សាធារណ​ជន​ថ្កោល​ទោស​ករណី​ឧកញ៉ា​បាញ់​ប្រហារ​នៅ​បុរី​ប៉េង​ហួត​បឹង​ស្នោ

លោក ស្រី ស៊ីណា ត្រូវបាន​ចាប់ខ្លួន​បន្ទាប់​ពី​បាន​បាញ់សម្លាប់មនុស្ស​ពីរនាក់​ថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៤​នៅ​ក្នុងរាជធានីភ្នំពេញប្រទេស​កម្ពុជា។

សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ដែល​សារភាព​ថា ​ខ្លួន​បាន​បាញ់​ប្រហារ​នៅ​ផ្ទះ​មួយ​ក្នុង​បុរីប៉េង​ហួត​បឹង​ស្នោ ​ខណ្ឌ​ច្បារ​អំពៅ ​រាជធានី​ភ្នំពេញ ​បណ្តាល​ឱ្យ​គូ​ដណ្តឹង​២​នាក់​ស្លាប់ ​និង​មនុស្ស​ម្នាក់​រង​របួស​ធ្ងន់។​

បុរស​ដែល​ជា​ជន​ល្មើស​នោះ​ត្រូវ​បាន​រាយ​ការណ៍​ថា ​មាន​ឈ្មោះ ​ស្រី ស៊ីណា ​ដែល​មាន​គោរមងារ​ជា​ឧកញ៉ា។ ​ការ​បាញ់​ប្រហារ​ដោយ​កាំភ្លើង​ខ្លី​នេះ​ត្រូវ​បាន​សមត្ថ​កិច្ច​រាយ​ការណ៍​ជា​បឋម​ថា​ ដោយ​សារ​បញ្ហា​ទំនាស់​រវាង​អ្នក​ជិត​ខាង​ ពាក់ព័ន្ធ​នឹង​ការ​ដាក់​ស្នួរ​ហាល​ខោ​អាវ​លើ​ព្រំដី​ក្នុង​បុរី​ប៉េង​ហួតបឹង​ស្នោ។​

បើ​តាម​ការ​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្នង​ការដ្ឋាន​នគបាល​រាជធានី​ភ្នំពេញ ​ការ​បាញ់​ប្រហារ​នេះ​កើត​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ។​

ជន​ល្មើស​ដែល​បាន​សារភាព​អំពី​ការ​បាញ់​ប្រហារ​នេះ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្ដាល ​កាល​ពី​ថ្ងៃ​ចន្ទ ​ក្រោយ​ព្យាយាម​រត់​គេច ​ក្រោយ​ពេល​បាញ់​ប្រហារ​កាល​ពី​ម៉ោង​ប្រមាណ​៣​រសៀល។​

លោក ​សំ វិច្ឆិកា ​អ្នកនាំពាក្យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បដិសេធ​មិន​អត្ថាធិប្បាយ ​ដោយ​ស្នើ​ឱ្យ​សួរ​ទៅ​អគ្គ​ស្នងការដ្ឋាន​នគរ​បាល​ជាតិ​វិញ។​

អ្នក​នាំពាក្យ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ លោក ​ឆាយ គឹមខឿន ​ប្រាប់​វីអូអេ​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ នគរបាល​កំពុង​សួរ​ចម្លើយ​ជន​ដៃ​ដល់។ លោក​មិន​ទាន់​អាច​បញ្ជាក់​អ្វី​បន្ថែម​ឡើយ។

រូបឯកសារ៖ លោក ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ។ (ហ្វេសប៊ុក / អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police)

