ការប្រថុយ​របស់​លោក Putin អំពី​អ៊ុយក្រែន អាច​ជា​គំនិត​ឆ្កួតលីលា

រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov នៅក្នុង​វិមាន​ក្រឹមឡាំង​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងពេលប៉ុន្មានថ្ងៃមុនការលុកលុយ​របស់​រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ពួកមន្ត្រី​លោក​ខាង​លិច​ខ្លះ​នៅ​ពេល​នេះ​ និង​ពី​អតីតកាល បានចាប់​ផ្តើម​មានចម្ងល់អំពី​ភាព​មិន​វង្វេងវង្វាន់របស់​ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។​

ពួក​គេបាន​ចង្អុល​បង្ហាញ​អំពី​អ្វីដែល​ពួក​គេ​យល់​ថា ជា​ការប្រែប្រួល​អាកប្បកិរិយា​របស់លោក Putin ​គឺការ​និយាយ​របស់​លោក​អំពីវិបត្តិ​នេះ ថា​ជា​ភ័ស្តុតាងនៃ​អ្វី​ដែល​បានប្រែ​ប្រួល​ និងបានធ្វើ​ឱ្យមេដឹកនាំ​រុស្ស៊ីរូប​នេះ ​ជា​មនុស្ស​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ជាងមុន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បានពណ៌នា​សុន្ទរកថា​មួយ​របស់​លោក Putin ដែលទទួល​ស្គាល់តំបន់ Donetsk និង​ Luhansk នៃ​ប្រទេស​អ៊ុយក្រែន​ថាជា​រដ្ឋ​ឯករាជ្យថា «ចម្លែក» និង​«មួល​បង្កាច់»។ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក Antony Blinken បានពណ៌នា​សុន្ទរកថានោះ​ថា ​«នាំឱ្យ​មានការព្រួយ​បារម្ភ​ខ្លាំង»។

លោក Gérard Araud អតីតឯកអគ្គរដ្ឋទូត​បារាំងប្រចាំ​សហរដ្ឋ​អាមេរិក​បាន tweet ថា សុន្ទរកថារបស់​លោក​ Putin បាន​«ធ្វើឱ្យ​ភ្ញាក់ផ្អើល» ហើយលោក​សង្ស័យ​ថា​ ប្រធានាធិបតី​រុស្ស៊ីរូប​នេះ​ មាន​«ការបារម្ភខាង​ផ្លូវ​ចិត្ត​ហួស​ហេតុ​ដូច​ទៅ​ស្ថិតនៅ​ក្នុ​ង​ពិភពមួយផ្សេងទៀត»។


អ្នកសង្កេតការណ៍ឯ​ទៀតៗ​ បាន​ហៅ​លោក Putin ថា​«ឡប់» និង«ផ្តាច់​ខ្លួន​ពី​ភាព​ជាក់ស្តែង»។


ការ​និយាយ​បែបនេះអំពី​លោក​ Putin ដែល​ប្រហែល​បាត់បង់ភាពប្រាកដ​និយម​ ផ្ទុយពី​ការ​វាយ​តម្លៃ​សាធារណៈ​កាលពី​ពេលមុនៗ និងការ​វាយ​តម្លៃឯកជន​ខាង​ការស៊ើបការ​សម្ងាត់​អំពី​មេដឹកនាំ​រុស្ស៊ី​រូប​នេះ​ដែល​បានកាន់តំណែងយូរមក​ហើយ​ ដែលត្រូវ​បានពណ៌នា​ថា​ លោក Putin ដែល​នៅ​ពេលនេះអាយុ៦៩ឆ្នាំថា ជា​មនុស្ស​គ្មានមេត្តា​ ឆ្លាត និង​មានគ្រោះ​ថ្នាក់​ ​ដោយ​ការ​ចូលចិត្ត​ប្រថុយប្រថាន។​

