ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបដិសេធកាលពីថ្ងៃអង្គារថា រុស្ស៊ីមិនបានជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំមុននោះទេ ដោយនិយាយថា ការចោទប្រកាន់យ៉ាងដូច្នេះគឺគ្រាន់តែជា «រឿងចចាមអារ៉ាម» ដែលត្រូវបានលើកឡើងសម្រាប់មូលហេតុនយោបាយនៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។
ការបដិសេធរបស់លោក Putinត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅក្នុងទីក្រុង Sochi ប្រទេសរុស្ស៊ី ជាមួយនឹងអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបគ្នា ក្នុងអំឡុងពេលដែលមានការតានតឹងចំណងទាក់ទងកាន់តែខ្លាំងឡើងជុំវិញបញ្ហាសង្គ្រាមនៅក្នុងប្រទេសស៊ីរី និងការដែលរុស្ស៊ីយកតំបន់ Crimea របស់អ៊ុយក្រែន ធ្វើជាឧបសម្ព័ន្ធរបស់ខ្លួន។
សុន្ទរកថារបស់លោក Putin គឺផ្ទុយពីអ្វីដែលទីភ្នាក់ងារស៊ើបការសម្ងាត់របស់អាមេរិកបានរកឃើញ ដែលថា រុស្ស៊ីគឺជាអ្នកលួចចូលទៅក្នុងគណនីអ៊ីម៉ែលរបស់គណបក្សប្រជាធិបតេយ្យ ដែលមានបំណងផ្តល់អត្ថប្រយោជន៍ដល់លោក Donald Trump ខាងគណបក្សសាធារណរដ្ឋ និងធ្វើឲ្យប៉ះពាល់ដល់គូប្រជែងខាងគណបក្សប្រជាធិបតេយ្យ គឺលោកស្រី Hillary Clinton។
ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មាន លោកស្រី Merkel បានមានប្រសាសន៍ថា លោកស្រីមិនមានការភ័យខ្លាចអំពីការគំរាមកំហែងទៅលើការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតរបស់ប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំនេះនោះទេ ហើយនឹងធ្វើចំណាត់ការទៅលើព័ត៌មានមិនត្រឹមត្រូវតាមរយៈការពិត៕