តាម​រយៈ​សម្ដី​សារភាព​ដែល​ថត​ក្នុង​វីដេអូ​មួយ ​ជន​ដៃ​ដល់​បាន​អះអាង​ថា​ ខ្លួន​បាន​ទៅ​សម្រប​សម្រួល​ជាមួយ​ជន​រង​គ្រោះ ​ពាក់​ព័ន្ធ​នឹង​ទំនាស់​រវាង​អ្នក​ជួល​ផ្ទះ​របស់​ខ្លួន ​និង​ជន​រង​គ្រោះ ​លើ​ការ​ដាក់​ស្នួរ​ហាលខោអាវ​លើ​ព្រំ​ដី​នៅ​ផ្ទះ​ជាប់​គ្នា។ ​ ជន​ដៃ​ដល់​ដែល​មាន​ឈ្មោះ​ថា​ស្រី ស៊ីណា​ អាយុ​៥០​ឆ្នាំ ​បាន​សារ​ភាព​ថា​ ខ្លួន​ពិត​ជា​បាន​បាញ់​សម្លាប់​ជន​រង​គ្រោះ​ទាំង​២​នាក់ ​និង​អ្នក​ធ្វើ​ការ​ជាមួយ​ជន​រងគ្រោះ ​ដោយ​សារ​តែ​ខឹង​នឹង​ពាក្យ​សម្ដី​ជេរ​ប្រមាថ​របស់​ជន​រង​គ្រោះ។​

យ៉ាងណាមិញ សាក្សី​ដែល​នៅ​កន្លែង​កើត​ហេតុ​នោះ​ផ្ទាល់​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ ជន​រងគ្រោះ​ទាំង​២​នាក់​មិន​បាន​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ទៅ​កាន់​ជន​បង្ក​ហេតុ​រូប​នោះ​ទេ។ ជន​ដៃ​ដល់ទៅ​វិញ​ទេ​ដែល​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​មក​កាន់​ជន​រង​គ្រោះ ​និង​បាន​ចូល​ផ្ទះ​របស់​ជន​គ្រោះ​ដោយ​មិន​ដោះ​ស្បែក​ជើង។​

រូបថតឯកសារ៖ ជនរងគ្រោះដែល​ត្រូវបាន​គេ​បាញ់សម្លាប់ លោក ឡុង លីសុង​និងគូដណ្តឹង កញ្ញា ឃីន កញ្ចណា។ (Facebook)

ជន​រង​គ្រោះ​ប្រុស​មាន​ឈ្មោះ ​ឡុង លីសុង ​អាយុ​២៧​ឆ្នាំ និង​ជន​រងគ្រោះ​ស្រី​មាន​ឈ្មោះ ​ឃីន កញ្ចណា ​អាយុ​២៥​ឆ្នាំ​ដែល​បាន​រត់​ទៅ​ឱប​គូដណ្តឹង​ដែល​រង​ការ​បាញ់​ប្រហារ​មុន​គេ។ ​កញ្ញា​ត្រូវ​បាន​រាយ​ការណ៍​ថា​ ស្លាប់​នៅ​មន្ទីរពេទ្យ។ ​ពួកគេ​ជា​គូ​ដណ្ដឹង​នឹង​គ្នា​ ដោយ​បាន​ភ្ជាប់​ពាក្យ ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៣​ ហើយ​ត្រៀម​រៀប​អាពាហ៍​ពិពាហ៍​នៅ​ក្នុង​ខែ​តុលា​ខាង​មុខ។ ​ពួកគេ​មាន​មុខ​របរ​ជា​អ្នក​ថតរូប​សម្រាប់​កម្មវិធី​ផ្សេងៗ​ ដូច​ជា​អាពាហ៍​ពិពាហ៍​ជា​ដើម។ ​ជន​រងគ្រោះ ​លោក ឡុង លីសុង​ ជា​ម្ចាស់​ក្រុមហ៊ុន​ថត​រូប​ឈ្មោះ​ថា​ Stellar Pictures។​

