ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក ​និង​ជប៉ុន ​នឹង​ពិភាក្សាគ្នា​អំពី​រឿង​សន្តិសុខ​ នៅ​ថ្ងៃទី​២៨​ ខែកក្កដា


រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសជប៉ុន អ្នកស្រី Yoko Kamikawa ថ្លែងនៅពេលពួកគេរង់ចាំការថតរូបជាក្រុមក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅឯផ្ទះសំណាក់ ក្នុងទីក្រុងតូក្យូ Iikura ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសជប៉ុន អ្នកស្រី Yoko Kamikawa ថ្លែងនៅពេលពួកគេរង់ចាំការថតរូបជាក្រុមក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅឯផ្ទះសំណាក់ ក្នុងទីក្រុងតូក្យូ Iikura ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ក្រុមមន្រ្តី​ការពារ​ជាតិ​ពី​ប្រទេស​ជប៉ុន ​និង ​សហរដ្ឋ​អាមេរិក ​នឹង​ពិភាក្សាគ្នា​អំពី​បញ្ហាសន្តិសុខ​នៅក្នុង​ប្រទេស​ជប៉ុន ​នៅថ្ងៃទី២៨​ ខែកក្កដា ​ក្នុង​កិច្ចប្រឹងប្រែង​មួយ​ ដើម្បី​ជំរុញ​អ្វី​ដែល​លោកប្រធានាធិបតី​អាមេរិក​ Joe Biden ​បាន​ហៅថា​ជា​ការបង្កើន​ជា​ប្រវត្តិសាស្ត្រ​នូវ​សម្ព័ន្ធភាព​នៃ​ប្រទេស​ទាំងពីរ។

កិច្ចពិភាក្សា​ដែលគេ​ហៅ​ថា ​«២បូក២‍» ​នេះ​នឹង​និយាយ​អំពី​ការរារាំង​បន្ថែម​ដែលជា​ពាក្យ​មួយ ​គេយក​មកប្រើប្រាស់​ដើម្បី​ពិពណ៌នា​អំពី​ការតាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​ ដើម្បី​ប្រើប្រាស់​កម្លាំង​នុយក្លេអ៊ែរ ​និង​កម្លាំង​មិនមែន​នុយក្លេអ៊ែរ ​ដើម្បី​រារាំង​ចំពោះ​ការវាយប្រហារ​លើ​សម្ព័ន្ធមិត្ត។ នេះ​បើ​តាម​ក្រសួង​ការបរទេស​ជប៉ុន​កាលពី​ថ្ងៃចន្ទ។

លោករដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក Antony Blinken ​ក៏នឹង​ធ្វើការ​ពិភាក្សាគ្នា​ជា​ទ្វេភាគី ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន ​អ្នកស្រី Yoko Kamikawa ​ក្នុងអំឡុង​ទស្សនកិច្ច​របស់​លោក។ ចំណែក​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ​Lloyd Austin ​វិញ ​នឹង​ធ្វើការពិភាក្សា​ត្រី​ភាគី​ជាមួយ​សមភាគីរបស់​លោក ​ពី​ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាងត្បូង។

កាលពី​ខែមេសា ​រដ្ឋាភិបាល​ក្រុងតូក្យូ ​និង ​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន ​បាន​ប្រកាស​គំនិត​ផ្តួចផ្តើម​មួយ​ចំនួន ​ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​របស់​ប្រទេស​ទាំងពីរ ​ដែល​លោក​ Biden ​បាន​ហៅថា ​ជា​ការបង្កើន​ឋានៈ​យ៉ាង​សំខាន់​ជាទីបំផុត ​ចាប់តាំងពី​សហរដ្ឋ​អាមេរិក ​បាន​ចងសម្ព័ន្ធភាព​ជាមួយ​ប្រទេស​ជប៉ុន ​ក្រោយពេល​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​ដំបូង​នៅ​ឆ្នាំ១៩៥១។

កិច្ចប្រឹងប្រែង​ទាំងនេះ ​មាន​រួម​ការពង្រឹង​កិច្ចសហ​ប្រតិបត្តិការ ​ស៊ីជម្រៅ​ថែមទៀត​ រវាង​ឧស្សាហកម្ម​ការពារ​ជាតិ ​និង ​ការបង្កើន​ហេដ្ឋា​រចនាសម្ព័ន្ធ​បញ្ជាការ​យោធា ​ដើម្បី​ធ្វើឱ្យ​កិច្ចសហ​ប្រតិបត្តិការ ​ល្អប្រសើរ​ថែម​ទៀត ​ខណៈដែល​ប្រទេស​ទាំងពីរ​ស្វែងរក​វិធី​ដើម្បី​រារាំង​ការគំរាមកំហែង​ក្នុង​តំបន់​ដែល​ប្រទេស​ទាំងពីរ​យល់ឃើញ​ថា​មកពី​ប្រទេស​ចិន កូរ៉េ​ខាងជើង ​ហើយ​និង​រុស្ស៊ី៕

XS
SM
MD
LG