កិច្ចប្រជុំ​កំពូល​​​រវាង​លោក Biden និង​លោក Putin ​ផ្តោត​តែ​លើ​«រឿង​សាច់ការ»

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden (ឆ្វេង) និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ចូលរួម​ក្នុង​ជំនួប​មួយ​នៅ​ Villa La Grange ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​របស់​ពួក​គេ​កាល​ពី​ថ្ងៃ​ពុធ ​នៅ​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ដោយ​យល់​ព្រម​បញ្ជូន​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​ពួក​គេ​រៀងៗ​ខ្លួន​ទៅ​ប្រចាំ​ការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​និង​មូស្គូ​វិញ និង​រៀបចំ​ធ្វើ​កិច្ចការ​ដើម្បី​ឈាន​ទៅ​ដល់​ការ​បង្កើត​កិច្ចព្រមព្រៀង​ថ្មី​ជំនួស​កិច្ចព្រមព្រៀងបច្ចុប្បន្ន​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​រឹត​ត្បិត​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ។ ​នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AP។

ប៉ុន្តែ​មេដឹកនាំ​ទាំង​ពីរ​បាន​បង្ហាញ​ពី​ទស្សនៈ​ខុស​គ្នា​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​តានតឹង​និងលំបាកៗ​មួយ​ចំនួន ដោយ​រួម​មាន​ទាំង​បញ្ហា​វាយប្រហារ​និង​ការ​ជំរិតទារ​ប្រាក់តាម​អ៊ីនធឺណិតពី​ប្រទេស​រុស្ស៊ី​ផង​ដែរ។​

លោក Putin បាន​ទទូច​ជា​ថ្មី​ទៀត​ថា ប្រទេស​របស់​លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​អ្វីទៅ​នឹង​ការ​វាយប្រហារ​បែប​នេះ​ទេ ថ្វី​បើ​ក្រុម​ស៊ើប​ការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា​នេះ​ជា​រឿង​ពិត​ក្តី។ ទោះ​ជា​យ៉ាង​ណា​ក្តី ក៏​លោក Biden​ ថ្លែងនៅ​ក្រោយ​ជំនួប​នោះ​ថា​លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៅ​លោក Putin ថា ប្រសិន​បើ​រុស្ស៊ី​ហ៊ាន​វាយប្រហារ​ហួស​កម្រិត​អត់​ឱន​ឱ្យ​បាន ដោយ​រួម​មាន​ទាំង​ការ​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​សហរដ្ឋ​អាមេរិកផង​នោះ នោះ​រដ្ឋបាល​លោក Biden នឹង​ឆ្លើយ​តប​វិញ ហើយ​«ផល​វិបាក​នឹង​មាន​លក្ខណៈ​អាក្រក់​ធ្ងន់ធ្ងរ»។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស៊្វីស​នោះ លោក Biden ត្រូវ​អ្នក​យក​ព័ត៌មាន​សួរ​ថា តើ​ប្រធានាធិបតី​រុស្ស៊ី​លោក Putin នឹង​ផ្លាស់ប្តូរ​អាក្បកិរិយា​របស់​លោក​ទេ?

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden (ស្ដាំ) និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ចាប់​ដៃ​គ្នាក្នុង​ជំនួប​មួយ​នៅ​ Villa La Grange ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

លោក​ប្រធានាធិបតី​ Biden ឆ្លើយ​តប​វិញ​ថា៖​ «ខ្ញុំ​បាន​បញ្ជាក់​ហើយ​ថា​អ្វី​ដែល​នឹង​ធ្វើ​ឱ្យ​[រុស្ស៊ី]ផ្លាស់​ប្តូរ​អាកប្បកិរិយា​របស់​ពួក​គេ​នោះ​គឺ​នៅ​ពេល​ពិភពលោក​ទាំង​មូល​ក៏ប្រតិកម្ម​ឆ្លើយ​តប​វិញ​ដែរ» ក្នុង​របៀប​មួយ​«ដែល​ធ្វើ​ឱ្យ​រុស្ស៊ី​ត្រូវខូចមុខមាត់​នៅ​លើ​ឆាក​អន្តរជាតិ។ ខ្ញុំ​មិន​ប្រាកដ​ថា​រុស្ស៊ី​នឹង​ផ្លាស់​ប្តូរ​[អាកប្បកិរិយា]​អ្វី​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​លើក​ឡើង​ពី​ស្ថានភាព​ពិត​ជាក់ស្តែង​មួយ​ប៉ុណ្ណោះ»។

មេដឹកនាំ​ទាំង​ពីរ​ ដែល​បាន​ជំរុញ​ឱ្យ​មាន​ភាព​តានតឹងកើន​ឡើង​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ចាប់​តាំង​ពី​លោក Biden ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្មី​កាល​ពី​ខែ​មករា​មក បាន​អះអាង​ថា​ បើ​ទោះ​បីប្រទេស​ពួក​គេ​ទាំង​ពីរ​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ច្រើន​ក្តី ក៏​ការ​ជួប​ប្រជុំ​គ្នា​ផ្ទាល់​នេះ​បាន​ទទួល​ផ្លែផ្កា​ល្អ​ដែរ។​