ករណី​បាញ់​ប្រហារ​យ៉ាង​ធ្ងន់​ធ្ងរ​នេះ​រង​ការ​ថ្កោល​ទោស​ពី​សាធារណ​ជន ​និង​ទាមទារ​យុត្តិធម៌​ជូន​ជន​រងគ្រោះ។ ​សាធារណជន​មួយ​ចំនួន​លើក​ឡើង​ថា​ ជន​ដៃ​ដល់​ហាក់​មិន​មាន​ភាព​ភ័យ​ខ្លាច​ នៅ​ពេល​សារភាព​អំពី​ការ​បាញ់​ប្រហារ​នេះ ​ហើយ​ការ​ឃាត់​ខ្លួន​រូប​លោក​ពី​ដំបូង​ឡើយ​មិន​ត្រូវ​បាន​វាយ​ខ្នោះ និង​ចាប់​ក្របួច​ភ្លាមៗ​ ដូច​ករណី​ផ្សេង​ទៀត​ឡើយ។​

ដោយ​ភ្ជាប់​ជាមួយ​វីដេអូ​សារភាព​របស់​ជន​ដៃ​ដល់ លោក​ ចាន់ សុផល ​នាយក​នៃ​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នា​ថ្ងៃ​អង្គារ​នេះ​ថា៖​ «ខ្ញុំ​មិន​យល់​ពី​យុត្តិធម៌​ទេ។ ​

លោក ចាន់ សុផល ដែល​ជា​ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ការ​សិក្សា​គោល​នយោបាយ និយាយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី៣០ ខែសីហា ឆ្នាំ​២០១៦។ (កាន់ ​វិច្ឆិកា/VOA)

បើ​គិត​ធម្មតា​ អ្នក​បាញ់​សម្លាប់​ជីវិត​មនុស្ស​ពីរ​នាក់ ​បញ្ចប់​ជីវិត​គាត់​មួយ​ទៅ​សង​មិន​គ្រប់​ផង​ កុំ​ថា​ ឡើយ​ជាប់​គុក​មួយ​ជីវិត។ ​ ក៏​ប៉ុន្តែ​ជាក់​ស្ដែង​ មិន​ដឹង​ជាប់​គុក​ត្រឹម​ប៉ុន្មាន​ឆ្នាំ​ទេ។ ​ មុខ​ដូច​ជា​អត់​ភ័យ​សោះ»។​

ក្រោយ​កើត​ហេតុ ​សមាគម​ឧកញ៉ា​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដោយ​បញ្ជាក់​ថា​ ជន​ល្មើស​ដែល​មាន​ឈ្មោះ ​ស្រី ស៊ីណា​មាន​គោរមងារ​ជា​ឧកញ៉ា ​ប៉ុន្តែ​មិន​ទាន់​ជា​សមាជិក​ក្នុង​សមាគម​ឧកញ៉ា​ឡើយ។ ​ សមាគម​ឧកញ៉ា​កម្ពុជា​បញ្ជាក់​ថា​ ខ្លួន​នឹង​ចាត់​វិធាន​ការ​ស្នើ​សុំ​បញ្ចប់​គោរម​ងារ​ឧកញ៉ា​របស់​ជន​ដៃ​ដល់។​

ចំណែក​លោក ​ហ៊ុន ម៉ានី ​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​ រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ ​និង​ជា​ប្អូន​ប្រុស​របស់​នាយក​រដ្ឋមន្រ្តី​ក៏​បាន​បង្ហាញ​ការ​សោក​ស្ដាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​ចំពោះ​ការ​បាត់​បង់​អាយុ​ជីវិត​របស់​ជន​រង​គ្រោះ​ទាំង​២​នាក់។​

