ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ទៅកាន់ប្រទេសវៀតណាមបានធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ស្ថិតក្នុងស្ថានភាពលំបាក ហើយថែមទាំងអាចត្រូវបានគេមើលឃើញថាជាហានិភ័យសម្រាប់រដ្ឋាភិបាលក្រុងហាណូយ។ នេះបើយោងតាមអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិដែលបាននិយាយជាមួយ VOA កាលពីថ្ងៃចន្ទ ទី១៧ ខែមិថុនា។
លោក ពូទីន បានទៅដល់ប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ ទី ២០ ខែមិថុនា បន្ទាប់ពីធ្វើដំណើររយៈពេល ២ ថ្ងៃ ទៅកាន់ប្រទេសកូរ៉េខាងជើង។ យន្តហោះរបស់លោកបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិហាណូយ ហើយត្រូវបានទទួលស្វាគមន៍ដោយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Alexander Vuving ជាសាស្ត្រាចារ្យនៅមជ្ឈមណ្ឌលសិក្សាសន្តិសុខអាស៊ី-ប៉ាស៊ី ហ្វិក Daniel K. Inouye នៅទីក្រុង Honolulu និយាយថា៖ «ការធ្វើជាម្ចាស់ផ្ទះទទួលលោក ពូទីន ក្នុងដំណើររួមគ្នាដែលលោកបានទៅកូរ៉េខាងជើង គឺជាមានលក្ខណៈអាក្រក់សម្រាប់រដ្ឋាភិបាលក្រុងហាណូយ ហើយនឹងនាំមកនូវហានិភ័យមួយចំនួន។ ប្រការនេះអាចនឹងធ្វើឲ្យវៀតណាមមិនសូវទទួលបានទំនុកចិត្តក្នុងក្រសែភ្នែកលោកខាងលិច ជប៉ុន និងកូរ៉េខាងត្បូង។ ប៉ុន្តែម្យ៉ាងវិញទៀត រដ្ឋាភិបាលក្រុងហាណូយនឹងទទួលបានការជឿទុកចិត្តកាន់តែច្រើននៅក្នុងក្រសែភ្នែករបស់រុស្ស៊ី»។
យោងតាមលោក Vuving ការភ្ជាប់គ្នានៃដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើងនិងវៀតណាមភាគច្រើនស្ថិតនៅលើកក្តាភស្តុភាក្នុងការរៀបចំដំណើរ ព្រោះវាសមហេតុផលជាងសម្រាប់កម្មវិធីការងាររបស់លោក ពូទីន ក្នុងការទៅប្រទេសទាំងនេះក្នុងដំណើរតែមួយជើង ជាជាងការធ្វើដំណើរពីរជើងដាច់ដោយឡែកពីគ្នា។
លោកបានបន្តថា៖ «ប៉ុន្តែវាក៏បង្ហាញពីការពិតដែលវៀតណាមដូចជាកូរ៉េខាងជើងជាមិត្តជិតស្និទ្ធរបស់រុស្ស៊ី»។
លោក Nguyen Ngoc Truong អតីតប្រធានមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអភិវឌ្ឍន៍អន្តរជាតិ ដែលជាស្ថាប័នស្រាវជ្រាវដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល នៅទីក្រុងហាណូយ បានចង្អុលបង្ហាញថា ថ្នាក់ដឹកនាំវៀតណាមដឹងគុណចំពោះជំនួយដែលវៀតណាមទទួលបានក្នុងសង្គ្រាមអតីតកាលពីអតីតសហភាពសូវៀត។ ដូច្នេះហើយ ពួកគេចាត់ទុករុស្ស៊ីជា «មិត្តប្រពៃណី និងជាទីគោរពស្រឡាញ់បំផុត»។
លោក Truong បានបន្ថែមថា៖ «ប្រជាជនវៀតណាម ជាពិសេសអ្នកដែលយល់អំពីភូមិ សាស្ត្រនយោបាយ មិនអាចបែរខ្នងដាក់មិត្តភ័ក្តិរបស់ពួកគេបានដោយសារតែព្រឹត្តិ ការណ៍នាពេលថ្មីៗនេះទេ។ រុស្សីបានឈរប្រកៀកស្មាជាមួយវៀតណាមក្នុងគ្រាដ៏ខ្មៅងងឹត និងរីករាយបំផុត រួមទាំងការជួយអាវុធផងដែរ»។
លោក Hoang Viet ជាសាស្ត្រាចារ្យសាកលវិទ្យាល័យច្បាប់ទីក្រុងហូជីមិញ និងជាអ្នក ជំនាញជម្លោះអន្តរជាតិបានសង្កត់ធ្ងន់ថា វៀតណាម«មិនចង់បាត់បង់ទំនាក់ទំនងយូរអង្វែងរបស់ខ្លួន»ជាមួយរុស្ស៊ី ដែលជាមហាអំណាចមួយកាន់កាប់អាសនៈអចិន្ត្រៃយ៍នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោត Viet បានកត់សម្គាល់ថា រុស្ស៊ីមិនដែលមានទំនាស់ឬជម្លោះជាមួយវៀតណាមទេ។
លោក Viet បានផ្តល់ការសង្កេតថា៖ «ដោយសារការដាក់ទណ្ឌកម្មរបស់លោកខាងលិចដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន ដំណើរទស្សនកិច្ចរបស់លោក ពូទីន ធ្វើឱ្យវៀតណាមស្ថិតក្នុងស្ថានភាពលំបាក។ ប៉ុន្តែ វៀតណាមនៅតែត្រូវរក្សាទំនាក់ទំនងរបស់ខ្លួន ពីព្រោះវិធីគិតរបស់វៀតណាមគឺពួកគេត្រូវតែគោរពមិត្តភាពជាប្រពៃណី»។
កាលពីប្រាំបួនខែមុន វៀតណាមបានទទួលស្វាគមន៍ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ហើយក្នុងឱកាសនោះ រដ្ឋាភិបាលក្រុងហាណូយ និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ ដូចគ្នានឹងទំនាក់ទំនងដែលវៀតណាមមានអស់រយៈ ពេលជាច្រើនឆ្នាំជាមួយរុស្ស៊ី ចិន និងប្រទេសមួយចំនួនទៀត។
លោក Viet បានកត់សម្គាល់ថា ខណៈពេលដែលសហរដ្ឋអាមេរិកចាត់ទុកវៀតណាមជាតួអង្គសំខាន់ក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន វៀតណាមនៅតែពឹងផ្អែកភាគច្រើនលើអាវុធរុស្ស៊ីសម្រាប់កម្លាំងការពាររបស់ខ្លួន។ ដូច្នេះ វៀតណាមត្រូវតែរក្សាតុល្យភាពទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី និងអាមេរិក៕
ប្រែសម្រួលដោយលោក ម៉ែន គីមសេង