ក្រុម​ប្រទេស Quad មាន​បំណង​បង្កើន​ការ​ផលិត​វ៉ាក់សាំង​កូវីដ១៩ សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​​តាម​អនឡាញ​ជាមួយ​នឹង​មេដឹកនាំ​​បណ្ដា​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ ​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន ឥណ្ឌា និង​អូស្ត្រាលី​បាន​ជួប​ពិភាក្សា​គ្នា​តាម​អនឡាញ​កាលពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​វេទិកា​សន្ទនា​ចតុភាគី​ស្ដីពី​បញ្ហា​សន្តិសុខ ដែល​ហៅ​ថា Quad។

នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ពួកគេ​បាន​ពិភាក្សា​គ្នា​អំពី​យុទ្ធសាស្ត្រ​ទប់ទល់​នឹង​ឥទ្ធិពល​កើនឡើង​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​ក្នុង​នោះ​មាន​ទាំង​យុទ្ធសាស្ត្រ​ទប់ទល់​នឹង​នយោបាយ​ការទូត​ប្រកប​ដោយ​មហិច្ឆតា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តាមរយៈ​ការ​ផ្ដល់​វ៉ាក់សាំង​កូវីដ១៩ ផង​ដែរ។

លោក Biden បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា៖ «យើង​ទាំង​អស់​គ្នា​ត្រូវតែ​ផ្ដោត​លើ​ការ​បង្កើត​ឲ្យ​មាន​នូវ​តម្រូវការ​ក្នុង​ស្រុក និង​ជំរុញ​ឲ្យ​មាន​ការ​រីក​ចម្រើន​សាកលលោក​ប្រកប​ដោយ​និរន្តរភាព។ [យើង​ផ្ដោត​ដូច្នេះ] តាម​រយៈ​ការ​បង្កើត​នូវ​ភាព​ជា​ដៃគូ​រួម​គ្នា​ថ្មី​មួយ​ប្រកប​ដោយ​មហិច្ឆតា ដែល​នឹង​បង្កើន​ការ​ផលិត​វ៉ាក់សាំង [កូវីដ១៩] សម្រាប់​ផល​ប្រយោជន៍​សាកលលោក និង​សម្រាប់​ការ​ពង្រឹង​ការ​ចាក់​វ៉ាក់សាំង​ដើម្បី​ប្រយោជន៍​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ទាំង​មូល»។

រដ្ឋបាល​របស់​លោក Biden បាន​បញ្ជាក់​ថា ក្រុម​ប្រទេស Quad បាន​ចាប់ផ្ដើម​អនុវត្ត​នូវ​យន្តការ​ហិរញ្ញប្បទាន​ដើម្បី​បង្កើន​ការ​ផលិត​វ៉ាក់សាំង​ឲ្យ​បាន​ខ្លាំងក្លា​នៅ​ក្នុង​តំបន់។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​លោក Jake Sullivan បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា៖ «ក្រុម​ប្រទេស Quad បាន​ប្ដេជ្ញា​ចែកចាយ [វ៉ាក់សាំង​កូវីដ១៩] ឲ្យ​បាន​រហូត​ដល់​មួយ​ពាន់​លាន​ដូស​ដល់​តំបន់​អាស៊ាន តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​តំបន់​ផ្សេង​ទៀត​នៅ​ត្រឹម​ចុង​ឆ្នាំ ២០២២»។

ក្រុម​នេះ​បាន​ដាក់​បញ្ចូល​គ្នា​នូវ «យន្តការ​ហិរញ្ញប្បទាន​ច្រើន​ផ្នែក» ដើម្បី​បង្កើន​សមត្ថភាព​ផលិត​វ៉ាក់សាំង​ឲ្យ​បាន​ខ្លាំងក្លា»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ម្នាក់​នៃ​រដ្ឋបាល​របស់​លោក Biden នៅ​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

មន្ត្រី​ម្នាក់​ទៀត​នៃ​រដ្ឋបាល​របស់​លោក Biden បាន​និយាយ​ថា សាជីវកម្ម​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​កំពុង​ធ្វើការ​ជាមួយ​នឹង​ក្រុមហ៊ុន​នានា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ជាមួយ​រដ្ឋាភិបាល​ជប៉ុន​និង​អូស្ត្រាលី​ដើម្បី​បង្កើន​ការ​ផលិត​វ៉ាក់សាំង​កូវីដ១៩ ណា​ដែល​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​អនុញ្ញាត​រួច​ហើយ។