​នៅ​ក្រោយ​ជំនួប​នោះ លោក Putin ​ជា​អ្នក​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​មុន​លោក​ Biden​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ម្នាក់​ឯង​មួយ ដោយ​លោក Putin ​បញ្ជាក់​ថា នៅ​ក្នុង​កិច្ចប្រជុំ​រយៈ​ពេល៣​ម៉ោង​ ដែល​លឿន​ជាង​ការ​រំពឹង​ទុក​នោះ​ មិន​មាន​«អរិភាព»អ្វី​នឹង​គ្នា​ទេ។

ចំណែក​លោក Biden ដែល​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ម្នាក់​ឯង​ដែរ​ ក្នុង​រយៈពេល​មិន​យូរ​ប៉ុន្មាន​ក្រោយ​លោក Putin ថ្លែង​ថា មេដឹកនាំ​ទាំង​ពីរ​បាន​ចំណាយ​«ពេល​ច្រើន»​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ​តាមអ៊ីនធឺណិត ហើយ​លោក Biden ជឿជាក់​ថា​លោក Putin បាន​យល់​ច្បាស់​ពី​ជំហរ​របស់​សហរដ្ឋ​អាមេរិក​លើ​រឿង​នេះ។

លោក Biden ថ្លែង​ថា៖ «ខ្ញុំ​បាន​បញ្ជាក់​ទៅ​[លោក Putin] ថា យើង​[សហរដ្ឋ​អាមេរិក] មាន​សមត្ថភាព​ខាង​អ៊ីនធឺណិត​នេះ​ខ្លាំង​ណាស់។ ពិតណាស់ ប្រសិន​បើ​[រុស្ស៊ី] រំលោភ​លើ​បទដ្ឋាន​ជា​មូលដ្ឋាន​នោះ យើង​នឹង​ឆ្លើយ​តប​វិញ។ ខ្ញុំ​គិត​ថា​សហរដ្ឋ​អាមេរិក​មិន​ចង់ឱ្យ​មាន​សង្គ្រាម​ត្រជាក់​[ឡើង​វិញ]នៅ​ពេល​នេះ​ទេ»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ក្រោយ​ជំនួប​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

លោក Putin ក៏​បាន​បញ្ជាក់​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Biden បាន​លើក​ឡើង​ពីបញ្ហា​សិទ្ធិមនុស្ស​ជាមួយ​នឹង​លោក ដោយ​រួម​មាន​ទាំង​ជោគ​វាសនា​របស់​មេដឹកនាំ​ប្រឆាំង​រុស្ស៊ី​លោក Alexei Navalny ផង​ដែរ។ ប៉ុន្តែ​លោក Putin បាន​ការពារ​ការ​កាត់ទោសលោក Navalny ឲ្យ​ជាប់​ពន្ធនាគារ និង​បង្វែរ​ការ​ឆ្លើយ​ចំពោះសំណួរជា​ច្រើន​ដង​អំពី​ការ​ធ្វើ​ទុក្ខ​អ្នក​នយោបាយ​ប្រឆាំង​នេះ ដោយ​លោក Putin បាន​លើក​ឡើង​ពី​ភាព​វឹកវរ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​រួម​មាន​ចលនា​បាតុកម្ម​ការពារ​ជីវិត​ពលរដ្ឋ​ស្បែក​ខ្មៅ ឬ Black Lives Matter និង​ការ​វាយប្រហារ​លើ​វិមាន​សភា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា​ជាដើម។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជិតមួយ​ម៉ោង​របស់​លោក Putin ថ្វី​បើ​មេដឹកនាំ​រុស្ស៊ី​រូប​នេះ​បាន​បង្ហាញ​ភាព​រឹង​ទទឹង​ចំពោះ​សំណួរអ្នក​សារព័ត៌មានអន្តរជាតិ​ទាក់ទិន​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ដែល​ភាគី​អាមេរិក​បាន​លើក​ឡើង​នោះ​ក៏​ដោយ ក៏​លោក Putin បាន​សម្តែង​ការ​គោរព​ចំពោះ​លោក Biden ថា​ជា​មេដឹកនាំ​នយោបាយ​ដ៏​មាន​បទ​ពិសោធន៍។

លោក​ថ្លែង​ថា៖ «កិច្ចប្រជុំ​នេះ​តាម​ពិត​ទៅ​ប្រកប​ដោយ​ប្រសិទ្ធផល។ គឺប្រកប​ដោយ​សាច់​ការ​និង​ចំ​ចំណុចជាក់លាក់។ កិច្ចប្រជុំ​នេះ​មាន​គោលដៅ​សម្រេច​ឱ្យ​បាន​លទ្ធផល ហើយ​លទ្ធផល​មួយ​នោះ​គឺ​ការ​រុញ​ច្រាន​ដែន​នៃ​ទំនុកចិត្ត[រវាង​គ្នា]»។​

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ផ្តាច់​លែង​ឱ្យ​មាន​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​នៅ​ឆ្នាំ​២០១៤ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ទន្ទ្រានរបស់​រុស្ស៊ី​យក​ដែនដី Crimea របស់​អ៊ុយក្រែន និង​ចំពោះ​ការ​ដែល​រុស្ស៊ី​គាំទ្រ​ក្រុម​ឧទ្ទាម​ផ្តាច់​ខ្លួន​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន៕​

ប្រែសម្រួល​ដោយ​លោក សឹង សុផាត