លោក William Burns នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក CIA បាននិយាយ​ប្រាប់ក្រុម​សមាជិក​សភាកាល​ពីខែកុម្ភៈមុន នៅមុនការទទួល​តំណែង​នេះថា៖ «សក់​ស្កូវ​ខ្ញុំ​ភាគច្រើនមានមក​ពីការបំពេញការងារ​របស់​ខ្ញុំច្រើន​ឆ្នាំ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ហើយ​ជា​ពិសេសក្នុង​ការ​ទាក់ទង​ជា​មួយប្រទេស​រុស្ស៊ី​របស់​លោក Putin»។​

លោក Putin បាន​ចាប់ផ្តើម​អាជីព​លោក​ជាមន្ត្រី​ស៊ើបការណ៍​សម្ងាត់​នៅ​ប្រទេស​ក្រៅ​ឲ្យ KGB ដែល​ជាអង្គការ​ប៉ូលិស​សម្ងាត់​រុស្ស៊ី ហើយលោក​បានចូល​និវត្តន៍​នៅ​ពេល​លោក​ជា​វរសេនីយ​ទោកាល​ពី​ឆ្នាំ១៩៩០។​

លោក​បានចូល​ប្រឡូក​ក្នុងនយោបាយ​ ហើយ​នៅ​ឆ្នាំ១៩៩៨​ លោក​ជា​មេដឹកនាំ​សេវាសន្តិសុខ​ក្នុង​ប្រទេស FSB ​របស់​ប្រទេស​រុស្ស៊ី។​

ពីរ​ឆ្នាំ​បន្ទាប់មក​ លោក Putin បាន​ជាប់​ឆ្នោតជា​ប្រធានាធិបតី។ ​លោកបាន​កាន់​តំណែងប្រធានាធិបតី​ចាប់ពី​ពេល​នោះ​មក លើកលែង​តែក្នុង​ពេល​បួន​ឆ្នាំ​ដែល​លោកជានាយករដ្ឋមន្ត្រីពីឆ្នាំ២០០៨​ ដល់​២០១២។​

លោក​ Burns បានបន្ថែម​ថា៖ «វា​តែង​តែ​ជា​កំហុស បើ​យើង​មើល​ស្រាល​ប្រទេស​រុស្ស៊ី​របស់​លោក Putin»។

ប៉ុន្តែ​ ពួកអតីត​មន្ត្រី​ខាងការ​ស៊ើបការណ៍​សម្ងាត់ ​ក៏​បាន​និយាយបង្ហាញ​ហេតុផល​ដែរ​ថា ការបដិសេធ​មេដឹកនាំ​រុស្ស៊ីរូប​នេះ​ថា​ជា​មនុស្ស​ចម្កួត​ទៅ​វិញ​ គឺ​ជា​ការភ័ន្តច្រឡំធំ​មួយ​ដែរ។

លោក​ Daniel Hoffman ជា​មន្ត្រីខាងសេវា​សម្ងាត់​ចូល​និវត្តន៍​និង​ជា​អតីតប្រធាន​ CIA នៅ​ប្រទេស​ក្រៅ។ លោក​បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ឃើញ​មានអ្វី​បញ្ជាក់​ថា Vladimir Putin ខុស​ប្លែក​ពី​ប្រតិបត្តិករ​ KGB មានការ​ថ្លឹងថ្លែង​ដោយ​ប្រយ័ត្នប្រយែង​ដូចដែលលោកធ្លាប់ជា​មនុស្ស​បែប​នេះតាំង​ពី​មុន​នោះទេ»។​

លោក​ Hoffman បានថ្លែង​ប្រាប់​វីអូអេថា៖ ​«ខ្ញុំមិនយល់​ថា​ គាត់បាន​ធ្វើ​កំហុស​ណា​មួយ​នៅ​ឡើយ​ទេ» ដោយ​លោក​កត់សម្គាល់អំពីសកម្មភាព​យោធាមានជោគជ័យ​របស់រុស្ស៊ី​ក្នុងតំបន់ Chechnya ប្រទេស​ហ្សកហ្សី តំបន់ Crimea ​និង​ប្រទេស​ស៊ីរី។​

