ការដាក់​ពិន័យ​ធ្ងន់​ដល់​អ្នកសរសេរ​ប្លុក​ជា​ការ​គំរាម​ដល់​សេរីភាព​អ្នកសារព័ត៌មាន

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​ព្រួយបារម្ភ​អំពី​សេរីភាព​ព័ត៌មាន​និង​សិទ្ធិ​បញ្ចេញ​មតិ​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​អ្នកសរសេរ​ប្លក(Blog)។

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​ព្រួយបារម្ភ​អំពី​សេរីភាព​ព័ត៌មាន​និង​សិទ្ធិ​បញ្ចេញ​មតិ​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​អ្នកសរសេរ​ប្លក(Blog)។​ ក្តីបារម្ភ​ដូច្នេះ​កើតឡើង​ក្រោយ​ពេល​ដែល​តុលាការ​ក្រុងភ្នំពេញ​បាន​កាត់ទោស​ និង​ផាកពិន័យ​លោក​រ៉ូពឺត វីនឆេស្ទឺ​ឱ្យ​សងជំងឺ​ចិត្ត​ដ៏ធ្ងន់ធ្ងរ។ ​លោក​ រ៉ូពឺត វីនឆេស្ទឺ ​(Rupert ​Winchester) គឺ​អ្នកកាសែត​ជនជាតិ​អង់គ្លេស​ម្នាក់​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​និង​ជា​អ្នកសរសេរ​ប្លក​ ហើយ​ត្រូវ​បាន​កាត់​ទោស​ពីបទ​បរិហារកេរ្តិ៍​ ដែល​អង្គការអ្នក​កាសែត​គ្មាន​ព្រំដែន​ចាត់​ទុកថា​ ជា​ដំណើរការ​រំខាន​មួយ។

ការកាត់​ក្តីនេះ​កើតឡើង​ប៉ុន្មាន​ខែ​បន្ទាប់​ពី​មាន​ការ​បែកធ្លាយ​សេចក្តី​ព្រាង​ច្បាប់ ប្រព័ន្ធ​អ៊ីនធឺណិត។

អង្គការ​នេះ​បាន​ចោទ​សួរ​ថា​នៅក្នុង​ប្រទេស​ដែល​គណបក្ស​កាន់អំណាច​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្ទើរតែ​ទាំងអស់​នោះ​ តើ​អ្នកកាសែត​ឯករាជ្យ ​និងអ្នក​ផ្តល់​ព័ត៌មាន ​ឯករាជ្យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ អាចមាន​សេរីភាព​បញ្ចេញ​ទស្សនៈ​របស់គេ ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​រយៈពេល​ប៉ុន្មាន​ទៀត?

កាលពី​ថ្ងៃទី៤​ខែ​មិថុនា​ លោក ​Winchester ​បាន​ផ្សព្វផ្សាយ​លើប្លក​របស់​លោក ដែល​មាន​ឈ្មោះ​ថាThe Mighty Penh ​អំពី​ការ​អភិរក្ស​សំណង់​ស្ថាបត្យកម្ម​ខ្មែរ ​ដោយ​សរសេរ​ថា​ ក្រុមហ៊ុន​ អភិវឌ្ឍន៍​មួយ ​ចង់លក់វីឡា​ជំនាន់​បុរាណ​ឬ​ជំនាន់​អាណា​និគម​បារាំង​មួយ​កន្លែង​តម្លៃ ​១៤លាន ​ដុល្លារ​សរអា​ ដែលអាច​នឹងត្រូវ​គេបំផ្លាញ​ចោល​ហើយ​សាងសង់​អគា​៧ជាន់​ជំនួស​វិញ។​ ក្រុមហ៊ុន​ បារាំង​មួយ​នោះ​បដិសេធ​ ហើយប្តឹង លោក ​Winchester ​ទៅ​តុលាការ។

តុលាការ​ក្រុងភ្នំពេញ​បានសម្រេច​ជម្រះ​រឿងក្តី​នេះ​ហើយបាន​សម្រេច​ឲ្យសង​ជំងឺ​ចិត្ត​ចំនួន​ ២៥.០០០​ ដុល្លារ​ដល់​ដើមបណ្តឹង​ជនជាតិ​បារាំង​និង​ពិន័យ​ជា​ប្រាក់​២០០០​ដុល្លារ ​សរអា​ពីបទ​បរិហា​កេរ្តិ៍៕