អតីតមេបញ្ជាការរំឮកពីមូលហេតុនៃអំពើរដ្ឋប្រហារកាលពី១៩ឆ្នាំមុន
Your browser doesn’t support HTML5
អតីតមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទដែលស្មោះត្រង់នឹងគណបក្សរាជានិយម គឺលោក ញឹក ប៊ុនឆៃដែលមិនប្រើពាក្យរដ្ឋប្រហារបានអះអាងថា អំពើរដ្ឋប្រហារកាលពី១៩ឆ្នាំមុន គឺកើតឡើងដោយសារការមិនទុកចិត្តគ្នា រវាងអ្នកនយោបាយផង និងការប្រទាញប្រទង់គ្នាដើម្បីនាំយកកម្លាំងខ្មែរក្រហមផង។ លោកថា លោកមានការសោកស្តាយចំពោះការកើតព្រឹត្តិការណ៍បង្ហូរឈាមគ្នា ដែលធ្វើឲ្យកងទ័ពរបស់លោក ទាំងនាយទាហ៊ាន និងពលទាហ៊ាន បានស្លាប់ជាច្រើននាក់ ហើយគ្មានយុត្តិធម៌មកដល់ពេលនេះ។ ហើយព្រះអង្គម្ចាស់នរោត្តម រណ្ធឫទ្ធិ ដែលបានឈ្នះការបោះឆ្នោតកាលពី ឆ្នាំ១៩៩៣ ត្រូវបានគេបណ្តេញចេញពីមុខតំណែងជានាយករដ្ឋមន្ត្រី ទី១ វិញ នៅក្នុងខែកក្កដា ឆ្នាំ១៩៩៧ ក្រោយពេលមានការវាយប្រយុទ្ធគ្នារវាងកងទ័ពស្មោះត្រង់នឹង លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលពេលនោះ ជានាយករដ្ឋមន្ត្រីទី២ ហើយនឹងកងទ័ពស្មោះត្រង់នឹងព្រះអង្គម្ចាស់ នរោត្តម រណ្ធឫទ្ធិ ដែលជាប្រធានគណបក្សហ៊្វុនស៊ីនប៉ិច។ ថ្លែងមួយថ្ងៃមុនពេលដែលលោកត្រូវរៀបចំពិធីបុណ្យខួបលើកទី១៩ ឆ្នាំតាមប្រពៃណី នៅថ្ងៃពុធស្អែក លោក ញឹក ប៊ុនឆៃ ដែលបច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិ បានអះអាងថា ឆ្លងតាមបទពិសោធន៍នៃការបែកបាក់ផ្ទៃក្នុងជាតិលោកទទូចសុំឲ្យអ្នកនយោបាយដែលកំពុងមានជម្លោះនិយាយគ្នា និងបង្កើនទំនុកចិត្តឡើងវិញ ហើយមានភាពស្មោះត្រង់ជាមួយគ្នាជារឿងចាំបាច់៕