លោក Hoffman និងអតីត​មន្ត្រីសហរដ្ឋ​អាមេរិក​ខាង​ការស៊ើបការណ៍​សម្ងាត់ឯទៀតៗមានជំនឿ​ថា លោក Putin ​ដែលមាន​ការ​លើកទឹកចិត្ត​ដោយសារ​ជោគជ័យទាំង​នោះ បានពិនិត្យ​មើល​ស្ថានភាព​ពិភពលោក​បច្ចុប្បន្ន​ ហើយ​បានឃើញឱកាសធ្វើឱ្យ​បំណងយូរ​យា​មួយរបស់លោកក្លាយ​ជា​ការ​ពិត។

បើ​តាមលោក Mark Kelton អតីត​នាយក​រង​នៃ​សេវា​សម្ងាត់ជាតិ​ខាង​ប្រឆាំង​ចារកម្ម​ថា៖ «លោក Putin ​មិន​បាន​ធ្វើ​ឱ្យ​ទស្សនវិស័យ​លោក​ជា​ការ​សម្ងាត់​ទេ»។

លោក​ Kelton បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ ​«អ្វីដែល​ប្រែ​ប្រួល គឺ​ថា​នៅ​ពេល​នេះ លោក​យល់​ថា​ លោក​មានសមត្ថភាព​បំពេញបំណង​របស់លោកក្នុង​ការយក​ផ្នែក​ទាំង​នោះនៃប្រទេស​អ៊ុយក្រែន​ដែល​រុស្ស៊ី​មិន​បាន​វាយយក​កាលពីឆ្នាំ២០១៤ ​ឱ្យ​ឋិតនៅ​ក្រោមការត្រួតត្រារបស់រុស្ស៊ី»។

ជាពិសេស​ អតីត​ពួក​មន្ត្រី​ខាង​ការ​ស៊ើបការណ៍​សម្ងាត់ចង្អុលបង្ហាញ​អ្វីដែលលោក​ Putin ទំនង​យល់​ឃើញ​ថា​ ជា«ភាពកម្សោយ​របស់​សហរដ្ឋ​អាមេរិក»​ដោយសារ​ការ​បែកបាក់​ខាងនយោបាយ​ក្នុង​ប្រទេស ​និងការ​ដកថយពី​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​បង្ហាញ​ថា ​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន ​និងក្រុមសម្ព័ន្ធមិត្ត​លោក​ខាង​លិច មិន​បម្រុងខ្លួន​ក្នុងការទាក់ទិន​នឹង​សង្គ្រាម​នៅ​ក្រៅ​ប្រទេស​ទេ។

ហើយក៏មានប្រទេស​ចិន​ដែរ​ដែល​ទំនងជា​គូ​បដិបក្ខ​ ​នៅ​ពេល​យូរ​អង្វែង ពេលនេះបាន​ក្លាយ​ ជាសម្ព័ន្ធ​មិត្ត​របស់​រដ្ឋាភិបាលក្រុង​ម៉ូស្គូ​ដែល​ជា​អ្វី​លោក Kelton ហៅ​ថា«​ការប្រឆាំងរួម​គ្នានឹងសត្រូវរួម​ គឺ​សហរដ្ឋ​អាមេរិក»។

រូបឯកសារ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ដើរ​ចូល​ក្នុង​សាល​សម្រាប់​ការចរចា​ក្នុង​វិមាន​ក្រឹមឡាំង​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី៥ ខែ​មិថុនា ឆ្នាំ​២០១៩។

បើ​តាមអ្នក​សង្កេត​រុស្ស៊ីខ្លះ​ថា ការ​បង្វែរ​បញ្ចូលគ្នា​នៃ​និន្នាការនានា​ប្រហែល​នាំ​ឱ្យ​អតីត​មន្ត្រីខាង​ស៊ើបការណ៍​សម្ងាត់​នេះ​ មានការ​ទុកចិត្តជាង​មុន​បន្តិច។

