុម​នេះ​មិន​បាន​លើក​ឡើង​ពី​ឈ្មោះ​ប្រទេស​ចិន​ក្នុង​ការ​អត្ថាធិប្បាយ​របស់​ខ្លួន​អំពី​សន្តិសុខ​ដែន​សមុទ្រ​ទេ ប៉ុន្តែ​សកម្មភាព​របស់​ចិន​ក្នុង​តំបន់​បាន​នាំ​ឲ្យ​មាន​ការ​ស្តី​បន្ទោស​ម្តង​ហើយ​ម្តង​ទៀត។

សហរដ្ឋ​អាមេរិក ​និង​ជប៉ុន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ផ្ទាល់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​ចោទ​ប្រកាន់​ចិន​ពី​«សកម្មភាព​បង្ក​អស្ថិរភាព»​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន ​លោក Lin Jian ​បាន​ឆ្លើយតប​កាលពី​ថ្ងៃចន្ទ​ ដោយ​ព្រមាន​សហរដ្ឋ​អាមេរិក ​និង​ជប៉ុន​ឱ្យ​ «បញ្ឈប់​ការបង្កើត​សត្រូវ​ដែល​ស្រមើស្រមៃ»៕​

ព័ត៌មាន​មួយ​ចំនួន​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ត្រូវ​បាន​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ Associated Press, Agence France-Presse និង Reuters