លោក ​ហ៊ុន ម៉ានី​ បញ្ជាក់​ថា៖​ «ចំពោះ​ការ​បាត់បង់​ជីវិត​យ៉ាង​ផុយ​ស្រួយ​បំផុត​ផ្តើម​ចេញ​ពី​ជម្លោះ​រហូត​ឈាន​ដល់​ការ​ប្រើប្រាស់​អំពើ​ហិង្សា ​ក្លាយ​ជា​ឧក្រិដ្ឋ​កម្ម​ដ៏​អាក្រក់​បំផុត។ ​យើង​ពិត​ជា​មិន​ចង់​ឱ្យ​ហេតុ​ការណ៍​នេះ​កើត​ឡើង​នោះ​ឡើយ​ និង​ថ្កោល​ទោស​ជា​ដាច់​ខាត​លើ​ទង្វើ​បំពាន​លើ​ជីវិត​មនុស្ស​យ៉ាង​ព្រៃផ្សៃ​បែប​នេះ»។ ​លោក​បញ្ជាក់​បន្ថែម​ថា៖​ «ខ្ញុំសូម​កោត​សរសើរ ​និង​ថ្លែង​អំណរ​គុណ​ដល់​កង​កម្លាំង​មាន​សមត្ថ​កិច្ច​ដែល​បាន​ខិតខំ​តាម​ចាប់​ជន​ល្មើស​ ដើម្បី​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»។​

លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ ផ្ដល់កិច្ចសម្ភាសដល់អ្នកសារព័ត៌មាន នៅក្រោយបិទបញ្ចប់មហាសន្និបាតប្រចាំឆ្នាំរបស់នគរបាលជាតិ ក្នុងបរិវេណក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)

លោក​ឧត្តម​សេនីយ៍​ឯក ​ជួន ណារិន្ទ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​ប្រាប់​សារ​ព័ត៌មាន​ Fresh News​ ​ដែល​ស្និទ្ធិ​នឹង​រដ្ឋាភិបាល​ នៅ​រសៀល​ថ្ងៃ​អង្គារ​ថា​ នគរបាល​កំពុង​រៀបចំ​កសាង​សំណុំ​រឿង​ ប្រមូល​សាក្សី ​និង​ភ័ស្ដុតាង​បន្ថែម​ទៀត​ ដើម្បី​ដាក់​បន្ទុក​ឧកញ៉ា ​ស្រី ស៊ីណា ​ពីបទ​«មនុស្ស​ឃាត​ដោយ​ចេតនា ​គិត​ទុក​ជាមុន»។​

មាត្រា​២០០​នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា​ «បទឃាត​កម្ម​គិតទុក​ជាមុន» ​អាច​ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។​

លោក ​អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​លីកាដូ​ បង្ហាញ​ការ​ស្ដោក​ស្ដាយ​នៅ​ពេល​ដែល​បុគ្គល​ដែល​មាន​គោរមងារ​ជា​ឧកញ៉ា​ដែល​គួរ​តែ​ជា​បុគ្គល​មាន​សីលធម៌ ​មាន​សេចក្ដី​ថ្លៃថ្នូរ ​ប៉ុន្តែ​បែរ​ជា​ប្រព្រឹត្ត​អំពើ​ឃោរ​ឃៅ។​

លោក​ថ្លែង​ថា៖​ «ផ្ទុយ​ទៅ​វិញ​គោរមងារ​ជា​ឧកញ៉ា​របស់​អ្នក​ដែល​បាន​បាញ់​ប្រហារ​ទៅ​លើ​ស្រ្ដី​ម្នាក់ ​និង​បុរស​ម្នាក់​ឱ្យ​ស្លាប់ ​ហើយ​ម្នាក់​ទៀត​រង​របួស​ដោយ​សារ​តែ​បញ្ហា​ទំនាស់​តិច​តួច​នេះ វា​ហាក់​បី​ដូច​ជា​អំពើ​មួយ​ឃោរ​ឃៅ ​និង​អមនុស្ស​ធម៌​ដែល​វា​ផ្ទុយ​ពី​គោរមងារ​ជា​ឧកញ៉ា​នេះ»។​

លោក ​អំ សំអាត ​ស្នើ​ឱ្យ​សមាគម​ឧកញ៉ា​ពិនិត្យ​តាម​ដាន​សកម្ម​ភាព ​អត្ត​ចរិត​បុគ្គល​ដែល​មាន​គោរម​ងារ​ជា​ឧកញ៉ា​ ដើម្បី​បញ្ចៀស​ការ​ប៉ះពាល់​គោរមងារ​ឧកញ៉ា​នៅ​កម្ពុជា៕