លោក​ស្រី​ Molly McKew អតីត​ទីប្រឹក្សាប្រធានាធិបតីប្រទេស​ហ្សកហ្សី​ និងក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ បាននិយាយ​ប្រាប់វីអូអេថា៖ «លោក​ Putin ដែល​ខ្ញុំ​បាន​ឃើញ​កន្លង​មក​ ជា​លោក​ពូទីន​ដែល​ខ្ញុំ​រំពឹង​ថា ​នឹង​ឃើញ​ទៀត។ Putin ចង់មានអំណាច​និង​កេរ្តិ៍​ដំណែល​សម្រាប់​ខ្លួន​គាត់ផ្ទាល់ និង​សម្រាប់​ទស្សនវិស័យគាត់​អំពី​ប្រទេស​រុស្ស៊ី»។

លោកស្រី​បាន​បន្ថែម​ថា៖ «គាត់​មានការ​ប្រាកដ​ជាង​មុន​ថា នឹងមិន​មានការ​បង់ខាតដែល​គាត់​មិនអាចពុះពារ​បាន​ទេ។​ គាត់មានការ​ប្រាកដ​ជាង​មុន​ថា​ ​គ្មានឆន្ទៈអ្វី​បញ្ឈប់គាត់បាន​ទេ»។

ប៉ុន្តែ​មិន​មែន​គ្រប់​គ្នាជឿជាក់​ថា​ Putin ដូច​ដែល​គាត់បង្ហាញ​ខ្លួន​តាម​ទូរទស្សន៍​កាល​ពីប៉ុន្មានថ្ងៃ​មុន​នេះ ​ជា Putin កាលពី​ពេល​មុន​ទេ។

លោក​ John Sipher ដែលធ្លាប់ចាត់ចែង​កិច្ច​ប្រតិបត្តិការ​របស់ CIA ក្នុងប្រទេស​រុស្ស៊ី បាន​និយាយប្រាប់វីអូអេ​ថា៖ «ខ្ញុំ​ភ្ញាក់ផ្អើល​នឹង​សុន្ទរកថា​បត់បែន​ប្រកប​ដោយ​កំហឹងដែល​គាត់បានថ្លែង​កាលពី​ថ្ងៃ​ចន្ទ»។​

លោក Sipher បានថ្លែងនៅ​មុនការ​លុកលុយ​ប្រទេស​អ៊ុយក្រែន​ថា៖ «ខ្ញុំ​តែងតែ​សន្មត​ថា ​គាត់​បានទទួល​ព័ត៌មាន​សុក្រិត្យ។ គាត់​ជា​អតីត​មន្ត្រី KGB ហើយ​មាន​សេវា​ស៊ើបការណ៍​សម្ងាត់​ល្អប្រសើរដែលគេ​ដឹងឮ ហើយ​អ៊ុយក្រែន ​និង​សហរដ្ឋ​អាមេរិក ​មិន​បានគ្រោង​ចូលឈ្លានពាន​រុស្ស៊ី​នោះទេ។ ស្តាប់​ទៅ​ដូច​លោក​ជឿ​រឿង​មិនគ្មានន័យ​នេះ»។

ពួក​អ្នក​ជំនាញ​ខាងប្រទេស​រុស្ស៊ីផ្សេង​ទៀត​យល់​ស្រប​គ្នា​ថា ​លោក Putin មានការប្រែប្រួល។​ លោក​ Seva Gunitsky សាស្ត្រាចារ្យ​ជំនួយ​ខាងវិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ Toronto ​បានថ្លែង​ថា៖ «អ្វីដែល​ប្លែក​នៅ​ពេល​នេះ គឺរបៀប​និយាយ​បែប​គំរាម​កំហែង ហើយ​ស្ទើរ​មិនលាក់បាំង​កំហឹង»។​

លោក​បាន​ពោលប្រាប់​វីអូអេ​ថា៖ «នេះ ជា​សុន្ទរកថាគំរាមកំហែង មិន​មែន​ដើម្បី​បំផុសគំនិត​ទេ។ គាត់​បានប្តូរគោលជំហរ និង​ការ​បង្ហាញ​ទឹកមុខដើម្បី​ឱ្យ​ឃើញ​ការ​គំរាម​កំហែង»។

ហើយបើតាម​អ្នកជំនាញ​ខ្លះ​ថា ការណ៍​នេះ អាច​ជាការបង្ហាញ​ការ​ប្រែប្រួល​អាកប្បកិរិយា​របស់លោក Putin ដែល​អា​ច​មានផល​ប៉ះពាល់​ច្រើន។​