ដៃគូ​របស់​ក្រុម​ប្រទេស Quad នេះ​នឹង​ធានា​ឲ្យ​មាន​នូវ​ការ​ផលិត​វ៉ាក់សាំង​កូវីដ១៩ ឲ្យ​បាន​ទូលំទូលាយ​ជាង​មុន ដើម្បី​នាំ​ចេញ​សម្រាប់​ផល​ប្រយោជន៍​សាកលលោក។ ការ​ផលិត​ទាំង​នេះ​នឹង​ធ្វើ​ឡើង​តាម​រយៈ​គម្រោង​ផ្ដួចផ្ដើម​ពហុ​ភាគី​សំខាន់ៗ​នានា​ដូចជា​គម្រោង COVAX របស់​អង្គការ WHO ជា​ដើម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេតវិមាន​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍។

គម្រោង COVAX គឺ​ជា​យន្តការ​សាកលលោក​ដើម្បី​ចែកចាយ​វ៉ាក់សាំង​កូវីដ១៩ ចំនួន ២ ពាន់​លាន​ដូស​ដល់​ប្រទេស​ក្រីក្រ និង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​ចំនួន ៩៤ នៅ​ត្រឹម​ចុង​ឆ្នាំ ២០២១ នេះ ដោយ​មួយ​ផ្នែក​នឹង​ប្រើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca និង​សាកល​វិទ្យាល័យ Oxford ដែល​ផលិត​ដោយ​វិទ្យាស្ថាន Serum នៃ​ប្រទេស​ឥណ្ឌា។

រូបឯកសារ៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca ​ក្រោម​កម្មវិធី COVAX ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Bole ក្នុង​ទីក្រុង Addis Ababa ប្រទេស​អេត្យូពី ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។

លោក Biden បាន​រង​សម្ពាធ​ឲ្យ​មាន​ការ​ឆ្លើយតប​ជាមួយ​នឹង​នយោបាយ​ការទូត​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​ចិន ស្រប​ពេល​ដែល​លោក​មាន​បំណង​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់​បាន​ចាក់​វ៉ាក់សាំង​មុន ដោយ​ធានា​ថា ស្ដុក​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក​មាន «លើស​តម្រូវការ» ដើម្បី​ត្រៀម​ចាក់​វ៉ាក់សាំង​ទប់ទល់​នឹង​វីរុស​កូវីដ១៩ ប្រភេទ​ថ្មី និង​ដើម្បី​ចាក់​វ៉ាក់សាំង​នេះ​ដល់​កុមារ។

នៅ​ពេល​បច្ចុប្បន្ន​នេះ គេ​មិន​ទាន់​ឃើញ​មាន​ទិន្នន័យ​គ្រប់គ្រាន់​ដើម្បី​កំណត់​ថា វ៉ាក់សាំង​ណា​មួយ​ក្នុង​ចំណោម​វ៉ាក់សាំង​កូវីដ១៩ ទាំង ៣ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើប្រាស់​ក្នុង​គ្រា​បន្ទាន់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក មាន​សុវត្ថិភាព​និង​មាន​ប្រសិទ្ធភាព​សម្រាប់​កុមារ​នៅ​ឡើយ​ទេ។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ប្រកាស​កាលពី​ខែ​ឧសភា​ឆ្នាំ​មុន​ថា វ៉ាក់សាំង​កូវីដ១៩ ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ចិន​នឹង​ក្លាយជា «ប្រយោជន៍​សាធារណៈ​របស់​សាកលលោក»។

ចាប់​តាំងពី​ពេល​នោះ​មក រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​សន្យា​ផ្ដល់​វ៉ាក់សាំង​ប្រហែល ៥០០ លាន​ដូស ដល់​ប្រទេស​ជាង ៤៥ ។ នេះ​បើ​យោង​តាម​ការ​កត់ត្រា​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។

បន្ទាប់ពី​ប្រទេស​ចិន​បាន​បរាជ័យ​ដំបូងៗ​នៅ​ក្នុង​ទប់ទល់​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩ នេះ ​មក អ្នក​ខ្លះ​យល់​ឃើញ​ថា នយោបាយ​ការទូត​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​ចិន​គឺជា​យុទ្ធសាស្ត្រ​ស្ដារ​មុខមាត់ និង​ជា​មធ្យោបាយ​ដើម្បី​បង្កើន​ឥទ្ធិពល​របស់​ខ្លួន។

អ្នកស្រី Sheila Smith អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​អង្គការ​ក្រុមប្រឹក្សា​ទំនាក់ទំនង​បរទេស (Council on Foreign Relations) បាន​និយាយ​ថា៖ «រដ្ឋបាល​របស់​លោក Biden មាន​បំណង​ទប់ទល់​នឹង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ស្រប​ពេល​ដែល​ខ្លួន​ស្វះស្វែង​ដើម្បី​បំពេញ​តម្រូវការ​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​និង​នៅ​ជុំវិញ​ពិភពលោក»។

អ្នកស្រី Smith បាន​បន្ថែម​ថា៖ «ពួកគេ​ចង់​បាន​យុទ្ធសាស្ត្រ​រួម​គ្នា​មួយ​ដើម្បី​ដាក់​បញ្ចូល​វិធានការ​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩ ទាំង​អស់ ក្នុង​គោល​បំណង​ធានា​ថា ពួកគេ​ដែល​ជា​ប្រទេស​អ្នក​មាន មិន​មែន​គ្រាន់តែ​គិតតែ​ពី​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​គិត​អំពី​ប្រទេស​ផ្សេង​ទៀត​ដែល​មិន​មាន​ធនធាន និង​ផ្ដល់​នូវ​វិធី​មួយ​បែប​ផ្សេង​ជំនួស​ឲ្យ​វិធីសាស្ត្រ​របស់​ចិន​ផងដែរ»។

ការ​ទប់ទល់​នឹង​ចិន

ក្រុម​ប្រទេស Quad មិន​មែន​ជា​សម្ព័ន្ធភាព​យោធា​ផ្លូវការ​នោះ​ទេ ប៉ុន្តែ​ជា​រឿយៗ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​កម្លាំង​ទប់ទល់​នឹង​ឥទ្ធិពល​កើនឡើង​ផ្នែក​យោធា​និង​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅ​ក្នុង​ទ្វីប​អាស៊ី។

កិច្ច​ប្រជុំ​រយៈពេល ៩០ នាទី​កាលពី​ថ្ងៃ​សុក្រ​គឺ​ជា​កិច្ច​ប្រជុំ​លើក​ដំបូង​បង្អស់​របស់​មេដឹកនាំ​ក្រុម​ប្រទេស Quad នេះ ចាប់តាំង​ពី​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ ២០០៧ មក។

លោក Sullivan បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា៖ «មេដឹកនាំ​ទាំង ៤ បាន​ពិភាក្សា​អំពី​ការ​ប្រឈម​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​ចិន ហើយ​ពួកគេ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​មាន​គំនិត​យល់​ខុស​អំពី​ប្រទេស​ចិន​នោះ​ទេ ប៉ុន្តែ [កិច្ច​ប្រជុំ] ថ្ងៃ​នេះ​មិនមែន​អំពី​ប្រទេស​ចិន​នោះ​ឡើយ»។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា មាន​ក្ដី​រំពឹង​ជា​ទូទៅ​ថា កិច្ច​ប្រជុំ​នេះ​នឹង​ជួយ​ជំរុញ​ដល់​គោល​បំណង​របស់​រដ្ឋបាល​លោក Biden នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

អ្នកស្រី Smith បាន​បញ្ជាក់​ថា៖ «នេះ​គឺ​ពិតជា​សញ្ញា​ដ៏​ធំ​មួយ​ដែល​បង្ហាញ​ថា នេះ​គឺជា​អាទិភាព​ខ្ពស់​មួយ​សម្រាប់​រដ្ឋបាល​របស់​លោក Biden»។

បន្ទាប់ពី​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស Quad នេះ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​រួម​គ្នា​ទៅ​កាន់​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាងត្បូង ហើយ​បន្ទាប់​មក លោក Austin នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ឥណ្ឌា។

ដោយ​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​ពេល​វេលា​ជាក់លាក់ រដ្ឋបាល​របស់​លោក Biden ក៏​បាន​ប្រកាស​ផងដែរ​ថា នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga នឹង​ក្លាយជា​មេដឹកនាំ​ដំបូង​គេ​បង្អស់​ដែល​នឹង​ធ្វើ​ទស្សនកិច្ច​ដោយ​ផ្ទាល់​មក​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក Biden នៅ​សេតវិមាន។

សហរដ្ឋ​អាមេរិក​ចង់​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​មាន​សម្ព័ន្ធភាព​ខ្លាំងក្លា​ឡើង​វិញ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដើម្បី​បង្ហាញ​កម្លាំង​ដាក់​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Bonnie Glaser ប្រធាន​គម្រោង​អំណាច​ចិន​នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ (CSIS)។

អ្នកស្រី​និយាយ​ដូច្នេះ​ថា៖ «រដ្ឋបាល​របស់​លោក Biden បាន​ចាត់ចែង​ឲ្យ​មាន​ការ​រៀបចំ​នេះ​ឡើង ដើម្បី​ជា​សញ្ញា​បង្ហាញ​ថា សហរដ្ឋ​អាមេរិក​កំពុង​ប្រឡូក​ចេញ​ពី​ជំហរ​នៃ​ភាព​ខ្លាំងក្លា»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​ទទួល​ស្គាល់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ សម្ព័ន្ធភាព​ទាំង​នេះ «ក្នុង​ករណី​ខ្លះ​បាន​ធ្លាក់​ទ្រុឌទ្រោម និង​ក្នុង​ករណី​ខ្លះ​ទៀត​បាន​ចុះខ្សោយ»។

កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ នៅ​ក្នុង​ប្រទេស​វៀតណាម អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​បង្ហាញ​នូវ​ទស្សនវិស័យ​សម្រាប់ «តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​មាន​ភាព​សេរី​និង​បើក​ចំហ»។

ទោះបីជា​យុទ្ធសាស្ត្រ​របស់​រដ្ឋបាល​លោក Trump នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​បាន​ផ្ដោត​ភាគ​ច្រើន​លើ​សន្តិសុខ​ដែន​សមុទ្រ​និង​ពាណិជ្ជកម្ម​ក៏ដោយ ក៏​រដ្ឋបាល​របស់​លោក Biden នៅ​ពេល​នេះ​មាន​បំណង​ផ្ដោត​លើ​យុទ្ធសាស្ត្រ​ទូលំទូលាយ​ជាង​មុន ដែល​ក្នុង​នោះ​មាន​ទាំង​កិច្ច​សហប្រតិបត្តិការ​ដើម្បី​កម្ចាត់​ជំងឺ​កូវីដ១៩ ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ធានា​ឲ្យ​មាន​នូវ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដ៏​រឹងមាំ និង​ធានា​ឲ្យ​មាន​នូវ​ការ​ងើប​ឡើង​វិញ​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩ ផងដែរ។

អ្នកស្រី Smith បាន​និយាយ​ថា៖ «ជា​សរុប តើ​តំបន់ [ឥណ្ឌូ​ប៉ាស៊ីហ្វិក] គិតគូរ​បែប​ណា​សម្រាប់​វិធានការ​ទៅ​មុខ​ទៀត និង​ថា​តើ​យើង​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​ភាព​រុងរឿង​ដែល​មាន​ជា​យូរ​មក​ហើយ​នៃ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នេះ​ឲ្យ​មាន​ជា​បន្ត​ទៀត?»។

បន្ទាប់ពី​មាន​ជំនួប​មួយ​ចំនួន​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​នៅ​ក្នុង​តំបន់​មក លោក Blinken និង​លោក Sullivan នឹង​ជួប​ប្រជុំ​ជាមួយ​នឹង​សមភាគី​ចិន​នៅ​ក្នុង​ទីក្រុង Anchorage រដ្ឋ Alaska សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី ១៨ ខែ​មីនា​ខាង​មុខ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