គណៈកម្មាធិការពិសេសរបស់រដ្ឋសភាអាមេរិកស្តីពីការស៊ើបអង្កេតទៅលើការវាយប្រហារវិមានសភាអាមេរិក (US Capitol) កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បានចាប់ផ្តើមសវនាការផ្តល់សក្ខីកម្មនៅម៉ោង៨យប់ថ្ងៃព្រហស្បតិ៍នេះ ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន ត្រូវនឹងព្រឹកថ្ងៃសុក្រម៉ោងនៅកម្ពុជា។
សវនាការដែលមានការផ្សាយផ្ទាល់តាមទូរទស្សន៍នេះ ជាសវនាការដំបូងនៃសវនាការជាច្រើនទៀតនៅក្នុងខែនេះ និងប៉ុន្មានខែខាងមុខទៀត ដើម្បីប្រកាសលទ្ធផលពីការស៊ើបអង្កេតយ៉ាងទូលំទូលាយរបស់ខ្លួនជាលើកដំបូង ទៅលើការវាយលុកវិមានសភាអាមេរិកដោយអ្នកគាំទ្ររបស់អតីតប្រធានាធិបតី Donald Trump ដើម្បីបដិសេធលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០។
សមាជិកនៃគណៈកម្មការពិសេសនេះបានសន្យាថា នឹងបង្ហាញព័ត៌មានថ្មីដែលសាធារណជនមិនដែលធ្លាប់បានឃើញពីមុន និងលាតត្រដាងពីផែនការសវនាការដែលមាននៅពេលលើកក្រោយទៀត។
គណៈកម្មាធិការដែលរួមមានសមាជិករដ្ឋសភា៧រូបមកពីខាងគណបក្សប្រជាធិបតេយ្យ និង២រូបមកពីខាងគណបក្សសាធារណរដ្ឋ ចាប់ផ្តើមផ្តល់សក្ខីកម្មដោយមានការបង្ហាញភ័ស្តុតាងវីដេអូនិងសុន្ទរកថាផ្សេងៗដែល ជាផ្នែកមួយនៃការរកឃើញរបស់គណៈកម្មាធិការដែលបានបញ្ជាក់ថានឹងបង្ហាញថាមានកិច្ចសហការសម្របសម្រួលគ្នារវាងអតីតប្រធានាធិបតីអាមេរិកលោក Donald Trump និងក្រុមបក្សពួកជំនិតរបស់លោក ដើម្បីបដិសេធលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០។
សូមប្រិយមិត្តរង់ចាំព័ត៌មានលម្អិតពីខ្លឹមសារសង្ខេបនិងលទ្ធផលនៃសវនាការផ្តល់សក្ខីកម្មនេះនៅក្នុងការផ្សាយរបស់វីអូអតាមវិទ្យុនិងអ៊ីនធឹណិតនៅពេលខាងមុខទៀត។
ប្រិយមិត្តអាចទស្សនាការផ្សាយផ្ទាល់ជាភាសាអង់គ្លេសនូវសវនាការដំបូងនេះខាងក្រោម៖
ព័ត៌មានលម្អិតទាក់ទង៖
សវនាការផ្តល់សក្ខីកម្មលើការវាយប្រហារវិមានសភាអាមេរិកកាលថ្ងៃ ៦ មករា នឹងចាប់ផ្តើមធ្វើនៅថ្ងៃព្រហស្បតិ៍នេះ (៩ មិថុនា ២០២២)
រដ្ឋសភាសហរដ្ឋអាមេរិកចាប់ផ្តើមស៊ើបអង្កេតការវាយប្រហារថ្ងៃទី៦ខែមករាលើវិមានសភា (១ កក្កដា ២០២១)
វិមានសភាអាមេរិកត្រូវបិទ ខណៈក្រុមអ្នកគាំទ្រលោក Trump នាំគ្នាសម្រុកចូល (៧ មករា ២០២១)