លោក​ Gunitsky បាននិយាយ​ថា៖ ​«Putin ហាក់​ដូចជា​នៅដាច់ពី​គេជាងមុន​ លើកលែងតែពួកអ្នកជិតស្និទ្ធ​ជា​មួយ​គាត់​ដែលសុទ្ធតែ​ជាសមាជិក​សេវា​សន្តិសុខ​មាន​ទស្សនវិស័យ​គឃ្លើន ​និងបារម្ភ​គ្មានហេតុផល។​

លោក​ David Szakonyi​ អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៅសាកលវិទ្យាល័យ George Washington​ យល់​ស្របជា​មួយ​មតិ​នេះ។​

លោកបាននិយាយប្រាប់វីអូអេ​ថា៖ ​«ការណ៍នេះ កើតមានច្រើនដល់ពួកមេដឹកនាំផ្តាច់ការ។ ពួក​គេ​ឈប់​ទុកចិត្ត​លើ​ទស្សនវិស័យ​ឯទៀតៗ។ ពួក​គេ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​អនុញ្ញាតឱ្យមតិផ្សេងៗ​ចូល​ទៅ​ក្នុង​ការគិត​ពិចារណា​របស់ពួក​គេ»។

បើ​តាម​អតីតមន្ត្រី​ខាង​ស៊ើបការណ៍​សម្ងាត់​ខ្លះ​ថា មានលទ្ធភាព​មួយ​ទៀត​គឺ​ថា ដើម្បីការ​ចាត់ចែង​ផែនការ​ទាំងអស់​របស់លោក​និងសម្រាប់ទំនុក​ចិត្ត​របស់លោក លោក​ Putin មានការថប់អារម្មណ៍​ពិត​មែន។​

លោក​ Paul Pillar ជា​អតីតមន្ត្រី​ CIA ជាន់ខ្ពស់​ដែល​នៅ​ពេល​នេះបង្រៀន​នៅសាកលវិទ្យាល័យ Georgetown។ លោក​បានថ្លែង​ថា «ទោះ​ជា Putin បាន​ផ្តើម​គំនិត​ឱ្យ​មានវិបត្តិ​នេះ​ក៏​ដោយ​ក៏​ប្រតិកម្ម​របស់​លោក​ខាង​លិចមិន​ដូច​អ្វី​ដែល​លោក​បានគិតនោះ​ទេ។ នេះជា​ការ​គ្រប់គ្រាន់សម្រាប់ធ្វើ​ឱ្យមនុស្សខ្លះយល់​ថាគាត់​មិន​អាចគ្រប់គ្រងស្ថានការណ៍​បាន​ទេប្រសិន​បើគាត់​នៅតែ​ខឹង​សំបារបែប​នេះ»។


តែអ្នក​ខ្លះ​និយាយថា ​អាកប្បកិរិយារបស់​លោក Putin អាចជា​សកម្មភាព​ មាន​ការគិត​ពិចារណាល្អ។​

លោក Pillar បាន​ថ្លែងប្រាប់​វីអូអេថា៖ «ប្រសិនបើ​មនុស្សក្នុង​លោកខាង​លិចយល់​ថា លោក Putin ​ឆ្កួតលីលា ​ការណ៍​នេះ ​អាច​ជា​ការមានប្រៀប​ខាង​យុទ្ធសាស្ត្រមួយ។ ទិដ្ឋភាព​បែប​នេះ​ អាច​នាំ​ឱ្យពួកមេដឹកនាំលោក​ខាង​លិច បារម្ភអំពីអ្វី​ដែលមនុស្សឆ្កួតលីលា​នេះ អាចធ្វើតទៅទៀត ដើម្បី​ធ្វើ​សម្បទានគ្រប់គ្រាន់សម្រាប់​បន្ថយ​វិបត្តិ​នេះ​ តាមលក្ខខ័ណ្ឌ​ដែល​រុស្ស៊ីអាច​ទទួល​យក​បាន»៕

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ​